ការវាយប្រហារ​ឥតឈប់ឈរ​របស់​វៀត​ណា​ម​ ​លើ​សេរីភាព​សាសនា​ខ្មែរក្រោម​

​អត្ថបទ​វិចារណកថា ចុះផ្សាយ​នៅលើ ព្រឹត្តិបត្រ UNPO លេខ ខែមេសា ឆ្នាំ ២០១៨
​ប្រែ​សម្រួល​ដោយ ឡឹម ស៊ី​វេត​

ប្រទេស​វៀតណាម​បានធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី – ប៉ាស៊ីហ្វិក (APEC) នៅក្នុង​ឆ្នាំ ២០១៧ កន្លងទៅនេះ ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​កុ​ម្មុយ​និ​ស្ត​មួយ​នេះ បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ចំពោះ​ការគោរព​សិទ្ធិមនុស្ស ។ ផ្ទុយទៅវិញ​រដ្ឋាភិបាល​វៀតណាម នៅតែ​រំលោភបំពាន​សិទ្ធិ​ទៅលើ​សំឡេង​អ្នក​បញ្ចេញយោបល់​ខ្វែងគំនិត​, ក្រុម​អ្នក​កាន់សាសនា​ជនជាតិ​ដើម​, បង្ក្រាប​លើ​សេរីភាព​ក្នុងការ​ជួបជុំគ្នា ការបញ្ចេញមតិ និង​ការបង្កើត​សមាគម ជាដើម ។ មាន​របាយការណ៍​ជាច្រើន​អំពី​ការរំខាន​យាយី ការចាប់ខ្លួន ការដាក់​គុក និង​ការធ្វើ​ទារុណកម្ម​ទៅលើ​សកម្មជន​តស៊ូ​មតិ​ដោយ​សន្តិវិធី ។ មាន​របាយការណ៍​ថា ប៉ូលីស​បាន​ជួល​ជនខិលខូច​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ទៅលើ​ក្រុម និង បុគ្គល អ្នក​គោរព​សាសនា ជនជាតិដើម ម៉ុង និង ខ្មែរក្រោម ។ ខ្មែរក្រោម​ជា​ក្រុម​មួយ​ដែល​ត្រូវគេ​រើសអើង​ទាំង​សាសនា និង អត្តសញ្ញាណ​ជាតិ ។ សមត្ថភាព​របស់​ខ្មែរក្រោម​ក្នុងការ​អនុវត្ត​ជំនឿ និង​ការចូលរួម​ក្នុងការ​រក្សា​នូវ​វប្បធម៌ និង​ការបង្រៀន​ភាសា​ខ្មែរ​ត្រូវគេ​បង្ក្រាប​យ៉ាង​ឃោរឃៅ ។ លើសពីនេះ​ទៀត ដីធ្លី​របស់​វត្ត​អារាម​ក៏ត្រូវ​អាជ្ញាធរ​វៀតណាម​រឹបអូស​យក​ទាំង​បំពាន ។​

​ខ្មែរក្រោម ជា​ជនជាតិដើម​ដែល​រស់នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម​សព្វថ្ងៃ ដែល​គេ​ហៅថា កម្ពុជា​ក្រោម បក​ទៅជា​ភាសា​អង់គ្លេស​ថា “Lower Cambodia” ។ សម្រាប់​ហេតុផល​នៃ​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ ភាព​ចម្បង​គឺ​ដោយសារតែ​ផ្លូវ​ចូលទៅ​កាន់​សមុទ្រ​តាមរយៈ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ អាជ្ញាធរ​វៀតណាម​យក​ជនជាតិដើម​ជា​គោលដៅ​នៃ​ការ បង្ក្រាប​យ៉ាង​សាហាវ​អស់​រយៈពេល​ជាង ៤០ ឆ្នាំ មកហើយ ។ ការបង្ក្រាប​ដោយ​រដ្ឋ​វៀតណាម បាន​ជះឥទ្ធិពល​លើ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​ពួកគេ ដូចជា សិទ្ធិ​សង្គម​, សេដ្ឋកិច្ច និង សមត្ថភាព នៃ​ការចូលរួម​ក្នុង​សេចក្តីសម្រេចចិត្ត​ក្នុង​ដំណើរការ​នយោបាយ​រប​ស់​ប្រទេស​វៀតណាម ប៉ុន្តែ​ជាដំបូង និង​សំខាន់បំផុត​រដ្ឋាភិបាល​វៀតណាម គឺ​ព្យាយាម​កាត់បន្ថយ​នូវ​សេរីភាព​របស់​ខ្មែរក្រោម​ក្នុងការ​គោរព​ព្រះពុទ្ធសាសនា​ថេរវាទ ដើម្បី​លុបបំបាត់​នូវ​វប្បធម៌ ប្រវត្តិសាស្ត្រ និង អត្តសញ្ញាណ​របស់​ពួកគេ ។ ទោះបីជា​នៅលើ​ក្រដាស រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​វៀតណាម បានចែង​ច្បាស់​អំពី​គោលការណ៍​នានា​ដូចជា សេរីភាព​នៃ​ជំនឿ និង សាសនា យ៉ាងណាក៏ដោយ អាជ្ញាធរ​វៀតណាម នៅតែ​ជ្រៀតជ្រែក​ជា​ប្រព័ន្ធ​លើ​ជីវិត​សាសនា​របស់​ខ្មែរក្រោម ព្រមទាំង​បង្ក្រាប​យ៉ាង​ឃោរឃៅ​ទៅលើ​ព្រះសង្ឃ និង​អ្នកប្រឆាំង​ដទៃទៀត​ដែល​បាន​ចូលរួម​ក្នុងការ​តស៊ូ​មតិ​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​សាសនា​របស់​ពួកគេ ដែល​រដ្ឋាភិបាល​វៀតណាម​ត្រូវតែ​គោរព ។​

​ប្រព័ន្ធ​ជ្រៀតជ្រែក និង​ការបង្ក្រាប​សាសនា​របស់​រដ្ឋាភិបាល គឺជា​រឿង​ក្លែងបន្លំ និង​ប៉ះពាល់​ដល់​សូម្បីតែ​ភាព​លំអិត​បំផុត​នៃ​ជីវិត​សាសនា ។ ដើម្បី​អនុវត្ត​ពិធីបុណ្យ​ណាមួយ ឬ ចង់​សាង​ផ្នួស​ជា​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា ពលរដ្ឋ​ខ្មែរក្រោម ក៏​ត្រូវសុំ​ការអនុញ្ញាត​ពី​ភ្នាក់ងារ​រដ្ឋាភិបាល​ដែរ ពួកគេ​ក៏ត្រូវ​ហាមឃាត់​មិន​ឲ្យ​និយាយ​ភាសា​កំណើត​របស់ខ្លួន​នៅក្នុង​បរិបទ​សាសនា ហើយ​ព្រះសង្ឃ​ក៏ត្រូវ​និយាយ​ភាសា​យួន​នៅពេលដែល​ចូលរួម​ជាមួយ​រដ្ឋាភិបាល ។ សូម្បីតែ​រវាង​គ្នាឯង ព្រះសង្ឃ​ខ្មែរក្រោម​ក៏ត្រូវ​ណែនាំ​ឲ្យ​និយាយ​ជា​ភាសា​យួន​ដែរ ។ ដើម្បី​រំលាយ​នូវ​ចលនា​សន្តិវិធី​របស់​ខ្មែរក្រោម រដ្ឋាភិបាល​វៀតណាម បាន​ព្យាយាម​បង្កើត​ភាពមិន​ចុះសម្រុង​គ្នា​នៅក្នុង​សហគមន៍​សាសនា ព្រមទាំង​ប្រើប្រាស់​ភ្នា​ក់ ងារ​សម្ងាត់ ដើម្បី​តាមដាន​នូវ​សកម្មភាព​របស់​ព្រះសង្ឃ​នៅក្នុង​វត្ត​អារាម​នានា ។ ព្រះសង្ឃ​ត្រូវដាក់​គំនាប ឬ ជួនកាល​ត្រូវ​បង្ខំ​ឲ្យ​ទទួល​សំណូក ដើម្បី​តាមដាន និង​រាយការណ៍​អំពី​សកម្មភាព​ណាមួយ​ដែល​បាន​កើតឡើង​នៅក្នុង​វត្ត ។​

​បុគ្គល​ដែល​ហ៊ាន​ប្រឆាំងនឹង​ការកំណត់​របស់​រដ្ឋាភិបាល ជាពិសេស ព្រះសង្ឃ នឹង​អាច​ធ្លាក់ខ្លួន​ជា​ជនរងគ្រោះ​ដោយ​ការឃុំ​ឃាំង និង​ការចាប់ខ្លួន​ក្រៅ​ប្រព័ន្ធតុលាការ ។ ភ័ស្តុតាង​ជាក់ស្តែង​ដូចជា​ករណី ព្រះសង្ឃ​ព្រះនាម លីវ នី ជា​ព្រះ​ចៅ អធិការ​វត្ត នៃ​វត្ត​សិរី​តាសេក ត្រូវ​ជាប់ពន្ធនាគា​អស់​រយៈពេល ៤ ឆ្នាំ តាំងពី ខែឧសភា ឆ្នាំ ២០១៣ ដល់ ខែឧសភា ឆ្នាំ ២០១៧ ដោយ​មិន​យល់ព្រម​ផ្សឹក​ព្រះសង្ឃ​នៅក្នុង​វត្ត ដែល​ព្រះអង្គ​ត្រូវ​ចោទប្រកាន់ថា បាន​បង្រៀនអក្សរ​ខ្មែរ​ប្រវត្តិសាស្ត្រ និង ភូមិសាស្ត្រ នៃ ដែនដី​កម្ពុជា​ក្រោម ។ ព្រះសង្ឃ​ខ្មែរក្រោម រាប់សិប​អង្គ​បាន​ចូលរួម​ក្នុង​សកម្មភាព ស្រដៀង​គ្នា​នៃ​ការតស៊ូ​ប្រឆាំង ឬ ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ជាទូទៅ​រដ្ឋាភិបាល​វៀត​ណា​ម​បាន​ឆ្លើយតប​ដោយ​ប្រើ​កម្លាំងយោធា​ហួសប្រមាណ ការចាប់ខ្លួន​ដោយ​បំពាន បន្ត​សួរចម្លើយ​គ្មាន​សម្រាក ការចាប់​ដាក់ពន្ធនាគា​រ​ដោយ​គ្មាន​ជំនុំជម្រះ​ដោយ​យុត្តិធម៌ ការចោទប្រកាន់​មិន​ពិត ការបង្ខំ​ឱ្យ​សារភាព និង​ការឃ្លាំមើល​យ៉ាង​តឹងរ៉ឹង ភាគច្រើន​រដ្ឋាភិបាល​បាន​លើកយក​មាត្រា ៨៧ និង ៨៨ នៃ​ក្រមព្រហ្មទណ្ឌ មក​ចោទប្រកាន់​ដោយ​ក្ដី​មិន​ពិត​ថា​ព្រះសង្ឃ​ខ្មែរក្រោម​បាន “​បង្ក​អសន្តិសុខ​នៅក្នុង​សង្គម​វៀតណាម​” និង “​ពាក់ព័ន្ធ​ជាមួយនឹង​សកម្មភាព​ប្រឆាំង​រដ្ឋា ភិ​បាល​វៀតណាម​” ។​

​ក្រៅពី​ការវាយប្រហារ​ទៅលើ​បុគ្គល រដ្ឋាភិបាល​រដ្ឋាភិបាល​វៀតណាម ក៏បាន​សំដៅ​ទៅលើ​សហគមន៍​សាសនា​ទាំងមូល​ដោយ​រំលោភ​យក​ដីធ្លី និង​សិទ្ធិ​ជា​ប្រពៃណី​ទាក់ទង​នឹង​ទី​សក្ការបូជា ។ ជារឿយៗ រដ្ឋាភិបាល​តែងតែ​យក​ទីតាំង​របស់​វត្ត​ទៅធ្វើជា​លំនៅឋាន​របស់​ប្រជា​ជាន ក​សិ​ឋាន ឬ ទីផ្សារ ខណៈដែល​ដីធ្លី​នៅក្នុង​វត្តនី​មួយៗ​ជា​ជាទី​សក្ការៈ ហើយ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ខ្មែរក្រោម ទង្វើ​ទាំងនេះ​គឺជា​ទម្រង់​មួយ​ផ្សេងទៀត​នៃ​ការវាយប្រហារ​ដោយផ្ទាល់​លើ​សេរីភាព​សាសនា ។

​ដោយសារតែ​ខ្វះ​ការយកចិត្តទុកដាក់​ពី​សហគមន៍​អន្តរជាតិ អង្គការ​ប្រជាជាតិ និង ប្រជាជន​គ្មាន​តំណាង (UNPO) ឈរ​ជាមួយនឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​អង្គការសិទ្ធិមនុស្ស​ដទៃ​ទៀត ដូចជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) និង អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​រដ្ឋាភិបាល​វៀតណាម​ក្នុងការ​រំលោភ​លើ​សេរីភាព​ខាង​ជំនឿ និង សាសនា ។ តាមរយៈ​សកម្មភាព​រួម​គ្នា ដូចជា​សន្និសីទ​អន្តរជាតិ​ដែល​បានរៀបចំ​ជាមួយ​អង្គការ​ជា​សមាជិក​របស់ខ្លួន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) និង អង្គការ​ប្រជាជាតិ និង ប្រជាជន​គ្មាន​តំណាង (UNPO) បានធ្វើការ​យ៉ាងសកម្ម ដើម្បី​លើកកម្ពស់​នូវ​ការយល់ដឹង​អំពី​ករណី​រំលោភ​សិ​ទិ្ធ​មនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម ព្រមទាំង​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​បានដឹង​ច្បាស់ និង មិន​បំភ្លេច​នូវ​ការតស៊ូ​របស់​ខ្មែរក្រោម ទៀតឡើយ ៕