ដោយ យន់ សាមៀន | RFA
អាជ្ញាធរវៀតណាម កោះហៅ និងចោទប្រកាន់ពលរដ្ឋខ្មែរក្រោមម្នាក់ ករណីប្រើប្រាស់និមិត្តសញ្ញា ៧០ ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលផលិតដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។

អាជ្ញាធរកុម្មុយនិស្តវៀតណាម បានចាប់ផ្ដើមធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើតមិនឲ្យប្រើប្រាស់បណ្ដាញសង្គម រួមមាន ហ្វេសប៊ុក (Facebook) ជាដើម ដើម្បីផ្សព្វផ្សាយព័ត៌មាន ស្ដីពីការរំលោភបំពានផ្សេងៗ ពីសំណាក់វៀតណាម និងចែករំលែកប្រវត្តិសាស្ត្រពិត ដែលវៀតណាមបានគ្រប់គ្រងកម្ពុជាក្រោមទាំងខុសច្បាប់ពីបារាំង ។ ការកម្រើកឡើងវិញនៃទង្វើរំលោភសិទ្ធិមនុស្សនេះ ដោយសារតែពលរដ្ឋខ្មែរក្រោម បានចាប់ផ្ដើមប្រើប្រាស់បណ្ដាញសង្គម ផ្សព្វផ្សាយ នឹងចែកចាយព័ត៌មាន ពីកម្ពុជាក្រោមទៅសហគមន៍អន្តរជាតិ ។
អាជ្ញាធរកុម្មុយនិស្តវៀតណាម បានកោះហៅខ្មែរក្រោមមួយចំនួនទៅគំរាម និងព្រមានកុំប្រើប្រាស់បណ្ដាញសង្គមបញ្ចេញមតិបន្តទៅទៀត ។ វៀតណាមថា ប្រសិនបើពួកគេមិនបញ្ឈប់សកម្មភាព ប្រើប្រាស់បណ្ដាញសង្គមទេ អាជ្ញាធរ នឹងចាប់ពួកគេដាក់ពន្ធនាគារ ។ ខ្មែរក្រោមពីរនាក់ ដែលកំពុងរស់នៅលើកទឹកដីដើមកំណើតអះអាងប្រាប់អាស៊ីសេរីថា អាជ្ញាធរវៀតណាមកំពុងគាបសង្កត់សិទ្ធិសេរីភាពផ្នែកអ៊ិនធឹណិតរបស់ពួកគេ ដោយហាមឃាត់ពួកគេ មិនឲ្យប្រើប្រាស់បណ្ដាញសង្គម បន្តទៀត ។ ខ្មែរក្រោមម្នាក់ ដែលធ្លាប់ប្រើប្រាស់បណ្ដាញសង្គម (Facebook) ដើម្បីប្រាប់ពលរដ្ឋទូទាំងពិភពអំពីស្ថានភាពខ្មែរក្រោម នៅលើទឹកដីដើមកំណើតនោះ អះអាងថា សមត្ថកិច្ចវៀតណាម កោះហៅលោកទៅអប់រំឲ្យឈប់ប្រើប្រាស់បណ្ដាញសង្គមតទៅទៀត ។ លោកថា ដោយការភ័យខ្លាចពីសុវត្ថិភាពទើបលោកផ្អាកប្រើបណ្ដាញសង្គមមួយរយៈ៖ «ពួកខ្ញុំរស់នៅបានដោយសារធ្វើគ និងថ្លង់ ហើយពេលខ្លះត្រូវធ្វើខ្វាក់ ពិការភ្នែកទៀត» ។
ចំណែកខ្មែរក្រោមម្នាក់ទៀត ក៏បានប្រាប់ព័ត៌មានស្រដៀងគ្នាដែរថា អាជ្ញាធរវៀតណាមបានទៅដល់ផ្ទះរបស់លោកពីរលើក ដើម្បីសាកសួរករណី ដែលប្រើប្រាស់បណ្ដាញសង្គម ដោយចោទប្រកាន់ថា លោកបានសរសេរពាក់ព័ន្ធព័ត៌មាន នឹងការប្រារព្ធពិធីចូលឆ្នាំថ្មី កាលពីខែមេសាកន្លងទៅ ។ លោកថា ប៉ូលិសវៀតណាម ក៏បានហាមឃាត់លោក មិនឲ្យដាក់តាំងរូបវីរបុរសខ្មែរក្រោម លោក សឺន គុយ ដើម្បីគោរពក្នុងផ្ទះ និងផ្ដល់ព័ត៌មានទៅសហគមន៍ខ្មែរក្រោមនៅខាងក្រៅប្រទេសវៀតណាម អំពីស្ថានភាពនៅក្នុងស្រុក៖ «ពេលយើងលេង Facebook ។ គេមិនឲ្យចែករំលែករឿងព័ត៌មានអ្វីៗ ទេ ពីអន្តរជាតិ និងរឿងទាក់ទងនឹងខ្មែរកម្ពុជាក្រោម ។ គេមិនឲ្យរំលឹកឡើងទេ ពីព្រោះជារឿងអតីតកាល គេមិនឱ្យរំលឹកឡើងទេ ។ គ្មានអន្តរជាតិណាទទួលស្គាល់» ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបន្តថា លោក នឹងប្រើប្រាស់សិទ្ធិសេរីភាព ជាជនជាតិដើមកំណើត ទោះបីអាជ្ញាធរវៀតណាម ចាប់លោកដាក់ពន្ធនាគារក៏ដោយ ។ កាលពី ៦ ឆ្នាំមុនរដ្ឋាភិបាលវៀតណាម បានចាប់ព្រះសង្ឃចំនួនបីអង្គ ដាក់ពន្ធនាគារ ដោយចោទថា បានផ្តល់ព័ត៌មានទៅវិទ្យុអាស៊ីសេរី និងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅអាមេរិក ។ អាស៊ីសេរីមិនទាន់អាចទាក់ទងអាជ្ញាធរវៀតណាម ដើម្បីបកស្រាយការព្រមានចាប់ខ្លួនពលរដ្ឋខ្មែរក្រោមបាននៅឡើយទេ ប៉ុន្តែលិខិតចុះថ្ងៃទី ៣ មិថុនារបស់អាជ្ញាធរខេត្ត ត្រាវិញ (Tra Vinh) ដែលពីដើមឡើយជាខេត្តព្រះត្រពាំង បានហោះហៅអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ដោយចោទប្រកាន់ពីបទប្រើប្រាស់ រូបសញ្ញា ៧០ ឆ្នាំនៃការបាត់បង់ទឹកដីខ្មែរក្រោម ដែលផ្ទុយពីច្បាប់អ៊ិនធឹណិតវៀតណាម ។ យុទ្ធនាការ គំរាមពលរដ្ឋខ្មែរក្រោមនេះ បានកំរើកឡើងវិញមុនពេលខ្មែរក្រោមទូទាំងពិភពលោកបានប្រារព្ធខួប បាត់បង់ទឹកដី ៧០ ឆ្នាំ កាលពីដើមខែមិថុនា ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅអាមេរិក បានបើកវេទិកាអន្តរជាតិមួយនៅទីក្រុងឡាអេ ដើម្បីពិភាក្សាគ្នារកមធ្យោបាយឆ្ពោះទៅការ ទាមទារសិទ្ធិស្វ័យសម្រេចអនាគតជនជាតិដើមកំណើតខ្មែរក្រោមដោយខ្លួនឯង ស្របទៅតាមច្បាប់របស់អង្គការសហប្រជាជាតិ ។ ប្រតិភូនៃសន្និសីទនោះ បានឯកភាពយកផ្លូវ សម្រេចអនាគតខ្លួនឯងសម្រាប់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅរងទុក្ខវេទនា នៅលើទឹកដីកំណើតខ្លួនឯង ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ថា វៀតណាមកំពុងព្រួយបារម្ភ ពីងើបឡើងតវ៉ារបស់ពលរដ្ឋខ្មែរក្រោមដោយសារតែខ្មែរក្រោមមាន ចំនួនច្រើនជាង ជនជាតិដើមកំណើតផ្សេងទៀត ។ យ៉ាងហោចណាស់ក៏មានខ្មែរក្រោមប្រមាណ ១០ លាននាក់ កំពុងរស់នៅលើទឹកដីកំណើត ។ លោកព្រមានថា សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងយករបាយការណ៍នៃការរំលោភបំពានរបស់វៀតណាម ទៅប្រាប់សហគមន៍អន្តរជាតិ ពិសេស អាមេរិក ពីព្រោះវៀតណាមសន្យាគោរពសិទ្ធិមនុស្ស ដើម្បីបានប្រយោជន៍ពីអាមេរិក៖ «ចាប់ផ្ដើមប្រព្រឹត្តអំពីព្រៃផ្សៃឡើងវិញហើយ បន្ទាប់ពីសន្យានឹងអាមេរិកថា នឹងធ្វើអ្វីៗ ទាំងអស់ ដើម្បីឲ្យស្របគោលការណ៍អាមេរិក ដើម្បីទទួលជំនួយនឹងអាវុធទំនើបៗ។ វាជាឱកាសល្អសម្រាប់ខ្មែរក្រោមរដ្ឋាភិបាលយួនធ្វើបាបខ្មែរក្រោម នឹងផ្តល់ឱកាសឲ្យតវ៉ារឹតតែខ្លាំងជាងមុនតទៅទៀត» ។
ទាក់ទងទៅ នឹងសិទ្ធិស្វ័យសម្រេចដោយខ្លួនវិញ ពលរដ្ឋខ្មែរក្រោមអះអាងថា ពួកគេគាំទ្រទាំងស្រុង ទោះបីពួកគេមិនហ៊ានសំដែងការពេញចិត្តជាចំហក៏ដោយ៖ «ពលរដ្ឋគេគាំទ្រ គេអត់ប្រកែកទេ ពីព្រោះវាជាសិទ្ធិទូទៅទាំងនៅក្នុង និងក្រៅស្រុក ព្រោះខ្មែរក្រោមមានឈាមជ័រដូចគ្នា ។ គេចង់បានសិទ្ធិសម្រេចវាសនាដោយខ្លួនឯង» ។
មកទល់ពេលនេះរដ្ឋាភិបាលខ្មែរមិនបានបង្ហាញជំហរណាមួយជុំវិញជោគវាសនាអនាគតខ្មែរក្រោមនៅឡើយទេ ប៉ុន្តែមន្ត្រីនាំពាក្យរដ្ឋាភិបាលធ្លាប់អះអាងថា កម្ពុជាមិនជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងវៀតណាមឡើយ ដោយសារតែរដ្ឋាភិបាលចាត់ទុកខ្មែរក្រោមថា ជាជនជាតិវៀតណាម ។ ផ្ទុយពីការអះអាងនេះគណបក្សប្រឆាំងមានប្រជាប្រិយភាពជាងគេនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ដែលអាចមានលទ្ធភាពឈ្នះឆ្នោតដឹកនាំប្រទេសទៅថ្ងៃ ក្រោយអះអាងថា គណបក្សនេះចាត់ទុកខ្មែរក្រោមជាខ្មែរ ហើយសន្យា នឹងទាមទារទឹកដីខ្មែរក្រោមមកវិញ ប្រសិនបើគណបក្សនេះ ឈ្នះឆ្នោតនៅថ្ងៃមុខ ។ គណ:កម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងព្រះចៅអធិការវត្ត ខេមររង្សី នៅទីក្រុង សាន់ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California): ព្រះអង្គ សឺង យ៉ឹង រតនា ប្រាប់អាស៊ីសេរីថា សហព័ន្ធកំពុងរៀបចំឯកសារទាមទារសិទ្ធិស្វ័យសម្រេចពីវៀតណាម ក្រោយសន្និសីទនៅទីក្រុងឡាអេ ៕