ដោយ ស៊ឺន ចែងចើន
តុលាការខេត្តក្រមួនស នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ៣ ខែធ្នូ សប្តាហ៍នេះ ប្រកាសសាលក្រមផ្ដន្ទាទោសពលរដ្ឋខ្មែរក្រោម ជាជនរងគ្រោះនៃការបង្ខំបណ្តេញពីដីធ្លីស្រែចំការចំនួន ៤ នាក់ឲ្យជាប់ពន្ធនាគារ ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ពីបទប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ ដែលជាសំណុំរឿងដីធ្លី កាលពីដើខែឧសភា ឆ្នាំ ២០២០ កន្លងទៅ ។ ចំណែកក្រុមអង្គការ សង្គមស៊ីវិលសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ចាត់ទុកសេចក្ដីសម្រេចនេះ ថា ជារឿងអយុត្តិធម៌ ដោយមានចេតនាចង់ធ្វើទុក្ខបុកម្នេញ និងបំភ័យកុំឲ្យពលរដ្ឋខ្មែរក្រោម ឲ្យហ៊ានងើបឡើងតវ៉ាទាមទារសិទ្ធិដីធ្លី ។

សាច់ញាតិបុរសខ្មែរក្រោមម្នាក់ ដែលត្រូវតុលាការផ្ដន្ទាទោស លោកស្រី ហ្វិន ធី ហូវ ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ថា បងប្រុសរបស់លោកស្រី គឺលោក ហ្វិន វ៉ាំងឌែប អាយុ ៤១ ឆ្នាំ (ជាអ្នកស៊ីឈ្នួលបើកអេស្កាវ៉ាទ័រ) ត្រូវតុលាការស្រុកយ៉ាង ថាញ់ (Giang Thành) នៃខេត្តក្រមួនស សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២ ឆ្នាំ ៦ ខែ ។
លោកស្រី ហ្វិន ធី ហូវ ឲ្យដឹងថា នៅក្នុងអង្គសវនាការ ដែលប្រើពេលពេញមួយថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ រសៀល នោះ លោក ហ្វិន វ៉ាំងឌែប ត្រូវបានតុលាការរកឃើញថា មានទោសពីបទប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ ក្នុងសំណុំរឿងចេញមុខតវ៉ាករណីជម្លោះដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម ជាមួយរដ្ឋអំណាចយួន ។
លោកស្រី ហ្វិន ធី ហូវ ៖ «ពីម្សិលហ្នឹងម៉ោង ៨ កន្លះ ដល់ម៉ោង ៥ កន្លះ ថ្ងៃល្ងាច បានធ្វើការហើយ ។ គេចោទតែម៉ាមុខ កន្លែងដែលគេថា គាត់យកកណ្តូបសេះរារាំង អ្នកធ្វើការ គេចោទតែកន្លែងហ្នឹង» ។
ដោយឡែកកសិករខ្មែរក្រោម បីនាក់ផ្សេងទៀត ក៏ត្រូវបានតុលាការស្រុក យ៉ាង ថាញ់ កាត់ទោសពីបទចោទដូចគ្នានេះដែរ ។ ពួកគេទាំងបីនាក់នោះ រួមមាន លោក តៀន ដាម អាយុ ២៨ ឆ្នាំ (ជាម្ចាស់ដី) ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៣ ខែ លោក តៀន ណាម អាយុ ២៨ ឆ្នាំ (ជាម្ចាស់ដី) ផ្ដន្ទាទោសឲ្យជាប់ ១ ឆ្នាំ និងលោកយាយ ធី ភិច អាយុ ៧១ ឆ្នាំ (ជាម្ចាស់ដី) ផ្ដន្ទាទោសឲ្យជាប់ ១ ឆ្នាំ តែដាក់ឲ្យស្ថិតក្នុងការព្យួរទោសមានលក្ខខណ្ឌ ។
សាច់ញាតិរបស់ជនរងគ្រោះដដែល ថ្លែងបញ្ជាក់ អំពីនីតិវិធីរបស់តុលាការ ថា កសិរកខ្មែរក្រោម ៣ នាក់ គឺ លោក ហ្វិន វ៉ាំងឌែប លោក តៀន ដាម និងលោក តៀន ណាម មិនទាន់ត្រូវបានបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងភ្លាមៗ នៅឡើយទេ ដោយគ្រាន់បញ្ជូនពួកគេទៅឃុំឃាំងនៅក្នុងផ្ទះរៀងៗ ខ្លួន ជាបណ្តោះអាសន្ន ដើម្បីរង់ចាំលិខិតសម្រេចប្រកាសសាលក្រមរបស់តុលាការ នៅរយៈពេល ១០ ថ្ងៃ ខាងមុខទៀត ។
លោកស្រី ហ្វិន ធី ហូវ ៖ «គេអត់ទាន់យកគាត់ទៅចូលឃុំឃាំងនៅឡើយទេ គេឲ្យគាត់ នៅផ្ទះបណ្តោះអាសន្ន ហើយនៅក្នុងរយៈ [ពេល] ១០ ថ្ងៃ តុលាការ គេ នឹងចេញលិខិត ឯកសារ ឲ្យយើងហ្នឹង មានសិទ្ធិតវ៉ាឡើងទៅតុលាការ »។
ក្រុមគ្រួសារសាច់ញាតិ ដែលរងគ្រោះដោយសារតែការបណ្ដេញចេញពីដីធ្លី អះអាងថា ពួកគេ នឹងប្ដឹងទាស់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមនេះ ដោយពួកគេបានពិភាក្សាជាមួយមេធាវីការពារក្តីរួចហើយ ដើម្បីប្តឹងទៅតុលាកាថ្នាក់លើបន្តទៀត ។
ក្រៅពីកសិករខ្មែរក្រោម ទាំងបួននាក់ ដែលត្រូវបានតុលាការចោទប្រកាន់ខាងលើ ពលរដ្ឋខ្មែរក្រោម ជាប់ពាក់ព័ន្ធចំនួន ២៣ នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរម្រេចដាក់ពិន័យរដ្ឋបាល ដោយពិន័យជាប្រាក់ក្នុងម្នាក់ៗ ចាប់ពីបីលានដុងទៅបួនលានដុង ឬស្មើ នឹង ១៥០ ដុល្លារ ទៅ ២០០ ដុល្លារ ។
សូមបញ្ជាក់ថា លោក ហ្វិន វ៉ាំងឌែប ដែលតុលការ កាត់ទោសធ្ងន់ធ្ងរខ្លាំងជាងគេនោះ ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាម ប្រមាណជាជាង ៥០ នាក់ កាលពីយប់ថ្ងៃទី ៧ មិថុនា ២០២០ ចុះចាប់ខ្លួន យកទៅឃុំឃាំង អស់រយៈពេល ៣ ខែ ដោយអាជ្ញាធរចោទប្រកាន់ថា លោកជាអ្នកដឹកនាំបះបោរធ្វើការទន្ទ្រានយកដីរដ្ឋ មានទំហំជាង ៣.០០០ ហិកតារ ។ ប៉ុន្តែ ក្រោយមក នៅថ្ងៃទី ៤ ខែកញ្ញា អាជ្ញាធរវៀតណាម សម្រេចដោះលែង លោក ហ្វិន វ៉ាំងឌែប ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នវិញ ដោយសារតែការស៊ើបអង្កេតកន្លងមក រកមិនឃើញពីទោសកំហុសរបស់លោក ។ ទោះបីជាយ៉ាងនេះក្តី ស្រាប់តែ នៅថ្ងៃទី ១០ ខែតុលា អាជ្ញាធរ បានកសាងសំណុំរឿងបញ្ជូនខ្លួនលោក ហ្វិន វ៉ាំងឌែប ទៅតុលាការ ដោយចោទប្រកាន់ថា លោកប្រើអំពើហិង្សាមកលើកម្លាំងសម្ថកិច្ចវៀតណាម វិញ ។

ជុំវិញករណីនេះ វិទ្យុសំឡេងកម្ពុជាក្រោម មិនអាចសុំការបញ្ជាក់ ពីមេធាវីការពារក្តីឲ្យប្រជាពលរដ្ឋខ្មែរក្រោមរងគ្រោះដីធ្លី ទាំងបួននាក់នោះ បានទេ នៅថ្ងៃទី ៦ ខែធ្នូ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល ។
ចំណែកប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា លោក តាំង សារៈ ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ដឹងថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់អាជ្ញាធរវៀតណាម ខេត្តក្រមួនស មកលើកសិកខ្មែរក្រោម គឺជារឿងអយុត្តិធម៌បំផុត ។ លោកថា នេះជាការគំរាមគំហែង ដោយប្រើវិធានការរបស់តុលាការ ដើម្បីបំបាក់មិនឲ្យពលរដ្ឋខ្មែរក្រោមហ៊ានក្រោកឡើងតវ៉ាទាមទារសិទ្ធិដីធ្លី ក្នុងនាមជាម្ចាស់ស្រុកជនជាតិដើម នៅលើទឹកដីកំណើត ។
លោក តាំង សារៈ បានលើកជាចម្ងល់ថា នៅពេលមានការប៉ះទង្គិចដោយហិង្សាពីសំណាក់កម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរយួន ហើយបណ្តាលឲ្យពលរដ្ឋខ្មែរក្រោមរងរបួសធ្ងន់ស្រាលមិនតិចជាង ១០ នាក់នោះ តើនរណាជាអ្នកទទួលខុសត្រូវ ចំពោះការបង្កឡើងដោយក្រុមអាជ្ញាធរមានសមត្ថកិច្ចចម្រុះប្រដាប់អាវុធជាច្រើនផងនោះ? ។ ខណៈករណីបង្ក្រាបដោយហិង្សានៅក្នុងជម្លោះដីធ្លីនេះ ហើយពលរដ្ឋខ្មែរក្រោមជាជនរងគ្រោះនៃការបង្ខំបណ្តេញពីដីធ្លីស្រែចំកា បានស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីឲ្យជួយដោះស្រាយ តែពួកគេមិនអើពើឡើយ បែរជាមកចោទប្រជាពលរដ្ឋ តាមផ្លូវតុលាការទៅវិញ ។
លោក តាំង សារៈ ៖ «រឿងអំពើហិង្សា បើយើងនិយាយជាទូទៅ ប្រសិនបើគ្មានការបង្កឡើងដោយកម្លាំងប្រដាប់អាវុធ គឺប្រជាពលរដ្ឋ លោមមិនដែលបង្កអំពើហិង្សាទៅលើកងកម្លាំងប្រដាប់អាវុធទេ ហើយបើការបង្កអំពើហិង្សា ពីប្រជាពលរដ្ឋទៅលើកងកម្លាំងប្រដាប់អាវុធ វាទាល់តែអំពើហិង្សារបស់កងកម្លាំងប្រដាប់អាវុធនោះ វាហួសហេតុពេក បានន័យថា វាធ្វើខុសនឹងច្បាប់ផង […] តែទោះជាយ៉ាងណាក៏ដោយ ការបង្កអំពើហិង្សារបស់ប្អូនខ្មែរកម្ពុជាក្រោម ទៅលើកងកម្លាំងប្រដាប់អាវុធវៀតណាម មិនធ្ងន់ធ្ងូរជាងកងកម្លាំងប្រដាប់អាវុធរបស់វៀតណាម បង្កជាអំពើហិង្សាមកលើពលរដ្ឋខ្មែរកម្ពុជាក្រោម ទេ ។ ចុះប្រសិនណាជាខ្មែរក្រោម ដែលង្កជាអំពើហិង្សា ត្រូវទទួលទោសពី ៦ ខែទៅជាង ២ ឆ្នាំ តើកងកម្លាំងប្រដាប់អាវុធ ដែលបង្កអំពើហិង្សា ទៅលើខ្មែរកម្ពុជាក្រោម ដែរនោះ ត្រូវទទួលទោសប៉ុន្មានដែរ? ។ ដូច្នេះ ការកាត់ទោសនេះ ជាអំពើអយុត្តិធម៌មួយ ដែលមិនអាចទទួលយកបាន »។
ចំណែក សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានកាត់ទោស កសិករខ្មែរក្រោម ចំនួនបួននាក់ ឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ទាំងអយុត្តិធម៌ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី ៦ ខែធ្នូ សហព័ន្ធខ្មែរកម្ពុជាក្រោម បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជំរុញឲ្យប្រទេសវៀតណាម ទម្លាក់ចោលបទចោទប្រកាន់មកលើកសិករខ្មែរក្រោម ។ សេចក្តីថ្លែងការណ៍ដដែលលើកឡើងទៀតថា ពួកគេជាកសិករខ្មែរក្រោម មានជីវភាពក្រីក្រខ្វះខាត ដោយសារតែរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ។ ដូច្នេះ ពួកគេត្រូវការដីស្រែចំការរបស់ពួកគេ ដើម្បីធ្វើកសិកម្មបង្កបង្កើនផល សម្រាប់ផ្គត់ផ្គងគ្រួសាររបស់ពួកគេ ដ្បិតតាំងកំឡុងពេលមានជំងឺរាតត្បាតនេះមក កសិកខ្មែរក្រោមរងគ្រោះដីធ្លី ធ្លាក់ខ្លួនទីទាល់ក្រ ។
គួររំឭកថា កាលពីថ្ងៃទី ៥ ខែឧសភា អាជ្ញាធរវៀតណាម រួមមាន ប៉ូលិស ទាហាន ដែលប្រដាប់ដោយអាវុធ ប្រមាណជា ១០០ នាក់ បានចុះទៅរឹបអូសយកដីជាង ៣.០០០ ហិកតា ធ្វើជាកម្មសិទ្ធិរបស់រដ្ឋ ពីពលរដ្ឋខ្មែរក្រោមចំនួន ១៤៥ គ្រួសារកំពុងប្រើប្រាស់ដីកេរមត៌ក ដែលដូនតារបស់ពួកគេបន្សល់ទុកមក ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរក្រោម បានធ្វើការជំទាស់រហូតផ្ទុះជាអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០ នាក់រងបួសធ្ងន់ និងស្រាល ។ ពលរដ្ឋខ្មែរក្រោម ឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះតាំងពីអំឡុងឆ្នាំ ១៩៧៣ មកម្ល៉េះ ប៉ុន្តែ អាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ៕