ដោយ ស៊ឺន ចែងចើន
យុវជនខ្មែរក្រោម ដែលបានបង្ហោះវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទថា អាជ្ញាធរវៀតណាម ចែកអង្ករក្លែងក្លាយដល់ពលរដ្ឋខ្មែរក្រោមនោះ ត្រូវបានអាជ្ញាធរមូលដ្ឋានវៀតណាម កោះហៅទៅសួរនាំជាបន្តបន្ទាប់ ហើយនៅថ្ងៃទី ២ មិថុនា ម្សិលនេះ យុវជនខ្មែរក្រោមរូបនេះ ត្រូវបានមន្ទីរព័ត៌មាន និងទូរគមនាគមន៍ខេត្តព្រះត្រពាំង ដែលយួនហៅថា ខេត្តត្រាវិញ (Tra Vinh) ពិន័យលុយជាង ៧ លានដុង ឬប្រមាណជាង ៣ រយដុល្លារ ។
យុវជនរូបនេះ អះអាងថា អាជ្ញាធរវៀតណាម បានព្រមានថា ក្នុងករណីលោកមិនព្រមបង់ប្រាក់ពិន័យ និងទទួលកំហុសទេ លោក នឹងត្រូវចាប់ខ្លួន ។ ដូច្នេះ លោកបង្ខំចិត្តចុះហត្ថលេខាទទួលស្គាល់ថា អង្ករក្លែងក្លាយដែលអាជ្ញាធរវៀតណាម ចែកឱ្យពលរដ្ឋខ្មែរក្រោមនោះ ជាអង្ករពិត ។
យុវជនខ្មែរក្រោម លោក ថាច់ កឿង បានឲ្យដឹងទៀតថា លោកព្រមទទួលរងពិន័យរដ្ឋបាលដោយបង់ប្រាក់ ទៅតាមមាត្រាមួយនៃច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត ដែលអាជ្ញាធរយួនចាត់ទុកថា លោកបានប្រព្រឹត្តល្មើសទៅ នឹងច្បាប់អ៊ីនធឺណិតរបស់ប្រទេសវៀតណាម ដោយប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ចែករំលែក និងផ្សព្វផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អាជ្ញាធរ និងស្ថាប័នរដ្ឋអំណាច ។
គួរជម្រាបជូនថា ការពិន័យនេះធ្វើឡើង បន្ទាប់ពីលោកធ្វើការផ្សាយផ្ទាល់ (Live) នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឈ្មោះ ថាច់ កឿង (Thach Cuong) ថា អាជ្ញាធរយួនចែកអង្ករក្លែងក្លាយ (អង្ករប្លាស្ទិក) ជូនអ្នកភូមិខ្មែរក្រោម រួមទាំងគ្រួសាររបស់លោកផង ។ នៅក្នុងវីដេអូឃ្លីប យុវជនខ្មែរក្រោមរូបនេះ យកអង្ករពិត និងអង្ករ ដែលសង្ស័យថា មានផ្ទុកសារធាតុផ្លាស្ទិច មកធ្វើពិសោធន៍ដោយលីងក្នុងខ្ទះ ដើម្បីចង់ដឹងថា អង្ករនោះពិត ឬក្លែងក្លាយ ។
សូមបញ្ជាក់ថា កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ យុវជនរូបនេះ ក៏តំណាងឲ្យពលករខ្មែរក្រោម ដាក់ញត្តិទៅរដ្ឋាភិបាលវៀតណាម ស្នើឱ្យរដ្ឋាភិបាលយួនកុម្មុយនិស្ត អនុញ្ញាតឱ្យខ្មែរក្រោម ដែលធ្វើការងារនៅទីក្រុង អាចឈប់សម្រាកពេលបុណ្យជាតិសំខាន់ៗ ដូចជា បុណ្យចូលឆ្នាំថ្មី និងបុណ្យសែនដូនតា ជាដើម ៕