ដោយ ទីន ហ្សាការីយ៉ា | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យសហគមន៍អន្តរជាតិអន្តរាគមន៍ទៅអាជ្ញាធរវៀតណាម ឲ្យដោះលែង លោក ថាច់ រ៉ីន ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ ។

សេចក្ដីថ្លែងការណ៍សហព័ន្ធខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី ១៥ តុលា ស្នើឲ្យអាជ្ញាធរវៀតណាម ត្រូវតែបញ្ឈប់សងសឹកទៅលើលោក ថាច់ រ៉ីន ដោយគ្រាន់តែលោកពាក់អាវយឺតផ្សព្វផ្សាយ អំពីសិទ្ធិរបស់ជនជាតិដើម ដែលធានានៅក្នុងសេចក្ដីប្រកាសជាសាកល ស្ដីពីជនជាតិដើមរបស់អង្គការសហប្រជាជាតិ ។
ប្រតិកម្មរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាម ចាប់ខ្លួនលោក ថាច់ រ៉ីន កាលពីថ្ងៃទី ១៤ តុលា ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងឯកជន និងការបង្ហោះរូបភាពមេដឹកនាំលោកប្រធាន ហូ ជីមិញ ក្នុងចេតនាបង្កឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និយាយបង្កាច់បង្ខូចប្រមាថកិត្យានុភាពរបស់ អតីតមេដឹកនាំវៀតណាម លោកប្រធានហូជីមិញ ដែលមានចែងក្នុងមាត្រា៣៣១ នៃក្រមព្រហ្មទណ្ឌ» ។
ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ព្រះភិក្ខុ សឹង យ៉ឹងរតនា ចាត់ទុកទង្វើរបស់វៀតណាមថា ជាការគំរាមកំហែង និងបំបាក់ស្មារតីពលរដ្ឋខ្មែរក្រោម ។ មកទល់ពេលនេះ ក្រុមគ្រួសារលោក ថាច់ រ៉ីន នៅមិនទាន់ដឹងថា អាជ្ញាធរយកលោកទៅឃុំខ្លួននៅទីណានោះឡើយទេ ។
ព្រះភិក្ខុ សឹង យ៉ឹងរតនា មានថេរដីកាថា មូលហេតុដែលអាជ្ញាធរចាប់ខ្លួនពលរដ្ឋខ្មែរក្រោម រូបនេះ ដោយសារតែលោកពាក់អាវយឺតសរសេរអក្សរ (SDGs) «ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ដើម្បីធានាថា គ្មានខ្មែរក្រោមណាម្នាក់ត្រូវបានទុកចោលឡើយ» ។
ក្រៅពីលោកពាក់អាវយឺតនេះ លោក ថាច់ រ៉ីន ក៏ធ្លាប់អានសៀវភៅ ស្ដីពីសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពី «សិទ្ធិជនជាតិដើម» ផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីពេលថ្មីៗ នេះ ។ កាលពីខែឧសភា ឆ្នាំ ២០២១ អាជ្ញាធរវៀតណាម ក៏ចាប់ខ្លួនពលរដ្ឋខ្មែរក្រោម ម្នាក់ឈ្មោះ ហ្វិន វ៉ាំងឌែប យកទៅឃុំខ្លួនដែរ មកទល់ពេលនេះ មិនទាន់ដោះលែងវិញនៅឡើយទេ ដោយសារតែលោកបានតវ៉ារឿងអាជ្ញាធរវៀតណាម រំលោភយកដីស្រែរបស់លោក ៕