អាជ្ញាធរ​វៀតណាម ឃាត់​ខ្លួន​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត ​រឿង​រិះគន់​បញ្ហា​រំលោភ​សិទ្ធិមនុស្ស

ដោយ យន់ សាមៀន | RFA Khmer

អាជ្ញាធរ​វៀតណាម​ នៅ​ខេត្តឃ្លាំង បាន​ឃាត់​ខ្លួន​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត ដើម្បី​គំរាម​កំហែង​មិន​ឲ្យ​រិះគន់អាជ្ញាធរ​វៀតណាម រឿង​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម តាម​បណ្ដេញ​សង្គម ។ នេះ​ជា​លើក​ទី​ពីរ​ហើយ នៅ​ដើម​ឆ្នាំ ២០២២ នេះ ដែល​វៀតណាម​ បាន​បន្ត​ឃាត់​ខ្លួន​សួរ​ចម្លើយ និង​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម ដោយសារ​តែ​ពួក​គេ​ប្រើប្រាស់​សិទ្ធិ​សំដែង​មតិ ។

លោក យឿង ខាយ យុវជន​ខ្មែរក្រោម ។
លោក យឿង ខាយ យុវជន​ខ្មែរក្រោម ។

សកម្មជន​សិទ្ធិមនុស្ស​ និង​ការងារ លោក យឿង ខាយ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ នៅ​ខេត្តឃ្លាំង ចាប់​ទៅ​ឃុំ​ខ្លួន​អស់​មួយ​យប់​ កាល​ពី​ចុង​សប្ដាហ៍​នេះ ដោយ​គ្មាន​ដីកា ហើយ​ដោះលែង​ឲ្យ​មក​ផ្ទះ​វិញ ក្រោយ​ព្រមាន​ចាប់​លោក​ដាក់​ពន្ធនាគារ ប្រសិនបើ​លោក​បន្ត​ធ្វើ​ការងារ​តស៊ូ​មតិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ។ លោក យឿង ខាយ ប្រាប់ វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី ៥ កុម្ភៈ ក្រោយ​ពេល​ចេញ​ពី​កន្លែង​ឃុំខ្លួន​ថា អាជ្ញាធរ​វៀតណាម ចោទ​ប្រកាន់​លោក​រឿង​ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយសារ​តែ​លោក​រិះគន់​វៀតណាម​ថា បាន​រំលោភ​សិទ្ធិមនុស្ស សាសនា សេដ្ឋកិច្ច​ខ្មែរ​ក្រោម ​តាម​បណ្ដាញ​សង្គម ។ លោក​បន្ត​ថា មន្ត្រី​វៀតណាម ដែល​សួរ​ចម្លើយ​លោក បាន​បង្ខំ​លោក​ឲ្យ​សារភាព ប៉ុន្តែ ​លោក​បដិសេធ​ដោយសារ​តែ​លោក​ប្រកាន់​ជំហរ​ថា រឿង​ដែល​លោក​រិះគន់​វៀតណាម ​ពី​ការ​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម​នោះ ​ជា​រឿង​ពិត៖ «បាទ​ប្អូន​ធម្មតា​ទេ​បង​អើយ ។ ពេលខ្លះ​ គេ​បាន​លួង​លោម​ទិញ​ទឹក​ចិត្ត​ប្អូន​ដែរ តែ​ប្អូន​មិន​យល់​ព្រម​ទេ។ ប្អូន​តស៊ូ​ទៅ​មុខ​ទៀត​នឹង​ឲ្យ​អ្នក​ណា​ទិញ​ឧត្ដម​គតិ​ប្អូន​បាន​ទេ​បង ។ ប្អូន​ធ្វើ​ដល់​ថ្ងៃ​ជីវិត​ចុង​ក្រោយ​បង»

លោក យឿង ខាយ ថា ទោះ​បី​វៀតណាម​ដោះ​លែង​លោក​ក៏​ដោយ ក៏​ប៉ុន្តែ​វៀតណាម បាន​គំរាម​ចាប់​លោក​ដាក់​ពន្ធនាគារ​ប្រសិន​បើ​លោក​នៅ​បន្ត​សកម្មភាព ។ អាជ្ញាធរ​វៀតណាម​ ក៏​បាន​រឹបអូស​យក​ទូរស័ព្ទ​លោក​មួយ​គ្រឿង​ផង​ដែរ ។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អាជ្ញាធរ​វៀតណាម​ឃាត់​ខ្លួន​ យុវជន យឿង ខាយ ទៅ​សម្លុត រឿង​លោក​សំដែង​មតិ​ដោយ​អហិង្សា ។ កាលពី​ថ្ងៃ​ទី ១៣ មេសា ឆ្នាំ​ ២០២១ កន្លងទៅ នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ផ្នែក​សេដ្ឋកិច្ច និង​នគរបាល​សន្តិសុខ​ផ្នែក​នយោបាយ​ជិត ១០០ នាក់ បាន​ឆែកឆេរ​ផ្ទះ​លោក យឿង ខាយ និង​ចាប់ខ្លួន​លោក​ទៅ​ឃុំ​ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ ។ កាល​នោះ លោក យឿង ខាយ ថា ប៉ូលិស​បាន​រឹបអូស​យក​ទូរស័ព្ទ កុំព្យូទ័រ និង​សៀវភៅ​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ជនជាតិ​ដើម​ជាង ១០០ ក្បាល ។

អាជ្ញាធរ​វៀតណាម​ពេល​នេះ អះអាង​ថា អាជ្ញាធរ​បាន​ឃាត់ខ្លួន​លោក យឿង ខាយ ដោយសារ​តែ​លោក បាន​ប្រើប្រាស់​អ៊ីនធឺណិត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ប្រវត្តិសាស្ត្រ​ ជនជាតិ​ដើម​ខ្មែរ​ក្រោម ហើយ​មាន​ទំនាក់ទំនង​នឹង​អង្គការក្រៅរដ្ឋាភិបាល​នៅ​បរទេស​ចង់​បង្កើត​តំបន់​ស្វយ័ត ដែល​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​វៀតណាម ។ ទោះ​បី​យ៉ាង​ណា​ក្ដី លោក យឿង ខាយ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ។ លោក​ថា លោក​បាន​ផ្សព្វផ្សាយ​ឯកសារ និង​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ផ្សេងៗ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ស្វែង​យល់​ដឹង​ពី​សិទ្ធិ​ជា​ជនជាតិ​ដើម ដើម្បី​​​​អាច​​ឈាន​ទៅ ស្វែងរក​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត ។

យុវជន​ខ្មែរ​ក្រោម លោក យឿង ខាយ បាន​ស្ម័គ្រចិត្ត​ធ្វើ​ការងារ​លើកស្ទួយ​សិទ្ធិមនុស្ស​ការងារ និង​សិទ្ធិ​បញ្ចេញមតិ​របស់​កម្មករ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅ​លើ​ទឹកដី​កំណើត ។ លោក​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក ឈ្មោះ​ថា សិទ្ធិ​ការងារ​ខ្មែរ​ក្រោម ដើម្បី​ផ្ដល់​ចំណេះដឹង​ពី​ច្បាប់​ការងារ​ ។ ទំព័រ​ហ្វេសប៊ុក​នោះ ក៏​បាន​ផ្ដល់​លេខ​ទូរស័ព្ទ សម្រាប់​ឱ្យ​កម្មករ​ខ្មែរ​ក្រោម ដែល​រង​ការ​រំលោភ​បំពាន​ផ្សេងៗ ទាក់ទង ដើម្បី​ពិគ្រោះ​យោបល់​ស្វែងរក​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ។ លោក​ក៏បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក (Facebook) មួយ​ឈ្មោះ (ប្រទេស​ខ្មែរ​ក្រោម) និង​បន្ថែម​ពាក្យ​ថា អង្គការ​អង្កេត​សិទ្ធិ​ខ្មែរ​ជនជាតិ​ដើម​ នៅ​កម្ពុជា​ក្រោម ។ លោក យឿង ខាយ មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​ឃាត់​ខ្លួន​លោក​កាល​ពី​ថ្ងៃ​ទី ៤ កុម្ភៈ សប្ដាហ៍​មុន​នេះ ពីព្រោះ​វៀតណាម មាន​ចេតនា​ចង់​សងសឹក​នឹង​លោក ដែល​បន្ត​ហ៊ាន​តស៊ូ​មតិ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម៖ «បញ្ហា​ហ្នឹង គេ​ប្រុង​បំបិទ​មាត់​ប្អូន ។ មិន​ឲ្យ​និយាយ​ត​ទៅ​មុខ​ទៀត​ហ្មង ។ គេ​គំរាម​កំហែង​តែ​គេ​រក​ចំណុច​ណា​ធ្វើ​អ្វី​ប្អូន​មិន​កើត​បង»

ការ​ឃាត់​ខ្លួន លោក យឿង ខាយ ទៅ​ឃុំ និង​គំរាម​នេះ​របស់​អាជ្ញាធរ នៅ​ខេត្ត​ឃ្លាំង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម​ នៅខេត្តព្រះត្រពាំង បាន​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត ឈ្មោះ ថាច់ កឿង ជា​លើក​ទី​ពីរ​ដោយ​ចោទ​ប្រកាន់​លោក​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត កាល​ពី​ចុង​ខែមករា​កន្លង​ទៅ ។ វៀតណាម​ចោទប្រកាន់ លោក ថាច់ កឿង​ ដោយសារ​តែ​លោក​ហ៊ាន​ចេញ​មុខ ធ្វើ​សកម្មភាព​ប្រមូល​ផ្ដុំ​ថវិកា និង​គាំទ្រ​ការ​សាងសង់​សាលា​ឆទាន​មួយ ដើម្បី​ឲ្យ​ខ្មែរ​ក្រោម​អាច​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ។ កាល​ពី​ឆ្នាំ ២០២០ លោក ថាច់ កឿង ក៏​ត្រូវ​វៀតណាម ​ផាក​ចំនួនបី​រយ​ដុល្លារ ដោយសារ​តែ​លោក​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​សំដែង​មតិ ប៉ុន្តែ ​អាជ្ញាធរ​វៀតណាម​ចោទ​លោក​ថា ល្មើស​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត​វៀតណាម ។

ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​យុវជន​ខ្មែរ​ក្រោម​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​លិខិត​ស្នើ​កិច្ច​អន្តរាគមន៍​ ពី​អង្គការ​សហប្រជាជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ដើម្បី​ដាក់​សំពាធ​លើ​រដ្ឋាភិបាល​វៀតណាម ​ក៏​បញ្ឈប់​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​​ ជា​បន្ត​ទៅទៀត ។​​​​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ​សហព័ន្ធ​បាន​ប្ដឹង​ទៅ​សហគមន៍​អន្តរជាតិ​រួច​រាល់​ហើយ ។ ព្រះអង្គ​បន្ត​ថា វៀតណាម​មាន​ចេតនា​លាក់​បាំង​ព័ត៌មាន ​​​​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ​ទៅ​សហគមន៍​អន្តរជាតិ ទើប​ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​និយាយ​រឿង​នេះ៖ «មហិច្ឆតា​របស់​រដ្ឋាភិបាល​វៀតណាម​ហ្នឹង​គឺ លុប​បំបាត់​ពូជសាសន៍​ខ្មែរ​ក្រោម​ នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​ហ្នឹង ។ ព្យាយាម​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​គ្មាន​សិទ្ធិ​សេរី ហើយ​មិន​ហ៊ាន​ក្រោក​ឈរ​តាម​សិទ្ធិ​ជា​ម្ចាស់​ស្រុក ​នៅ​លើ​ទឹក​ដី​កំណើត»

ចាប់​តាំង​ពី​ពិភព​លោក​ជួប​បញ្ហា​ជំងឺ កូវីដ-១៩ មក អាជ្ញាធរ​វៀតណាម បាន​ចាប់​ផ្ដើម​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ​កាន់​តែ​ធ្ងន់ធ្ងរៗ ទៅ ។ យ៉ាងហោចណាស់ ក៏​មាន​កសិករ​ខ្មែរ​ក្រោម​ បី​រូប​ត្រូវ​បាន​តុលាការ​វៀតណាម ​កាត់​ឲ្យ​ជាប់ពន្ធនាគារ​ជា​ច្រើន​​ឆ្នាំ ដោយសារ​តែ​ហ៊ាន​ងើប​ឡើង​តវ៉ា​ទាមទារ​ដី​កេរ​ដូនតា​ដើម្បី​ធ្វើ​ស្រែ ។ អាជ្ញាធរ​វៀតណាម​ ក៏​បាន​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ថា ដាក់​ពន្ធនាគារ​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​ប៉ះពាល់​ទៅ​ដល់​កិត្តិយស​ អតីត​មេ​ដឹក​នាំ​វៀតណាម» ។ ក្រៅពី​ចាប់​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ វៀតណាម ក៏​បាន​គាប​សង្កត់​ខ្មែរ​ក្រោម​ មិន​ឲ្យ​សំដែង​មតិ​រឿង វប្បធម៌ សាសនា និង​បង្ខំឲ្យ​ខ្មែរ​ក្រោម ​សម្រប​សម្រួល និង​ទទួល​យក​ការ​រស់​នៅ​តាម​បែប​ជនជាតិ​វៀតណាម​ជា​ដើម ៕