ដោយ គឹម សាវតា
ខណៈដែលពលរដ្ឋខ្មែរក្រោមកាន់តែយល់ដឹង និងហ៊ានបញ្ចេញមតិកាន់ច្រើន អំពីសិទ្ធិនោះ អាជ្ញាធរវៀតណាម បាន និងកំពុងទាក់ទាញព្រះសង្ឃ និងលួងលោមពលរដ្ឋខ្មែរក្រោម ឲ្យចូលជាបក្សជន កាន់តែច្រើនឡើង ដើម្បីធ្វើយ៉ាងណាកុំឲ្យពលរដ្ឋខ្មែរក្រោម ទាំងនោះ ចូលរួមការងារសង្គមខ្មែរក្រោម និងបម្រើផលប្រយោជន៍ឲ្យខ្លួន ។

សាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាប្រទេសកាន់របបកុម្មុយនិស្ត ដែលមានតែបក្សមួយ ប៉ុណ្ណោះ គឺ បក្សកុម្មុយនិស្តវៀតណាម ជាអ្នកដឹកនាំប្រទេស ។ ហើយសមាជិកបក្ស ឬបក្ខជន គឺមានតួនាទីសំខាន់ និងត្រូវបានគេយកចិត្តទុកដាក់ជាងប្រជាជនធម្មតា ។ ស្របពេលដែលពលរដ្ឋខ្មែរក្រោម កាន់តែយល់ដឹងកាន់តែច្រើន អំពីសិទ្ធិរបស់ខ្លួនក្នុងនាមជាជនជាតិដើមម្ចាស់ស្រុក រដ្ឋាភិបាលវៀតណាម បានព្យាយាមទាក់ទាញពលរដ្ឋខ្មែរក្រោម មិនថាព្រះសង្ឃ ឬគ្រហស្ថនោះទេ គឺធ្វើយ៉ាងណា ដើម្បីអូសទាញ និងពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរក្រោម ជាពិសេសយុវជន ឲ្យបំភ្លេចនូវអ្វី ដែលខ្លួន មានតួនាទីក្នុងការថែរក្សាវប្បធម៌ និងការពារសង្គមជាតិកម្ពុជាក្រោម ។
អ្នកស្រី ថាច់ សារី ស្ត្រីខ្មែរក្រោមវ័យ ៦៦ ឆ្នាំមួយរូប រស់នៅក្នុងខេត្តព្រះត្រពាំង បានមានប្រសាសន៍ ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា ថ្មីៗ នេះ អាជ្ញាធរវៀតណាម បានចុះលួងលោម ព្រះសង្ឃ នៅតាម វត្តអារាមខ្មែរនានា ឲ្យចូលជាបក្ខជនរបស់បក្សកុម្មុយនិស្តវៀតណាម ។
លោកស្រី ថាច់ សារី «ឥឡូវហ្នឹងដូចថា នៅក្នុងវត្តៗ រដ្ឋ អាជ្ញាធរអីហ្នឹង វាដើរធ្វើបក្ខជនឲ្យលោកអស់ហើយ ដូចថាលោកធំៗ អីហ្នឹង គ្រូសង្គ្រាជវត្ត គ្រូសូត្រអីហ្នឹង» ។
បើតាមអ្នកស្រី ថាច់ សារី ការអូសទាញឲ្យព្រះសង្ឃចូលជាបក្ខជន បក្សកុម្មុយនិស្តវៀតណាមនេះ មិនមែនមានតែ នៅខេត្តព្រះត្រពាំងមួយនោះទេ គឺមានស្ទើរតែគ្រប់ខេត្តទាំងអស់ នៅដែនដីកម្ពុជាក្រោម ។
យ៉ាងនេះក្តី ព្រះតេជព្រះគុណ គឹម សំរិន្ទ ព្រះសង្ឃខ្មែរក្រោមមួយអង្គ គង់នៅក្នុងវត្តអរុណរង្សីចាកអាគ្រោង ភូមិចាកអាគ្រោង ឃុំលិចក្តី និគមកញ្ចោង ខេត្តព្រះត្រពាំង មានបន្ទូលថា ព្រះសង្ឃ ឬគ្រហស្ថដែលវៀតណាមទាញចូលបក្ខជន គឺបែងចែកជាផ្នែកផ្សេងៗ គ្នា ដូចជាយុវជន ដែលមិនសូវយល់ដឹងពីប្រវត្តិសាស្ត្រ និងយុវជននៅមូលដ្ឋាន ដែលគេបណ្ដុះឲ្យទៅបួស នៅតាមវត្តខ្មែរ ដើម្បីស៊ើបយកការណ៍ផ្សេងៗ លុះដល់លាចាកសិក្ខាបទ គឺអាចទទួលបានតំណែង ធ្វើជាប្រជាការពារភូមិរហូតដល់ មេភូមិ ជាដើម ។ ព្រះអង្គបន្តថា សម្រាប់ជនជាតិវៀតណាម ដែលចូលបក្ខជន គឺត្រូវតែបញ្ចប់ថ្នាក់ឧត្តមសិក្សា ហើយត្រូវបានរដ្ឋាភិបាលបញ្ជូនទៅរៀនបន្ថែម ដោយមានប្រាក់ខែឧបត្ថម្ភទៀតផង ប៉ុន្តែ សម្រាប់ពលរដ្ឋខ្មែរមិនមាននោះទេ ។
ព្រះតេជព្រះគុណ គឹម សំរិន្ទ «ហ្នឹងបើខ្ញុំកូណាអាត្មាភាពសង្កេត ចំពោះព្រះសង្ឃ ដែលចូលជាបក្ខជនហ្នឹង មានព្រះសង្ឃខ្លះជាចៅអធិការវត្ត ។ កាលណាចូលហ្នឹង ចោលអាការអើពើបរិស័ទក្នុងវត្តអីចឹងណាស់ ហើយច្រើនតែតាមក្របខណ្ឌគេបញ្ជា ប៉ុន្តែ ឥរិយាបទលោកមិនកោងមិនកាចទេ ប៉ុន្តែ លក្ខណៈដឹកនាំរបស់លោកច្រើនតែទៅបក្ស និងរដ្ឋ មិនសូវឲ្យតម្លៃដល់ផ្នែកបរិស័ទយើងទេ ហើយជាពិសេសកម្មវិធីបុណ្យអីចឹង លោកមិនលើកពីវីរបុរសខ្មែរហើយទេ » ។
ព្រះតេជព្រះគុណ គឹម សំរិន្ទ ក៏បានលើកឧទាហរណ៍ពលរដ្ឋខ្មែរក្រោម ដែលជាបក្ខជនរបស់ វៀតណាមមួយរូប នៅពេលដែលគាត់មានភាពចាស់ជរា មិនអាចបម្រើការអ្វីបាន រដ្ឋាភិបាលវៀតណាម ក៏បានដកចេញដោយមិនទទួលបានអ្វីឧបត្ថម្ភនោះទេ ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា គឺលោក តាំង សារៈ មានប្រសាសន៍ថា ពាក្យថាបក្ខជន គឺប្រើក្នុងប្រទេសប្រកាន់របបកុម្មុយនិស្ត ពោលគឺស្មើនឹងពាក្យសមាជិករបស់គណបក្ស ដែលប្រើក្នុងរបបប្រជាធិបតេយ្យ ។ លោកបន្តថា បុគ្គលដែលត្រូវបានជ្រើសរើសជាបក្ខជន គឺជាបុគ្គល ដែលមានគុណសម្បត្តិធំធេងណាស់ ពោលគឺកាអនុវត្ត គឺត្រូវតែធ្វើតាមគោលការណ៍របស់បក្ស ស្មោះត្រង់ជាមួយបក្ស និងរដ្ឋ ដូច្នេះព្រះសង្ឃក្តី គ្រហស្ថក្តី ដែលត្រូវបានចូលជាបក្ខជនហើយនោះ គឺមិនហ៊ានធ្វើអ្វី ដែលខុសពីគោលការណ៍បក្សនោះទេ ។
លោក តាំង សារៈ «តែកាលណាខុស ពីបទបញ្ជារបស់បក្ស គឺគាត់មិនអាចធ្វើបាន ប្រសិនបើគាត់ជម្នះធ្វើគឺទី ១ ត្រូវប្រឈមនឹងការបាត់បង់តំណែង ទី ២ ទៀត គឺក្រោយពេលបាត់បង់តំណែង ហើយ គឺវាសនារបស់គាត់ គឺជៀសមិនផុតទេពីជាប់ពន្ធនាគា ។ ចំពោះព្រះសង្ឃវិញក៏អញ្ចឹងដែរ ពេលខ្លះយើងឃើញថា វាជំទាន់ជាមួយវិន័យរបស់ព្រះសង្ឃ ក៏ប៉ុន្តែក្នុងនាមលោកជាបក្សជន គឺលោកត្រូវតែអនុវត្តទៅតាមគោលការណ៍របស់បក្ស ហើយទោះបីខុសវិន័យរបស់ព្រះពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងទុកក៏ដោយ ក៏ត្រូវតែធ្មេចភ្នែកអនុវត្តន៍ទៅតាមគោលការណ៍របស់បក្ស» ។
តែទោះជាយ៉ាងណា បើតាមលោក តាំង សារៈ ប្រសិនបើព្រះសង្ឃ ឬ ពលរដ្ឋខ្មែរក្រោម រូបណាដែលរដ្ឋាភិបាល ឬអាជ្ញាធរវៀតណាម តម្រូវឲ្យចូលជាបក្ខជន ហើយមិនព្រមចូលនោះគឺ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនោះ អាចនឹងប្រឈមជាមួយការធ្វើទុក្ខបុកម្នេញផ្សេងផងដែរ ៕