វៀតណាម គំរាម​បិទ​ហ្វេ​ស​ប៊ុ​ក បើ​មិន​ព្រម​ចាត់វិធានការ ត្រួតពិនិត្យ​ខ្លឹមសារ លើ​ក្រុមប្រឆាំង​រដ្ឋាភិបាល​

ដោយ ស៊ឺន ចែងចើន

​រដ្ឋាភិបាល​របប​ក្រុង​ហាណូយ​នៃ​បក្សកុម្មុយនិស្ត​វៀតណាម បាន​ព្រមាន​ពី​ការបិទ​ការិយាល័យ​តំណាង​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក (Facebook) នៅក្នុង​ប្រទេស​របស់​ពួកគេ ប្រសិនបើ​បណ្តាញ​សង្គម​មួយ​នេះ មិន​ព្រម​បង្កើន​សកម្មភាព​រឹតត្បិត លើ​មាតិកា​នយោបាយ ឬ​ការរិះគន់ ប្រឆាំង​រដ្ឋាភិបាល នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន​ទេនោះ ។ ជាការ​ឆ្លើយតប ក្រុមហ៊ុន​អាមេរិក​មួយ​នេះ បាន​បដិសេធ​ចំពោះ​សំណើ​នេះ ដោយ​ថា ខ្លួន​មិនអាច​ធ្វើតាម​បានឡើយ ។ ចំណែក​ពលរដ្ឋ​ខ្មែរក្រោម សម្តែង​ការសោកស្តាយ និង​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​ត្រូវ​បានដាក់​កំហិត នៅ​ប្រទេស​វៀតណាម ។​

FILE PHOTO An internet user looks at a Facebook page in Hanoi, Dec. 30, 2015. Reuters
FILE PHOTO An internet user looks at a Facebook page in Hanoi, Dec. 30, 2015. Reuters

​បើតាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចេញផ្សាយ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ២០ ខែវិច្ឆិកា ឲ្យ​ដឹងថា ប្រទេស​វៀតណាម បាន​ព្រមាន​បិទ​ហ្វេ​ស​ប៊ុ​ក នៅក្នុង​ប្រទេស ប្រសិនបើ​ក្រុមហ៊ុន​នេះ មិន​ធ្វើតាម​សម្ពាធ​របស់​រដ្ឋាភិបាល​វៀតណាម ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​ពាក់ព័ន្ធ នឹង​នយោបាយ ដែល​បង្ក​ឲ្យ​មានការ​ប្រឆាំង នឹង​រដ្ឋាភិបាល ការប្រឆាំង​គណបក្ស (​កុ​ម្មុយ​និ​ស្ត​វៀតណាម​) អំពើហិង្សា ឬ​បង្ខូច​របប​ដឹកនាំ ដែល​បាន​ចុះផ្សាយ នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​យក្ស​របស់​សហរដ្ឋអាមេរិក​មួយ​នេះ ។​

​មន្ត្រីជាន់ខ្ពស់​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​សម្តី​ដើម​ថា «​យើង​បាន​អនុវត្តតាម​កិច្ច​ព្រមព្រៀងគ្នា កាលពី​ខែមេសា ។ ហ្វេ​ស​ប៊ុ​ក បាន​គោរព​តាម​កិច្ចព្រមព្រៀង​នោះ ហើយ​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​វៀតណាម នឹងធ្វើ​បែបនេះ ដូចគ្នា ។ យ៉ាងនេះ​ក្តី ពួកគេ បានស្នើ​សុំ​យើង​ជាថ្មី ឲ្យ​បង្កើន​ការ​រឹតត្បិត លើ​ការ​បង្ហោះ​ខ្លឹមសារ ដែល​ប្រឆាំង នឹង​រដ្ឋអំណាច ដោយ​អ្នកប្រើប្រាស់​ក្នុងប្រទេស​វៀតណាម​» ។​

មន្ត្រីជាន់ខ្ពស់​រូបនោះ​ដដែល ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​ជា​បញ្ហា​រសើប បាន​បន្ថែមថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​ប្រាប់​ទៅ​ពួកគេ (​វៀតណាម​) វិញ​ថា ខ្លួន​នឹងមិន​អនុវត្តតាម​ការស្នើសុំ​នោះទេ តែ​អាជ្ញាធរ​ទីក្រុង​ហាណូយ បានគំរាមកំហែង ដោយ​ព្រមាន​ថា នឹង​ចាត់វិធានការ​ឆ្លើយតប ដោយ​ការបិទ ហ្វេ​ស​ប៊ុ​ក​ទាំងស្រុង​នៅ​វៀតណាម ដែលជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​នេះ និង​ជា​កន្លែង​រកចំណូលបាន​ជិត ១ ពាន់​លាន​ដុល្លារ ។​

ឆ្លើយតប​ទៅ នឹង​សំណួរ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ ក្រសួងការបរទេស​វៀ​ត​ណា​ម បាន​បញ្ជាក់ថា ហ្វេ​ស​ប៊ុ​ក​គួរតែ​គោរព​តាមច្បាប់​ក្នុងស្រុក និង​បញ្ឈប់ «​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​រំលោភ​លើ​ទំនៀមទម្លាប់​ប្រពៃណី​របស់​វៀតណាម និង​រំលោភ​លើ​ផលប្រយោជន៍​រដ្ឋ​» ។​

ទាក់ទង ​នឹង​បញ្ហា​នេះ ក្រុម​សកម្មជន​ខ្មែរក្រោម ភាគច្រើន​ជា​យុវជន ដែល​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ពួកគេ​អាច​ចាត់ទុកថា ជា​ប្រភពព័ត៌មាន​ដ៏​សំខាន់ សម្រាប់​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ នឹង​រឿងរ៉ាវ​នៃ​ទឹកដី​កម្ពុជា​ក្រោម បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង បើសិនជា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ព្រម​ធ្វើតាម​ជាមួយ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម ក្នុង​ការបិទ​ខ្ទប់ និង​ត្រួតត្រា​ការបញ្ចេញមតិ ឬ​លុបចោល​នូវ​រាល់​សារ​ណា ចេញពី​ប្រព័ន្ធ​បណ្តាញ​សង្គម​របស់ខ្លួន ដែល​អាជ្ញាធរ​វៀតណាម ចាត់ទុកជា​ទង្វើ​ខុសច្បាប់ ហើយ​ប្រឆាំងនឹង​រដ្ឋាភិបាល​នោះ ។ ពួកគេ​លើកឡើងថា នៅ​ប្រទេស​វៀតណាម លំហ​សេរីភាព​បញ្ចេញមតិ ការជួប ប្រជុំ​របស់​ប្រជាពលរដ្ឋ នៅ​ទីសាធារណៈ ដើម្បី​សម្តែង​មតិ​ដោយ​សន្តិវិធី​ជាដើម ត្រូវបាន​អាជ្ញាធរ​ហាមឃាត់ ។ ដូច្នេះ ពលរដ្ឋ​ខ្មែរក្រោម បាន​ងាក​មកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលជា​ផ្នែក​មួយ​នៃ​សេរីភាព​បញ្ចេញមតិ ដោយសារតែ​វា​មាន​លក្ខណៈ​សេរី និង​ទូលំទូលាយ​ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា វិទ្យុ ទូរទស្សន៍ និង​កាសែត​ជាដើម ខណៈ​ប្រទេស​វៀតណាម​ជា​ប្រទេស​ប្រកាន់យក​របប​ដឹកនាំ​បែប​កុ​ម្មុយ​និ​ស្ត រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​របស់​រដ្ឋ ហើយ​មិនមាន​ស្ថាប័ន​ព័ត៌មាន​ឯកជន​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​ឡើយ ។​

សកម្មជន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ខ្មែរក្រោម​ដ៏​លេចធ្លោ​ម្នាក់ គឺ​យុវជន តោ ហ្វា​ង​ចឿ​ង បានកត់សម្គាល់​ឃើញថា នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ស្របតាម​ការវិវឌ្ឍ​នៃ​វិស័យ​បច្ចេកវិទ្យា និង​ព័ត៌មាន​កាន់តែ​មានការ​រីកចម្រើន ពលរដ្ឋ​ខ្មែរក្រោម កាន់តែ​ច្រើនឡើង ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត និង​បណ្តាញ​សង្គម ។ ជាពិសេស បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ពួកគេ​នាំគ្នា​បង្កើត​គណនី និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ផ្តល់ព័ត៌មាន​ សម្តែង​មតិ​ផ្ទាល់ខ្លួន និង​បញ្ចេញ​ទស្សនៈ​ន​យោ​យ​របស់​ពួកគេ ដោយ​មិនមាន​ការភ័យខ្លាច​ឡើយ ។​

​ទោះជា​បែបនេះ​ក្តី យុវជន តោ ហ្វា​ង ចឿ​ង បានន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ពេល​ទទួលបាន​ដំណឹង​ថា រដ្ឋាភិបាល​ទីក្រុង​ហាណូយ បានគ​ម្រាម​ដាក់​កំហិត ឬ​ក៏​ចង់​បិទ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅក្នុង​ប្រទេស​វៀតណាម ។ លោក​ថា បើសិនជា​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​ផ្សំគំនិត ដោយ​រួម​ដៃ​ជាមួយ​អាជ្ញាធរ​វៀតណា​ម ក្នុង​ការបិទ​ខ្ទប់ និង​ត្រួតពិនិត្យ​ការបញ្ចេញមតិ ហើយ​រដ្ឋាភិបាល​វៀតណាម ដាក់​កំហិត​ផ្លូវច្បាប់​ទៅលើ​អ្វី ដែល​អ្នកប្រើប្រាស់​អ៊ីនធឺណិត​អាច​បង្ហោះ នៅលើ​បណ្ដាញ​សង្គម ដើម្បី​កាត់បន្ថយ​សេរីភាព​នៃ​ការបញ្ចេញមតិ​តាម​បណ្ដាញ​អ៊ីនធឺណិត ពេលនោះ វា​ពិតជា នឹង​ជះឥទ្ធិពល​មកលើ​ពលរដ្ឋ​ខ្មែរក្រោម ដោយ​ពួកគេ​អាច នឹង​លែង​ហ៊ាន​បញ្ចេញមតិ ឬ​និយាយ​ពី​ប្រវត្តិ​ទឹកដី​កម្ពុជា​ក្រោម លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កទៀត ។ យុវជន តោ ហ្វា​ង​ចឿ​ង លើក​ឡើ​ក​ទៀតថា បើ​គ្មាន​បណ្តាញ​ទំនាក់ទំនង​សង្គម​ទេ ពិភពលោក នឹងមិន​ដឹង​ពី​ការតស៊ូ​មតិ​របស់​ខ្មែរក្រោម​ទាក់ទង នឹង​ការរំលោភ​សិទ្ធិមនុស្ស ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម មកលើ​ពលរដ្ឋ​ខ្មែរក្រោម​ឡើយ ។​

​យុវជន តោ ហ្វា​ង​ចឿ​ង​៖ «​បើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបិទ​មែន ប្រាកដ​ណាស់ នឹង​ជះឥទ្ធិពល​ដល់​ខ្មែរក្រោម​ធំ​មែនទែន ដែល​អាច​ប្រៀបបាន ដូច​យើង​រស់នៅ​ក្នុងសម័យ​ប្រទេស​មិនទាន់​ជឿនលឿន សម័យ​មិនទាន់មាន​ហ្វេ​ស​ប៊ុ​ក ។ ដូច្នេះ ការបិទ​ហ្នឹង នាំ​ឲ្យ​ការដើរ​ថត​ក្រោយ​មកវិញ ។ ពីព្រោះ​ខ្មែរក្រោម​យើង សព្វថ្ងៃ​ហ្នឹង យល់ដឹង​ពី​សង្គមជាតិ យល់ដឹង​ពី​ប្រវត្តិសាស្ត្រ យល់ដឹង​ពី​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម អាស្រ័យ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​» ។​

យុវជន​ខ្មែរក្រោម​ម្នាក់ទៀត ឈ្មោះ ថាច់ កឿង ដែល​នៅ​មិនទាន់​បង់ប្រាក់​ពិន័យ​រាប់រយ​ដុល្លារ ទៅ​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ព្រះ​ត្រពាំង ដោយសារតែ​លោក​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​សម្តែង​មតិ​រិះគន់​គុណភាព​អង្ករ​វៀតណាម ដែល​ចែក​ឲ្យ​ខ្មែរក្រោម ដែល​រង​ផលប៉ះពាល់​ដោយសារតែ​ជំងឺ COVID-19 នោះ អះអាងថា លោក មិន​ជឿថា វៀតណាម នឹង​បិទ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​របស់​អាមេរិក​នោះទេ ។ លោក​លើកឡើង​ថា ដើម្បី​ផលប្រយោជន៍ខាង​សេដ្ឋកិច្ច​រវាង​ក្រុមហ៊ុន និង​វៀតណាម ហ្វេ​ស​ប៊ុ​ក​អាច នឹង​សម្រេច​ចាត់ វិធានការ​ផ្នែក​ខ្លះ តាម​សំណើ​របស់​ក្រុង​ហាណូយ ក៏​ព្រោះតែ​ប្រព័ន្ធ​បណ្តាញ​សង្គម​មួយ​នេះ ទាំង​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​វៀតណាម​រាប់លាន​នាក់ នៅតែ​ត្រូវការ​ឲ្យ​បន្តដំណើរ​ការប្រតិបត្តិ​សេវា​នេះ ដែល​ដើរតួនាទី​សំខាន់បំផុត ក្នុងប្រទេស​វៀតណាម ដែល​មិនអាច​ខ្វះ​បាន ។​

​យុវជន ថាច់ កឿង​៖ «​វៀតណាម គំរាមថា បិទ​ហ្នឹង បើតាម​ប្អូន​សង្កេត វា​មិនអាច​បិទ​បានទេ ។ ពីព្រោះ នៅក្នុង​ទេស​វៀតណាម ធ្វើ​ម្តេច​បិទ​បាន ពីព្រោះ​មនុស្ស​រាប់ពាន់​រាប់លាន​នាក់ គេ​ប្រើ​ហ្វេ​ស​ប៊ុ​ក​ហ្នឹង ។ ទីមួយ គេ​ប្រើ​ខាង​ការងារ​រកស៊ី ទី​ពីរ​ខាង​ជួញ​លក់ដូរ​រាល់ថ្ងៃ សេដ្ឋកិច្ច​នៅ​វៀតណាម​ញ៉ើ (​ពឹង​អាស្រ័យ​) តែ​ហ្វេ​ស​ប៊ុ​ក ។ ដូច្នេះ វៀតណាម រាល់ថ្ងៃ​ហ្នឹង សង្ឃឹម​សេដ្ឋកិច្ច នៅលើ​ហ្វេ​ស​ប៊ុ​ក ហើយ​បើ​ថា​បិទ​មែន វា នឹង​បាត់​សេដ្ឋកិច្ច​មួយ​ដ៏​ធំ ។ ដូច្នេះ ចំណុច​ប្អូន​ឃើញថា វា​មិន​បិទ​ទេ វា​គ្រាន់តែ​គំរាម​» ។​

​យ៉ាងណាក៏ដោយ យុវជន ថាច់ កឿង ឲ្យ​ដឹងថា ក្នុងករណី ដែល​ឈានទៅដល់​ការបិទ​ហ្វេ​ស​ប៊ុ​ក ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ឬក៏​ក្រុមហ៊ុន​បិទ​ការិយាល័យ​តំណាង​របស់​ពួកគេ​ដោយ​ខ្លួនឯង ដោយសារតែ​ឈរលើ​គោលការណ៍​គោរព​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះ លោក​ថា នៅមាន​ធ្យោ​បាយ​ផ្សេងៗ ជាច្រើន​ទៀត ក្រៅពី​ហ្វេ​ស​ប៊ុ​ក ដែល​កម្មវិធី បណ្តាញ​សង្គម​ទាំងនោះ មាន​សុ​វត្តិភាព​ជាង និង​លើក​ដំកើង​សេរីភាព​ក្នុងការ​បញ្ចេញមតិ ហើយ​គ្រប់​កិច្ចសន្ទនា ត្រូវបាន​លាក់​ការ​ជាសម្ងាត់​ទៀតផង ។​

គួរ​បញ្ជាក់ថា នៅក្នុង​ប្រទេស​វៀតណាម បច្ចុប្បន្ន មាន​ប្រជាជន​សរុប​ទាំងអស់​ជិត ៩៦ លាន នាក់ និង​ជាង ៦០ លាន​នាក់​ប្រើ​ហ្វេ​ស​ប៊ុ​ក ។ នៅ​ប្រទេស​នេះ ទោះបី​មានការ​កំណែទម្រង់សេដ្ឋកិច្ច និង​បង្កើន​ការបើកចំហ ចំពោះ​ការផ្លាស់ប្តូរ​សង្គម​ក៏ដោយ ក៏​បក្សកុម្មុយនិស្ត ដែល​កំពុង​កាន់អំណាច នៅតែ​រក្សា​ការត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អត់ធ្មត់​តិចតួច ចំពោះ​ការប្រឆាំង ។ ប្រទេស​នេះ ឈរ​នៅ​លំដាប់​ទី ៥ ពី​បាត​តារាង​នៃ​ចំណាត់ថ្នាក់​ពិភពលោក​អំពី​សេរីភាព​សារព័ត៌មាន ដែល​ចងក្រង​ដោយ​អង្គការ​អ្នក សារព័ត៌មាន​គ្មាន​ព្រំដែន ។​

គិត​ចាប់តាំងពី​ដើមខែ​កុ​ម្ភះ​ឆ្នាំ ២០២០ ដែល​ប្រទេស​វៀតណាម បានដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​សន្តិសុខ ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​បណ្ដាញ​អ៊ីនធឺណិត​រួចមក អាជ្ញាធរ​វៀតណាម បាន​បង្កើន​ការចាប់ខ្លួន និង​ដាក់ទោស​សកម្មជន​អ្នកប្រឆាំង​តាម​ប្រព័ន្ធ​សង្គម កាន់តែ​ច្រើនឡើងៗ តាំងពី​ឆ្នាំ ២០១៦ មក ។​ ការ​រាតត្បាត​របស់​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ស្ថានភាព​សេរីភាព​នៃ​ការបញ្ចេញមតិ​កាន់​ដុនដាប​បន្ថែមទៀត ។ អាជ្ញាធរ​បាន​កោះហៅ អ្នកលេង​ហ្វេ​ស​ប៊ុ​កជាង ៦៥០ នាក់ ទៅ​សួរចម្លើយ ជុំវិញ​ការ​បង្ហោះ​សារ ដែលមាន​ទាក់ទង​នឹង​វិបត្តិ​កូ​វីដ​-១៩ ។ នេះ​បើតាម​ទិន្នន័យ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ។ ក្រុង​ហាណូយ បាន​ពង្រឹង​វិធានការ​រឹតបន្តឹង​ថ្មី​បន្ថែម ដើម្បី​ដាក់ទោស​អ្នក​រិះគន់​តាម​អ៊ី​ន​ធឺ​ណី​ត ។ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បានទទួល​ការផាកពិន័យ និង​ខ្លះទៀត បាន​បង្ខំចិត្ត​លុប​សារ​របស់​ខ្លួនឯង ។ ១០% នៃ​អ្នកទោសនយោបាយ​ក្នុង​ពន្ធនាគារ​វៀតណាម ជា​សកម្មជន​ប្រជាធិបតេយ្យ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ។ នេះ​បើតាម​អង្គការ Amnesty International ដដែល ។​

ចំណែក​របាយការណ៍ របស់​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក បង្ហាញថា នៅក្នុង​ឆ្នាំ ២០២០ នេះ មាន​សកម្មជន​ខ្មែរក្រោម មិនតិចជាង ១០ នាក់​ទេ ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម កោះហៅ​ទៅ​សួរចម្លើយ​ជា​បន្តបន្ទាប់ និង​ពិន័យ​ប្រាក់​ជា​ទម្ងន់ ដោយសារតែ​ពួកគេ​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​បញ្ចេញមតិ​ជុំវិញ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ។ ក្រៅពីនេះ អាជ្ញាធរ​វៀតណាម ក៏បាន​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម ដោយ​ការ​រឹបអូស​យក​ដីធ្លី និង​ការចាប់ខ្លួន​ឃុំខ្លួន ឬ​ដាក់ពន្ធនាគារ ៕