អាជ្ញាធរ​វៀតណាម​កោះហៅ លោក លីវ នី ទៅ​សួរចម្លើយ​

ដោយ ស៊ឺន ចែងចើន| VOKK

អាជ្ញាធរ​វៀតណាម​បានចេញ​លិខិត​កោះហៅ លោក លីវ នី អតីត​ព្រះចៅអធិការ​វត្ត​សិរី​តាសេក ឲ្យ​ទៅ​មន្ទីរ នគរបាល​ឃុំ ដើម្បី​សួរចម្លើយ​នូវ​កិច្ចការ​មួយចំនួន​ដែល​ទាក់ទង​នឹង​សាមីខ្លួន បន្ទាប់ពី​រដ្ឋាភិបាល​យួន បាន​ដោះលែង​លោក​ឲ្យ​ចេញពី​ព​ន្ធា​ការ កាលពី​ឆ្នាំ​កន្លងទៅនេះ ។​


​យោងតាម​លិខិត​កោះហៅ​មួយច្បាប់​របស់រប​ស់ម​ន្ទីរ​នគរបាល​ខេត្ត​ឃ្លាំង (Soc Trang) និង ស្រុក​ជ្រោ​ញរ (Vinh Chau) ចេញ​ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៨ ចុះហត្ថលេខា​ដោយ លោក ង្វៀង ថា​ន់ តៀង (Nguyen Thanh Tien) ជា​ប្រធាន​មន្ទីរ​នគរបាល​ខេត្ត​ឃ្លាំង បាន​កោះហៅ លោក លីវ នី (Lieu Ny) មាន​លំនៅ អចិន្ត្រៃយ៍​នៅ​ភូមិ​តាសេក ឃុំ​វិញ​ហាយ ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង (Ap Tra Set, Xa Vinh Hai, Huyen Vinh Chau, Tinh Soc Trang) “​ដើម្បី​សាកសួរ​នូវ​ការងារ​មួយចំនួន ក្រោយពី​បានចេញ​ពី​ពន្ធ នាគារ​” ។​

លិខិតដែលអាជ្ញាធរយួនកោះហៅ លោក លីវ នី ទៅសួរចម្លើយ ។
លិខិតដែលអាជ្ញាធរយួនកោះហៅ លោក លីវ នី ទៅសួរចម្លើយ ។

លិខិត​នេះ ត្រូវបាន​បង្ហោះ​នៅលើ​គណនេយ្យ Facebook ឈ្មោះ Ney Leiv ភ្ជាប់​ជាមួយនឹង​ពាក្យ​ថា “​ខ្ញុំ មាន​ការងារ​ត្រូវធ្វើ​ហើយ​បងប្អូន​អើយ នៅវេលា ម៉ោង ៨ ព្រឹកស្អែក​” ។ តាមរយៈ​សារ​នេះ បង្ហាញ​ឲ្យ​ឃើញ ថា លោក លីវ នី ត្រូវ​រដ្ឋាភិបាល​យួន​ហៅ​ទៅ​សួរចម្លើយ​នៅវេលា ម៉ោង ៨ ព្រឹក ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៨ នេះ ។ រដ្ឋាភិបាល​យួន​សួរចម្លើយ​លោក​យ៉ាង​ខ្លះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​ពិស្ដារ​នៅឡើយ ។​

​ការសួរចម្លើយ​ជា​មធ្យោបាយ​មួយ​របស់​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​យួន ក្នុងការ​គំរាមកំហែង​លើ​ពលរដ្ឋ ខ្មែរក្រោម​រូប​ណា ដែល​រដ្ឋាភិបាល​ចាត់ទុកថា មនុស្ស​ដែលមាន​គំនិត​ផ្ទុយ​ពី​រដ្ឋាភិបាល ។​

​លោក លីវ នី កើត នៅ ឆ្នាំ ១៩៨៦ ជា​អតីត​ចៅអធិការ វត្ត​សិរី​តាសេក នា​ស្រុក​ជ្រោ​យញ ខេត្ត​ឃ្លាំង ។ កាល​នៅ​ជាស​ង្ឃ លោក​ត្រូវ​រដ្ឋាភិបាល​យួន​ចាប់ខ្លួន នៅ​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ នៅ​ព្រំដែន ខេត្ត​មាត់ជ្រូក នៃ​ដែនដី​កម្ពុជា​ក្រោម និង​ខេត្តតាកែវ នៃ​ប្រទេស​កម្ពុជា ខណៈដែល​លោក​កំពុងតែ​ភៀស ខ្លួន​ទៅ​ប្រទេស​កម្ពុជា ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​យួន ។ ក្រោយពី​ដាក់គុក បាន ៥ ខែ ត្រូវ​តុលាការ​យួន​ខេត្ត​ឃ្លាំង ប្រកាស​សាលក្រម នៅ​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ឲ្យ លោក​ជាប់គុក ៤ ឆ្នាំ ។ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ នេះ លោក លីវ នី បាន​អាជ្ញាធរ​យួន​ដោះលែង​ចេញពី​ពន្ធនាគារ បន្ទាប់ពី​លោក ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក និង​ដាក់គុក អស់​រយៈពេល ៤ ឆ្នាំ​មក ។​

​មូលហេតុ ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​យួន​ចាប់ លោក លីវ នី ផ្សឹក និង ដាក់គុក​នោះ ដោយសារ កាល​នៅ​ជា ចៅអធិការ​វត្ត លោក​ហ៊ាន​ការពារ​មិន​ឲ្យ​អាជ្ញាធរ​យួន​ចាប់​ផ្សឹក លោក ថាច់ ធឿន ជា​អតីត​គ្រូ​ពហូស្សូត​វត្ត​សិរី​តាសេក ព្រោះ លោក ថាច់ ធឿន មិនបាន​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​ដែល​អាច​ត្រូវ​ចាប់​ផ្សឹក ។ ចំណែក លោក ថាច់ ធឿន ដែល​ត្រូវ​តុលាការ​យួន​ប្រកាស​សាលក្រម​ឲ្យ​ជាប់គុក ៦ ឆ្នាំ ពីបទ​ទាក់ទង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​នោះ នៅ​មិនទាន់បាន​ចេញពី​គុក​នៅឡើយ  ៕