វៀតណាម​នៅ​មិនទាន់​គោរព​តាម​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម​

(​ប្រែ​សម្រួល​ដោយ ថាច់ ប្រីជា គឿន – សារព័ត៌មាន ព្រៃនគរ​)

​នៅ​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ថ្លែងការណ៍​នៅក្នុង  កិច្ច​ប្រ ជុំ​លើក​ទី ៦ នៃ​យន្តការ​អ្នកជំនាញ​អំពី​សិទ្ធិ​ជនជាតិដើម ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ០៧ ដល់ ថ្ងៃទី ១២ ខែកក្កដា នេះ នៅ​ការិយាល័យ​កណ្ដាល​អង្គកា​រ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រ​ទេ​ស្វិ​ស ។ នៅ ថ្ងៃនេះ កញ្ញា គឹម សុភាព តំណាង ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឡើង​ថ្លែងការណ៍​អំពី ប្រទេស​វៀតណាម នៅ​មិនទាន់បាន​អនុវត្តតាម “ សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម​ភាគតិច​” ដែល​ខ្លួន​ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី​មួយ​ជាមួយនឹង អង្គការ​សហ​ប្រជា ជាតិ​លើ​សេចក្ដីអនុម័ត​សេចក្ដីប្រកាស​នេះ កាលពី​ឆ្នាំ ២០០៧ ។​

កញ្ញា គឹម សុភាព នៅក្នុង UN ការិយាល័យប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វិស កាលពីពីទី ១២ ខែកក្កដា ឆ្នាំ ២០១៣ ។
កញ្ញា គឹម សុភាព នៅក្នុង UN ការិយាល័យប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វិស កាលពីពីទី ១២ ខែកក្កដា ឆ្នាំ ២០១៣ ។

វៀតណាមនៅមិនទាន់គោរពតាមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម

តទៅ​នេះ សូម​អញ្ជើញ​លោកអ្នក​ស្ដាប់​ខ្លឹមសារ​នៃ​សេចក្ដីថ្លែងការណ៍​នេះ ដែល កញ្ញា គឹម សុភាព បាន ថ្លែង​នៅក្នុង​អង្គការសហប្រជាជាតិ​ដូចតទៅ​៖
—————————-
កិច្ចប្រជុំ​លើក​ទី ៦ នៃ​យន្តការ​អ្នកជំនាញ​អំពី​សិទ្ធិ​ជនជាតិដើម​
​របៀបវារៈ ៦៖ សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិ​ជនជាតិដើម​
​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម
​អ្នក​ថ្លែង​៖ Catherine Kim (​គឹម សុភាព​)

លោក​ប្រធាន​

​វៀតណាម​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដែល​បាន​គាំទ្រ​សេចក្ដីអនុម័ត លើ​សេចក្តីប្រកាស ជា សកល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) នៅក្នុង​ឆ្នាំ ២០០៧ ។ យើង​កំពុងតែ​យកចិត្តទុកដាក់ និង​ព្រួយបារម្ភ​ជាពិសេស ជាមួយនឹង​ភាពមិន​ជឿនលឿន​ក្នុងការ​ទទួលស្គាល់​សិទ្ធិ​របស់​ជនជាតិដើម ដែល​គិត​មកដល់ពេលនេះ  មាន​រយៈពេល ៦ ឆ្នាំ​ហើយ តែ​ពលរដ្ឋ​ខ្មែរក្រោម មាន​ចំនួន​តិចតួច​បំផុត​ដែល​បានដឹង​អំពី​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម​នេះ ។ ព័ត៌មាន ដែល​ទាក់ទង​នឹង​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ត្រូវបាន​ស្ទះ​នៅទីនេះ គឺ​នៅត្រឹម​អង្គការសហប្រជាជាតិ និង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​នៅក្នុង​ប្រទេស​វៀត ណា​ម​ឡើយ ។​

​យើង​ក៏​សូម​សាទរ​ចំពោះ​ប្រទេស​វៀតណាម​ដែល​បានប្រកាស​បេក្ខភាព​របស់ខ្លួន សម្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក្នុង​អាណត្តិ​ពី​ឆ្នាំ  ២០១៤ ដល់ ២០១៦ កាលពី​ថ្ងៃទី ២៥  ខែកុម្ភៈ ឆ្នាំ ២០១៣ ។ ប៉ុន្តែ​ព័ត៌មាន​ចុងក្រោយ​ដែល​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិ​សាសនា ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ចាប់​ព្រះសង្ឃ​ខ្មែរ ក្រោម​ផ្សឹក និង​ដាក់ពន្ធនាគារ បានធ្វើឱ្យ​ពួកយើង​មាន​ក្ដីបារម្ភ​យ៉ាងខ្លាំង​ណាស់ ចំពោះ​អាកប្ប​រិ​យា ដែល​ប្រទេស​វៀតណាម​អនុវត្ត​ផ្ទុយ​នឹង​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម បាន ប្ដេជ្ញា​ថា ”​វៀតណាម​នឹង​ប្តេជ្ញាចិត្ត ដើម្បី​ធ្វើ​សកម្ម​ក្នុង​ការចូលរួម​ស្ថាបនា និង​ទទួលខុសត្រូវ​នៅក្នុង ក្រុមប្រឹក្សា​”  ។​

​ក្នុងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ផ្ដល់​អនុសាសន៍​មួយចំនួន​ដូចតទៅ​៖

  • សូម​ឲ្យ​ប្រទេស​វៀតណាម​អនុវត្តតាម​មាត្រា ទី ១២ នៃ​សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម (UNDRIP)  ដើម្បី​អនុញ្ញាតឱ្យ​ខ្មែរក្រោម​ប្រតិបត្តិ​សាសនា​របស់​ពួកគេ ដោយ​សេរី ។ ខ្មែរក្រោម​គួរតែ​ត្រូវបាន​អនុញ្ញាតឱ្យ​បង្កើតជា​អង្គការ​សាសនា​ឯករាជ្យ​របស់ខ្លួន​ដោយ​គ្មាន​ការជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​វៀតណាម ។ សព្វថ្ងៃ ខ្មែរក្រោម កំពុងតែ​ឋិត​នៅក្នុង​ការប្រតិបត្តិ​ព្រះពុទ្ធ សាសនា​ថេរវាទ​របស់​ពួកគេ​ក្នុង​លក្ខណៈ​ភ័យខ្លាច​មួយ ។ ព្រះពុទ្ធសាសនា​ថេរវាទ មិនមែន​គ្រាន់តែ​ជា​សាសនា​មួយ​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​វា​គឺជា​ផ្នែក​មួយ​ក្នុងការ​រក្សា​អត្តសញ្ញាណ​វប្បធម៌​របស់​យើង​ជា​ជនជាតិ  ដើម  ។ ជា​អកុសល រាល់ថ្ងៃ ប្រជាជន​របស់​យើង​ដែល​កំពុង​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ស្ថិតនៅក្រោម​ការគំរាមកំហែង ។ រដ្ឋាភិបាល​វៀតណាម​បង្ខំ​ឱ្យ​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​របស់​យើង ចូល​ជា​សមាជិក​របស់ សមាគម​ព្រះពុទ្ធសាសនា​វៀតណាម (PUBA) ដែលជា​សមាគម​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ដើម្បី​ត្រួតពិនិត្យ​ការប្រតិបត្តិ​សាសនា​របស់​យើង  ។​
  • យើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម អនុវត្ដ​តាម​មាត្រា​ទី ១៤ នៃ​សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ដើម្បី​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​កង្វះខាត​ខាង​វិស័យ​អប់រំ ។ រហូតមកដល់​ពេលនេះ មាត្រា​នេះ នៅតែ​មិន​ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម គោរព​នៅឡើយ ។ ឧទាហរណ៍ ព្រះតេជព្រះគុណ លី ចិន្ដា បាន​ព្យាយាម​បើក​សាលា​រៀនអក្សរ​ខ្មែរ​នៅក្នុង​វត្ត​របស់​ព្រះអង្គ តែ​ព្រះអង្គ​ត្រូវបាន​រដ្ឋាភិបាល​ចាប់​ផ្សឹក និង​ធ្វើ​ទារុណកម្ម​យ៉ាង​អយុត្តិធម៌ ។​
  • យើង​សូម​ផ្តល់​អនុសាសន៍​ដល់​វៀត​ណា​ម ចំពោះ​ការអនុវត្ត​មាត្រា ទី ១៦ នៃ​សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ដើម្បី​ឲ្យ​ខ្មែរក្រោម     ទទួលបាន​ព័ត៌មាន ឯករាជ្យ និង​ការបញ្ចេញមតិ​ដោយ​សេរី ។ ករណី​ដែល​វៀតណាម​នៅ​មិនទាន់បាន​គោរព​តាម​មាត្រា​ទី ១៦ នោះ គឺ អាជ្ញាធរ​វៀតណាម បាន​ចាប់​ផ្សឹក​និង​ដាក់គុក ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះ​តេជ ព្រះ​គុណ  លីវ នី ព្រោះ​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ បាន​ទាក់ទង និង​ផ្តល់ព័ត៌មាន​អំពី​ការរំលោភ​សិទ្ធិ មនុស្ស​ប្រឆាំងនឹង​ខ្មែរក្រោម​តាមរយៈ​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស ។​

​ករណីនេះ ជា​ភស្តុតាង​បញ្ជាក់ថា សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ មិនត្រូវ​បាន​គោរព​ទេ ។​

  • ​យើង​សូម​ទាមទារ​ឲ្យ​មាន​សំណង តាម​មាត្រា​ទី ២៥ នៃ​សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម ត្រូវបាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម សម្រាប់​ជនជាតិដើម​ខ្មែរក្រោម ។ សព្វថ្ងៃ ដីស្រែ​ចំការ​របស់​ខ្មែរក្រោម ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​រឹបអូស និង​ការសង មកវិញ​នូវ​ការចាប់​ដាក់គុក និង​ធ្វើ​ទារុណកម្ម  ពេល​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ​ធ្វើការ​តវ៉ា ។​
  • យើង​ទទូច​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​អនុវត្តតាម​មាត្រា​ទី ២៧ នៃ​សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) សម្រាប់​ខ្មែរក្រោម ។ តាម​មាត្រា​នេះ រដ្ឋាភិបាល​វៀតណាម​ត្រូវតែទទួលស្គាល់ “​ខ្មែរក្រោម​” ថា ជនជាតិដើម​នៅក្នុង​ប្រទេស​របស់ខ្លួន ។ យើង​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាតឱ្យ​ពួកយើង​ដាក់ឈ្មោះ ភូមិ ស្រុក និង​ខេត្ត របស់​យើង​តាម​ភាសា​ខ្មែរ​របស់ខ្លួន ។ ការធ្វើ​របៀបនេះ វា​អាចធ្វើ​ឲ្យ​ប្រជាជន​ដឹង​អំពី​អ្វី​ដែលមាន​តាំង​ពីមុន​មកជា របស់​យើង​នៅក្នុង​តំបន់​ទាំងនេះ ។​
  • នៅក្នុង​ភាសា​យួន ជនជាតិដើម និង ជនជាតិភាគតិច មានន័យ​ខុសគ្នា​ស្រឡះ ។ “​ជនជាតិដើម​” នៅក្នុង​ភាសា​យួន​គេ​ហៅថា “​បាង​ដៀ​” (Bản địa) និង “​ជនជាតិភាគតិច​” ក្នុង​ភាសា​យួន​ហៅថា “ យ៉ឹ​ង​តុ​ក​ទីវ​សូ​” (Dân tộc thiểu số ) ។ រដ្ឋាភិបាល​វៀតណាម​ពិតជា​ដឹង​ច្បាស់​ណាស់ អំពី​អត្ថ ន័យ​នៃ​ពាក្យ “​ជនជាតិដើម​”  ។ យើង​សង្ឃឹមថា ពួកគេ​នឹង​ប្រើពាក្យ​នេះ​សម្រាប់​ខ្មែរក្រោម​ឲ្យ​បាន​សមរម្យ ក្នុងពេល​អនាគត ។​

​យើង​ជឿ​យ៉ាង​មុតមាំ​ថា ការ​អនុវត្ដ​តាម​សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម (UNDRIP)  អាច​នឹង​បានសម្រេច​យ៉ាង​ពេញលេញ ប្រសិនបើ​ជនជាតិដើម​ទាំងអស់​ត្រូវ​បានទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​របស់​ពួកគេ ៕

​សូម​អរគុណ​