(សារព័ត៌មាន ព្រៃនគរ) នៅពេលថ្មីៗនេះ អាជ្ញាធរវៀតណាម បានហៅអ្នកភូមិព្រៃជាប់ ពុទ្ធបរិស័ទចំណុះជើងវត្តព្រៃជាប់ ២០ នាក់ ឲ្យទៅសាលាឃុំ ដើម្បីពិន័យប្រាក់ម្នាក់ៗ ៧៥០ ពាន់ដុង ពីបទ អ្វីមួយដែលក្រុមសមត្ថកិច្ចយួនចោទថា អ្នកទាំងនេះបានរួមដៃជាមួយព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃដែលត្រូវបានរដ្ឋាភិបាលវៀតណាម ចាប់ផ្សឹក និងច្រកចូលបាវទៅធ្វើទារុណកម្ម កាលពីខែ ឧសភា ។ ពលរដ្ឋខ្មែរក្រោមទាំងនេះ មិនបានបង់ប្រាក់ដល់សមត្ថកិច្ចទេទេ ហើយពួកគាត់នឹង ប្ដឹងពួកមន្ត្រីអាជ្ញាធរទាំងនេះ ពីបទគំរាមពលរដ្ឋយកលុយ ។

វៀតណាមហៅអ្នកភូមិព្រៃជាប់ទៅពិន័យប្រាក់ ចោទពីបទរួមដៃនឹង ព្រះតេជព្រះគុណ លី ចិន្ដា
អាជ្ញាធរវៀតណាមនៅឃុំវិញហាយ ស្រុកជ្រោយញរ ខេត្តឃ្លាំង បានកោះហៅពលរដ្ឋខ្មែរក្រោម នៅចំណុះ ជើងវត្តព្រៃជាប់ ប្រមាណ ២០ នាក់ ទៅសាលាឃុំ ដើម្បីពិន័យប្រាក់ក្នុងម្នាក់ៗចំនួន ៧៥០ ពាន់ដុង ដោយគំរាមថា ពលរដ្ឋទាំងនេះ បានជាប់ទាក់ទិននឹងព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃដែលត្រូវបាន រដ្ឋាភិបាលវៀតណាមចាប់ ផ្សឹក និងធ្វើទារុណកម្ម កាលពីខែឧសភា កន្លងទៅនេះ ។ ប៉ុន្តែពលរដ្ឋខ្មែរ ក្រោមទាំងនេះ មិនបានបង់ប្រាក់ឲ្យមន្ត្រីអាជ្ញាធរវៀតណាមទេ ព្រោះពួកគាត់បានអះអាងថា វៀតណាម មិន មានច្បាប់ ពិន័យប្រាក់បែបនេះទេ ហើយពួកគាត់នឹងនាំគ្នាំប្ដឹងមន្ត្រីអាជ្ញាធរវៀតណាម ទាំងនេះពី បទពុករលួយទៅស្ថាប័នពាក់ព័ន្ធ នៃរដ្ឋាភិបាលវៀតណាម ។
លោក ថាច់ តាំង មុនី អ្នកភូមិព្រៃជាប់ សព្វបថ្ងៃកំពុងរស់នៅ រដ្ឋចរចៀ (Georgia) សហរដ្ឋអាមេរិក បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃទី ១២ ខែកញ្ញា ថា លោកទទួលបានព័ត៌មាមពីស្រុកមកថា អ្នកភូមិព្រៃជាប់ របស់លោកត្រូវបានអាជ្ញាធរវៀតណាម កោះហៅទៅសាលាឃុំដើម្បីពិន័យប្រាក់ កាលពីថ្ងៃ សៅរ៍ ទី ៧ ខែកញ្ញា សប្ដាហ៍កន្លងទៅនេះ ។ លោកបានថ្លែងថា ក្រុមសមត្ថកិច្ចបក្ស កុម្មុយនិស្តវៀតណាម បានចោទ ប្រកាន់អ្នកភូមិទាំងនេះថា ជាអ្នករួមដៃជាមួយនឹងព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃដែលត្រូវបានរដ្ឋាភិ បាលវៀតណាមចាប់ផ្សឹក និងច្រកចូលបាវយកទៅធ្វើទារុណកម្ម កាល កាលពីខែឧសភា ។
លោក ថាច់ តាំងមុនី បានថ្លែងបន្តទៀតថា ក្រុមអ្នកភូមិព្រៃជាប់ទាំងនេះ នឹងប្ដឹងកម្មាភិបាលយួនទាំងនេះ ឡើងទៅស្ថាប័នជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម អំពីបទគំរាមកំហែងយកប្រាក់ពីប្រជាពលរដ្ឋ ។
លោក ថាច់ តាំងមុនី បានចាត់ទុកទង្វើដែលអាជ្ញាធរវៀតណាមបានធ្វើបែបនេះចំពោះខ្មែរក្រោម ថា ជាការ ប្រព្រឹត្តផ្ទុយនឹងច្បាប់ ដើម្បីរឹបយកប្រាក់ពីពលរដ្ឋខ្មែរក្រោមស្លូតត្រង់ ។ លោកថា អ្នកភូមិទាំងនេះ មិនត្រូវបង់ប្រាក់ទៅក្រុមមន្ត្រីយួនទាំងនោះទេ ព្រោះពួកគាត់មិនបានធ្វើអ្វីខុសឡើយ ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ព្រះតេជព្រះគុណ លី ចិន្ដា បានភៀសខ្លួនទៅសុំសិទ្ធិជ្រកកោន នៅការិយាល័យ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នាទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងច្រកចូលបាវយកទៅធ្វើទារុណកម្ម កាលពីខែ ឧសភា បើតាម លោក ថាច់ តាំងមុនី បច្ចុប្បន្ន មានអ្នកភូមិព្រៃជាប់ ប្រមាណ ១៣ នាក់ បានភៀសខ្លួនទៅប្រ ទេសថៃ ព្រោះរដ្ឋាភិបាលវៀតណាមគំរាមកំហែងទាក់ទិននឹងព្រះតេជព្រះគុណ លី ចិន្ដា ។
កាលពីខែឧសភា ឆ្នាំ ២០១៣ នេះ ព្រះតេជព្រះគុណ លី ចិន្ដា ត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក រួមនឹងព្រះសង្ឃវត្តសិរីតាសេកពីរអង្គទៀត គឺព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ដោយចោទពីបទថា ព្រះសង្ឃទាំងនេះបានទាក់ទងខ្មែរក្រោមនៅក្រៅប្រទេស ។
បច្ចុប្បន្ន ព្រះសង្ឃវត្តសិរីតាសេកទាំងពីរអង្គនេះ កំពុងជាប់ពន្ធនាគារនៅទីក្រុងព្រៃនគរ ។ រដ្ឋាភិបាលវៀត ណាមនៅមិនទាន់អនុញ្ញាតឲ្យសាច់ញាតិ បានចូលទៅជួបព្រះសង្ឃទាំងពីរអង្គនេះនៅឡើយ ៕