ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលវៀតណាម ទៅកាន់សាខានីតិវិធីពិសេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនេះ កាលពីថ្ងៃទី ៣០ មិថុនា ២០២១ ត្រូវបានអង្គការប្រជាជាតិ និងប្រជាជនដែលគ្មានដំណាង ហៅកាត់ថា UNPO បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងទៅនឹងការបកស្រាយរបស់វៀតណាម ដែលបានឆ្លើយតបយករួចខ្លួន ។ អង្គការ UNPO បានលើកឡើង ថា ជាការឆ្លើយតបមានបញ្ហាយ៉ាងខ្លាំង ។ UNPO បន្តថា ជាជាងបដិសេធថា សកម្មភាពគាប សង្កត់បានកើតឡើង ឬសារភាពថា វៀតណាម បានធ្វើ និងលើកឡើង អំពីដំណើរការដោះស្រាយ រដ្ឋាភិបាលវៀតណាម បានសារភាពថា លោក យឿង ខាយ ពិតជាត្រូវបានចាប់ខ្លួន ពីបទកាន់កាប់ច្បាប់ចម្លង នៃសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពី «សិទ្ធិជនជាតិដើម» ។
ខាងក្រោមនេះ ជាអត្ថបទបកប្រែទាំងស្រុង ពីសេចក្តីប្រតិកម្មរបស់ UNPO ដោយលោក ទៀ ថេន ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ៖
វៀតណាម សារភាពថា ៖ មានការចាប់ខ្លួនពីបទរក្សាទុកនូវសេចក្តីប្រកាសរបស់ អ.ស.ប ស្តីពី «សិទ្ធិជនជាតិដើម»
រដ្ឋាភិបាលវៀតណាម បានឆ្លើយទទួលស្គាល់ថា ខ្លួនពិតជាបានចាប់ខ្លួនសកម្មជន ផ្នែកសិទ្ធិជនជាតិដើមម្នាក់ ដោយសារតែ (សកម្មជនម្នាក់នោះ) បានរក្សាទុកនូវ ច្បាប់ចម្លងនៃ សេចក្តីប្រកាសរបស់ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើម ។ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ ដែលបានធ្វើទៅជូន ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ហើយដែលឥឡូវនេះ ត្រូវបានចេញផ្សាយជាសាធារណៈ ។ រដ្ឋាភិបាលវៀតណាម បានបង្ហាញពីភាពត្រឹមត្រូវនៃការចាប់ខ្លួននេះ ថា ជាការចាំបាច់ ដើម្បីរក្សាឯកភាពជាតិ នៅវៀតណាម ។ ក្នុងការធ្វើដូច្នេះ គឺជារបៀបលើកមកបង្ហាញ ពីភាពត្រឹមត្រូវរបស់ខ្លួន ដែលបានអនុវត្តជំនាញព្រហ្មទ័ណ្ឌ ក្នុងការរឹបអូសយកឯកសាររបស់អង្គការសហប្រជាជាតិ ដែលបានបង្កើតឡើងនូវ គោលការសិទ្ធិមនុស្ស (ដោយឡែកមួយបែប) ផ្តល់ចំពោះជនជាតិដើម ហើយដែលរដ្ឋាភិបាលវៀតណាម ខ្លួនឯងផ្ទាល់ ក៏បានចូលរួមបោះឆ្នោតបង្កើតផងដែរនោះ ។
សេចក្តីប្រកាសរបស់ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើម (UNDRIP) តាមពាក្យរបស់ អ.ស.ប ប្រាប់ថា ៖ «គឺជាឧបករណ៍អន្តរជាតិដ៏ទូលំទូលាយបំផុត ស្តីពីសិទ្ធិជនជាតិដើម» និង «បង្កើតឲ្យមានឡើងនូវក្របខ័ណ្ឌសកលមួយ ក្នុងកម្រិតអប្បបរមា សម្រាប់ការរស់រានមានជីវិត សេចក្តីថ្លៃថ្នូរ និងសុខមាលភាពរបស់ជនជាតិដើម នៅលើពិភពលោក ហើយ និងការបកស្រាយលម្អិត អំពីកម្រិតសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ដែលមានស្រាប់ នៅពេលដែលពួកគេអនុវត្តន៍ចំពោះស្ថានភាពជាក់លាក់សម្រាប់ជនជាតិដើម» ។ (សេចក្តីប្រកាសនេះ) ត្រូវបានអនុម័តដោយមហាសន្និបាត អ.ស.ប នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមានសំឡេងគាំទ្រចំនួន ១៤៤ ប្រទេស ប្រទេសមិនចូលរួម (អនុបវាទ) ចំនួន១១ ប្រទេស៖ (Azerbaijan អាស៊ែរបៃហ្សង់, Bangladesh បង់ក្លាដែស, Bhutan ប៊ូតាន, Burundi ប៊ូរុនឌី, Colombia កូឡុមប៊ី, Georgia ហ្សកហ្ស៊ី, Kenya កែនយ៉ា, Nigeria នីហ្សេរីយ៉ា, Russian Federation សហព័ន្ធ រុស៊ី្ស, Samoa សាម៉ូ and Ukraine និង អ៊ុយក្រែន) មាន ៤ ប្រទេសបោះឆ្នោតប្រឆាំង គឺ ៖ (អូស្ត្រាលី, កាណាដា, នូវែលសេឡង់ដ៍ និងសហរដ្ឋអាមេរិក) ។ វៀតណាម គឺជាប្រទេសមួយក្នុងចំណោម ១៤៤ ប្រទេស ដែលបានបោះឆ្នោតគាំទ្រ ។
នៅខែមេសា ឆ្នាំ ២០២១ អង្គការប្រជាជាតិ និងប្រជាជនដែលគ្មានដំណាង (UNPO) បានធ្វើឲ្យអន្តរជាតិយកចិត្តទុកដាក់ចំពោះករណីលោក យឿង ខាយ គឺជាសកម្មជនខ្មែរក្រោមម្នាក់ ដែលបានធ្វើយុទ្ធនាការទាមទារឲ្យមានការទទួលស្គាល់ឋានៈជនជាតិដើមរបស់ជនជាតិខ្មែរក្រោម នៅវៀតណាម ។ គាត់ត្រូវបានចាប់ខ្លួន និងគំរាមកំហែង ដោយសារតែបានរក្សាទុកនូវច្បាប់ចម្លងនៃសេចក្តីប្រកាសរបស់ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើម (UNDRIP) នៅខែមិថុនា ឆ្នាំ២០២១ ។ ក្រុមអ្នកជំនាញឯករាជ្យរបស់ អ.ស.ប បានសរសេរលិខិតចោទប្រកាន់រួមគ្នាមួយទៅកាន់រដ្ឋាភិបាលវៀតណាម ទាមទារឲ្យមានចំឡើយ និងបានបង្ហាញអំពីការព្រួយបារម្ភរបស់ពួកគេថា ៖ ការគំរាមកំហែង ដែលបានរាយការណ៍ទាំងអស់នេះ អាចជាប់ទាក់ទងទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់លោក យឿង ខាយ ក្នុងការផ្សព្វផ្សាយឯកសាររបស់ អ.ស.ប ។ ជាពិសេស គឺការផ្សព្វផ្សាយ និងការបកប្រែនូវ UNDRIP ហើយអាចមានឥទ្ធិពលគួរឲ្យញញើត ចំពោះការបញ្ចេញមតិណាមួយដោយអ្នកទាំងអស់នោះ រួមទាំងអ្នកការពារសិទ្ធិមនុស្ស ដែលកំពុងយកចិត្តទុកដាក់ ចំពោះបញ្ហាជនជាតិភាគតិច និងជនជាតិដើមនៅក្នុងប្រទេស ។
មកដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋាភិបាលវៀតណាម បានឆ្លើយតបទៅនឹងអ្នកជំនាញរបស់ អ.ស.ប តាមលិខិតមួយផ្ញើទៅជូនការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់ អ.ស.ប ។ សេចក្តីឆ្លើយតបនោះ គេឃើញមានបញ្ហាយ៉ាងខ្លាំង ។ ជំនួសឲ្យការបដិសេធថា សកម្មភាពគាបសង្កត់បែបនេះ បានកើតឡើង ឬក៏ការសារភាពថា ពួកគេបានធ្វើ និងគូសបញ្ជាក់អំពីដំណើរនៃការដោះស្រាយនោះ រដ្ឋាភិបាលវៀតណាម បានសារភាពថា លោក យឿង ខាយ ពិតជាត្រូវបានចាប់ខ្លួន ពីបទរក្សាទុកឯកសារ UNDRIP នោះមែន ហើយអះអាងទៀតថា ការចាប់ខ្លួននេះ គឺត្រឹមត្រូវ តាមគោលការថែរក្សា «ឯកភាពជាតិ» ពីព្រោះ តាមការលើកឡើងរបស់រដ្ឋាភិបាលវៀតណាមថា មិនមានជនជាតិដើមទេ នៅក្នុងប្រទេសមួយនេះ ។
រឿងនេះ បានបង្ហាញច្បាស់ក្រឡែតថា ជនជាតិដើមមានប្រមាណ១៥% នៃចំនួនប្រជាជនវៀតណាម ហើយថា ខ្មែរក្រោម គឺជាប្រជាសាសន៍ធំជាងគេទាំអស់ នៅក្នុងសហគមន៍ជនជាតិដើមទាំងនោះ ។ ប៉ុន្តែ រដ្ឋវៀតណាម បានបដិសេធអំពីវត្តមានរបស់ជនជាតិដើម ដែលបង្កើតជាផលប៉ះពាល់យ៉ាងខ្លាំងដល់សហគមន៍ទាំងនេះ ។ លោក យឿង ខាយ គឺជាសកម្មជនការពារសិទ្ធិមនុស្សម្នាក់ ក្នុងចំណោមសកម្មជនជាច្រើននាក់ទៀត ដែលបានធ្វើយុទ្ធនាការ ដើម្បីទាមទារឲ្យមានការទទួលស្គាល់ឋានៈជាជនជាតិដើម ហើយត្រូវបានគេធ្វើទុកបុកម្នេញដោយសារតែការងារនេះ ។ នៅក្នុងប្រទេសវៀតណាម ការស្វែងរកឋានៈជាជនជាតិដើម គឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ សូម្បីជនជាតិដើម គ្រាន់តែពាក់អាវយឺតមាននិមិត្តសញ្ញា គោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពរបស់ អ.ស.ប ដែលសរសេរថា «ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់ អ.ស.ប សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព ដើម្បីធានាថា គ្មានខ្មែរក្រោម ណាម្នាក់ត្រូវបានទុកចោលឡើយ» ដោយ (ត្រឹមតែឃ្លាពាក្យប៉ុណ្ណេះ) ក៏អាចត្រូវរងនូវការចាប់ខ្លួនបានដែរ ។
ករណីនេះ បង្ហាញអំពីមូលដ្ឋានដ៏គួរឲ្យព្រួយបារម្ភ ចំពោះស្ថានភាពសិទ្ធិមនុស្សនៅប្រទេសវៀតណាម ។ ប្រសិនបើនៅក្នុងប្រទេសនេះ សូម្បីមនុស្សម្នាក់ក៏អាចត្រូវមានទោសព្រហ្មទ័ណ្ឌ ដោយគ្រាន់តែរក្សាទុក និងចែកចាយនូវឧបករណ៍សិទ្ធិមនុស្សរបស់ អ.ស.ប (ជារបស់) ដែលរដ្ឋាភិបាលរបស់ពួកគេផ្ទាល់ ក៏ជាអ្នកធ្លាប់បានចូលរួមក្នុងការបង្កើតឡើងដែរនោះ សបញ្ជាក់ឲ្យឃើញថា មិនអាចមានដែនកំណត់ឡើយ ចំពោះសមត្ថភាពរបស់រដ្ឋ ក្នុងការគាបសង្កត់ពលរដ្ឋរបស់ខ្លួន និងលុបបំបាត់សេរីភាពក្នុងការបញ្ចេញមតិ និងផ្តល់យោបល់ ។
អពមង្គលទាំងឡាយ បានកើតឡើងកាន់តែញឹកញាប់ អំពីបណ្តារដ្ឋជាសមាជិកនៃ អ.ស.ប ហើយថែមទាំងបានបង្ហាញអំពីភាពត្រឹមត្រូវនៃការគាបសង្កត់ដ៏អាក្រក់បំផុតក្រោម ទ្រឹស្តីរបស់ «ឯកភាពជាតិ» ។ សហគមន៍ជនជាតិដើម និងសាសនា និងជនជាតិភាគតិច តែងតែប្រឈមមុខនឹងការចោទប្រកាន់ថាបានធ្វើឲ្យខូចទ្រង់ទ្រាយជាមូលដ្ឋាននៃប្រព័ន្ធអន្តរជាតិ ។ តែទោះជាយ៉ាងណាក៏ដោយ គេកម្រឃើញមានរដ្ឋណារំលោភសិទ្ធិទាំងនេះ ដោយភាពច្បស់លាស់ និងដោយបើកចំហ ដូចដែលរដ្ឋវៀតណាម បានធ្វើក្នុងករណី (ដូចខាងលើ) នេះណាស់ ។ តាមរយៈការប្រើប្រាស់ជំនាញព្រហ្មទ័ណ្ឌ ទៅលើការរក្សាទុកឯកសារដែលបង្ហាញតែអត្ថបទនៃសិទ្ធិមនុស្សរបស់ អ.ស.ប រដ្ឋាភិបាលវៀតណាម កំពុងបដិសេធដោយបើកចំហ ចំពោះមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ ។
តាមសេចក្តីបំភ្លឺ រដ្ឋាភិបាលវៀតណាម បានសារភាពចំពោះករណី (ខាងលើ) នេះ អង្គការប្រជាជាតិ និងប្រជាជនដែលមិនមានតំណាង (UNPO) សូមអំពាវនាវដល់សហគមន៍អន្តរជាតិទាំងមូល ធ្វើការថ្កោលទោសយ៉ាងដាច់ខាត ចំពោះចំណាត់ការរបស់រដ្ឋាភិបាលវៀតណាម ក្នុងករណីខាងលើនេះ និងដើម្បីធានាថា រាល់ជំនួយ ឬការគាំទ្រណាមួយដល់ប្រទេសនេះ ឬការធ្វើពាណិជ្ជកម្មជាមួយ គប្បីភ្ជាប់ជាមួយនូវលក្ខខ័ណ្ឌ ដែលជួយការពារគ្រប់គ្រាន់ សម្រាប់អ្នកការពារសិទ្ធិមនុស្ស សហគមន៍ជនជាតិដើម និង ដើម្បីសេរីភាព ក្នុងការបញ្ចេញមតិ និងផ្តល់យោបល់ ៕