(សារព័ត៌មាន ព្រៃនគរ) ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រគុណ ថាច់ ធឿន ព្រះសង្ឃវត្តសិរីតាសេក នៃស្រុក ជ្រោយញរ ខេត្តឃ្លាំង ដែលត្រូវបានអាជ្ញាធរវៀតណាម ចាប់ផ្សឹក និងដាក់គុកកាលពីខែឧសភា នោះ បច្ចុប្បន្ននេះ កំពុងជាប់ឃុំឃាំងនៅ ក្នុងគុកមួយកន្លែង ឋិតនៅក្នុងទីក្រុងព្រៃនគរ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយ ដែលអាជ្ញាធរវៀតណាម បានជូនដល់ក្រុមគ្រួសារព្រះសង្ឃទាំងពីរអង្គនេះ កាលពីពេលថ្មីៗនេះ ។

ដោះលែងព្រះតេជព្រះគុណ លី ចិន្ដា, ថាច់ ធឿន និង លីវ នី កាលពីថ្ងៃ
ទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ ។
ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី កំពុងជាប់ពន្ធនាគារ នៅព្រៃនគរ
ស្ត្រីម្នាក់ដែលត្រូវជាញាតិរបស់ព្រះសង្ឃទាំងពីរអង្គនេះ បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃទី ៣១ ខែសីហា នេះ ថា អាជ្ញាធរវៀតណាមទើបតែបានជូនដំណឹងដល់ក្រុមគ្រួសារព្រះសង្ឃទាំងអង្គនេះ កាលពីខែមុនថា ព្រះតេជ ព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន បច្ចុប្បន្ន ត្រូវបានរដ្ឋាភិបាលវៀតណាមបញ្ជូនទៅឃុំឃាំង នៅក្នុង គុកមួយកន្លែង នៅទីក្រុងព្រៃនគរ តែរដ្ឋាភិបាលនៅមិនទាន់អនុញ្ញាតឲ្យក្រុមគ្រួ សារបានទៅជួបព្រះសង្ឃ នៅពន្ធនាគារនៅឡើយទេ ។
ចំពោះស្ថានភាពវត្តសិរីតាសេក ក្រោយពីព្រឹត្តិការណ៍អាជ្ញាធរវៀតណាមបានឡោមព័ទ្ធចាប់ព្រះសង្ឃផ្សឹក និងដាក់ គុក កាលពីខែឧសភា មក អាជ្ញាធរវៀតណាមបានតែងតាំងព្រះសង្ឃថ្មីឲ្យឡើងធ្វើជាព្រះចៅអធិការវត្ត ដែល បញ្ហាត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្តចាត់ទុកថា ជាការបន្តុបព្រះសង្ឃដែលស្និទជាមួយនឹងរដ្ឋាភិបាល ហើយមានបញ្ជូនព្រះសង្ឃយកការឲ្យយួនមកស្នាក់នៅក្នុងវត្តទៀតផង ។
ស្ត្រីរូបនេះ បានបន្តទៀតថា ពុទ្ធបរិស័ទចំណុះជើងវត្តសេរីតាសេក នៅតែគាំទ្រ និងគោរពស្រឡាញ់ចំពោះ ព្រះតេជ ព្រះគុណ លីវ នី និងព្រះតេជព្រះគុណ ថាច់ ធឿន ដដែល ព្រះសង្ឃទាំងពីរព្រះអង្គនេះមិនបានប្រព្រឹត្តខុសនឹងធម៌ អាថ៌វិន័យអ្វីឡើយ ។
កាលពីដើមខែឧសភាកន្លងទៅនេះ អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង បានចាប់ផ្សឹក និងដាក់គុក ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន នៃវត្តសេរីតាសេក និង បានផ្សឹក និងធ្វើទារុណកម្ម ព្រះតេជព្រះគុណ លី ចិន្ដា នៃវត្តព្រៃជាប់ ដោយចោទពីបទថា ព្រះសង្ឃទាំងនេះបានទាក់ទងខ្មែរក្រោមនៅក្រៅប្រទេស ។
ក្រោយពីអាជ្ញាធរវៀតណាមចាប់ព្រះសង្ឃទាំងនេះផ្សឹក និងដាក់គុកមក ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទូទាំងពិភព លោក បាននាំគ្នាចេញធ្វើបាតុកម្ម កាលពី ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៣ នេះ ដើម្បីទាមទារឲ្យសហគមន៍អន្តរជាត ដាក់សម្ពាធដល់រដ្ឋាភិបាលដោះលែងព្រះសង្ឃ និងគោរពសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម ។ ក្រៅពីនេះ នៅថ្ងៃ ដដែលនេះដែរ សមាជិកសភា ស.រ.អា. បានកោះហៅជនរងគ្រោះជាតំណាងខ្មែរក្រោម មន្ត្រីសិទ្ធិមនុស្ស និង មន្ត្រីក្រសួងការបរទេស ស.រ.អា. ដើម្បីសួរដេញដោលពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម ។ ក្នុងពេលសួរ ដេញដោលនោះ ភាគីនីមួយៗបានបំភ្លឺអំពីបញ្ហារំលោភបំពានផ្សេងៗគ្នា ហើយបានទទូចឲ្យ ស.រ.អា.ចាត់វិធាន ការ ធ្ងន់ធ្ងរដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្ស និង សិទ្ធិសាសនា ពីរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។ ស្រប ពេលដែលរដ្ឋាភិបាលវៀតណាម បានចាប់ផ្សឹក និងធ្វើទារុណកម្មលើព្រះតេជព្រះគុណ លី ចិន្ដា នៃវត្តព្រៃជាប់ និងការចាប់ផ្សឹក ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន នៃវត្តសេរីតាសេក នោះ ព្រះតេជព្រះ គុណ យ័ញ តូន (Danh Tol) ព្រះសង្ឃខ្មែរក្រោមបានដែលបានភៀសព្រះកាយ ទៅគង់នៅ ស.រ.អា. កាលពីឆ្នាំ២០០៩ ក្រោយពីត្រូវអាជ្ញាធរវៀតណាមចាប់ដាក់គុក ដែរនោះ បានឡើងធ្វើសក្ខីកម្មបំភ្លឺជូនសភាអាមេរិកាំង អំពីការរឹតត្បិត និងការធ្វើទុក្ខបុក្ខម្នេញលើពលរដ្ឋខ្មែរក្រោម តាមទម្រង់ជាច្រើនទាក់ទងនឹងការចាប់ខ្លួន ចាប់ផ្សឹកព្រះសង្ឃ ការបំបិទសិទ្ធិសេរីភាពសាសនា ជាដើម ៕