គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក ​ជំរុញ​ឱ្យវៀតណាម ​ឈប់​ធ្វើទុក្ខបុក​ម្នេញ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធខ្មែរ​កម្ពុជាក្រោម​ និង​ពលរដ្ឋខ្មែរ​ក្រោម ​ស្វាគមន៍​ស្ថាប័ន​ការពារសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​សហរដ្ឋអាមេរិក ដែលបាន​ស្នើឲ្យ​រដ្ឋាភិបាល លោកប្រធានាធិបតី (Joe Biden) ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ឲ្យបញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​សេរីភាព​សាសនា​របស់​ជនជាតិ​ដើម​ខ្មែរ​ក្រោម ។ សំណើនេះ ​ធ្វើឡើង​ដោយ​សារ​តែ អាជ្ញាធរ​វៀតណាម ​កំពុង​ស្វែង​រក​គ្រប់​វិធី​ ដើម្បី​វាយកំទេចសាលា​ឆទាន​របស់​ពលរដ្ឋក្រោម​ ដែល​បាន​កសាង​ ដើម្បីប្រតិបត្តិ​ព្រះពុទ្ធសាសនា​ និង​បង្រៀន​អក្សរ​ខ្មែរ ។

លោក ហ្រែតដឺរិក ដេវី (Frederick Davie) ប្រធានគណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក (USCIRF) ។
 រូប៖ Twitter Commissioner Frederick Davie (USCIRF)

លោក ហ្រែតដឺរិក ដេវី (Frederick Davie) ប្រធានគណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក (USCIRF) ។
រូប៖ Twitter Commissioner Frederick Davie (USCIRF)

គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក (USCIRF) ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ធ្វើការងារ​នឹង​រដ្ឋាភិបាល​កុម្មុយនិស្តវៀតណាម ដើម្បី​បញ្ឈប់​ការ​ប៉ុនប៉ង​វាយ​កម្ទេច​ទីតាំង​សាលាឆទាន​របស់​ពលរដ្ឋខ្មែរ​ក្រោម​មួយ​កន្លែង នៅឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ។

កាលពីដើម​ឆ្នាំ ២០២១ ពលរដ្ឋខ្មែរ​ក្រោម ប្រមាណ​ជិត​មួយ​រយ​គ្រួសារ​នៅ​ឃុំកំពង់ ស្រុកប្រាសាទថ្មី បាន​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាធរ​សាងសង់សាលាឆទាន ប៉ុន្តែ​ អាជ្ញាធរ​វៀតណាម​មិន​ឆ្លើយតប​រហូត​ដល់​ពលរដ្ឋ​សាងសង់​ជិត​រួចរាល់ ទើប​អាជ្ញាធរ​វៀតណាមហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​បន្តធ្វើ​ទៀត ​និង​ឲ្យ​រុះរើ​សំណង់​ ដែល​ពលរដ្ឋ​បាន​កសាង​រួចរាល់​ហើយ ។

ប្រធានគណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​​សហរដ្ឋអាមេរិក​​ (USCIRF)​ លោក ហ្វ្រែដឺរិក​ ដេវី ​(Frederick Davie) ​បាន​​ស្នើ​ដល់រដ្ឋាភិបាល​​អាមេរិក​​ឱ្យ​ធ្វើ​អន្តរាគមន៍​​​លើ​ករណី​​រំលោភ​​សិទ្ធិសេរីភាព​សាសនា​​របស់​​ខ្មែរ​​ក្រោម​​នេះ ក្រោយ​​ពេល​​អាជ្ញាធរ​វៀតណាម កាលពី​ខែតុលា​បាន​ប្រមូល​កម្លាំង​ ហើយ​ព្យាយាម​ទៅ​វាយបំផ្លាញ​សាលាឆទាន​របស់​ខ្មែរ​ក្រោម ។ គណៈកម្មការ​ទទួល​បន្ទុក​ផ្នែកសេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក ជាទីភ្នាក់ងារ​ឯករាជ្យ​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៩៨ ដោយ​ច្បាប់​សេរីភាព​សាសនា​អន្តរជាតិ ។ ទីភ្នាក់ងារ​នេះ ឃ្លាំមើល​សិទ្ធិសេរីភាព​សាសនា ​និង​​ជំនឿ​ជា​សកល និង​ផ្តល់​ជាអនុសាសន៍​ដល់​ប្រធានាធិបតី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និងសភា ដើម្បី​តាមដាន​ការ​អនុវត្ត​អនុសាសន៍​របស់​ទីភ្នាក់ងារ​នេះ ។

តំណាង​ពលរដ្ឋខ្មែរ​ក្រោម លោក គឹម ឃីម មានប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ទោះបី​ជា​អាជ្ញាធរ​វៀតណាម ប្រមូល​កងកម្លាំង​ចង់​មក​បំផ្លាញ​សាលាឆទាន​ខ្មែរ​ក្រោម​ក៏​ដោយ ក៏​ពលរដ្ឋ​ខ្មែរ​ក្រោម ​បាន​ងើបឡើង​តវ៉ា​មិន​ព្រម​ឲ្យ​វៀតណាម​បំផ្លាញ​ឡើយ ។ លោកថា បច្ចុប្បន្ន​សាលាឆទាន​ ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅ​ជុំវិញ​ពិភពលោក​ឧបត្ថម្ភ​ប្រាក់​កសាង​នោះ បាន​សាងសង់​រួច​រាល់​ហើយ ។ លោកបន្តថា វៀតណាម​មាន​ចេតនា​មិន​ចង់​ឲ្យ​ខ្មែរ​ក្រោម​ប្រតិបត្តិសាសនា និង​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូនៗ ​ខ្មែរ​ក្រោម​ជំនាន់​ក្រោយ​នោះ​ទេ ៖ «កត្តា​ដែល​យួន​វាមិន​ចង់​ឲ្យ​ហ្នឹង ​យើង​យល់​ទាំង​អស់​គ្នា​ហើយ​ ពី​ព្រោះ​វា​ជាចំណុច​រស៊ើប​មួយ​សម្រាប់​យួន ពីព្រោះ​ខ្មែរ​ក្រោម​យើង​មាន​វត្តអារាម និង​សាលាឆទាន​សម្រាប់​ពង្រីក​វិស័យ​អក្សរសាស្រ្ត ការរៀនសូត្រ​របស់​កូន​ខ្មែរ​ជា​ចំណុច​រស៊ើប​ ពី​ព្រោះ​យើង​ខំពង្រីក គេខំបំផ្លាញ»

ទោះបីជា​យ៉ាងណា​ក្ដី លោក គឹម ឃីម ថ្លែង​ថា បច្ចុប្បន្ន​សាលាឆទាន​នេះ បាន​បង្រៀន​កូន​ខ្មែរ​ក្រោម​ជិត ១០០ ​នាក់ ឲ្យចេះ​ភាសាខ្មែរ និង​ក្លាយ​ជាទី​កន្លែង​ដែល​ពលរដ្ឋខ្មែរក្រោម នៅ​ស្រុក​លោក ប្រមូល​ផ្តុំគ្នា​មក​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ។ លោកបន្តថា ទោះបី​វៀតណាម​ហាមឃាត់មិន​ឲ្យខ្មែរ​ក្រោម​រៀន​សូត្រ​ពី​ប្រវត្តិសាស្រ្ត​បាត់បង់​ទឹកដី​ឲ្យ​ក៏ដោយ ក៏ខ្មែរក្រោម​អាចនិយាយ​ប្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដោយ​ផ្ទាល់​មាត់​ដែរ៖ «រឿងទឹកដី​និង​ប្រវត្តិសាស្រ្ត គឺ​យើង​ពិបាក​បង្រៀន គេមិន​អនុញ្ញាត​ឲ្យ​យើង​រៀន​ប្រវត្តិសាស្រ្តទេ ។ យើង​ឆ្លៀត​ពេល​ក្នុង​សាលា​និយាយ​រឿង​ប្រវត្តិសាស្រ្ត ប៉ុន្តែ ​ក្នុង​មេរៀន យើង​មិន​បង្រៀន​ទេ ប៉ុន្តែ​គ្រូ​និមួយៗ ​ត្រូវ​តែ​មាន​តួនាទី​បង្រៀន​កូន​ខ្មែរ​ ដោយ​សារ​តែ​យើង​ជា​ម្ចាស់​ដើម ជាទឹកដី​របស់​យើង ជា​ម្ចាស់​ស្រុក ហើយក្មេងៗ ​វា​ដឹង ហើយ​ខំ​តស៊ូ​ទាំងអស់​គ្នា​ដែរ»

អង្គការ​ សមាគម​ខ្មែរកម្ពុជាក្រោម​ ឲ្យ​ដឹងថា វៀតណាម​កំពុង​ប្រើប្រាស់​យុទ្ធសាស្រ្ត​សងសឹក​ខ្មែរ​ក្រោម ដែល​ហ៊ាន​ងើប​ឡើង​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម និង​សិទ្ធិ​ស្វ័យសម្រេច​គ្រប់គ្រង​វាសនា​ពូកគេ ។ កាល​ពី​ពេល​ថ្មីៗ វៀតណាម​បាន​កោះហៅ​យុវជន​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់ ដែលហ៊ាន​តស៊ូមតិ​រឿង​សិទ្ធិ​ជនជាតិ​ដើម ទៅ​សាកសួរ និង​គំរាម​ចាប់​ដាក់​ពន្ធនាគារជា​បន្តបន្ទាប់ ។ ការ​សងសឹក​របស់​វៀតណាម​នេះ ធ្វើផ្ទុយ​ទៅ​នឹង​ការ​សន្យា​របស់​ខ្លួន ក្នុងការ​លើក​ស្ទួយ​សិទ្ធិមនុស្ស ។ សព្វថ្ងៃនេះ វៀតណាម​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អាណតិ្តបីឆ្នាំ ចាប់ពី​ឆ្នាំ ២០២៣ ដល់​ឆ្នាំ ២០២៥ ។

ពាក់ព័ន្ធនឹង​សំណើ​របស់គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋ​អាមេរិក ប្រធាន​នាយកដ្ឋានព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ​មាន​ថេរដីកា​ប្រាប់​អាស៊ីសេរីថា អន្តរាគមន៍​របស់​គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋ​​អាមេរិក​​ ជាការលើកទឹក​ចិត្ត​ដល់​ខ្មែរ​ក្រោម ​ដើម្បី​បន្ត​ការ​តស៊ូ​ការពារ​សិទ្ធិសេរីភាព​ផ្នែក​សាសនា៖ «មន្រ្តីរបស់​សហរដ្ឋអាមេរិក​ផ្នែក​អន្តរសាសនា​មាន​ការ​ចាប់​អារម្មណ៍នេះ ហើយ​បាន​ធ្វើឲ្យ​ពលរដ្ឋខ្មែរ​ក្រោម​មាន​ក្តី​សង្ឃឹម និង​មាន​កម្លាំង​ ដើម្បី​តស៊ូ​ ដើម្បី​ព្រះពុទ្ធសាសនា ហើយ​រដ្ឋាភិបាល​វៀតណាម​ ត្រូវ​តែ​ពិចារណា​ឡើង​វិញ នូវ​មហិច្ឆតា​ក្នុងការ​កម្ទេច​សាលាឆទាន​របស់​ខ្មែរ​ក្រោម​នោះ»

រដ្ឋាភិបាល​វៀតណាម ​មិន​ទាន់​ឆ្លើយតប​នឹង​សំណើ​របស់​គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក​នៅ​ឡើយ​ទេ មកទល់​នឹង​ថ្ងៃទី ២១ ខែវិច្ឆិកា ។ របាយការណ៍​សេរីភាព​សាសនា​របស់​ក្រសួង​ការបរទេស​អាមេរិក​សម្រាប់​ឆ្នាំ ២០២១ ចេញផ្សាយ​កាល​ពី​ខែមិថុនា សរសេរ​ថា រដ្ឋធម្មនុញ្ញ​វៀតណាម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​ជំនឿ និង​សាសនា ប៉ុន្តែ ​ច្បាប់​វៀតណាម​ក៏​អនុញ្ញត​ឲ្យ​អាជ្ញាធរ​ដាក់​កំហិត​លើការ​ប្រតិបត្តិ​សេរីភាព​សាសនា ដោយ​សំអាង​លើ​បញ្ហា​សន្តិសុខជាតិ និង​របៀបរៀបរយ​សង្គម ។ របាយការណ៍​ឲ្យដឹងទៀតថា មេដឹកនាំ​សាសនា​ដែល​វៀតណាម​មិន​ទទួល​ស្គាល់ ​តែងតែ​រង​ការ​ធ្វើទុក្ខ​បុកម្នេញ រួមទាំងការ​ចាប់​ដាក់​ពន្ធនាគារ និង​ទទួល​រង​អំពើហិង្សាជាដើម ។ ស្ថានភាព​សេរីភាពសាសនា​វៀតណាម​សម្រាប់​ឆ្នាំ ២០២០ និង ២០១៩ មាន​លក្ខណៈស្រដៀង​គ្នាដែរ គឺ​រដ្ឋាភិបាល​វៀតណាម​ នៅ​តែ​សកម្ម​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​សេរីភាព​ផ្នែក​សាសនា​លើ​ក្រុម​សហគមន៍​ជនជាតិ​ដើម រួមមាន ​ក្រុម​ម៉ុងតាញ៉ា​ ជា​ដើម ៕