UPDATE: យុវជន​ខ្មែរក្រោម​ម្នាក់ ប្រឈម នឹង​ការ​ចាប់ខ្លួន​ បើ​នៅតែ​ទាក់ទង​ខ្មែរក្រោម នៅ​ក្រៅប្រទេស​

ដោយ ស៊ឺន ចែងចើន

យុវជន​ខ្មែរក្រោម​ម្នាក់ ប្រឈម​ នឹង​ការ​គំរាមកំហែង​ចាប់ខ្លួន ​ពី​អាជ្ញាធរ​វៀតណាម​ បើ​នៅតែ​បង្ហោះ​វីដេអូ​រិះគន់​រដ្ឋាភិបាល​វៀតណាម តាមរយៈ​បណ្ដាញ​សង្គម​ និង​ផ្តល់​ព័ត៌មាន​ទៅ​ខ្មែរក្រោម នៅ​ក្រៅ​ស្រុក​ ពី​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ដើរ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្ងឺ​កូ​វីដ​-១៩​ ឲ្យ​ទទួលអំណោយ​ពី​រដ្ឋាភិបាល ប៉ុន្តែ​ មានតែ​ឈ្មោះ​ពលរដ្ឋ​ជា​សាច់ញាតិ​របស់​ជនជាតិ​វៀតណាម ។ ការ​គំរាម​ចាប់ខ្លួន​នេះ​ ធ្វើឡើង​បន្ទាប់ពី​យុវជន​ខ្មែរក្រោម ឈ្មោះ យ៉ា​ញ់ មិញ​ក្វាង​ នៅ​ខេត្ត​ឃ្លាំង បាន​ចូលខ្លួន​ទៅ​បំភ្លឺ​ជា​លើក​ទីពីរ កាលពី​ថ្ងៃទី ៣ ខែកក្កដា ម្សិលមិញនេះ ។

យុវជន យ៉ា​ញ់ មិញ​ក្វាង (Danh Minh Quang​)
យុវជន យ៉ា​ញ់ មិញ​ក្វាង (Danh Minh Quang​)

ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម ទាំងអារម្មណ៍​ភិតភ័យ យុវជន​ យ៉ា​ញ់ មិញ​ក្វាង ដែល​មាន​ស្រុកកំណើត នៅ​ភូមិ​ស្រឡូង ឃុំ​ជ្រោយ​ទឹម ស្រុក​បាយ​ឆៅ​ នៃ​ខេត្ត​ឃ្លាំង ឲ្យដឹង​ថា លោក​ត្រូវ​បាន​ឃុំខ្លួន​ជាង ៣ ម៉ោង នៅក្នុង​ការិយាល័យ​នគរបាល​ឃុំ​ជ្រោយ​ទឹម​ ដោយសារតែ​លោក​មិនព្រម​ចុះ​ហត្ថ​លលេ​ខា នៅ​លើ​លិខិត​កំណត់ហេតុ​មួយ​ច្បាប់​ ដែល​បាន​សរសេរ​រួចជាស្រេច ។ លោក​ថា ខ្លឹមសារ​នៅក្នុង​កំណត់ហេតុ​នោះ​ នរ​គបាល​បាន​បញ្ជាក់​ប្រាប់​លោក​ថា​ ឲ្យ​បញ្ឈប់​ថត​វីដេអូ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម ពី​ការរើសអើង​ជាតិសាសន៍​ ពាក់ព័ន្ធ នឹង​ការចែក​ជំនួយ នៅក្នុង​រដូវ​កាល​នៃ​វិបត្តិ​កូ​វីដ​-១៩​ និង​ហាមមិនឲ្យ​ទាក់ទង​ផ្តល់​ព័ត៌មាន​ពី​បញ្ហា​នេះ ទៅ​ខ្មែរក្រោម នៅ​ក្រៅប្រទេស​ បើ​ពុំ​នោះ​ទេ លោក នឹង​ត្រូវ​ចាប់ខ្លួន ។ បន្ថែម​ពីលើ​នេះ លោក​ថា អាជ្ញាធរ​វៀតណាម​ បាន​ធ្វើការ​ដកហូត​ទូរស័ព្ទ​របស់​លោក ហើយ​បាន​លុប​នូវ​រាល់​ការ​បង្ហោះ​រូបភាព និង​វីដេអូ​រ ចេញពី​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​លោក​ទៀតផង ។

ទោះជា​យ៉ាងនេះ​ក្តី យុវជន​ខ្មែរក្រោម​រូប​នេះ ឲ្យដឹង​ទៀត​ថា​ ចំពោះ​សំ​ណើរ​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ជូន​ពលរដ្ឋខ្មែរ​ក្រោម​ក្រីក្រ​ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ដោយ​ស្មើភាព​គ្នា​នោះ​ទេ អាជ្ញាធរ​បាន​សន្យា​ថា​ នឹង​ពិនិត្យ​ដោះស្រាយ​ជូន​នៅពេល​ខាងមុខ ។

គួរ​ជម្រាប​ជូន​ថា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ នេះ យុវជន យ៉ា​ញ់​ មិញ​ក្វាង បាន​បង្ហោះ​វីដេអូ​តាម​ហ្វេសប៊ុក​ ដោយ​សម្តែង​ការ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​អំណោយ​ ឬប្រាក់ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យ​មាន​តម្លាភាព និង​ដោយ​គ្មាន​ការរើសអើង​ជាតិសាសន៍​ ។ លោក​អះអាង​នៅក្នុង​វីដេអូ​នោះ​ថា អាជ្ញាធរ​មូលដ្ឋាន​ជ្រើសរើស​អ្នក​ក្រីក្រ​ ដោយ​ប្រកាន់​ខ្មែរក្រោម និង​ជនជាតិ​វៀតណាម និង​មិនបាន​ជ្រើសរើស​អ្នកក្រ​ពិតប្រាកដ​ ដែ​លល​ក្នុង​នោះ ក៏​មានគ្រួសារ​លោក និង​គ្រួសារ​ខ្មែរក្រោម​ផ្សេងទៀត កំពុងតែ​ជួបប្រទះ​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​ តែ​មិន​ទទួល​បាន​ជំនួយ ពី​អាជ្ញាធរ​វៀតណាម​ឡើយ ។ លោក​ថា​ អ្នក​នៅក្នុង​ភូមិ​របស់​លោក​ជាច្រើន​គ្រួសារ​ បាត់បង់​ចំណូល​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ ពេល​អាជ្ញាធរ​ចុះ​ចែក​អំណោយ​ បែរជា​មិន​រដាក់​បញ្ចូល​ឈ្មោះ​របស់​ពួក​គាត់ ចូល​ទៅ​បញ្ជី​អ្នក​ក្រីក្រ​ ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នោះ​ទេ ។ លោក​ចោទ​ពួក​អាជ្ញាធរ​មូលដ្ឋាន ថា​ បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ និង​រើសអើង​ជាតិសាសន៍​ខ្មែរក្រោម​ ដោយ​ចុះ​ស្រង់​យក​តែ​ឈ្មោះ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​រដ្ឋា​ភិ​បា​នៃ​ប្រទេស​វៀតណាម​ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​ក្នុង​គ្រា​មាន​ជំងឺរាតត្បាត​ មាន​ទឹកប្រាក់​ប្រមាណ ២,៧៣ ពាន់​លាន​ដុល្លា​ សម្រាប់​ជួយ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ សម្រាប់​រយៈពេល ៣ ខែ​ ខណៈ​រដ្ឋាភិបាល​កំពុង​ដាក់ចេញ​វិធានការ​ជាបន្តបន្ទាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ នឹង​ការ​រាតត្បាត​របស់​មេរោគ ។ ក្រៅពី​នេះ វៀតណាម ក៏បាន​ផ្តល់​ទុន​មូលនិធិ​ សម្រាប់​ជួយ​ដល់​អាជីវកម្ម និង​ពលរដ្ឋ ដែល​មិន​អាច​សងបំណុល​ធនាគារ​ និង​បន្ត​ប្រតិបត្តិ​ការ​អាជីវកម្ម​ខ្លួន​បាន ក្រោម​ឥទ្ធិពល​មេរោគ​កូ​វីដ​-១៩ ផង ។

គិត​មកដល់ពេលនេះ យុវជន​ខ្មែរក្រោម ៤ នាក់​ហើយ ត្រូវ​អាជ្ញាធរ​វៀតណាម​ ខេត្ត​ព្រះត្រពាំង និង​ខេត្ត​ឃ្លាំង បាន​កោះហៅ​ទៅ​សម្លុត​បំភ័យ​ និង​ពិន័យ​ជា​ប្រាក់​យ៉ាងធ្ងន់ធ្ងរ និង​ព្រមាន​ចាប់ខ្លួន បើ​យុវជន​ទាំងនោះ​ នៅតែ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និយាយ​ពី​ប្រវត្តិ​ទឹកដី​កម្ពុជាក្រោម និង​ហ៊ាន​បញេ្ចញ​មតិ​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​របស់​ខ្លួន​ ក្នុងនាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជាក្រោម ។ អាជ្ញា​វៀតណាម​ បាន​យក​មាត្រា​មួយ​នៃ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​អាជ្ញាធរ​ចាត់ទុកថា ក្រុម​យុវជន​ខ្មែរក្រោម​ទាំងនោះ បាន​ប្រព្រឹត្ត​ល្មើស​ទៅ​ នឹង​ច្បាប់​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម ចែករំលែក​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ថាប័នរដ្ឋ​អំណាច​វៀតណាម ។ យោង​តាម កថាខណ្ឌ ១ នៃ​មាត្រា ១០១​ នៃ​ក្រិត្យ​លេខ 15​/2020​/NĐ​-CP របស់​រដ្ឋាភិបាល ចុះ​ថ្ងៃទី ៣ ខែ​កុម្ភះ​ឆ្នាំ​ ២០២០ បាន​ចែង​អំពី​ការ​ដាក់ទណ្ឌកម្ម ប្រឆាំង នឹង​ការរំលោភ​ផ្នែក​រដ្ឋបាល​ ក្នុង​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ ព័ត៌មាន​វិទ្យា ប្រេកង់​វិទ្យុ​ បច្ចេកវិទ្យា​ព័ត៌មាន និង​ប្រតិបត្តិ​ការ​អេ​ឡិច​ត្រូ​និច ដែល​ត្រូវពិន័យជាប្រាក់​ ចំនួន ៧.៥០០.០០០ ដុង ឬស្មើ នឹង ៣២០ ដុល្លារ ៕