ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៨ សប្ដាហ៍នេះ ជា ខួប ២៧ ឆ្នាំ នៃការបង្កើតអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ។ កាលពីឆ្នាំ ១៩៩១ តំណាងចំនួន ១៥ នៃ ប្រជាជន និង ប្រជាជាតិ មួយក្រុមបានជួបជុំគ្នា នាទីក្រុងឡាអេ នៃប្រទេសហូឡង់ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីបង្កើតគោលនយោបាយមួយសម្រាប់ក្រុមមនុស្ស ដែលមិនត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ។
ចាប់តាំងពីពេលនោះមក UNPO បានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីផ្តល់នូវវេទិកាអន្ដរជាតិសម្រាប់ជនជាតិដើម និងជនជាតិភាគតិច រដ្ឋដែល មិនបានគេទទួលស្គាល់ និងដែនដីដែលត្រូវគេកាន់កាប់ ដើម្បីគាំទ្រការតស៊ូរបស់ក្រុមប្រជាជនទាំងនេះ ក្នុងការការពារសិទ្ធិនយោបាយសង្គម និងវប្បធម៌របស់ពួកគេ ។ ជាពិសេស UNPO ជាស្ពាន សម្រាប់ចម្លងឲ្យសមាជិករបស់ខ្លួនមានឱកាសបញ្ចេញសំឡេង នៅលើឆាកអន្តរជាតិ ។
យោងតាមសេចក្ដីរាយការណ៍របស់អង្គការ UNPO ចេញផ្សាយនៅក្នុងឱកាសខួប ២៧ ឆ្នាំ នៃការ បង្កើតអង្គការរបស់ខ្លួនបានបញ្ជាក់ថា សព្វថ្ងៃ UNPO មានសមាជិកជាង ៤០ នៅជុំវិញពិភព លោក ក្នុងនោះ មានខ្មែរក្រោមជាសមាជិកមួយ ផងដែរ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជា សមាជិក នៃអង្គការ UNPO នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។
សេចក្ដីរាយការណ៍ដដែល បានបញ្ជាក់ថា សព្វថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិកមួយក្នុង ចំណោមសមាជិក នៃគណៈកម្មការនាយក ទាំង ១១ រូប របស់អង្គការមួយនេះ ។