ដោយ ស៊ឺន ចែងចើន
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពសិទ្ធិមនុស្ស នៅប្រទេសវៀតណាម ដែលគ្រប់គ្រងដោយរបបឯកបក្សក្រុងហាណូយ បន្ទាប់ពីក្រុមប្រឹក្សានេះ បានបើកសម័យប្រជុំលើកទី ៤៩ នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៧ ខែមីនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ។ ចំណែកគណៈប្រតិភូវៀតណាម អះអាង ថា បានយកចិត្តទុកដាក់ដល់ការធានា និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស នៅគ្រប់ជ្រុងជ្រោយ ។

ថ្លែងក្នុងរបាយការណ៍ប្រចាំឆ្នាំ និងការធ្វើបច្ចុប្បន្នភាពផ្ទាល់មាត់ ដោយឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី មីឆែល ប៉ាហ្សេលែត (Michelle Bachelet) ស្ដីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសមួយចំនួន រួមទាំងវៀតណាមផង បាននិយាយថា ការិយាល័យរបស់លោកស្រី បានទទួលរបាយការណ៍គួរឲ្យទុកចិត្តបាន អំពីការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើង ឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៃ ប្រប្រទេសកុម្មុនិស្ត នៅអាស៊ីអាគ្នេយ៍នេះ ។
លោកស្រី មីឆែល ប៉ាហ្សេលែត លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ ថា លោកស្រីមានក្តីកង្វល់ ចំពោះការកាត់ទោសនាពេលថ្មីៗ នេះ មកលើសកម្មជនការពារសិទ្ធិមនុស្សមួយចំនួន ដោយចោទប្រកាន់ទាក់ទងនឹងការងារសិទ្ធិមនុស្សរបស់ពួកគេ ។ លោកស្រី មីឆែល ប៉ាហ្សេលែត បញ្ជាក់បែបនេះ ដោយយោងទៅលើរបាយការណ៍មួយ ដែលផ្ញើទៅការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការសងសឹក ។
ជាមួយគ្នានេះ លោកស្រី មីឆែល ប៉ាហ្សេលែត បន្តជំរុញឱ្យរដ្ឋាភិបាលវៀតណាម ធានាថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធី និងសិទ្ធិក្នុងការបង្កើតសមាគម ជាសេរីភាពមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប ដែលត្រូវបានគោរពក្នុងបរិយាកាស ដោយគ្មានការបៀតបៀន ការបំភិតបំភ័យ ការគំរាមកំហែង និងការសងសឹក ។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ប៊ុយ ថាញ់សឺន (Bùi Thanh Sơn) ដែលជាប្រធាគណៈប្រតិភូជាន់ខ្ពស់វៀតណាម លើកឡើង ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នាសម័យប្រជុំលើកទី ៤៩ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី ២ ខែមីនា ថា វៀតណាម បានត្រៀមជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ បង្កើនប្រសិទ្ធភាពនៃសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ។
លោក ប៊ុយ ថាញ់សឺន អះអាងថា វៀតណាមយកចិត្តទុកដាក់ដល់ការធានានូវការគោរពតាមស្តង់ដារអន្តរជាតិនៃគោលការណ៍សិទ្ធិមនុស្ស ដោយផ្តល់អាទិភាពដល់ការការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះ សមភាពយេនឌ័រ ធានាសិទ្ធិមនុស្សក្នុងការដោះស្រាយបញ្ហាសកល ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។ រដ្ឋមន្ត្រីការបរទេសរូបនេះ បញ្ជាក់បន្ថែម ថា វៀតណាម ក៏បានផ្តល់អាទិភាពលើការលើកកម្ពស់សិទ្ធិទទួលបានសុខមាលភាពក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សិទ្ធិទទួលបានការងារសមរម្យ ដែលពាក់ព័ន្ធនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សិទ្ធិទទួលបានការអប់រំប្រកបដោយគុណភាព ផ្អែកលើសមធម៌នៃឱកាស និងលទ្ធភាពទទួលបាន ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក ប៊ុយ ថាញ់សឺន ក៏បានប្រកាស ថា វៀតណាមត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការឈរឈ្មោះជាបេក្ខភាព សម្រាប់មុខតំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៣-២០២៥ ។ នេះជាលើកទី ២ ហើយ ដែលប្រទេសវៀតណាម ដាក់ពាក្យសុំចូលជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានទីតាំង នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ។

ទាក់ទងនឹងរឿងសិទ្ធិមនុស្សនេះដែរ ផ្ទុយពីការលើកឡើងរបស់រដ្ឋាភិបាលវៀតណាម អ្នកឃ្លាំមើលសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលជាតិ និងអង្គការអន្តរជាតិជាច្រើន ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស មើលឃើញថាស្ថានភាពគោរពសិទ្ធិមនុស្ស នៅប្រទេសវៀតណាម បានធ្លាក់ដុនដាបខ្លាំង ដោយសារសិទ្ធិពលរដ្ឋ ត្រូវបានរឹតត្បិត និងស្ថិតនៅក្នុងស្ថានភាពរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅក្រោយពេលរដ្ឋាភិបាលវៀតណាម បើកយុទ្ធនាការបង្រ្កាបលើសកម្មជនសិទ្ធិមនុស្ស និងអ្នកប្រឆាំងនយោបាយ ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងថា មានសកម្មជនសិទ្ធិមនុស្សយ៉ាងតិច ១៤៥ នាក់ ត្រូវបានរដ្ឋាភិបាលវៀតណាម ចាប់ខ្លួនដាក់ពន្ធនាគារ ។ ដោយឡែក នៅក្នុងឆ្នាំ ២០២១ កន្លងទៅនេះ ទីក្រុងហាណូយ បានកាត់ទោស និងដាក់គុកយ៉ាងហោចណាស់មនុស្ស ៣១ នាក់ ដែលភាគច្រើននៃពួកគេ គ្រាន់តែប្រើប្រាស់សិទ្ធិបញ្ចេញមតិ នៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម និងអ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល ។
កាលពីថ្ងៃទី ១៤ ធ្នូ តុលាការមួយក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាម បានកាត់ទោសស្ត្រីអ្នកកាសែតដ៏ល្បីម្នាក់ឈ្មោះ ផាម ដ្វងត្រាង (Pham Doan Trang) ឲ្យជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំ ពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋវៀតណាម ។ នេះ គឺជាការកាត់ទោសដាក់ពន្ធនាគារថ្មីចុងក្រោយ លើអ្នកសារព័ត៌មាន នៅក្នុងប្រទេសវៀតណាម ។
ករណីស្រដៀងគ្នានេះ ក៏កើតមានឡើង ចំពោះពលរដ្ឋខ្មែរក្រោមផងដែរ ។ កាលពីឆ្នាំ ២០២១ កសិករខ្មែរក្រោម ៣ រូប រួមមាន លោក ហ្វិន វ៉ាំងឌែប លោក តៀន ដាម និងលោក តៀន ណាម ត្រូវបានតុលាការវៀតណាម នៅខេត្តក្រមួនស កាត់ទោសដាក់ពន្ធនាគារចន្លោះពី ៩ ខែ ទៅ ២ ឆ្នាំ ក្រោមបទចោទពាក់ព័ន្ធនឹងការ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ» ។ ការផ្តន្ទាទោសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីពួកគេ ចូលរួមតវ៉ាទាមទារធ្វើស្រែ នៅលើដីកេរដូនតា ដែលមានផ្ទៃដីសរុប ជាង ៣.០០០ ហិកតា ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម ចំនួន ១៤៥ គ្រួសារ កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ ។
នៅក្នុងឆ្នាំ ២០២១ នេះដដែល ពោល គឺ នៅថ្ងៃទី ១៤ ខែតុលា ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត លោក ថាច់ រ៉ីន ក៏ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ រួចបញ្ជូនទៅឃុំខ្លួន និងសួរចម្លើយ ដោយចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសជាច្រើន មានដូចជា ការប្រើប្រាស់សិទ្ធិសេរីភាព ដើម្បីប្រឆាំងនឹងផលប្រយោជន៍រដ្ឋ ស្ថាប័ន និងបុគ្គល ការមួលបង្កាច់ខុសពីការពិត អំពីប្រវត្តិសាស្រ្តនៃទឹកដីខ្មែរកម្ពុជាក្រោម ដែលវៀតណាមហៅថា ដែនដីភូមិភាគនិរតី ឬភាគខាងត្បូងនៃប្រទេសវៀតណាម និងកាត់តច្នៃប្រឌិតរូបភាព ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អតីតមេដឹកនាំកុម្មុយនីស្ដវៀតណាម លោក ហូ ជីមិញ ។ បច្ចុប្បន្នលោក ថាច់ រ៉ីន កំពុងត្រូវបានជាប់ឃុំឃាំងបណ្តោះអាសន្នអស់រយៈពេលជាង ៥ ខែមកហើយ តែអាជ្ញាធរវៀតណាម នៅមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ បញ្ជូនគាត់ទៅតុលាការ ដើម្បីជំនុំជម្រះលើសំណុំរឿងចោទប្រកាន់មកលើរូបគាត់ នៅឡើយទេ ។
បន្ថែមពីលើនេះ ក្នុងអំឡុងពេល ២ ខែដើមឆ្នាំ ២០២២ របបក្រុងហាណូយ បានបន្តបង្កើនយុទ្ធនាការបង្ក្រាបលើសកម្មជនតស៊ូមតិខ្មែរក្រោម ដោយសារតែពួកគេប្រើប្រាស់បណ្ដាញសង្គម ដើម្បីបញ្ចេញមតិ និងផ្សព្វផ្សាយឯកសារទាក់ទងនឹងប្រវត្តិសាស្ត្រ នៃ ទឹកដីកម្ពុជាក្រោម ។
សកម្មជនសិទ្ធិមនុស្ស និងសិទ្ធិការងារទាំងនោះ រួមមាន យុវជន ថា ច់ កឿង ត្រូវបានអាជ្ញាធរវៀតណាម ស្រុកផ្នោដាច់ ក្នុងខេត្តព្រះត្រពាំង កោះហៅទៅសួរចម្លើយ នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ ដោយចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត ក្រោយពេលរូបលោកបានប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយដំណើររបស់លោក រួមទាំង ព្រះសង្ឃ និងពលរដ្ឋ ប្រមាណ ២០ នាក់មកពីស្រុកចំនួន ៥ នៅខេត្តព្រះត្រពាំង ដើម្បីប្រមែប្រមូលថវិកាកសាងសាលាឆទាន នៅខេត្តលង់ហោរ កាលពីថ្ងៃទី ២៤ ខែមករាកន្លងទៅ ។ នៅក្នុងថ្ងៃដដែលនោះដែរ អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង បានសហការជាមួយនគរបាលខេត្តទួលតាមោក ចាប់ខ្លួនយុវជន ឡឹម វាំងហុង យកទៅសួរនាំ ជុំវិញការរក្សាសៀវភៅ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពី សិទ្ធិជនជាតិដើម និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិមួយចំនួនទៀត ដែលបោះពុម្ពផ្សាយជាភាសាខ្មែរ និងវៀតណាម ។ អាជ្ញាធរវៀតណាម បានព្រមានចាប់ខ្លួនលោកដាក់ពន្ធនាគារ បើនៅតែបោះពុម្ព និងចែកចាយសៀវភៅ ឬឯកសារកតិកាសញ្ញាអន្តរជាតិនានាបន្តទៅទៀត ។ នៅថ្ងៃទី ៤ ខែកុម្ភៈ យុវជន យឿង ខាយ ត្រូវអាជ្ញាធរវៀតណាម ក្នុងខេត្តឃ្លាំងឃាត់ខ្លួន ដោយសារតែលោករិះគន់រឿងធ្វើទុក្ខបុកម្នេញ និងករណីរំលោភសិទ្ធិមនុស្សខ្មែរក្រោម នៅតាមបណ្ដេញសង្គម ។ ចំណែក នៅថ្ងៃទី ១៨ កុម្ភៈ យុវជន យ័ញ សេត ដែលសកម្មខាងផ្នែកវប្បធម៌ ក៏ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង ចាប់ឃុំខ្លួន ដោយគ្មានដីកាតុលាការ ។ ការឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់អាជ្ញាធរវៀតណាម បានចោទប្រកាន់ លោក យ័ញ សេតថា ជាប់ពាក់ព័ន្ធនឹងយុវជន យឿង ខាយ ។ នៅខេត្តឃ្លាំងដដែល អាជ្ញាធរវៀតណាម ក្នុងខេត្តនេះ នៅថ្ងៃទី ២៤ កុម្ភៈ បន្តឃាត់ខ្លួនពលរដ្ឋខ្មែរក្រោមម្នាក់ទៀត ឈ្មោះ តាំង ធ្វី យកទៅសាកសួរនាំអស់ជាច្រើនថ្ងៃ ដោយចោទប្រកាន់ថា លោកមានពាក់ព័ន្ធនឹងយុវជនខ្មែរក្រោមម្នាក់ ឈ្មោះ យឿង ខាយ ដែលវៀតណាមចោទថា ពួកគេកំពុងធ្វើសកម្មភាពក្បត់ជាតិ ។
ពាក់ព័ន្ធនឹងការឃាត់ខ្លួនយុវជនខ្មែរក្រោម ជាបន្តបន្ទាប់នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបន្តឃាត់ខ្លួនពលរដ្ឋខ្មែរក្រោម ដោយសារពួកគេហ៊ានសំដែងមតិទាមទារសិទ្ធិជាជនជាតិដើម ។ សហព័ន្ធខ្មែរក្រោមចោទប្រកាន់ ថា វៀតណាម បានបន្តកោះហៅយុវជនខ្មែរក្រោម ទៅធ្វើការវាយដំ និងបង្ខំឲ្យសារភាពទទួលកំហុស ចំពោះទោសដែលពួកគេមិនបានប្រព្រឹត្ត ។ សហព័ន្ធខ្មែរកម្ពុជាក្រោម សំណូមពរឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ទៅវៀតណាម ឲ្យឈប់ធ្វើទារុណកម្ម និងសងសឹកយុវជនខ្មែរក្រោម ហើយត្រូវងាកទៅគោរពសន្ធិសញ្ញាអន្តរជាតិ ដែលវៀតណាម បានផ្តល់សច្ចាប័ន ៕