ដោយ យន់ សាមៀន | RFA Khmer
មន្ត្រីជំនាញអង្គការសហប្រជាជាតិ សំដែងក្តីបារម្ភពីរបាយការណ៍ ដែលរដ្ឋាភិបាលវៀតណាម បានរំលោភសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានផ្សេងទៀត របស់ជនជាតិដើមខ្មែរកម្ពុជាក្រោម ។ ពួកគេសំណូមពរឲ្យវៀតណាម គោរពកាតព្វកិច្ចរបស់ខ្លួន ដែលជាសមាជិក នៃ ក្រុមប្រឹក្សាសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិ ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម វប្បធម៌ អប់រំ និងសេរីភាពសាសនា ក្រុមការងារប្រឆាំងនឹងការឃុំខ្លួន តាមទំនើងចិត្ត បានស្នើឲ្យរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម បកស្រាយចំពោះការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សរបស់ពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើម ។ លិខិតរួមរបស់អ្នកជំនាញអង្គការសហប្រជាជាតិ ចុះកាលពីដើមខែតុលា ដែលវិទ្យុអាស៊ីសេរីទើបទទួលបានសរសេរផ្ញើទៅរដ្ឋាភិបាលវៀតណាមថា អ្នកជំនាញអង្គការសហប្រជាជាតិចង់ទាញការចាប់អារម្មណ៍របស់រដ្ឋាភិបាលវៀតណាម ចំពោះព័ត៌មាន ដែលវៀតណាមបរាជ័យទទួលស្គាល់សិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅលើតំបន់ដីសណ្ដទន្លេមេគង្គ ។ អ្នកជំនាញបន្តថា ពួកគេក៏ទទួលបានសេចក្តីរាយការណ៍ ពីការរំលោភបំពាន សិទ្ធិសេរីផ្នែកបញ្ចេញមតិ ការចូលរួមប្រជុំ សុខភាព ម្ហូបអាហារ ផ្ទះសម្បែង បរិស្ថាន ការរំលោភបំពានសេរីភាពសាសនា ភាសា និងវប្បធម៌ ។
លិខិតរួមរបស់អ្នកជំនាញអង្គការសហប្រជាជាតិ សរសេរថា ខ្មែរក្រោមបានរស់នៅលើទឹកដីកំណើតដីសណ្ដទន្លេមេគង្គរាប់ពាន់ឆ្នាំមកហើយ ។ ខ្មែរក្រោម ប្រើប្រាស់ភាសាខ្មែរ និងជាជនជាតិដើម ដែលមានចំនួនច្រើនជាងគេ នៅវៀតណាម។ ចាប់តាំងពីឆ្នាំ ១៩៧៥ មក វៀតណាម បានចាប់ផ្តើមរឹបអូសដីកសិកម្មខ្មែរក្រោម ឲ្យជនជាតិវៀតណាម ដែលមកតាំងទីលំនៅលើដែនដីកម្ពុជាក្រោម យ៉ាងគំហុក ។ អ្នកជំនាញអង្គការសហប្រជាជាតិកត់សំគាល់ថា ទោះបីវៀតណាមបោះឆ្នោតគាំទ្រសេចក្តីប្រកាសជាសាកល ស្ដីពីសិទ្ធិជនជាតិដើម កាលពីឆ្នាំ ២០០៧ ក្តី វៀតណាម មិនបានធ្វើច្បាប់ជាក់លាក់ណាមួយ ស្ដីពីជនជាតិដើមឡើយ ហើយវៀតណាម ក៏មិនបានប្រើពាក្យ «ជនជាតិដើម» ដើម្បីសំគាល់លើជនជាតិដើម ចំនួន ៥៤ រួមទាំងខ្មែរក្រោម ផងដែរ ។ វៀតណាម បន្តប្រើប្រាស់ច្បាប់សន្តិសុខអ៊ីនធឺណិត ដើម្បីធ្វើទុក្ខបុកម្នេញសេរីបញ្ចេញមតិតាមបណ្ដាញអ៊ីនធឺណិតរបស់ពលរដ្ឋវៀតណាម និងខ្មែរក្រោម ។ មានយុវជនខ្មែរក្រោម ជាច្រើននាក់ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួនតាមទំនើងចិត្ត សួរចម្លើយ ឃុំខ្លួន និងកាត់ទោសដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពសំដែងមតិ ។
អ្នកជំនាញអង្គការប្រជាជាតិ សំដែងក្តីបារម្ភជាពិសេសលើករណីវៀតណាម ឃាត់ខ្លួនយុវជនខ្មែរក្រោម លោក យឿង ខាយ និង លោក ថាច់ កឿង ដែលសកម្មធ្វើការងារផ្នែកសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ។ ពួកគេត្រូវបានវៀតណាម ឃុំខ្លួន សួរចម្លើយអស់ជាច្រើនម៉ោង និងបង្ខំឲ្យសារភាពទោស ដែលពួកគេមិនបានប្រព្រឹត្ត ។ ករណីពិសេសមួយទៀត គឺករណី លោក ថាច់ រីន ដែលត្រូវវៀតណាម ចាប់ដាក់ពន្ធនាគាររយៈពេល ៦ ខែ ពីបទធ្វើឲ្យប៉ះពាល់កិត្តិយសអតីតមេដឹកនាំវៀតណាម លោក ហូ ជី មិញ និងលោករឿងផ្សព្វផ្សាយ ប្រវត្តិសាស្ត្រកម្ពុជាក្រោម និងចែករំលែកចំណេះដឹងផ្នែកសិទ្ធិជនជាតិដើម សិទ្ធិមនុស្ស និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ។ អ្នកជំនាញអង្គការសហប្រជាជាតិថា វៀតណាមមិនបានផ្តល់ការកាត់ទោសដោយយុត្តិធម៌ដល់លោក ថាច់ រីន និងមិនអនុញ្ញាតឲ្យលោកជួបក្រុមគ្រួសារ និងមេធាវី ។
អ្នកជំនាញអង្គការប្រជាជាតិ បានទុករយៈពេល ៦០ ថ្ងៃ ឲ្យវៀតណាមឆ្លើយសំណួរមួយចំនួន ដែលវៀតណាមត្រូវគេចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស ជនជាតិដើមខ្មែរក្រោម ។ ពួកគេក៏ចង់ឲ្យវៀតណាម បង្ហាញភស្តុតាងទាំងឡាយ ដែលបញ្ជាក់ថា ជនជាតិដើមខ្មែរក្រោម យល់ព្រមនឹងរដ្ឋាភិបាលវៀតណាម មុននឹងរដ្ឋាភិបាលកាត់ដីខ្មែរក្រោម ឲ្យធ្វើជាដីសម្បទានសេដ្ឋកិច្ច បង្ហាញពីវិធានការ ដែលវៀតណាមបានធ្វើ ដើម្បីការពារកុំឲ្យអាជ្ញាធរវៀតណាម ចាប់ឃុំខ្មែរក្រោមតាមទំនើងចិត្ត បង្ហាញវិធានការអនុញ្ញាតឲ្យខ្មែរក្រោម អាចបង្ហាញពីអត្តសញ្ញាណជាជនជាតិដើម ចូលរួមសកម្មភាពវប្បធម៌ ប្រើប្រាស់ភាសាដើម ទទួលបានការអប់រំ និងប្រតិបត្តិសាសនាដោយ គ្មានការភ័យខ្លាច ។ អ្នកជំនាញអង្គការប្រជាជាតិថា ក្នុងពេលរង់ចាំចម្លើយរបស់វៀតណាមនេះ រដ្ឋាភិបាលវៀតណាម ត្រូវចាត់វិធានការចាំបាច់ ដើម្បីបញ្ឈប់ការរំលោភបំពាន ហើយប្រសិនបើការរំលោភបំពាននោះ នៅតែបន្តមាន រដ្ឋាភិបាលត្រូវចាត់វិធានការប្រឆាំងជនល្មើសទាំងនោះ ។ ទោះបីជាយ៉ាងណា សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា វៀតណាមមិនបានចាត់វិធានការទប់ស្កាត់ ការកោះហៅខ្មែរក្រោមទៅសំឡុតបំភ័យរឿងប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិឡើយ ។ កាលពីសប្តាហ៍មុនវៀតណាម បានកោះហៅពលរដ្ឋខ្មែរក្រោមម្នាក់ ដែលឲ្យផ្ទះរបស់លោក សម្រាប់ពលរដ្ឋខ្មែរក្រោម ប្រមូលផ្តុំគ្នាធ្វើទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ។
ពាក់ព័ន្ធនឹងលិខិតរបស់អ្នកជំនាញអង្គការសហប្រជាជាតិនេះ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា លិខិតស្នើសុំវៀតណាម ពន្យល់ពីការរំលោភសិទ្ធិមនុស្ស នឹងអាចដាស់តឿនវៀតណាម កុំឲ្យបន្តរំលោភសិទ្ធិមនុស្សបន្ថែមទៀត ។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «អាត្មា យល់ឃើញថា សំណើរបស់អង្គការសហប្រជាជាតិ ដែលបានបកស្រាយបំភ្លឺ នៃ ការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម នៅលើដែនដីកម្ពុជាក្រោមនេះ គឺអង្គការសហប្រជាជាតិ មានសក្ខីកម្មច្បាស់លាស់ណាស់ទើបបានផ្ញើទៅរដ្ឋាភិបាលវៀតណាម ឲ្យបកស្រាយ ។ ដូច្នោះ គេមានផលប្រយោជន៍យ៉ាងធំធេង សម្រាប់ពលរដ្ឋខ្មែរក្រោម នៅលើដែនដីកម្ពុជាក្រោម» ។
រដ្ឋាភិបាលវៀតណាម មកទល់នឹងថ្ងៃទី ២៥ ធ្នូ មិនទាន់ឆ្លើយតបនឹងលិខិតរបស់អ្នកជំនាញអង្គការសហប្រជាជាតិនៅឡើយទេ ។ សមាជិកអង្គការសហប្រជាជាតិ បានបោះឆ្នោត ឲ្យវៀតណាមធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិបី ឆ្នាំពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ។ វៀតណាម បានសន្យានឹងសហគមន៍អន្តរជាតិថា នឹងគោរពសិទ្ធិមនុស្ស មុនសុំធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ កាលពីពេលថ្មីនេះៗ ក្រសួងការបរទេសវៀតណាម បានបដិសេធរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលបានដាក់វៀតណាម ក្នុងបញ្ជីនៃប្រទេសឃ្លាំមើល នៃការរំលោភសិទ្ធិសាសនាមនុស្សធ្ងន់ធ្ងរ ។ វៀតណាមថា របាយការណ៍នេះ គ្មានការពិត និងលំអៀង ។
ទោះបីជាយ៉ាងណា របាយការណ៍សិទ្ធិមនុស្សឆ្នាំ ២០២១ របស់ក្រសួងការបរទេសអាមេរិក ផ្សាយកាលពីខែមេសាកន្លងទៅក៏រកឃើញថា កាលពីឆ្នាំ ២០២១ មានបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរកើតឡើងនៅវៀតណាម ដូចជា ការសម្លាប់មនុស្ស ការធ្វើទារុណកម្ម និងអំពើឃោរឃៅខុសច្បាប់បង្កឡើង ដោយរដ្ឋាភិបាលវៀតណាម និងភ្នាក់ងាររដ្ឋាភិបាល ។ ការឃុំខ្លួន និងចាប់ខ្លួនតាមអំពើចិត្តប្រឆាំងនឹងអ្នកនយោបាយការរឹតត្បិតការសំដែងមតិ និងសារព័ត៌មាន និងការប្រើប្រាស់ពលកម្មកុមារជាដើម ៕