ដោយ យ៉ង ចាន់តារា | RFA Khmer
អាជ្ញាធរវៀតណាមឃាត់ខ្លួនសកម្មជនខ្មែរក្រោម ២ នាក់ និងដកហូតលិខិតឆ្លងដែនរបស់ពួកគាត់ នៅព្រំដែនអន្តរជាតិស្រុកក្របៅ ខេត្តមាត់ជ្រូក ដែលវៀតណាមហៅថា ស្រុកទិញបៀន (Tinh Bien) និងខេត្តអានយ៉ាង (An Giang) ក្រោយពីពួកគាត់ វិលត្រឡប់ពីប្រទេសកម្ពុជា ចូលទៅស្រុកកំណើតនៅកម្ពុជាក្រោមវិញ ។ មូលហេតុដែលវៀតណាម រឹបអូសយកលិខិតឆ្លងដែន ដោយសារសមត្ថកិច្ចវៀតណាម ចោទប្រកាន់យុវជនទាំង ២ នាក់ថា ធ្វើខុសនឹងបម្រាមរបស់រដ្ឋាភិបាលវៀតណាម ដែលហាមមិនឲ្យផ្ដល់ព័ត៌មាន ឬទាក់ទងនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ។

អាជ្ញាធរវៀតណាមបានឃាត់ខ្លួនយុវជនខ្មែរក្រោម២នាក់ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥រសៀល កាលពីថ្ងៃទី៨ ខែធ្នូ ដោយសារពួកគាត់ បានធ្វើដំណើរកម្សាន្តនៅកម្ពុជាអស់ជាងដប់ថ្ងៃ។
យុវជនខ្មែរក្រោម ដែលសកម្មក្នុងការផ្សព្វផ្សាយសិទ្ធិជនជាតិដើមដល់ពលរដ្ឋខ្មែរក្រោម លោក យឿង ខាយ ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ថា សមត្ថកិច្ចវៀតណាមនៅខេត្តឃ្លាំង សហការជាមួយសមត្ថកិច្ចខេត្តមាត់ជ្រូក និងមន្ត្រីប៉ូលិសភូមិភាគខាងត្បូងរបស់វៀតណាម បានឃាំងខ្លួនលោកសាកសួររឿងដែលលោកមកកម្ពុជាជួបជាមួយសកម្មជនខ្មែរក្រោមដទៃទៀត ហើយសមត្ថកិច្ចហាមមិនឲ្យលោកទាក់ទងសកម្មជនខ្មែរក្រោមនៅក្រៅប្រទេស។ លោកបន្តថា អាជ្ញាធរបានសួរចម្លើយលោកប្រើសម្ដីលួងលោមថា ឈប់ឲ្យលោកធ្វើសកម្មភាពប៉ះពាល់ដល់រដ្ឋាភិបាល និងសម្ដីគំរាមកំហែងថា បើមិនព្រមឈប់ប៉ូលិសនឹងចាប់ដាក់ពន្ធនាគារ ពីបទធ្វើឲ្យអសន្តិសុខក្នុងប្រទេស ហើយបានរឹបអូសលិខិតឆ្លងដែនរបស់លោក៖
«អូ! វាសួរទៅកម្ពុជាហ្នឹងជួបអ្នកណា ហើយទៅថៃជួបអ្នកណា ហើយដើរលេងទៅណាខ្លះអ៊ីចឹងណាបង។ អាហ្នុងគេហាមដែរគេថា ហាមមិនឲ្យយើងមក និយាយរួមជួបគេហាមមិនឲ្យយើងជួបអ្នកព័ត៌មាន ដូចបង យាង សុធារិន្ទ និងបង ថាច់ ចន្ទ្រា អ៊ីចឹង គេហាមយើងមិនឲ្យជួបដូចជា អ៊ំ តាំង សារៈ គេហាមយើងមិនឲ្យជួបអ៊ីចឹង គេដកប៉ាស្ព័រយើងឡើង»។
លោក យឿង ខាយ បន្ថែមទៀតថា លោកនឹងដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តឃ្លាំង ដើម្បីស្នើសុំលិខិតឆ្លងដែនវិញ ងាយស្រួលធ្វើដំណើរទៅក្រៅប្រទេស ពេលមានកិច្ចការចាំបាច់។
ស្រដៀងគ្នានេះដែរ យុវជនខ្មែរក្រោមម្នាក់ទៀត ដែលវៀតណាមបានឃាត់ខ្លួនដែរនោះ គឺលោក សា វី ប្រាប់ថា អាជ្ញាធរនៅព្រំដែនខេត្តមាត់ជ្រូកបានឃាត់ខ្លួនលោក និងលោក យឿង ខាយ អស់ដប់ម៉ោង ទើបដោះលែងមកផ្ទះវិញ។ លោក ចាត់ទុកថា ការឃាត់ខ្លួននេះ គឺជារឿងរំលោភសិទ្ធិមនុស្ស ហើយលោកត្រូវទៅបំភ្លឺនៅសាលាឃុំទៀត៖
«អត់ទេអាហ្នឹងយើងទៅប្រាប់គេដឹងថា យើងមកស្រុកមកអីលេងអ៊ីចឹងហ្នឹងណា។ យើងយកអាក្រដាសហ្នឹង យកទៅជម្រាបគេទៅ ឲ្យនគរបាលឃុំអ៊ីចឹង គេដឹងឮអ៊ីចឹងទៅ»។
ជុំវិញរឿងនេះដែរ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាមេធាវី លោក សឺន ជុំជួន លើកឡើងថា ករណីដែលវៀតណាមរឹបអូសលិខិតឆ្លងដែនរបស់ពលរដ្ឋខ្មែរក្រោម ជាទង្វើផ្ទុយនឹងច្បាប់ ព្រោះមិនទាន់មានដីកាពីតុលាការក្នុងការដកហូត។ លោកបន្តថា វៀតណាមធ្វើបែបនេះគឺបិទសិទ្ធិខ្មែរក្រោមមិនឲ្យធ្វើដំណើរដោយសេរីទៅក្រៅប្រទេស ដែលនេះជាការបំពានសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម។ លោកបញ្ជាក់ថា បើយុវជនខ្មែរក្រោមដែលវៀតណាមដកហូតលិខិតឆ្លងដែន ហើយចង់ប្ដឹងទាមទារលិខិតឆ្លងដែនវិញ ពួកគាត់អាចប្ដឹងទៅតុលាការខេត្តដែលខ្លួនរស់នៅបាន៖
«គាត់អាចទាមទារមកវិញបានណា ការដកហូតឯកសារ ការដកហូតលិខិតឆ្លងដែន ការដកហូតទ្រព្យសម្បត្តិអ្វីមួយរបស់បុគ្គលណាមួយ វាត្រូវតែមានការឆ្លងកាត់ការអនុញ្ញាតពីស្ថាប័នតុលាការ។ ការដកហូតគឺជាសមត្ថកិច្ចរបស់តុលាការ ដែលជាសមត្ថកិច្ចនៅក្នុងការរឹបអូសយក ឬដកហូត ឬក៏រក្សាទុកអីជាដើម»។
បច្ចុប្បន្នយុវជនទាំងពីរ បានទៅដល់ខេត្តឃ្លាំង ជាស្រុកកំណើតរបស់ខ្លួនវិញហើយ ។ ការដកហូតលិខិតឆ្លងដែនរបស់ពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាម មិនត្រឹមតែពេលនេះទេ។ កន្លងមកវៀតណាមក៏បានរឹបអូសលិខិតឆ្លងដែន ឬប៉ាស្ព័រ(Passport) របស់ព្រះសង្ឃខ្មែរក្រោមមួយអង្គគឺ ព្រះភិក្ខុ ស៊ើង ទី កាលពីប៉ុន្មានខែមុននេះ ៕