ដោយ ស៊ឺន ចែងចើន
នគរបាលចរាចរណ៍វៀតណាម នៅខេត្តលង់ហោរ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បានឃាត់រថយន្តព្រះសង្ឃខ្មែរក្រោម គង់នៅវត្តមង្គលបុរី (ទ្រនំសេក) ក្នុងពេលធ្វើដំណើរនិមន្តទៅបិណ្ឌបាត ។ ការស្ទាក់ចាប់ឡានដឹកព្រះសង្ឃខ្មែរក្រោមនេះ ធ្វើឡើង ក្រោយពីព្រះសង្ឃចំនួន ២ វត្ត គឺ វត្តសាលវន្តឧទ្យាន (ព្រែកឈូក) និងវត្តមង្គលបុរី (ទ្រនំសេក) ក្នុងខេត្តមួយនេះ បានចេញមុខកសាងសាលាឆទានមួយកន្លែង ស្ថិតនៅភូមិកន្រែង ឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ។
ព្រះសង្ឃ និងពុទ្ធបរិស័ទ នៅក្នុងចំណុះជើងវត្តទាំងពីរនេះ ធ្លាប់អះអាងប្រាប់ សំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ កាលពីពេលកន្លងមកថា អាជ្ញាធរវៀតណាម តែងធ្វើទុក្ខបុកម្នេញសិទ្ធិសេរីភាពជំនឿសាសនារបស់ជនជាតិដើមខ្មែរក្រោម ដោយពួកគេស្វែងរកគ្រប់វិធី ដើម្បីវាយកំទេចសាលាឆទានរបស់ពលរដ្ឋក្រោម ដែលកសាង ដើម្បីប្រតិបត្តិព្រះពុទ្ធសាសនា និងបង្រៀនអក្សរខ្មែរ ។
សូមបញ្ជាក់ថា កាលពីដើមឆ្នាំ ២០២១ ពលរដ្ឋខ្មែរក្រោម ប្រមាណជិតមួយរយគ្រួសារ នៅភូមិកន្រែង ឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ បានដាក់ពាក្យស្នើសុំអាជ្ញាធរសាងសង់សាលាឆទាន ប៉ុន្តែ អាជ្ញាធរវៀតណាមមិនឆ្លើយតបរហូតដល់ពលរដ្ឋសាងសង់ជិតរួចរាល់ ទើបអាជ្ញាធរវៀតណាម ហាមឃាត់មិនឲ្យពលរដ្ឋបន្តធ្វើទៀត និងឲ្យរុះរើសំណង់ ដែលពលរដ្ឋបានកសាងរួចរាល់ហើយ ។