ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ទឹម សាខន ជាអតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ នៃប្រទេសកម្ពុជា ដែល មានដើមកំណើត ជា ខ្មែរក្រោម នៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ត្រូវបានសម្ដេចសង្ឃខ្មែរ ទេព វង្ស និង នន្ទ ង៉ែត ចាប់សម្រាត់ស្បង់ចីវរ ហើយបាន បញ្ជូន ទៅដាក់គុកយួននៅកម្ពុជាក្រោម កាលពីឆ្នាំ ២០០៧ ចោទពីបទថាព្រះអង្គធ្វើឲ្យ “បែកបាក់សាមគ្គីភាពវៀតណាមនិងកម្ពុជា” ។
ការចាប់ព្រះសង្ឃខ្មែរក្រោមអង្គនេះបញ្ជូនទៅដាក់គុកយួន បានធ្វើឲ្យពលរដ្ឋខ្មែរក្រោម ទូទាំងពិភពលោកក្ដៅក្រហាយ ក្រោកឡើង បាតុកម្ម ជំទាស់ការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលខ្មែរ និងយួនជាបន្ត បន្ទាប់ ។ ចំណែក សង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រម ទាំងពលរដ្ឋខ្មែរទូទាំងពិភពលោក បានឃើញកាន់តែច្បាស់នូវទង្វើ “អាយ៉ងយួន” របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន ។

លោក ទឹម សាខន កើតឆ្នាំ ១៩៦៨ នៅភូមិខ្លាគ្រហឹម (An Bình) ឃុំពោធិ (Ba Trúc) ស្រុក ស្វាយទង ខេត្តមាត់ ជ្រូក ។ ឆ្នាំ ១៩៧៨ គ្រួសារត្រូវបាន របប ប៉ុល ពត ជម្លៀសឲ្យទៅរស់នៅ នៅស្រុក គិរីវង់ ខេត្តតាកែវ ប្រទេសកម្ពុជា ។ ឆ្នាំ ១៩៩០ បាន ត្រឡប់មក បួសនៅ វត្ត ដូនពីរ ស្រុកស្វាយទង ខេត្តមាត់ជ្រូក រហូតដល់ចុងឆ្នាំ ១៩៩០ បានត្រឡប់ទៅស្នាក់នៅ វត្តភ្នំដិន ខាងជើង ស្រុកគិរីវង់ ខេត្ត តាកែវ វិញ ។ ឆ្នាំ ១៩៩៣ ត្រូវបានតែងតាំងជាព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរិវង់ ខេត្តតាកែវ រហូតដល់ថ្ងៃចាប់ផ្សឹក ។
ចាប់ផ្សឹកបញ្ជូនទៅដាក់គុកយួននៅកម្ពុជាក្រោម៖
នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ លោក ទឹម សាខន ក្នុងនាមជាព្រះចៅអធិការវត្តភ្នំដិនខាងជើង ត្រូវបានមន្ត្រីសង្ឃ និង អាជ្ញាធរខ្មែរនៃគណបក្សប្រជាជនកម្ពុជាចាប់ផ្សឹក ហើយញាត់ចូលឡានរួច បាន បញ្ជូនទៅញាត់គុកយួននៅកម្ពុជាក្រោម ភ្លាមៗយ៉ាងតក់ក្រហល់ ។
ការចាប់ផ្សឹកនេះធ្វើឡើងបន្ទាប់ពី សម្ដេចសង្ឃនាយកខ្មែរ នន្ទ ង៉ែត បានចេញលិខិតមួយ ច្បាប់ចុះ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០០៧ ស្នើទៅសម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ក្នុងការ “ផ្សឹក ភិក្ខុ ទឹម សាខន ជាព្រះចៅអធិការវត្តភ្នំដិនខាងជើង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ” ។
យោងតាមលិខិតនេះដដែលបានបញ្ជាក់អំពីមូលហេតុនៃការចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំដិនខាង ជើង ទឹម សាខន ថា ៖
“បានប្រព្រឹត្តខុស នឹងវិន័យព្រះពុទ្ធសាសនា ដែលធ្វើឲ្យបែកបាក់សាមគ្គីជាតិ-អន្តរជាតិ ជាពិសេស ប្រទេសទាំងពីរ កម្ពុជា-វៀតណាម យកទីអាវាសវត្តធ្វើជាទីបញ្ជាការសម្រាប់ បម្រើចលនាឃោសនា ដែលធ្វើឲ្យប៉ះពាល់ដល់វិន័យ និងសេចក្ដីថ្លៃថ្នូព្រះពុទ្ធសាសនា” ។
ការចោទប្រកាន់ពីរដ្ឋាភិបាលវៀតណាមទាក់ទិននឹងរឿងសហព័ន្ធខ្មែរកម្ពុជាក្រោម៖
យោងតាមអត្ថបទមួយរបស់កាសែតរដ្ឋយួនឈ្មោះ “កុងអាងញ៉ឹងយ៉ឹង” (Cong An Nhan Dan) ចេញ ផ្សាយ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០០៨ ដោយមានភ្ជាប់ជាមួយរូបថត លោក ទឹម សាខន ដែល កំពុងសួរ ចម្លើយដោយឆ្មាំគុកយួនផងនោះ បានពណ៌នា ថា ការចាប់ លោក ទឹម សាខន ដាក់គុកនេះ វាមាន ជាប់ពាក់ព័ន្ធនឹងបញ្ហាសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅក្រៅប្រទេស ។ កាសែតនេះ បានពណ៌នានូវចំណុចមួយចំនួន ដូចជា៖
នៅខែមេសា ឆ្នាំ ២០០៥ ព្រះតេជព្រះគុណ ទឹម សាខន ត្រូវបានលោក ចៅ រៀប និង លោក ត្រឹង ម៉ាន់រិន្ទ ជាគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក តែងតាំងឲ្យធ្វើជាអនុប្រធានសមាគមព្រះព្រះសង្ឃខ្មែរកម្ពុជាក្រោម នៅទីក្រុងភ្នំពេញ និងជាប្រធាន សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ស្រុកគិរីវង់ ខេត្ត តាកែវ ។

ព្រះតេជព្រះគុណ ទឹម សាខន បានបញ្ជូនឯកសារជាច្រើន ទៅកម្ពុជាក្រោម ដូចជាព្រឹត្តិបត្រ “កម្ពុជា ក្រោម” ដែលបាន ផលិតដោយ សហព័ន្ធខ្មែរកម្ពុជាក្រោមជាង ៥០០ ច្បាប់ និង VCD ជាង ៣០០ បន្ទះ ស្ដីអំពីការដែលរដ្ឋាភិបាលវៀតណាម រំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម ដូចជា យកដីធ្លីខ្មែរក្រោម ទៅចែកឲ្យជនជាតិយួន ជាដើម ។
ព្រះតេជព្រះគុណ ទឹម សាខន បានទាក់ទងទៅមនុស្សមួយចំនួននៅខេត្តមាត់ជ្រូក ដូចជា លោក ចៅ ឥន្ទ ចៅ ស៊ើង, នាង យ៉េ និង នាង ភី នៅស្រុកពោធិ (An Cư) និង ស្រុកក្របៅ (Tịnh Biên) ឲ្យធ្វើជាអ្នកដឹកនាំក្រុមបាតុកម្ម ។
ព្រះតេជព្រះគុណ ទឹម សាខន បានបញ្ជាឲ្យអ្នកយកការណ៍ពីយួន ដើម្បីយកព័ត៌មានរឿងប្តឹងផ្តល់ ករណីដីធ្លីរបស់ពលរដ្ឋ ខ្មែរក្រោម ហើយយកឯកសាររឿងទាំងនោះផ្ញើទៅលោក ចៅ រៀប និង លោក ត្រឹង ម៉ាន់រិន្ទ នៅសហរដ្ឋអាមេរិក មេដឹក នាំសហព័ន្ធខ្មែរ កម្ពុជាក្រោម តវ៉ាទៅអង្គការសហ ប្រជាជាតិ ។ ល ។
តុលាការវៀតណាមកាត់ទោសឲ្យជាប់គុក ១ ឆ្នាំ ៖
នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ព្រះតេជព្រះគុណ ទឹម សាខន ត្រូវបានតុលាការប្រជាជនបក្ស កុម្មុយនិស្តវៀតណាម កាត់ទោសឲ្យជាប់គុក ១ ឆ្នាំ ពីបទ “បំផ្លាញសាមគ្គីជាតិ” តាមមាត្រា ៨៧ នៃក្រមព្រហ្មទណ្ឌ នៃប្រទេសវៀតណាម ។ មានសេចក្ដីរាយការណ៍មកថា សវនាការនេះ ព្រះតេជ ព្រះគុណ ទឹម សាខន មិនមានមេធាវីការពារក្ដីទេ ។ អង្គការឃ្លាំមើល សិទ្ធិមនុស្ស (Human Right Watch) បានលើកឡើងថា ការដែលតុលាការវៀតណាមកាត់ទោសព្រះតេជព្រះគុណ ទឹម សាខន នេះ វាបង្ហាញពីអត្តចរិតនយោបាយរបស់រដ្ឋាភិបាលវៀតណាម និងកម្ពុជា ដើម្បីទប់ស្កាត់ការងើបតវ៉ា ដោយសន្តិវិធី របស់ ក្រុមជនជាតិដើមខ្មែរក្រោមនៅក្នុងប្រទេសទាំងពីរ ។
ចេញពីពន្ធនាគារ៖
ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០០៨ តុលាការយួនបានចេញដីកាសម្រេចឲ្យព្រះតេជព្រះគុណ ទឹម សាខន បានចេញពីពន្ធនាគារ ហើយឋិតនៅក្រោមការតាមដាន របស់សមត្ថកិច្ចវៀតណាមដដែល ។ ការ ដោះ លែង នេះ បន្ទាប់ពីព្រះតេជព្រះគុណ ទឹម សាខន បានជាប់គុកយួនអស់ ១ ឆ្នាំ ដូចអ្វី ដែលតុលាការវៀតណាមបានសម្រេច ។
ភៀសខ្លួនចេញពីកម្ពុជាក្រោមទៅប្រទេសថៃ៖
នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០០៩ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យទៅសួរ សុខទុក្ខគ្រួសារ របស់ខ្លួន នៅឃុំភ្នំដិន ស្រុកគិរីវង់ នៃខេត្ត តាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បន្ទាប់ពីគាត់បាន ចេញពី ពន្ធ នាគារ ។

ក្រោយមក លោក ទឹម សាខន បានភៀសខ្លួនទៅសុំសិទ្ធិជ្រកកោននៅការិយាល័យ ឧត្ដមស្នងការអង្គ ការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួននៅប្រទេសថៃ ហើយត្រូវបានអង្គការមួយនេះ បញ្ជូនទៅតាំងទីលំនៅនៅប្រទេសសុយអែត ។

នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១០ លោក ទឹម សាខន សាងផ្នួសឡើងវិញ ត្រូវបានសហព័ន្ធ ខ្មែរកម្ពុជាក្រោម រៀបចំបំបួសឡើងវិញ នៅវត្តខ្មែរសុរិយារង្សី នាទី ក្រុង Philadelphia រដ្ឋ Pennsylvania, សហរដ្ឋអាមេរិក ជាមួយនឹង ព្រះសង្ឃ ២ អង្គទៀត គឺ ព្រះតេជព្រះគុណ យ័ញ តូន និងព្រះតេជព្រះគុណ គឹម មឿន អតីតព្រះសង្ឃដែលធ្លាប់ជាប់ពន្ធនាគារយួនក្នុងព្រឹត្តិការណ៍ ៨ កុម្ភៈ នៅខេត្តឃ្លាំង ៕