រដ្ឋាភិបាល​យួន​អនុញ្ញាត​ឲ្យ​បង្កើត​វត្ត​ខ្មែរ​ថែម​មួយទៀត នៅ​ខេត្ត​ទទួល​តា​មោក​

ដោយ ស៊ឺន ចែងចើន

គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ទួល​តា​មោក ដែល​បច្ចុប្បន្ន​រដ្ឋាភិបាល​វៀតណាម​ប្តូរ​ទៅជា​ខេត្ត​ប៊ិ​ញ​ភឿ​ក បានចេញ​សេចក្ដីសម្រេច​មួយ ដោយ​អនុញ្ញាត​ឲ្យ​បង្កើត​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ​ថែម​មួយទៀត នៅ​ខេត្ត​ទទួល​តា​មោក ។ ការសម្រេច​នេះ ធ្វើឡើង ក្រោយពី​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មេរ​ក្រោម​រាប់រយ​នាក់ ធ្វើលិខិត​ស្នើសុំ​ទៅ​រដ្ឋាភិបាល​វៀតណាម អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ ដើម្បី​បង្កើត​វត្ត​ថ្មី​មួយ​នេះ ។​

សេចក្ដីសម្រេច​លេខ ២៣៥៧/QĐ-UBND ចុះ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨ របស់​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ទួល​តា​មោក​ អនុញ្ញាតឲ្យបង្កើត​វត្ត​ថ្មី ។ រូបថតផ្តល់ឲ្យ
សេចក្ដីសម្រេច​លេខ ២៣៥៧/QĐ-UBND ចុះ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨ របស់​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ទួល​តា​មោក​ អនុញ្ញាតឲ្យបង្កើត​វត្ត​ថ្មី ។ រូបថតផ្តល់ឲ្យ

​យោងតាម​សេចក្ដីសម្រេច​លេខ ២៣៥៧/QĐ-UBND ចុះ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨ របស់​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ទួល​តា​មោក សម្រេច​អនុញ្ញាត ឲ្យ​គណៈកម្មការ​ប្រតិបត្តិ​សង្ឃ​ខេត្ត​ទួល​តា​មោក​នៃ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម អំពី​ការបង្កើត​វត្ត​ថ្មី ដែលមាន​នាម​វត្ត ថា វត្ត​សិរី​វង្សា​ចូឡា​មុនី ​(​ចា​ឡា​) ឋិត​នៅក្នុង​ភូមិ​ចា​ឡា ឃុំ​ឡុ​ក​ទឹ​ន ស្រុក​ឡុ​ក​និ​ញ ខេត្ត​ទទួល​តា​មោក ។​

ព្រះតេជព្រះគុណ ថាច់ ផល្លី ជា​តំណាងស្នើសុំបង្កើតវត្តសិរី​វង្សា​ចូឡា​មុនី ​(​ចា​ឡា​) ។ រូបថតផ្តល់ឲ្យ
ព្រះតេជព្រះគុណ ថាច់ ផល្លី ជា​តំណាងស្នើសុំបង្កើតវត្តសិរី​វង្សា​ចូឡា​មុនី ​(​ចា​ឡា​) ។ រូបថតផ្តល់ឲ្យ

គួរ​ជម្រាបជូន​ថា មុន នឹង​រដ្ឋាភិបាល​យួន ប្រកាស​អនុញ្ញាត​ឲ្យ​បង្កើត​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ​ជា​ផ្លូវការ​នេះ ។ ព្រះតេជព្រះគុណ ថាច់ ផល្លី ជា​ព្រះសង្ឃ​ខ្មែរក្រោម មាន​ស្រុកកំណើត នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​បច្ចុប្បន្ន ព្រះអង្គ​កំពុង​គង់​ស្នាក់អាស្រ័យ នៅ​វត្ត​សិរី​ឧ​ត្ត​ម នៃ​ខេត្ត​ទួល​តា​មោក រួមជាមួយ​ពុទ្ធបរិស័ទ ៧៤៤ នាក់ បាន​ខិតខំ​តស៊ូ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ស្នើសុំ​បង្កើត​វត្ត​ថ្មី ដែលមាន​នាម​វត្ត​ថា វត្ត​សិរី​វង្សា​ចូឡា​មុនី ​(​ចា​ឡា​) នេះ​ឡើង ។

​សូមបញ្ជាក់ថា នៅ​ខេត្ត​ទួល​តា​មោក បច្ចុប្បន្ន​មាន​វត្ត​ខ្មែរ​ទាំងអស់​ចំនួន ៥ វត្ត ទី ១ វត្ត​រាជ​មហា​ជេ​ត​វនា​រាម (​ភូមិធំ​) ទី ២ វត្ត​សិរី​ឧ​ត្ត​ម (​ឡុ​ក​ហឹ​ង​) ទី ៣ ពោធិ​ស​ត្ថា​រាម (​ញ៉ា​បិ​ច​) ទី ៤ វត្ត​សិរី​វង្សា (​ទួល​ស្វាយ​) និង​ទី ៥ វត្ត​សិរី​វង្សា​ចូឡា​មុនី​ (​ចា​ឡា​)

​គួរ​រំឭក​ឡើងវិញ​ដែរ​ថា នៅ​កម្ពុជា​ក្រោម វត្ត​អារាម​ជាឃ្លាំង ឬ​ជា​មជ្ឈមណ្ឌល​សម្រាប់​ផ្ទុក​នូវ​ព្រលឹង​ជាតិខ្មែរ​ ឲ្យ​បាន​គង់វង្ស​រហូតមក​ដល់​សព្វថ្ងៃ ។ បច្ចុប្បន្ន​វត្ត​ខ្មែរ នៅ​កម្ពុជា​ក្រោម មាន ៤៦០ វត្ត និង​វត្ត​ដែលមាន​អាយុកាល​ចាស់​ជាងគេ នៅ​ដែនដី​កម្ពុជា​ក្រោម គឺ​វត្ត​សម្បួរ​រង្សី ហៅ​វត្ត​សម្បួរ កសាងឡើង​ក្នុង​ពុទ្ធសករាជ ៩១៧ គ្រឹសសករាជ ៣៧៣ ។ បើ​គិត​មកដល់​ឆ្នាំ ២០១៨ នេះ វត្ត​នេះ មាន​អាយុកាល ១៦៤៥ ឆ្នាំ​ហើយ ។ ចំណែក​ព្រះសង្ឃ​រាប់ម៉ឺន​អង្គ កំពុងតែ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀន​ទម្លាប់ វប្បធម៌ អរិយធម៌ និង​សិក្សា​អក្សរសាស្ត្រ​ជាតិខ្មែរ តរៀងមក​រហូតដល់​បច្ចុប្បន្ននេះ ៕