ដោយ ថាច់ ប្រីជា គឿន
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលហៅកាត់ជាភាសាអង់គ្លេសថា KKF បានបញ្ជូនប្រតិភូមួយក្រុមចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំលើកទី ១២៥ នៃ គណៈកម្មការសិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិ (UNHRC) ស្ដីពី កិច្ចព្រមព្រៀងអន្តរជាតិលើសិទ្ធិស៊ីវិល និង នយោបាយ (ICCPR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ដើម្បីលាតត្រដាងការពិតអំពីការណីរំលោភបំពានសិទ្ធិមនុស្សលើជនជាតិដើមខ្មែរក្រោម នៅពេលដែលប្រទេស វៀតណាម ឡើងឆ្លើយបំភ្លឺចំពោះ គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាតិ អំពីការអនុវត្តរបស់ខ្លួន ចំពោះ កិច្ចព្រមព្រៀងស្ដីពីសិទ្ធិស៊ីវិល និង នយោបាយ ។ កិច្ចប្រជុំលើកនេះ ប្រព្រឹត្តទៅរយៈពេល ៤ សប្ដាហ៍ គឺចាប់ពីថ្ងៃទី ៤ ដល់ ២៩ ខែមីនា ឆ្នាំ ២០១៩ នៅអគារ Palais Wilson នៃ ការិយាល័យអគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ដោយ គណៈកម្មការសិទ្ធិមនុស្ស ធ្វើសវនាការសួរដេញដោលចំពោះ ប្រទេសហត្ថលេខីមួយចំនួន ដូចជា ប្រទេស Niger, Angola, Estonia, Saint Vincent Grenadines, Eritrea និង វៀតណាម ។
សម្រាប់សវនការសួរដេញដោលលើប្រទេសវៀតណាម ធ្វើឡើងរយៈពេល ២ ថ្ងៃ ក្នុងមួយថ្ងៃ ៣ ម៉ោង ត្រូវបានទូរទស្សន៍ផ្សាយផ្ទាល់នៅលើគេហទំព័រអង្គការសហប្រជាជាតិ ចាប់ពីម៉ោង ៩ យប់ ថ្ងៃទី ១១ និង ម៉ោង ៣ រសៀល ថ្ងៃទី ១២ ខែមីនា ម៉ោងនៅកម្ពុជាក្រោម ។ ក្នុងសវនាការនេះ ប្រទេសវៀតណាមត្រូវឆ្លើយបំភ្លឺនៅចំពោះមុខ គណៈកម្មការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នូវការអនុវត្តចំពោះកិច្ចព្រមព្រៀងអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល និងនយោបាយ រួមមាន បញ្ហា ជនជាតិដើម, ជនជាតិភាគតិច, ច្បាប់រឹតបន្តឹងប្រព័ន្ធអិនធើណិត, ទោសប្រហារជីវិត, អ្នកទោសនយោបាយ, ការបង្ក្រាបបាតុកម្ម, ការចាប់មនុស្សដោយគ្មានដីកាបង្គាប់, នគរបាលធ្វើទារុណកម្មប្រជាជន និង សេរីភាពសាសនា ជាដើម ។
ដើម្បីឆ្លើយបំភ្លឺចំពោះសវនការនេះ ប្រទេសវៀតណាម បានបញ្ជូនប្រតិភូរបស់ខ្លួនចំនួន ២៤ រូប តំណាង ១១ក្រសួង និងស្ថាប័ន ដែលពាក់ព័ន្ធ ដឹកនាំដោយ លោក ង្វៀង ខាន់ ង៉ុក (Nguyen Khanh Ngon) អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ក្រសួង និងស្ថាប័ន ទាំង ១១ នោះ រួមមាន តុលាការកំពូល, ការិយាល័យស៊ើបអង្កេតជាន់ខ្ពស់, ការិយ័យរដ្ឋាភិបាល, ក្រសួងការបរទេស, នគរបាល, ក្រសួងយុត្តិធម៌, ក្រសួងពលកម្ម-យុទ្ធជនពិការ និង សង្គម, ក្រសួងព័ត៌មាន និង ឃោសនាការ, គណៈកម្មការជនជាតិ និង គណៈកម្មសាសនារដ្ឋាភិបាល ។
តាមកំណត់របស់កិច្ចព្រមព្រៀង ប្រទេសជាសមាជិក ត្រូវមានកាតព្វកិច្ចធ្វើរបាយការណ៍ឆ្លើយបំភ្លឺ នៅចំពោះមុខ គណៈកម្មការសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ អំពីការអនុវត្តលើកិច្ចព្រមព្រៀងនៅក្នុងប្រទេសរបស់ខ្លួន តាមកាលកំណត់ ៤ ឆ្នាំ ម្ដង និងធ្វើរបាយការណ៍ នៅពេលណាមានការចំបាច់ពី គណៈកម្មការសិទ្ធិ មនុស្ស ។
ចាប់តាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅឆ្នាំ ១៩៨២ ប្រទេសវៀតណាម បានឡើងឆ្លើយបំភ្លឺចំនួន ៣ លើក គឺ លើកទីមួយនៅឆ្នាំ ១៩៩០ លើកទីពីរនៅឆ្នាំ ២០០២ និង លើកទីបីនៅឆ្នាំ ២០១៩ នេះ ។ តាមពិតប្រទេសវៀតណាម ត្រូវឡើងឆ្លើយបំភ្លឺ នៅឆ្នាំ ២០០៤ តាមការកោះហៅរបស់ គណៈកម្មការសិទ្ធិមនុស្ស តែខ្លួនមិនបានអនុវត្តតាម ហើយបានគេចវេះដោយគ្មានមូលហេតុរហូតមកដល់ឆ្នាំ ២០១៩ នេះ ។
តាមរយៈការធ្វើសាវនការពិនិត្យមើលរបាយការណ៍នេះ គណៈកម្មការសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ នឹងវាយតម្លៃនូវកម្រិតនៃការអនុវត្តលើ កិច្ចព្រមព្រៀងសិទ្ធិស៊ីវិល និងនយោបាយ នៃ ប្រទេសនីមួយៗ និងបង្ហាញឲឃើញនូវកង្វះខាតក្នុងការទទួលបានសិទ្ធិនៅក្នុងប្រទេសទាំងនោះ ដែលមិនឆ្លើយតបតាមបទដ្ឋាន នៃ កិច្ចព្រមព្រៀង ហើយ គណៈកម្មការសិទ្ធិមនុស្ស បានផ្ដល់អនុសាសន៍ជួយដល់ប្រទេសទាំងនោះ ឲកែលម្អនូវស្ថានភាពសិទ្ធិមនុស្ស ។
នៅព្រឹកថ្ងៃទី ១១ ខែមីនា នៅក្នុង កិច្ចប្រជុំបិទទ្វារ អ្នកជំនាញ ទាំង ១៨ រូប នៃ គណៈកម្មការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិស្ដាប់មតិរបស់អង្គការក្រៅរដ្ឋាភិបាល ដែលបានដាក់របាយការណ៍ជូនគណៈកម្ម ការសិទ្ធិមនុស្ស មុនថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ របាយការណ៍ចំនួន ២០ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស នៅ វៀតណាមបានដាក់ទៅ គណៈកម្មការសិទ្ធិមនុស្ស តែមានអង្គការចំនួន ១៥ ប៉ុណ្ណោះ ដែលបានថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំនេះ ។ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ត្រូវបានអធិបតី នៃ អង្គប្រជុំអញ្ជើញឡើងអាននូវ សេចក្ដីថ្លែងការណ៍របស់ខ្លួន ផងដែរ ។ លោក ស៊ឺន ហ៊ួរ ជាអគ្គលេខាធិការ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានតំណាងប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម អាននូវសេចក្ដីថ្លែងការណ៍ ស្ដីពីបញ្ហាសិទ្ធិមនុស្សរបស់ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ជម្រាបដល់អង្គការប្រជុំឲបានជ្រាប ។
យោងតាមញត្តិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានផ្ដល់អនុសាសន៍ទៅ គណៈកម្មការសិទ្ធិមនុស្ស ដើម្បីយកទៅឲប្រទេសវៀតណាម ត្រូវអនុវត្តតាម កិច្ចព្រមព្រៀងអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល និង នយោបាយ (ICCPR) សម្រាប់ជនជាតិដើមខ្មែរក្រោម មានដូចជា៖
- វៀតណាម ត្រូវតែ គោរពនូវ “សិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួនឯង” របស់ជនជាតិដើមខ្មែរក្រោម យោងតាមមាត្រាទី ១ ។
- វៀតណាមត្រូវតែធានានូវការអនុវត្ត សិទ្ធិនេះ ដោយគ្មានការប្រកាន់ពូជសាសន៍លើខ្មែរក្រោម យោងតាម មាត្រា ទី ២ ។
- វៀតណាមត្រូវតែគោរពនូវសិទ្ធិ សេរីភាពក្នុងការប្រតិបត្តិសាសនារបស់ជនជាតិដើមខ្មែរក្រោម យោងតាម មាត្រាទី ១៨ និង ២៧ ។ ចំណុចនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ខ្មែរក្រោម ជាអ្នកគោរព ប្រតិបត្តិតាមពុទ្ធសាសនាថេរវាទ មានវត្តអារាមប្រមាណជាង ៤០០ វត្តនៅកម្ពុជាក្រោម តែគ្មាន អង្គការ ឬ ស្ថាប័នពុទ្ធសាសនាឯករាជ្យរបស់ខ្លួនឡើយ ។ ផ្ទុយទៅវិញ ព្រះសង្ឃខ្មែរក្រោម ត្រូវរស់នៅក្រោមការ បញ្ជា និង លូកដៃចូលកិច្ចការផ្ទៃក្នុងពីសំណាក់ សមាគមពុទ្ធសាសនាវៀតណាម ដែលដឹកនាំដោយព្រះ សង្ឃមហាយានជនជាតិយួន ទៅវិញ ។
- វៀតណាម ត្រូវតែគោរពនូវសិទ្ធិក្នុងការបញ្ចេញទស្សនៈ និង មតិ ព្រមទាំងសិទ្ធិក្នុងការបង្កើតសមាគម របស់ជនជាតិដើមខ្មែរក្រោម យោងតាមមាត្រា ទី ១៩, ២១ និង ២២ ។ ចំណុចនេះ សហព័ន្ធខ្មែរកម្ពុជា ក្រោម បានបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមរាប់លាននាក់នៅកម្ពុជាក្រោម គ្មានសេរីភាព ក្នុងការបញ្ចេញមតិឡើយ ។ គ្មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់ខ្លួនសូម្បីតែមួយ ដូចជា វិទ្យុ ទូរទស្សន៍ និង កាសែត ជាភាសាខ្មែរដើម្បីនិយាយអំពីការពិតរបស់ខ្មែរក្រោម តែកម្មវិធីផ្សាយទាំងនេះនាពេលបច្ចុប្បន្ន នៅកម្ពុជាក្រោម សុទ្ធតែជារបស់រដ្ឋធ្វើឡើងដើម្បី ឃោសនាអំពីគោលនយោបាយរបស់បក្សកុម្មុយនិស្ត យួនតែប៉ុណ្ណោះ ។ ព្រះតេជព្រគុណ ថាច់ ធឿន និង លីវ នី នៅខេត្តឃ្លាំង ត្រូវចាប់ផ្សឹក និងដាក់គុក ចាប់តាំងពី ឆ្នាំ ២០០៣ មក ដោយគ្រាន់តែផ្ដល់បទសម្ភាសន៍ដល់ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) នៅក្រៅប្រទេស អំពីស្ថានភាព នៃ ការសិក្សាអក្សរសាស្ត្រខ្មែរ នៅវត្តរបស់ព្រះអង្គ តែប៉ុណ្ណោះ ។
ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានផ្ដល់អនុសាសន៍ជាសំនួរទៅសមាជិក នៃគណៈកម្មការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិសួរទៅប្រទេសវៀតណាម មាន ៨ ចំណុច ដូចជា៖
- ហេតុអ្វីវៀត ណាមនៅតែមិនទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម ដែលមានវត្តមាននៅ ដែនដីកម្ពុជា ក្រោម និងនៅក្នុងប្រទេសវឪតណាម ។ យោងតាមកថាខណ្ឌទី ៣២ នៃ របាយការណ៍របស់ប្រទេស វៀតណាមបានបញ្ជាក់ថា “គ្មានជនជាតិដើម ឬ គ្មានបញ្ហាជនជាតិដើមដែលបានរកឃើញនៅក្នុងប្រទេស វៀតណាមទេ” ?
- ហេតុអ្វីវៀតណាមមិនអនុញ្ញាតឲ្យខ្មែរក្រោមកំណត់អត្តសញ្ញាណរបស់ពួកគេថា ជាជនជាតិដើមជំនួសឲ្យ ជនជាតិភាគតិច ?
- ហេតុអ្វីវៀតណាមមិនអនុញ្ញាតឲ្យខ្មែរ ហៅឈ្មោះភូមិ ស្រុក និង ខេត្តនៅកម្ពុជាក្រោម ជាភាសាខ្មែរ ។
- គួររំឭកទៅវៀតណាមផងថា សេរីភាពសាសនា គឺជាសេរីភាព មិនមានជាឯកសិទ្ធិដែលផ្ដល់ដោយរដ្ឋាភិ បាលទេ ?
- តើធ្វើយ៉ាងណាដើម្បីវៀតណាមធានាឲ្យបានថា ខ្មែរក្រោម មានសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិ ពុទ្ធសាសនា ដោយគ្មានការភ័យខ្លាច ព្រោះថា នាពេលបច្ចុប្បន្ន ព្រះចៅអធិការនៃវត្តនីមួយៗ នៅកម្ពុជា ក្រោម ត្រូវតែងតាំងដោយ សមាគមពុទ្ធសាសនាវៀតណាម ?
- តើវៀតណាមមានគំរោងកែលម្អ “ច្បាប់សេរីភាពសាសនា” ដើម្បីឲ្យខ្មែរក្រោមមានសេរីភាពក្នុងការបង្កើត សមាគមពុទ្ធសាសនាឯករាជ្យរបស់ខ្លួន ដោយគ្មានការគ្រប់គ្រងពីព្រះសង្ឃមហាយានយួនដែរឬ ទេ ?
- ពេលណា ទើបវៀតណាម អនុញ្ញាតឲ្យខ្មែរក្រោម មានប្រព័ន្ធផ្សព្វផ្សាយឯកជនជាភាសា ខ្មែរ ដូចជា ទូរទស្សន៍ វិទ្យុ និង កាសែត ជាដើម នៅដែនដីកម្ពុជាក្រោម ?
- តើវៀតណាមអាចកែប្រែច្បាប់សន្តិសុខលើប្រព័ន្ធអិនធើណិត ដោយអនុវត្តតាមមាត្រាទី ១៩ នៃ កិច្ចព្រមព្រៀងអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល និង នយោបាយបានដែរឬទេ ?
នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩ ជាថ្ងៃទីពីរ នៃកិច្ចប្រជុំ អ្នកស្រី ត្រឹង នូវ ង៉ុក អាន់ (Tran Nu Ngoc Anh) ជាតំណាង ក្រសួងជនជាតិរបស់ប្រទេសវៀតណាម បានឆ្លើយបំភ្លឺចំពោះ គណៈកម្មការសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ ថា នៅប្រទេសវៀតណាម នៅវៀតណាម គ្មានជនជាតិដើមទេ ដោយមានជនជាតិទាំងអស់ចំនួន ៥៤ រួមរស់ជាមួយគ្នា ក្នុងនោះ “យួន” ឬ “កិញ” ជាជនជាតិភាគច្រើន នៅសល់ ៥៣ ជនជាតិផ្សេងទៀត ជាជនជាតិភាគតិច ។
“វៀតណាមមាន ៥៤ ជនជាតិជាបងប្អូនរួមរស់ជាមួយគ្នា និងមិនបានកំណត់អត្ថន័យជនជាតិដើមទេ មកដល់ពេលនេះ អត្ថន័យជនជាតិដើម នៅតែមានការជជែកគ្នា នៅក្នុងវេទិការអង្គការសហប្រជាជាតិ ។ នៅប្រទេសអាស៊ី អាហ្វ្រិក បានលើកឡើងបញ្ហានេះ នៅក្នុងអង្គការសហប្រជាជាតិ ។ នៅវៀតណាម ដោយសារបញ្ហាប្រវត្តិសាស្ត្រ និងលំនៅដ្ឋាន ពាក្យជនជាតិភាគច្រើន ជនជាតិភាគតិច និងជនជាតិភាគតិចបំផុត បានក្លាយជាពាក្យពេញនិយម នៅក្នុងលិខិតរដ្ឋបាលនៃរដ្ឋាភិបាល កម្មវិធីវិទ្យាសាស្ត្រ និងប្រព័ន្ធឃោសនា យល់ថា ជនជាតិដែលមាន ចំនួនតិចប្រៀបធៀប នឹងជនជាតិ ដែលមានភាគច្រើន នៅក្នុងប្រទេស ដែលមានច្រើនជនជាតិ ។ រដ្ឋាភិបាលបានកំណត់ក្រុមជនជាតិ កាលពីជាង ៤០ ឆ្នាំមុន ដោយមាន ៥៤ ជនជាតិ ក្នុងនោះ ជនជាតិមួយ ដែលមានភាគច្រើន គឺជនជាតិកិញ (យួន) ឬហៅថា ជនជាតិវៀត ។”
កិច្ចព្រមព្រៀងអន្តរជាតិស្ដីពី សិទ្ធិស៊ីវិល និង នយោបាយ (International Covenant on Civil and Political Rights) អក្សរកាត់ជាភាសាអង់គ្លេសថា ICCPR ជាសន្ធិសញ្ញាអន្តរជាតិមួយ ដែល មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័ត កាលពី ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៦៦ និងបានចូលជាធរមានចាប់ពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ១៩៧៦ ស្ដីពី សិទ្ធិស៊ីវិល និង នយោបាយ របស់មនុស្សទូទៅ ។ រាល់ប្រទេសហត្ថលេខី ត្រូវតែ គោរពនូវសិទ្ធិស៊ីវិល និង នយោបាយ របស់បុគ្គលម្នាក់ៗ ក្នុងនោះ មានសិទ្ធិក្នុងការរស់នៅ, សិទ្ធិក្នុងការគោរព សាសនា, សិទ្ធិក្នុងការបញ្ចេញមតិ និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជាដើម ។ កិច្ចព្រមព្រៀងអន្តរជាតិ ស្ដីពី សិទ្ធិស៊ីវិល និង នយោបាយ មាន ៦ ជំពូក និង ៥៣ មាត្រា ក្នុងនោះ មាត្រាទី ១ ត្រូវគោរពនូវ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង របស់ប្រជាជាតិនីមួយៗ ។
ប្រតិភូ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែល ចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំនេះ រួមមាន លោក ម៉ៅ មុនី ជាអនុប្រធាន នៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម, លោក ស៊ឺន ហ៊ួរ ជាអគ្គ លេខាធិការនៃ សហព័ន្ធខ្មែរកម្ពុជាក្រោម, បណ្ឌិត Joshua Cooper ជាទីប្រឹក្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម,លោក ថាច់ វាសនា ជាសមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និង ជាសហការី នៃ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុសំឡេងកម្ពុជាក្រោម (VOKK), ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាន នាយកដ្ឋាន ព័ត៌មាន នៃ សហព័ន្ធខ្មែរ កម្ពុជាក្រោម និងជាអភិបាល សារព័ត៌មាន ព្រៃនគរ, ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជាអនុប្រធាន នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និង ជានិពន្ធនាយក នៃ សារព័ត៌មាន ព្រៃនគរ ៕