វត្ត​អារាមនានា នៅខេត្តព្រះត្រពាំង រៀបចំ​កម្មវិធី​ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​អនុវិទ្យាល័យ​

ដោយ ស៊ឺន ចែងចើន | VOKK

សមណ​សិស្ស​ខ្មែរក្រោម នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ ឬ​ថ្នាក់​ពុទ្ធិក​អនុវិទ្យាល័យ​ទី ១ ដល់ទី ៣ នៅ​ទូទាំង​ស្រុក​កំពុង​ស្ពាន​នៃ​ខេត្ត​ព្រះ​ត្រពាំង ដែនដី​កម្ពុជា​ក្រោម ដែល​បាន​និមន្ត​មក​សិក្សា នៅតាម​វត្ត​អារាម​នានា ក្នុងស្រុក​មួយ​នេះ និង​គណៈមេប្រយោគ គ្រូបង្រៀន គណៈកម្មការ​វត្ត បានមក​ជួបជុំគ្នា នៅ​វត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​) ឋិត​នៅក្នុង​ទីរួមស្រុក​កំពង់​ស្ពាន នៃខេត្តព្រះត្រពាំង ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ទូទាំង​ស្រុក ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​សុក្រ ១១ រោច ដល់​ថ្ងៃអាទិត្យ ១៣ រោច ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ នឹង​ថ្ងៃទី ១២ ខែមករា ដល់​ថ្ងៃទី ១៤ ខែមករា គ្រឹស្តសករាជ ២០១៨ នេះ ក្រោម​ការចាត់​តាំងរបស់​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​កំពង់​ស្ពាន ។​

ទិដ្ឋភាពបេក្ខសមណសិស្ស និងសិស្ស ធ្វើដំណើរចូលកាន់មណ្ឌលប្រឡង
ទិដ្ឋភាពបេក្ខសមណសិស្ស និងសិស្ស ធ្វើដំណើរចូលកាន់មណ្ឌលប្រឡង

​ប្រភពព័ត៌មាន​ពី​សមាជិក​គណៈកម្មការ​រៀបចំ​កម្មវិធី​ប្រឡង​ផ្នែក​ពុទ្ធិកសិក្សា​មួយ​នេះ បាន​បង្ហោះ​ព័ត៌មាន នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី ១២ ខែមករា នេះ ថា សមណ​សិស្ស​ទាំង ៣ ថ្នាក់ ដែល​បាន​ចូល​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ឆ្នាំ​សិក្សា​ពុទ្ធសករាជ ២៥៦១ នេះ សរុប​ទាំងអស់​មាន​ចំនួន ៣៣៦ អង្គ និង​រូប ក្នុងនោះ ក៏មាន​មាន​យុវ័ន យុវតី កុមារា កុមារី ចូលរួម​ប្រឡង​ផងដែរ ។ ចំណែក​គណៈកម្មការ​មេ​ប្រយោគ ដែល​បាន​និមន្ត និង​អញ្ជើញ​មកពី​វត្ត​នានា ដើម្បី​កែ​វិញ្ញាសា និង​សម្រេច​លទ្ធផល​ប្រឡង មាន​ចំនួន ៣១១ អង្គ និង​រូប ។

ប្រភព​ដដែល បាន​បញ្ចាក់​ឲ្យ​ដឹង​ទៀតថា ចំនួន​បេក្ខសមណ​សិស្ស និង​សិស្ស​ទូទាំង​ស្រុក ដែល​បាន​ចូលរួម​ប្រឡង នៅក្នុង​ឆ្នាំ​សិក្សា ព​.​ស. ២៥៦១ គ​.​ស ២០១៧-២០១៨ នេះ រួមមាន​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ១ (​បាលី​ទី ១) មាន​ចំនួន ១៧២ អង្គ​/​រូប និមន្ត​មកពី​វត្ត​ចំនួន ១០ ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ២ (​បាលី​ទី ២) មាន​ចំនួន ១០៤ អង្គ​/​រូប មកពី​វត្ត​ចំនួន ៨ និង​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ៣ (​បាលី​ទី ៣) មាន​ចំនួន ៦០ អង្គ​/​រូប មកពី​វត្ត​ចំនួន ៤ ។

ចំពោះ​វិញ្ញាសា ដែល​សមណ​សិស្ស បាន​សិក្សា​នៅក្នុង​ថ្នាក់​និ​មួយៗ ហើយ​ត្រូវបាន​លើក​យកមក​ប្រឡង​នោះ មាន​ចំនួន ១២ គឺ​សរសេរ​តាម​អាន​ខ្មែរ តែងសេចក្ដី​ខ្មែរ អនុពុទ្ធ​ប្បវត្តិ សាសនា​គឺ​អ្វី គាថា​ធម្មបទ ព្រះ​វិន័យ ធម្ម​វិភាគ វេយ្យាករណ៍​បាលី អង់គ្លេស ភាសា​ខ្មែរ ប្រែ​លោត​ប្រយោគ​ធម្មបទដ្ឋកថា គណិតវិទ្យា ។​

​កម្មវិធី​ប្រឡង​នេះ នឹង​ប្រកាស​លទ្ធផល និង​មាន​ប្រគេន​រង្វាន់​លើកទឹកចិត្ត​ដល់​សមណ​សិស្ស​ពី​គណៈកម្មការ​ប្រឡង នៅ​រាត្រី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨ នេះ នា​មណ្ឌល​ប្រឡង​វត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​) ។ គណៈកម្មការ​ប្រឡង​បាន​ឲ្យ​ដឹងថា រយៈពេល ៣ ថ្ងៃ​ដែល​ព្រះសង្ឃ​កំពុង​ប្រឡង​នេះ មាន​ពុទ្ធបរិស័ទ​ខ្មែរក្រោម នៅ​ចំណុះជើងវត្ត​នានា ក្នុងស្រុក​បាន​ចូលមក ចុះឈ្មោះ​ធ្វើជា​រង្វាន់​ទៅតាម​លេខ​រៀង ចាប់ពី​លេខ ១ ដល់​លេខ​ចុងបញ្ចប់ ដើម្បី​ឡើង​វេទិកា​ប្រគេន​សមណ​សិស្ស នៅ​រាត្រី​ថ្ងៃទី ១៤ ខែមករា នេះ ។

​ដោយឡែក​ក្នុងពេល​ជាមួយគ្នានេះ នៅ​ស្រុក​ថ្កូវ​នៃ​ខេត្ត​ព្រះ​ត្រពាំង​ឯណោះ​វិញ ក៏បាន​បើក​សម័យ​ប្រឡង​យក​វិ​ញ្ញាប​ន​ប័ត្រ​នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ នា​ឆ្នាំ​សិក្សា ព​.​ស​. ២៥៦១ គ​.​ស​. ២០១៧ នា​មណ្ឌល​ប្រឡង​វត្ត​ពោធិ​បឹង (​បឹង​) គឺ​កម្មវិធី​ប្រឡង​ប្រព្រឹត្តទៅ​ដំណាលគ្នា នឹង​វត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​) ផងដែរ ។​

បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​សមាគម​សិស្សានុសិស្ស​ខ្មែរ​ត្រា​វិញ (​ព្រះ​ត្រពាំង​) បាន​ឲ្យ​ដឹងថា កម្មវិធី​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ទូទាំង​ស្រុក ក្រោម​ការចាត់​តាំងរបស់​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​កំ​ថ្កូវ មាន​សរុប​ទាំងអស់ ២ ថ្នាក់ គឺ​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ២ (​បាលី​ទី ២) មាន​បេ​ក្ខ​សណ​សិស្ស និង​សិស្ស ចំនួន ២៦៧ អង្គ​/​រូប និង​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ៣ (​បាលី​ទី ៣) មាន​ចំនួន ១៥៣ អង្គ​/​រូប ។

​នេះ​ជា​កម្មវិធីសិក្សា​ផ្នែក​ពុទ្ធិកសិក្សា​ជា​ភាសា​ខ្មែរ ក្រោម​ការគ្រប់គ្រង​រប​ស់​គណៈ​មន្ត្រី​សង្ឃ​ខ្មែរក្រោម ប្រចាំ​ស្រុក​កំពង់​ស្ពាន បន្ទាប់ពី​សមណ​សិស្ស​បាន​សិក្សា​ក្នុង​វត្ត​នីមួយៗ អស់​រយៈពេល ៩ ខែ គឺ​ចាប់​ពីថ្ងៃ ១ រោច ខែវិសាខ រហូតដល់​ខែបុស្ស នៃ​ចន្ទគតិ​រៀងរាល់ឆ្នាំ ។​

ក្រៅពី​វត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​) និង​វត្ត​ពោធិ​បឹង (​បឹង​) ដែល​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​ប្រលង​រួម​ថ្នាក់ស្រុក​នោះ ។ វត្ត​នានា​ក្នុងស្រុក​ដទៃទៀត​នៃ​ខេត្ត​ព្រះ​ត្រពាំង ក៏​កំពុង​ចាត់តាំង​កម្មវិធី​ប្រលង​ជា​បន្តបន្ទាប់ ដូចគ្នានេះដែរ ។ ចំណែក ចាប់ពី​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ ឆ្នាំ​ទី ៤ ឬ​ថ្នាក់​បាលី​រង ដល់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ទី ៣ កម្មវិធីសិក្សា និង​កម្មវិធី​ប្រលង ត្រូវ​ឋិត​នៅក្រោម​ការចាត់​តាំងរបស់​អាគារ​សិក្សាធិការ​នៃ​គណៈ​មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត ដោយ​សាលា​គណ​ខេត្ត នឹង​តម្រូវ​ឲ្យ​សមណ​សិស្ស​នៃ​វត្ត​នានា​ក្នុងស្រុក​ទាំង ៨ របស់​ខេត្ត​ព្រះ​ត្រពាំង មក​ប្រឡង​រួម នៅក្នុង​មណ្ឌល​តែមួយ តាម​ការកំណត់ នា​ឆ្នាំ​ដើមឆ្នាំ ២០១៨ នេះ ។​

​សូមបញ្ជាក់ថា ការរៀន​ផ្នែក​ពុទ្ធិកសិក្សា​របស់​ព្រះសង្ឃ​ខ្មែរក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង បច្ចុប្បន្ន​មាន​ត្រឹមតែ​កម្រិត​វិទ្យាល័យ​មធ្យមសិក្សា​ទុតិយភូមិ​ប៉ុណ្ណោះ និង​ក្រោយពី​បាន​ប្រឡង​បញ្ចប់​ការសិក្សា លាលាគ​ណ​ខេត្ត​ព្រះ​ត្រពាំង នឹង​ចេញ​សញ្ញាប័ត្រ​ពុទ្ធ​ក​វិទ្យាល័យ ជូន​ដល់​សមណ​សិស្ស តែ​សមមូល​មិនត្រូវ​បានទទួល​ស្គា​ល់ពី​ក្រសួង​អប់រំ​វៀតណាម​ឡើយ ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​សញ្ញាប័ត្រ​ពុទ្ធិកវិទ្យាល័យ​នេះ ត្រូវបាន​ទទួលស្គាល់ និង​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​ចូល​បន្ត​ការសិក្សា​នៅ​សកល​វិទ្យាល័យ​ផ្នែក​ពុទ្ធចក្រ​នានា ក្នុងប្រទេស​ថៃ តែ​សម្រាប់​កម្ពុជា​វិញ ជា​ប្រទេសមួយ ដែល​ពលរដ្ឋ​ខ្មែរក្រោម ចាត់ទុកថា​ជា​ប្រទេស​របស់ខ្លួន​ដែរនោះ មិន​ត្រូវបាន​ក្រសួង អប់រំ​ខ្មែរ​ទទួលស្គាល់​សញ្ញាប័ត្រ​ពុទ្ធ​ក​វិទ្យាល័យ​នៃ​ខេត្ត​ព្រះ​ត្រពាំង​នេះឡើយ ៕

ខាងក្រោមនេះ ជារូបថតខ្លះៗ នៃសកម្មភាព បេក្ខសមណសិស្ស និងយុវសិស្ស មកប្រលងរួម នៅវវត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​) និង​វត្ត​ពោធិ​បឹង (​បឹង​)៖ រូបថតៈ ដកស្រង់ចេញពីហ្វេសប៊ុករបស់ ហ្វេសប៊ុករបស់ព្រះតេជព្រះគុណ សុខ សុជាតិ ហ្វេសប៊ុករបស់ សមាគមសិស្សានុសិស្សខ្មែរត្រាវិញ (ព្រះត្រពាំង) និងហ្វេសប៊ុករបស់ព្រះតេជព្រះគុណ ថាច់ ​យ៉ួង