ដោយ យ៉ង ចាន់តារា | RFA Khmer
ប៉ូលិសថៃចាប់ជនភៀសខ្លួនខ្មែរក្រោម ជាង ១០ នាក់ ពេលដែលពួកគាត់ កំពុងធ្វើការនៅផ្សារមួយជាប់ទីក្រុងបាងកក ហើយបានបញ្ជូនពួកគេ ទៅការិយាល័យអន្តោប្រវេសន៍ខេត្តប៉ាថុមថានី (Pathum Thani) នៅព្រឹកថ្ងៃទី ១៤ ខែតុលា ។ អាជ្ញាធរថៃអះអាងថា មូលហេតុដែលចាប់ជនភៀសខ្លួនទាំងនោះ ដោយសារពួកគាត់លួចធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់ ។

រូបភាពពីពលរដ្ឋ
ប៉ូលិសថៃចាប់ខ្លួនជនភៀសខ្លួនខ្មែរក្រោម ចំនួន ១២ នាក់ ក្នុងនោះមានប្រុស ៧ នាក់ ស្រី ៥ នាក់ ពេលដែលពួកគាត់កំពុងធ្វើការនៅផ្សារលក់បន្លែនៅខេត្តប៉ាថុមថានី ។ អាជ្ញាធរថៃបានបញ្ជូនពួកគេឃុំខ្លួន នៅមន្ទីរឃុំឃាំង នៃ ការិយាល័យប៉ូលិសអន្តោប្រវេសន៍ខេត្តប៉ាថុមថានីហើយ នៅព្រឹកថ្ងៃទី ១៤ ខែតុលា ។
ពលរដ្ឋខ្មែរក្រោម ដែលភៀសខ្លួននៅប្រទេសថៃ ដោយការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម លោកស្រី ចាន់ ធី ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី ១៤ ខែតុលា ថា លោកស្រីក៏ជាអ្នកធ្វើការរៀបបន្លែជាមួយខ្មែរក្រោមភៀសខ្លួនទាំងអស់នោះដែរ តែពេលនោះដោយសារ លោកស្រីទៅធ្វើការយឺតបន្តិច ទើបមិនត្រូវបានប៉ូលិសថៃចាប់លោកស្រី ។ លោកស្រីបន្តថា លោកស្រីបានឃើញប៉ូលិសថៃពាក់ឯកសណ្ឋានស៊ីវិល ៤ នាក់ មកចាប់ជនភៀសខ្លួនខ្មែរក្រោម ១២ នាក់ ដាក់ឡាន ហើយក៏បើកឡានចេញពីផ្សារនោះទៅ ។ លោកស្រីស្នើដល់រដ្ឋាភិបាលថៃ និងអង្គការពាក់ព័ន្ធនឹងជនភៀសខ្លួនជួយអន្តរាគមន៍ទៅអាជ្ញាធរថៃ ឲ្យដោះលែងខ្មែរក្រោមទាំងអស់ ជាពិសេសកូនប្រសាប្រុសរបស់លោកស្រី ដែលមានកូនអាយុ ៥ ខែក្នុងបន្ទុក ត្រូវការឪពុករកស៊ីចិញ្ចឹម៖ «ខ្ញុំគ្មានបាន ខ្ញុំរៀបចំទៅធ្វើឡានហ្នឹងដែរ ដល់ពេលហើយខ្ញុំរវល់តែប្រកែកគ្នាជាមួយមាកែវ ហើយតាយ៉ាន់អីលេងហ្នឹងណា តិចទៅខ្ញុំក៏ក្រ បានទៅយឺតពេលទៅតែ ៥ នាទីហ្នឹង គេមកចាប់ពឹបៗ ទៅ កុំអីដោយទាំងខ្ញុំហើយ (ដោយសារ) ខ្ញុំក្រទៅហ្នឹង គេចាប់នៅកៀនហ្នឹងដែរ ខ្ញុំធ្វើនៅខាងហ្នឹងដែរហ្នឹង គេចាប់តែម្ដុំឡានយាយម៉ាប់ហ្នឹង គ្នាប៉ុណ្ណឹង ហើយកុំអីខ្ញុំហ្នឹង បើកុំមាកែវមកនិយាយចេះចុះលេងហ្នឹង ខ្ញុំឡើងទៅល្មមគេកៀងបណ្ដោយ» ។
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត ដែលភៀសខ្លួននៅប្រទេសថៃ ៥ ឆ្នាំ លោកស្រី ស៊ី វេត ឲ្យដឹងថា ប៉ូលិសបានមកចាប់ឪពុក និងម្ដាយរបស់លោកស្រី និងជនភៀសខ្លួនដទៃទៀតសរុប ១២ នាក់ នៅក្នុងផ្សារលក់បន្លែនោះ កន្លែងពួកគាត់កំពុងធ្វើការ ហើយប៉ូលិសបានបញ្ជូនពួកគាត់ទៅការិយាល័យអន្តោប្រវេសន៍ខេត្តប៉ាថុមថានី ។ លោកស្រីបន្តថា ឪពុកម្ដាយលោកស្រីមានវ័យចាស់ហើយ ខិតខំលួចទៅស៊ីឈ្នួលគេ ដើម្បីយកប្រាក់មកចិញ្ចឹមជីវិត ព្រោះរស់ជាជនភៀសខ្លួនប្រទេសថៃ មានការលំបាកក្នុងការរកការងារស្របច្បាប់ ។ លោកស្រីស្នើដល់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន អន្តរាគមន៍ទៅរដ្ឋាភិបាលថៃ ឲ្យដោះលែងឪពុកម្ដាយលោកស្រី និងខ្មែរក្រោមទាំងនោះឱ្យមានសេរីភាពវិញ៖ «គ្មានទៅឃើញទេ មិនបានទៅឃើញទេ ឮតែតាមអាដាគេតេ យាយម៉ាប់តេមកតាមទូរស័ព្ទហ្នឹងណា យាយម៉ាប់ថា គេ (ប៉ូលិស) ចាប់ទៅអស់ហើយ តម្រួតចាប់យាយៗ ទៅអស់ហើយ យាយមានតែយាយឡែមដែរ យាយឡែមធ្វើនៅហ្នឹងដែរ» ។
ពលរដ្ឋខ្មែរក្រោម ដែលភៀសខ្លួននៅប្រទេសថៃ ពួកគាត់បានរត់គេចខ្លួនពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលវៀតណាម ។ ពួកគាត់ថា រដ្ឋាភិបាលវៀតណាម បានរឹបអូសដីធ្លីរបស់ពួកគាត់ ហើយបានរឹតត្បិតការគោរពជំនឿសាសនា ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងហាមមិនឲ្យបង្រៀនអក្សរខ្មែរដល់កូនខ្មែរជាដើម ។
ពាក់ព័ន្ធរឿងនេះ ប៉ូលិសថៃប្រាប់វិទ្យុអាស៊ីសេរី ភាសាឡាវ ដោយសុំមិនបញ្ចេញឈ្មោះ និងសំឡេងថា ក្រុមប៉ូលិសថៃបានចាប់ជនភៀសខ្លួនខ្មែរតែ ១០ នាក់ទេ នៅព្រឹកថ្ងៃទី ១៤ ខែតុលា នៅក្នុងផ្សារលក់បន្លែមួយជាប់ទីក្រុងបាងកក ។ លោកថា ការចាប់ខ្លួននេះ ដោយសារពួកគេចូលមកធ្វើការងារក្នុងប្រទេសថៃ ដោយខុសច្បាប់ ។ ប៉ូលិសរូបនេះបញ្ជាក់ថា ជនភៀសខ្លួនទាំងអស់នេះ មានលិខិតសម្គាល់ខ្លួនផ្សេងៗ គ្នា អ្នកខ្លះទិដ្ឋាការហួសកំណត់ អ្នកខ្លះមានប័ណ្ណសម្គាល់ខ្លួនដែលចេញដោយអង្គការសហប្រជាជាតិ ទទួលបន្ទុលផ្នែកជនភៀសខ្លួន តែប័ណ្ណនេះមិនអាចជួយពួកគាត់ឲ្យរួចពីការចាប់ខ្លួនបានទេ ស្របពេលដែលប្រទេសថៃកំពុងរៀបចំកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច (APEC) ផង ដូច្នេះប្រទេសថៃត្រូវរៀបចំសណ្ដាប់ធ្នាប់ ដោយមានការបោសសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់ តាមបទបញ្ជាថ្នាក់លើ ។
ជុំវិញរឿងនេះដែរ ប្រធានសមាគមជនភៀសខ្លួនខ្មែរក្រោម ប្រចាំប្រទេសថៃ លោក ឡឹម កែវសំណាង ឲ្យដឹងថា ប៉ូលិសថៃបានចាប់ខ្មែរក្រោមភៀសខ្លួនចំនួន ១២ នាក់ បញ្ជូនទៅដាក់ពន្ធនាគារក្នុងទីក្រុងបាងកក រង់ចាំឡើងតុលាការ ដោយចោទពីបទចូលប្រទេសថៃខុសច្បាប់ ហើយធ្វើការងារដោយគ្មានការអនុញ្ញាត ។ លោកទទូចដល់អង្គការសហប្រជាជាតិនៅប្រទេសថៃ ជួយស្នើដល់រដ្ឋាភិបាលថៃ ដោះលែងខ្មែរក្រោមភៀសខ្លួនទាំងអស់ឱ្យមានសេរីភាពវិញ៖ «ហើយអ្ហា៎ ហ្នឹងហើយ ឥឡូវកំពុងទាក់ទងអង្គការស្អីគេហ្នុង អង្គការស្អីចាំមើលខ្ញុំផ្ញើកាតទៅឲ្យ ។ អង្គការហ្នឹងមិនដឹងគេដោះស្រាយម៉េចទេ ដឹងដោះស្រាយបានមិនបានចាំមើលបងប្អូនយើងអ្នកខ្លះជាប់ ហើយអ្នកខ្លះកំពុងពិចារណា ហើយអ្នកខ្លះទៀត ដែលយូអិន (UNHCR) វាយទម្លាក់អាហ្នឹងពិបាកជួយអ៊ីចឹងណា ចាំមើលមិនដឹងម៉េចទេណា ដឹងគេជួយយើងបានអត់ណា ។ ដូចគ្រួសារតាវិន ប្រពន្ធតាវិនគេជាប់ហើយ ហើយបងប្អូនយើងដូចយាយហ៊ែម យាយអីគាត់ធ្លាក់ ហើយអ្នកខ្លះក្រដាសកាតយូអិនកំពុងតែនៅអាយុអ៊ីចឹងណា គេមិនវាយទម្លាក់ ហើយមិនដឹងគេជួយយើងបានមិនបាន» ។
ជនភៀសខ្លួនឱ្យដឹងថា មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រទេសថៃ កំពុងសម្របសម្រួលជាមួយអាជ្ញាធរថៃ ឲ្យមានការយោគយល់ និងដោះលែងជនភៀសខ្លួនខ្មែរក្រោមទាំងអស់នោះហើយ ។
របាយការណ៍របស់សមាគមជនភៀសខ្លួនខ្មែរក្រោម ប្រចាំប្រទេសថៃ ឲ្យដឹងថា មានពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសថៃ ជាងពីររយនាក់ ដែលពួកគេសុទ្ធតែរត់គេចពីការតាមធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម ៕