សង្ខេបព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្ស និងរឹតត្បិតសេរីភាពបញ្ចេញមតិ នៅកម្ពុជាក្រោមក្នុងឆ្នាំ ២០២២

ដោយ ស៊ឺន ចែងចើន

នៅឆ្នាំ ២០២២ ពលរដ្ឋខ្មែរក្រោម រំពឹង​ថា ស្ថានភាព​សិទ្ធិមនុស្ស​ នៅដែនដីកម្ពុជាក្រោម អាច​នឹង​មាន​ភាពប្រសើរ​ឡើង​វិញ នៅ​ពេល​សហគមន៍​អន្តរជាតិ និងភ្នាក់ងារ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ​ថ្កោលទោស​រដ្ឋាភិបាលបក្សកុម្មុនិស្តវៀតណាម ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និងបំពាន​សិទ្ធិជាមូលដ្ឋាន​ជាច្រើន​ផ្សេងទៀត​ ដែលកើត​មាន​ទៅ​លើ​​ព្រះសង្ឃ និងសកម្មជនសង្គមខ្មែរក្រោម  ។ ប៉ុន្តែ ជាក់ស្តែងស្ថានភាព នៃ ការរំលោភសិទ្ធិមនុស្ស នៅកម្ពុជាក្រោម នៅ​ក្នុង​រយៈពេល​ ១ ​ឆ្នាំកន្លង  គឺនៅតែមានភាពធ្ងន់ធ្ងរដដែល តាមរយៈហេតុការណ៍​សំខាន់ៗ ​ដែលបានចុះផ្សាយដោយ សំឡេងកម្ពុជាក្រោម (VOKK) និងសារព័ត៌មាន ព្រៃនគរ និងយោងតាមរបាយការណ៍​របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបាន​ផ្ដោត​លើ​ការ​រំលោភ​សិទ្ធិសំខាន់ៗ​ មួយចំនួន​ ​រួមមាន សិទ្ធិ​ដីធ្លី សិទ្ធិការងារ និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ជាដើម ។ តើនៅក្នុងឆ្នាំ ២០២២ រដ្ឋាភិបាលវៀតណាម បានរំលោភសិទ្ធិខ្មែរក្រោម យ៉ាងដូចម្តេចខ្លះ? ។ សូមលោកអ្នកស្តាប់សេចក្តីសង្ខេបព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្ស នៅកម្ពុជាក្រោម ក្នុងឆ្នាំ ២០២២ ដូចតទៅ៖

បើ​ទោះបីជា​ ​ឆ្នាំ​ ​២​០​២​២​ ​ពិភពលោក​មិនសូវ​មមាញឹក​នឹង​ការ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ (​Co​v​i​d​-19) ​ក្តី​ ​។​ ​ប៉ុន្តែ​ ​ងាក​ទៅ​រដ្ឋាភិបាល​បក្ស​កុម្មុនិ​ស្ត​វៀតណាម​ ​ឯណោះ​វិញ​ ​បែរ​ទៅជា​បង្កើន​ការ​បង្ក្រាប​ ​និង​ធ្វើទុក្ខបុកម្នេញ​ ​មក​លើ​សកម្មជន​ខ្មែរក្រោម​ ​បន្ត​រំលោភ​សិទ្ធិមនុស្ស​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំមុន​ៗ​ ​ដូចជា​ ​រឹបអូស​យក​ដី​កេរ​ដូនតា​ ​ការ​ចាប់ខ្លួន​ដាក់​ពន្ធ​នាគា​រ​ ​គំរាមកំហែង​មិន​ឲ្យ​បញ្ចេញមតិ​ ​បំបិទ​សិទ្ធិ​ចែកចាយ​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ ​អាន​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជាក្រោម​ ​និង​ផ្សព្វផ្សាយ​សៀវភៅ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​។​ល​។

ជាក់ស្តែង​ ​គ្រាន់តែ​នៅ​ក្នុង​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​២​ ​រដ្ឋាភិបាល​វៀតណាម​ ​នៅតែ​បន្តបើក​យុទ្ធនាការ​ធ្វើទុក្ខបុកម្នេញ​សេរីភាព​ផ្នែក​សាសនា​ ​រួម​មាន​ ​ការ​គំរាមកំហែង​មិន​ឲ្យ​យុវជន​ខ្មែរក្រោម​ ​ធ្វើសកម្មភាព​រៃ​អង្គាស​ថវិកា​ ​យកទៅ​សាងសង់​សាលាឆទាន​មួយ​កន្លែង​ ​នៅ​ខេត្ត​លង់​ហោរ​ ​ដើម្បីឲ្យ​ខ្មែរក្រោម​ ​អាច​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​អាជ្ញាធរ​វៀតណាម​ ​ក៏បាន​សងសឹក​ទៅលើ​យុវជន​ ​ថា​ច់ ​កឿង​ ​ដែល​ហ៊ាន​ចេញមុខ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ​កសាង​ខ្លោងទ្វារ​ចូល​ទៅ​ខេត្ត​ព្រះត្រពាំង​ ​ដែល​វៀតណាម​ ​បាន​បំផ្លាញ​ចោល​កាលពី​ ​៧​ ​ឆ្នាំមុន​ ​ដោយ​យកលេស​ថា​ ​ចង់​ពង្រីក​ផ្លូវ​ ​។​ ​ការសងសឹក​បែប​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​បាន​សម្រេច​ពិន័យ​យុវជន​ ​ថា​ច់ ​កឿង​ ​ដែល​សកម្ម​ក្នុង​ការ​ជួយការ​ពារ​សិទ្ធិ​ ​និង​រក្សា​វប្បធម៌​ពលរដ្ឋ​ខ្មែរក្រោម​ ​ចំនួន​បី​រយ​ដុល្លារ​ ​ដោយ​ពួកគេ​ចោទ​ថា​ ​ល្មើស​នឹង​ច្បាប់​សន្តិសុខ​អ៊ី​ន​ធឺ​ណិ​ត​របស់​វៀតណាម​ ​។​ ​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​យុវជន​ខ្មែរក្រោម​នេះ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ក៏បាន​ចេញ​ថ្លែងការណ៍​ ​ដោយ​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ ​ដែល​ធ្វើបាប​យុវជន​ខ្មែរក្រោម​ ​និង​ស្វែងរក​កិច្ច​អន្តរាគមន៍​ ​ពី​សហគមន៍​អន្តរជាតិ​ ​ដើម្បី​បញ្ឈប់​វៀតណាម​ ​កុំឲ្យ​រំលោភ​សិទ្ធិពលរដ្ឋ​ខ្មែរក្រោម​ ​បន្ត​ទៀត​ ​។​

នៅក្នុងខែមករា ឆ្នាំ ២០២២ ដដែល មន្ត្រី​ជាន់ខ្ពស់​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​មាន​មូលដ្ឋាន​ ​នៅ​សហរដ្ឋអាមេរិក​ ​បាន​ចេញមុខ​ច្រានចោល​រាល់​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​វៀតណាម​ ​ដែល​ថា​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជា​ចលនា​នយោបាយ​ខុសច្បាប់​ ​នៅ​បរទេស​ ​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​ ​នឹង​រដ្ឋាភិបាល​វៀតណាម​ ​និង​មាន​គោលបំណង​បង្កើត​រដ្ឋ​ឯករាជ្យ​ ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ​។​ ​ប្រតិកម្ម​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នេះ​ ​ធ្វើឡើង​ ​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​​កាលពី​ថ្ងៃ​ទី​ ​២​៦​ ​ខែ​មករា​​ ​បាន​សហការ​ជាមួយ​នគរបាល​ខេត្ត​ទួល​តា​មោក​ ​កោះហៅ​យុវជន​ខ្មែរក្រោម​ ​ទៅ​សួរនាំ​ ​ជុំវិញ​ការផ្សាយ​ព័ត៌មាន​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់ទង​នឹង​ប្រវត្តិ​ទឹកដី​កម្ពុជាក្រោម​ ​។​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ប្រើ​ហិង្សា​មក​លើ​យុវជន​ខ្មែរក្រោម​រូប​នោះ​ ​នៅ​ក្នុង​ពេល​សាកសួរ​យក​ចម្លើយ​ ​និង​ចោទប្រកាន់​ ​ថា​ ​បាន​ចូលរួម​សកម្មភាព​ ​និង​ជឿ​តាម​ការ​ញុះញង់​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​អាជ្ញាធរ​វៀតណាម​ហៅថា​ ​ជា​ក្រុម​ប្រតិកិរិយា ​ដែល​បង្ក​ភាព​ច្របូកច្របល់​ ​ចលាចល​ដល់​សង្គម​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​។​

មន្ត្រី​ជាន់ខ្ពស់​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម លោក​ ​ម៉ៅ​ ​មុនី ​បាន​ថ្លែង​ថា​ ​អាជ្ញាធរ​វៀតណាម​ ​ក្នុង​ខេត្ត​ឃ្លាំង​ ​និង​ខេត្ត​ទួល​តា​មោក​ ​ដែល​ជា​ដែនដី​ខ្មែរ​ ​គ្រប់គ្រង​ដោយ​វៀតណាម​ បាន​សហការ​គ្នា​ធ្វើការ​ចាប់ខ្លួន​យុវជនខ្មែរក្រោម យកទៅ​ស​ម្លុ​ត​បំភ័យ​ ​ដើម្បី​បំបាក់​ស្មារតី​យុវជន​ខ្មែរក្រោមផ្សេងទៀត​ ​ដោយសារតែ​សកម្មភាព​ផ្សព្វផ្សាយ​ការពិត​ ​ពី​ប្រវត្តិ​ នៃ ​ការ​បាត់បង់​ទឹកដី​កម្ពុជាក្រោម​ ​និង​ហ៊ាន​ងើបឡើង​ ​តវ៉ា​ទាមទារ​ ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ ​។​ ​ក្នុង​ពេល​សួរ​យក​ចម្លើយ​យុវជន​ខ្មែរក្រោម​នោះដែរ​ ​អាជ្ញាធរ​វៀតណាម​ ​បានចោទប្រកាន់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ថា​ នៅ​ពីក្រោយខ្នង​ នៃ ​ការ​បំផុស​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​អនុវត្ត​នូវ​សកម្មភាព​ ​ក្នុង​បំណង​បំបែក​បូរណភាព​ដែនដី​ នៃ ​ប្រទេស​វៀតណាម​ ​ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​ ​និង​បន្ត​កា​រលាប​ពណ៌​មក​លើស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ថា​ ​ជា​ចលនា​នយោបាយ​ខុសច្បាប់​ ​នៅ​ក្រៅ​ប្រទេស​ ​ដើម្បី​ដឹកនាំ​ចលនា​មួយ​ចំនួន​ប្រឆាំង​ ​នឹង​រដ្ឋាភិបាល​វៀតណាម​ ​។​

ឆ្លើយ​បំភ្លឺ​តប​ទៅ​នឹងការ​ចោទប្រកាន់​របស់​អាជ្ញាធរ​វៀតណាម​ ​លោក​ ​ម៉ៅ​ ​មុនី​ ​អនុប្រធាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ​លើកឡើង​ថា​ ​បើសិនជា​ សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជា​អង្គ​ការបរទេស​មិន​ស្រប​ច្បាប់​ទេ​នោះ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ក៏​មិន​អាចប​ន្ត​ធ្វើសកម្មភាព​គ្រប់បែបយ៉ាង​ ​នៅ​លើឆាកអន្តរជាតិ​ ​ជាង​ ​២​០​ ​ឆ្នាំ​កន្លងមក​នេះ​ ​បាន​ឡើយ​ ​។​ ​លោក​ថា​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ក្រៅ​ស្រុក​ ​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​លើទឹក​ដី​កំណើត​ ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ ​នៅ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ​ដើម្បី​ធ្វើសកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក​ ​និង​ទាមទារ​ ​«​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ ​ដោយខ្លួនឯង​»​ ​ស្របតាម​ច្បាប់អន្តរជាតិ​ ​។​

ប្រតិកម្ម​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នេះ​ ​បន្ទាប់ពី​ ​អាជ្ញាធរ​វៀតណាម​ ​កាលពី​ថ្ងៃ​ទី​ ​២​៦​ ​ខែ​មករា​ ​បាន​កោះហៅ​យុវជន​ ឡឹ​ម​ ​វាំង​ហុង​ ​ទៅ​សាកសួរ​រ​អស់​ជាច្រើន​ម៉ោង​ ​។​ ​យុវជន​ ឡឹ​ម​ ​វាំង​ហុង​ ​អះអាង​ ​ថា​ ​នៅ​ក្នុង​ពេល​សាកសួរ​យក​ចម្លើយ​ ​សមត្ថកិច្ច​វៀតណាម​ ​បាន​ប្រើ​ហិង្សា​មក​លើ​រូបលោក​ ​និង​បានគំរាម​លោក​ថា​ ​អាជ្ញាធរ​នឹង​ចាប់ខ្លួន​ ​បើ​លោក​នៅតែ​បន្ត​ធ្វើសកម្មភាព​ទាំងឡាយ​ណា​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​។​ ​ទោះជាយ៉ាងណា​ ​យុវជន​​ខ្មែរក្រោម​រូប​នោះ​ ​លើកឡើង​ថា​ ​លោក​មិនបាន​ប្រ​ព្រឹត្ត ​ដូច​ការ​ចោទ​របស់​អាជ្ញាធរ​វៀតណាម​ ​នោះ​ទេ​ ​។​ ​លោក​ថា​ ​ខ្លួន​មិន​ដឹង​ប្រព្រឹត្តកំហុស​បែប​ណា​ឡើយ​ ​ដោយ​គ្រាន់តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ​ ​បង្ហោះ​ព័ត៌មាន​ពិត​ ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ទឹកដី​កម្ពុជាក្រោម​ ​និង​ផ្សព្វផ្សាយ​ឯកសារ​ ​ស្តីពី​សិទ្ធិមនុស្ស​អន្តរជាតិ​ ​សិទ្ធិ​ជា​ជនជាតិ​ដើម​ ​នៅ​តាម​បណ្តាញ​សង្គម​ប៉ុណ្ណោះ​ ​។​

ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​កាលពី​ថ្ងៃ​ទី​ ​២​៨​ ​ខែ​មករា​ ​យុវជន​ ឡឹ​ម​ ​វាំង​ហុង​ ​បញ្ជាក់​ថា​ ​អាជ្ញាធរ​វៀតណាម​ ​ព្រមាន​លោក​ ​ដែល​បាន​រក្សា​សៀវភៅ​ ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​ ​សិទ្ធិ​ជនជាតិ​ដើម​​ ​និងឧបករណ៍សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ចំនួន​ទៀត​ ​ដែល​បោះពុម្ពផ្សាយ​ជា​ភាសាខ្មែរ​ ​និង​វៀតណាម​ ​គឺ​ខុសច្បាប់​ ​ដោយ​អាជ្ញាធរ​លើក​ហេតុផល​ថា​ ​សៀវភៅ​ទាំងឡាយ​ណា​ ​ដែល​បោះពុម្ពផ្សាយ​ ​ដោយ​អង្គការសហប្រជាជាតិ​ ​គឺ​មានតែ​ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ​ ​ទើប​ស្រប​ច្បាប់​ ​។​ ​យុវជន​រូប​នេះ​ ​អះអាងបន្ថែម​ ​ថា​ ​ពួក​អាជ្ញាធរ​យួន​ ​ក៏បាន​ហាម​ពលរដ្ឋ​ខ្មែរក្រោម​ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​បោះពុម្ព​ ​និង​ចែកចាយ​សៀវភៅ​ ​ឬ​ឯកសារ​កតិកាសញ្ញា​អន្តរជាតិ​នានា​ផង​ ​។

ពាក់ព័ន្ធ​នឹងការ​ធ្វើ​ការ​តស៊ូ​មតិរបស់យុវជនខ្មែរក្រោម និងការមិន​គោរព​សិទ្ធិ​ជន​ជាតិ​ដើមខ្មែរក្រោមរបស់វៀតណាម ​វិទ្យុ​អាស៊ី​សេរី​ បានផ្សាយថា យុវជន​ខ្មែរ​ក្រោម ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ បន្ត​ពាក់​អាវ​យឺត ដែល​មាន​ពាក្យ​ថា អបអរសាទរ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី ៧៣ ឆ្នាំ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ជន​ជាតិ​ដើម ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម បាន​ចោទ​ប្រកាន់​យុវជន​ខ្មែរ​ក្រោម ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​ពួក​គេ ពាក់​អាវ​យឺត​នេះ ។

វិទ្យុ​អាស៊ី​សេរី​ ផ្សាយបន្ត ថា យុវជន​ខ្មែរ​ក្រោម ដែល​សកម្ម​ធ្វើ​ការងារ​សង្គម និង​តស៊ូ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​សំណូមពរ​ដល់​យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​​​ទូទៅ​ បន្ត​ពាក់​អាវ​យឺត ដែល​មាន​អក្សរ​ថា អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី ៧៣ ឆ្នាំ ជា​បន្ត​ទៀត ពីព្រោះ​ទង្វើ​នេះ ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់​វៀតណាម និង​អន្តរជាតិ ។

យុវជន ថាច់ កឿង ដែល​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ធ្វើ​យុទ្ធនាការ​ ពន្យល់ខ្មែរ​ក្រោម ឲ្យ​ប្រើប្រាស់​សិទ្ធិ​សំដែង​មតិ តាម​រយៈ​ការ​ពាក់​អាវ​យឺត​នោះ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ថា វៀតណាម​ កំពុង​គំរាម​កំហែង​ខ្មែរ​ក្រោម ​មិន​ឲ្យ​ងើប​ឡើង​ ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម ។ យ៉ាង​ហោច​ណាស់ យុវជន​ខ្មែរ​ក្រោម​ម្នាក់​ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ខេត្ត​ព្រះត្រពាំង បានរឹបអូស​យក​អាវ​យឺត ពេល​លោក​កំពុង​ធ្វើ​ការងារ​ ក្រោម​ហេតុផល​ថា ការ​ពាក់​អាវយឺត​នេះ ជា​អំពើ​ក្បត់​ជាតិ ។ យុវជន ថាច់ កឿង បន្ត​ថា វៀតណាម ​កំពុង​ព្រួយ​បារម្ភ​ពី​ការ​ងើប​ឡើង​តស៊ូ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដោយ​សារ​តែ​បច្ចុប្បន្ន​ពួក​គេ​ខ្លះ ​បាន​យល់​ដឹង​ច្បាប់​ពី​សិទ្ធិ​ជនជាតិ​ដើម ទើប​វៀតណាម​ ចង់​បង្ក្រាប​យុវជន​ខ្មែរ​ក្រោម ​ឲ្យ​បាន​មុន ។

សូមបញ្ជាក់ ថា នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២២ យុវជន​ខ្មែរ​ក្រោម​ បាន​នាំ​គ្នា​បោះពុម្ព​អាវយឺត​ ដោយ​ដាក់​អក្សរ​ថា អបអរសាទរ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី ៧៣ ឆ្នាំ ហើយ​បាន​ដើរ​ចែក​​ចាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដោយ​ឥត​គិត​ថ្លៃ ។ យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ ពេញ​ចិត្ត​នឹង​ការ​តស៊ូ​មតិ​អហិង្សា ហើយ​បាន​នាំ​គ្នា​ពាក់​អាវ​យឺត ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម ។ យុវជន ថាច់ កឿង ថា ការ​ពាក់​អាវ​យឺត មិន​មែន​ជា​ទង្វើ​​​ក្បត់​ជាតិ​នោះ​ទេ គឺ​ពួក​គេ​ចង់​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម តែ​ប៉ុណ្ណោះ ។

ជុំវិញការ​មិន​គោរព​សិទ្ធិ​ជន​ជាតិ​ដើម​នេះ យុវជន​ខ្មែរ​ក្រោម​ អះអាង​ថា ជា​មូល​ហេតុ​ចំបងបណ្ដាល​ឲ្យ​ពួក​គេ ធ្វើ​ការ​តស៊ូ​មតិ ដោយ​បោះ​ពុម្ព​អាវ​យឺត​ចែក​ជូន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ ។ យុវជន តោ ហ្វាងជឿង ប្រាប់​អាស៊ី​សេរី​ ថា លោក និង​យុវជន​ខ្មែរ​ក្រោម​ ផ្សេង​ទៀត​នឹង​បន្ត យុទ្ធនាការ​ចែក​ជូន​អាវ​យឺត​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ បន្ត​ទៀត ។

ទាក់ទងនឹងបញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​របស់វៀតណាមនេះដែរ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ (UN) ​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ ​នៅ​ប្រទេស​វៀតណាម​ ​ដែល​គ្រប់គ្រង​ដោយ​របប​ឯក​បក្ស​ក្រុង​ហាណូយ​ ​បន្ទាប់ពី​ក្រុមប្រឹក្សា​នេះ​ ​បាន​បើកសម័យប្រជុំ​លើក​ទី​ ​៤​៩​ ​នៃ​ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​កាលពី​ថ្ងៃ​ទី​ ​៧​ ​ខែ​មីនា​ ឆ្នាំ ២០២២ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វ៊ី​ស​ ​។​ ​ចំណែក​គណៈប្រតិភូ​វៀតណាម​ ​អះអាង​ ​ថា​ ​បាន​យកចិត្តទុកដាក់​ដល់​ការធានា​ ​និង​លើក​ក​ម្ពស់​ការគោរព​សិទ្ធិមនុស្ស​ ​នៅ​គ្រប់ជ្រុងជ្រោយ​ ​។

ថ្លែង​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ ​និង​ការ​ធ្វើ​បច្ចុប្បន្នភាព​ផ្ទាល់មាត់​ ​ដោយ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​លោកស្រី​ ​មី​ឆែល​ ​ប៉ា​ហ្សេ​លែ​ត​ (​M​i​c​hell​e​ B​ache​let​) ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ​រួម​ទាំង​វៀតណាម​ផង​ ​បាន​និយាយ​ថា​ ​ការិយាល័យ​របស់​លោកស្រី​ បាន​ទទួល​របាយការណ៍​គួរឲ្យ​ទុកចិត្ត​បាន​ ​អំពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ​ដែល​បាន​កើតឡើង​ ​ឥតឈប់ឈរ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ​នៃ​ ​ប្រ​ប្រទេស​កុម្មុនិ​ស្ត​ ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​ ​។​ ​លោកស្រី​ ​មី​ឆែល​ ​ប៉ា​ហ្សេ​លែ​ត​ ​លើកឡើង​ក្នុង​សេចក្ដីថ្លែង​ការណ៍​ ​ថា​ ​លោកស្រី​មាន​ក្តី​កង្វល់​ ​ចំពោះ​ការ​កាត់ទោស​នា​ពេល​ថ្មីៗ​ ​នេះ​ ​មកលើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន​ ​ដោយ​ចោទប្រកាន់​ទាក់ទង​នឹង​ការងារ​សិទ្ធិមនុស្ស​របស់​ពួកគេ​ ​។​ ​លោកស្រី​ ​មី​ឆែល​ ​ប៉ា​ហ្សេ​លែ​ត​ ​បញ្ជាក់​បែប​នេះ​ ​ដោយ​យោង​ទៅលើ​របាយការណ៍​មួយ​ ​ដែល​ផ្ញើ​ទៅ​ការិយាល័យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​ស្តីពី​ការសងសឹក​ ​។​ ​ជាមួយគ្នា​នេះ​ ​លោកស្រី​ ​មី​ឆែល​ ​ប៉ា​ហ្សេ​លែ​ត​ ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ ​ធានា​ថា​ ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ ​និង​សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម​ ​ជា​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្រប់រូប​ ​ដែល​ត្រូវ​បាន​គោរព​ក្នុង​បរិយាកាស​ ​ដោយ​គ្មាន​ការបៀតបៀន​ ​ការ​បំភិតបំភ័យ​ ​ការ​គំរាមកំហែង​ ​និង​ការសងសឹក​ ​។

​ទោះជាយ៉ាងណា​ ​រដ្ឋមន្ត្រីការបរទេស​វៀតណាម​ ​លោក​ ប៊ុ​យ​ ​ថា​ញ់​សឺ​ន​ (Bù​i​ ​Than​h​ Sơn) ​ដែល​ជា​ប្រ​ធា​គណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម​ ​លើកឡើង​ ​ក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​ខ្លួន​ ​នា​សម័យប្រជុំ​លើក​ទី​ ​៤​៩​ ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​កាលពី​ថ្ងៃ​ទី​ ​២​ ​ខែ​មីនា​ ​ថា​ ​វៀតណាម​ ​បាន​ត្រៀម​ជាស្រេច​ ក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​លើក​ក​ម្ពស់​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ ​និង​ច្បាប់អន្តរជាតិ​ ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​សកម្មភាព​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​តាមរយៈ​ការសន្ទនា​ ​កិច្ច​សហប្រតិបត្តិការ​ ​និង​ការគោរព​គ្នា​ទៅវិញទៅមក​ ​។​ ​លោក​ ប៊ុ​យ​ ​ថា​ញ់​សឺ​ន​ ​អះអាង​ថា​ ​វៀតណាម​យកចិត្តទុកដាក់​ដល់​ការធានា​នូវ​ការគោរព​តាម​ស្តង់​ដារ​អន្តរជាតិ ​នៃ ​គោលការណ៍​សិទ្ធិមនុស្ស​ ​ដោយ​ផ្តល់​អាទិភាព​ដល់​ការ​ការពារ​សិទ្ធិ​របស់​ក្រុម​ងាយ​រងគ្រោះ​ ​សមភាព​យេ​ន​ឌ័​រ​ ​ធានា​សិទ្ធិមនុស្ស​ក្នុង​ការដោះស្រាយបញ្ហា​សកល​ ​ជាពិសេស​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​។​ ​រដ្ឋមន្ត្រីការបរទេស​រូប​នេះ​ ​បញ្ជាក់​បន្ថែម​ ​ថា​ ​វៀតណាម​ ​ក៏បាន​ផ្តល់​អាទិភាព​លើ​ការ​លើក​ក​ម្ពស់​សិទ្ធិ​ទទួល​បានសុខ​មាល​ភាព​ក្នុង​បរិ​បទ​ នៃ ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​និង​ជំងឺឆ្លង​ផ្សេងៗ​ ​សិទ្ធិ​ទទួល​បានការ​ងារ​សមរម្យ​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (S​D​G​s) ​សិទ្ធិ​ទទួល​បាន​ការអប់រំ​ប្រកបដោយ​គុណភាព​ ​ផ្អែកលើ​សមធម៌​នៃ​ឱកាស​ ​និង​លទ្ធភាព​ទទួល​បាន​ ​។​

ងាកមកចាប់អារម្មណ៍ពលរដ្ឋ​ខ្មែរក្រោម​ ​ប្រា​រ​ព្វ​ខួប​ ​១​៥​ ​ឆ្នាំ​ ​នៃ​ ​ទិវាសិទ្ធិ​ជនជាតិ​ដើម​ ​ជាលើកទីមួយក្នុងប្រវត្តិសាស្រ្ត​ ​នៅ​លើទឹក​ដី​កម្ពុជាក្រោមវិញ! ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​តាម​ខេត្ត​នានា​ ​ក្នុង​ទឹកដី​កម្ពុជាក្រោម​ ​នៅ​ថ្ងៃ​ទី​ ​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​២​ ​បាន​មក​ជួបជុំគ្នា​ ​នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​ដើម្បី​ប្រារព្ធ​ពិធី​អប​អរសាទរ​ ​ខួប​ ​១​៥​ ​ឆ្នាំ​ ​ថ្ងៃ​អង្គការសហប្រជាជាតិ​អនុម័ត​ ​សេចក្ដីប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) (​១​៣​ ​កញ្ញា​ ​២​០​០​៧​ – ​១​៣​ ​កញ្ញា​ ​២​០​២​២​) ​ដោយមាន​មនុស្ស​ចូលរួម​យ៉ាង​ច្រើន​កុះករ​ ​មាន​ទាំង​ព្រះសង្ឃ​ ​និង​គ្រហស្ថ​ ​ដើម្បី​អប​អរសាទរ​ទិវាអន្តរជាតិមួយនេះ ​។ កម្មវិធីនោះ មាន​រៀបចំ​ពិធី​មួយ​ចំនួន​ ​ដូចជា​ ​និមន្ត​ព្រះសង្ឃ​ដារ​បង្សុកូល​មុន​ថ្ងៃបុណ្យ​សែនដូនតា​មកដល់​ ​ដើម្បី​ឧទ្ទិស​កុ​សក​ជូន​វីរបុរស​ជាតិ​ ​និង​ញាតិកា​ ​ដែល​បាន​ចែកឋាន​ទៅ​ ​ចែក​អំណោយ​ដល់​អ្នកស្រុក​ ​និង​ថ្លែងសុន្ទរកថា​ ​អប​អរសាទរ​ ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ជាដើម​ ​។ នៅ​ក្នុង​ពិធី​នោះ​ដែរ​ ​អ្នក​រៀបចំ​កម្មវិធី​ ​បាន​តាំង​រូប​ ​ឧកញ៉ា​ ​សឺ​ង​ ​គុយ​ ​និង​ទង់ជាតិ​មួយ​ចំនួន​ ​ដូចជា​ ​ទង់​ខ្មែរក្រោម​ ​ទង់​ព្រះពុទ្ធសាសនា​ ​ទង់​អង្គការសហប្រជាជាតិ​ ​និង​ទង់​អង្គការ​ UN​P​O ​។​ ​អ្នកចូលរួម​ម្នាក់ៗ​ ​បាន​ពាក់អាវ​យឺត​ ​ដែល​មាន​ឡូ​ហ្គូ​សរសេរ​អក្សរ​សរសេរ​អក្សរខ្មែរ​ ​និង​អង់គ្លេស​ថា​ ​«​ខ្មែរក្រោម​អប​អ​បសាទ​រ​ ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​និង​ ​យើង​ជា​ជនជាតិ​ដើម​»​ ​ជាដើម​ ​។​ ពលរដ្ឋខ្មែរក្រោម លើកឡើង ថា ការ​ប្រារព្ធ​ទិវា​​​នេះ​ ​ដើម្បី​ជា​ប្រយោជន៍​ខ្មែរក្រោម​ ​ជា​ជនជាតិ​ដើម​ ​។​ ​ក្នុង​ទិវា​​​នេះ​ ​យុវជន​ខ្មែរក្រោម​ ​បាន​ចែក​អំណោយ​ដល់​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មាន​វ័យ​ចំណាស់​ ​និង​អាន​ខ្លឹមសារ​ ​នៃ​ ​សេចក្តីប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​របស់​អង្គការសហប្រជាជាតិ​ ​។​

ទោះបីជា​យ៉ាងនេះ​ក្ដី​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​អះអាង​ថា​ ​ក្នុង​ពេល​ ​នៃ​ ​ពិធី​នោះ​ ​ក៏មាន​ប៉ូលិស​វៀតណាម​ ​ជាច្រើន​នាក់​ ​បាន​ដាក់​កម្លាំង​មក​ហាមឃាត់​មិន​ឲ្យ​ខ្មែរក្រោម​ជួបជុំគ្នា​ ​ប៉ុន្តែ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​មិន​ធ្វើតាម​ហើយ​នាំគ្នា​បន្ត​ធ្វើពិធី​នោះ​ទាល់តែ​ចប់​ ​។​ ករណី​នេះ​ ​អាជ្ញាធរ​លើក​ហេតុផល​ថា​ ​ដើម្បី​ការពារ​សន្តិសុខ​ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ​ក៏ប៉ុន្តែ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ជា​អ្នកចូលរួម​វេទិកា​នេះ​ ​ចាត់ទុកថា​ ​ជា​ការរំលោភ​សិទ្ធិពលរដ្ឋ​ធ្ងន់ធ្ងរ​ ​និង​ធ្វើឡើង​ក្នុង​ទិសដៅ​បំភិតបំភ័យ​ ​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​អាច​ប្រា​រ​ព្វ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​នេះ​ ​បាន​ឡើយ​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ចាត់ទុកថា​ ​កា​រដាក់​ភ្នាក់ងារ​នគរបាល​ ​មក​ឃ្លាំមើល​នេះ​ ​ក្នុង​កម្មវិធី​ជួបជុំ​នោះ​ ​ជា​ការរើសអើង​ ​និង​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម​ ​។​ ​ពួកគេ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ​គ្រប់​លំ​ដប់​ថ្នាក់​ ​ចូលរួម​គោរព​សិទ្ធិ​ជនជាតិ​ដើម​ដែល​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​ទទួលស្គាល់​ ​។​

សូមបញ្ជាក់ ថា ក្រោយចូលរួម​ ​ពិធី​អប​អរសាទរ​ ​ខួប​ ​១​៥​ ​ឆ្នាំ​ ​ថ្ងៃ​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្ដីប្រកាស​ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម នៅខេត្ត​ព្រះត្រពាំង យ៉ាងហោចណាស់ ពលរដ្ឋខ្មែរក្រោម ២ នាក់ ត្រូវបានអាជ្ញាធរៀវតណាម ចេញ​លិខិត​កោះហៅ​ទៅសួរនាំដែរ ដោយម្នាក់ជាយុវជន នៅខេត្តឃ្លាំងឈ្មោះ យ៉ា​ញ់ ​មិញ​ក្វា​ង​ (​D​an​h​ ​M​in​h​ Qu​an​g​) ​នៅ​ភូមិ​ស្រឡូង​ ​ឃុំ​ជ្រោយ​ទឹម​ ​ស្រុក​បាយឆៅ​ ​នៃ ​ខេត្ត​ឃ្លាំង​ និងពលរដ្ឋខ្មែរក្រោមម្នាក់ទៀត ​គឺលោក​ ​ថា​ច់ ​ផែន​ នៅ​ស្រុក​ផ្នោ​ដាច់​ ​ខេត្ត​ព្រះត្រពាំង​ ​ក៏បានទទួល​បានលិខិត​ឲ្យចូលខ្លួនទៅបំភ្លឺ​ដែរ ។

ទាក់ទងនឹងករណីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានថ្កោល​ទោស​អាជ្ញាធរ​វៀតណាម ដែល​បន្ត​ធ្វើ​ទុក្ខបុក​ម្នេញ​ពលរដ្ឋ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ដែល​ហ៊ាន​ងើប​ឡើង​តវ៉ា​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​ធ្វើ​លិខិត​សុំ​កិច្ចអន្តរាគមន៍ ​ពី​អង្គការ​សហប្រជាជាតិ​ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ នៃ ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​ប្រើ​ប្រាស់​សិទ្ធិ​ជា​ជនជាតិ​ដើម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ ជំរុញ​ឲ្យ​វៀតណាម អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម ដោយ​សារ​តែ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​ប្រកាស​នេះ កាល​ពី​ឆ្នាំ ២០០៧ ។

យើងនៅមិនទាន់ទៅណាឆ្ងាយ ពីការធ្វើ​នយោបាយ​សងសឹក​របស់វៀតណាម​ មកលើក្រុមយុវជនខ្មែរក្រោម ដែលហ៊ានសំដែងមតិទាមទារសិទ្ធិជាជនជាតិដើម នៅឡើយទេ! សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ចាត់ទុក​ទង្វើ​អាជ្ញាធរ​វៀតណាម​ ដែល​បាន​បន្ត​គំរាមកំហែង​ពលរដ្ឋ​ខ្មែរ​​ក្រោម​ ដោយ​គ្រាន់តែ​ពួកគេ​ចូលរួម​អបអរសាទរ​ខួប ១៥​ ឆ្នាំ នៃ​ ទិវា សេចក្តី​ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម (UNDRIP)​ ថា ជា​ការ​ធ្វើ​ផ្ទុយ​ទៅ​នឹង​ការ​ប្តេជ្ញាចិត្ត​របស់​វៀតណាម ចំពោះមុខ​សមាជិក​អង្គការ​សហប្រជាជាតិ​ ដែល​ថា វៀតណាម​នឹង​លើកតម្កើង​វិស័យ​សិទ្ធិមនុស្ស​ ។ មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ ទី​ ១១ តុលា បាន​បោះឆ្នោត​ទទួល​យក​វៀតណាម​ ជា​សមាជិក​ថ្មី ​នៃ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បើ​ទោះបី​ជា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយចំនួន បាន​អំពាវនាវ​ឲ្យ​ឯកអគ្គរដ្ឋទូត និង​តំណាង​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ កុំ​បោះឆ្នោត​គាំទ្រ​បេក្ខភាព​ប្រទេស​វៀតណាម ឲ្យ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្តី ។ អង្គការ​សិទ្ធិ​ទាំងនោះ​ លើក​ឡើង​ថា ប្រទេស​វៀតណាម​ បន្ត​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​ខ្លួនឯង និង​ជនជាតិ​ដើម ដែល​ជា​ម្ចាស់​ស្រុក រួមមាន ពលរដ្ឋ​ខ្មែរក្រោម​ជាដើម ​។ ពាក់ព័ន្ធ​នឹង​ការ​មិន​គោរពតួនាទី​របស់​វៀតណាម ជា​សមាជិក​ស្ថាប័ន​ការពារ​សិទ្ធិមនុស្ស​ថ្មីថ្មោង​ដែរ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃទី ១៣ កញ្ញា មក ក្រោយពេល​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ​នៃ​ សមាគម​កូន​ខ្មែរ​ ដើម្បី​អភិវឌ្ឍន៍​ បាន​ប្រមូល​ផ្តុំគ្នា ប្រមាណ​ ១០០ ​នាក់ ធ្វើ​ពិធី អបអរសាទរ​ខួប​ ១៥ ​ឆ្នាំ​ នៃ ​ថ្ងៃ ដែល​អង្គការ​សហប្រជាជាតិ​ដាក់ចេញ​អនុម័ត សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម (UNDRIP) នៅ​ខេត្ត​ព្រះ​ត្រពាំងមក យ៉ាងហោចណាស់​ក៏​មាន​ពលរដ្ឋ​ខ្មែរក្រោម​ ចំនួន​បី​នាក់ ត្រូវ​បាន​វៀតណាម ​កោះហៅ​ទាំង​គ្មាន​ដីកា និង​បណ្តេញ​ចេញ​ពី​ការងារ ។ អាជ្ញាធរ​វៀតណាម បាន​គំរាម​ចាប់​ពលរដ្ឋ​ខ្មែរក្រោម ​ដាក់​ពន្ធនាគារ ៧ ​ឆ្នាំ ​ប្រសិន​បើ​ពួកគេ​បន្ត​សកម្មភាព​តស៊ូ​មតិ ទាមទារ​សិទ្ធិ​ជនជាតិ​ដើម ហើយ​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ទៀត​ មិនអាច​រក​ការងារ​ធ្វើ​បាន​ដោយសារតែ​ម្ចាស់​ក្រុមហ៊ុន​មិន​ហ៊ាន​ទទួលយក​ ដោយ​ខ្លាច​អាជ្ញាធរ​វៀតណាម ។ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​លោក ប្រាក់ សេរីវុឌ្ឍ ព្រមាន​ថា សហព័ន្ធ​នឹង​បន្ត​តាមដាន​ការអនុវត្ត​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​វៀតណាម ហើយ​ប្រសិន​បើ​វៀតណាម​ហ៊ាន​បន្ត​រំលោភសិទ្ធិ​មនុស្ស ពលរដ្ឋ​ខ្មែរក្រោម​ទៀត​នោះ សហព័ន្ធ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ជា​បន្ត​ទៀត ។

ចំណែកព័ត៌មាន ទាក់ទងនឹងករណីរំលោភសិទ្ធិមនុស្សរបស់វៀតណាម មួយផ្សេងទៀត! កាលពី​ថ្ងៃ​ទី​ ​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២​ ​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​មួយ​ក្រុម​ បាន​ធ្វើដំណើរ​ទៅ​ប្រ​ទេស​វៀតណាម​ ​និង​ដែនដី​កម្ពុជាក្រោម​ ​ដើម្បី​រៀបចំ​កិច្ចប្រជុំ​ស្ដីពី​ «​កិច្ច​សន្ទនា​សិទ្ធិមនុស្ស​សហរដ្ឋអាមេរិក​ – ​វៀតណាម​» ​លើក​ទី​ ​២​៦​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហាណូយ​ ​។​ ​កិច្ច​សន្ទនា​នេះ​ ធ្វើឡើង​ ​ដើម្បី​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​នានា​រវាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​និង​វៀតណាម ​ក្នុង​ការគោរព​នូវ​សិទ្ធិ​នានា​ ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ក្នុង​នោះ​ ​មាន​សិទ្ធិ​ជនជាតិ​ដើម​ ​ផង​ដែរ​ ​។​ ​កិច្ច​សន្ទនា​នេះ​ ផ្ដោ​ត​លើ​បញ្ហា​មួយ​ចំនួន​ទាក់ទង​ ​នឹង​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ៍​ពលកម្ម​ ​ក្នុង​នោះ​ ​រួម​មាន​ សិទ្ធិ៍​សេរីភាព​នៃ​ការ​បញ្ចេញមតិ​, សិទ្ធិ៍​បង្កើត​អង្គការ​ ​ឬ​ ​សមាគម​ក្រៅ​រដ្ឋាភិបាល​, សិទ្ធិ៍​សេរីភាព​ក្នុង​ការប្រតិបត្តិ​ ​និង​ជំនឿ​សាសនា​, ​នីតិ​រដ្ឋ​ ​និង​កំណែ​ទម្រង់​ច្បាប់​, ​និង​សិទ្ធិ៍​របស់​ក្រុម​ជន​ដែល​ត្រូវ​រដ្ឋការ​យួន​ផាត់​ឲ្យ​ នៅ​ក្រៅ​ជញ្ជាំង​ ​ដូចជា​ ​ក្រុម​ជនជាតិ​ដើម​ ​និង​ជនជាតិ​ភាគ​ ​តិច​ ​ជន​ពិការ​ ​និង​ករណី​ក្រុម​បុគ្គល​ដែល​មានការ​ព្រួយបារម្ភ​ ​។ ចំណែកសហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​បញ្ជាក់​ថា​ ​មុន​ពេល​កិច្ច​សន្ទនា​សិទ្ធិមនុស្ស​សហរដ្ឋ​ ​អាមេរិក​ – ​វៀតណាម​ ​បាន​ប្រព្រឹត្តទៅ​មួយថ្ងៃ​នោះ​ ​គឺ​នៅ​ថ្ងៃ​ទី​ ​១​ ​ខែវិច្ឆិកា​ ​មន្ត្រី​សហរដ្ឋអាមេរិក​ ​បានអញ្ជើញ​ក្រុមសកម្ម​ជន​សិទ្ធិមនុស្ស​ជនជាតិ​ដើម​ខ្មែរក្រោម​មួយ​ក្រុម​ ​ដែល​មាន​គ្នា​ ​៦​ ​នាក់​ ​ឡើង​ទៅ​ទីក្រុង​ ​ព្រៃនគរ​ ​ដើម្បី​ធ្វើ​សេចក្ដីរាយការណ៍​ អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ នៅ​ដែនដី​កម្ពុជាក្រោម​ ​ដែល​កំពុងតែ​ត្រូវ​របប​អាណានិគម​យួន​រំលោភបំពាន​ជា​រៀងរាល់ថ្ងៃ​ ​។​ នេះ​ជា​កិច្ចពិភាក្សា​លើកដំបូង​ បន្ទាប់ពី​វៀតណាម​បាន​ជាប់ឆ្នោត​ឋានៈ​ជាម​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​អង្គការសហប្រជាជាតិ​ ​នៅ​ថ្ងៃ​ទី​ ​១​១​ ​ខែ​តុលា​ ​កន្លងទៅ​នេះ​ ។

រីឯព្រឹត្តិការណ៍ទិវាសិទ្ធិមនុស្សអន្តរជាតិ ឆ្នាំ ២០២២ នេះ អង្គការ​ការពារ​សិទ្ធិខ្មែរ​ក្រោម ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម ​រស់​នៅ​លើ​ទឹក​ដី​កំណើត​ និង​នៅក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០ ​ធ្នូ​ ដោយស្នើ​សុំ​រដ្ឋាភិបាល​វៀតណាម​ បញ្ឈប់​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម ។ ពលរដ្ឋខ្មែរ​ក្រោម ​នៅ​កម្ពុជា​ក្រោម ​សហរដ្ឋ​អាមេរិក អូស្ត្រាលី កម្ពុជា និងប្រទេសផ្សេងទៀត​ បន្តងើប​ឡើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ និង​កម្ពុជា​ឲ្យ​គោរព​សិទ្ធិ​មនុស្ស ​និង​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ខ្មែរ ។ ពួកគេបាន​យក​ថ្ងៃ នៃ ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១០ ​ធ្នូ ដើម្បី​លើកឡើង​បញ្ហា​ជា​ច្រើន​ ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​ នៅ​ទឹកដី​កំណើត​ និង​នៅ​កម្ពុជា ។

ដោយឡែកករណីអាជ្ញាធរ​វៀតណាម​ រារាំង​ពលរដ្ឋ​ខ្មែរ​ក្រោម ​មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ វិញ ពួកគេចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម ថា ជា​ការ​បំបិទ​សិទ្ធិ​របស់​ពួកគាត់ ។ សមត្ថកិច្ច​វៀតណាម​ស្លៀក​ឯកសណ្ឋាន​ស៊ីវិល​ជាង ១០ នាក់ ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​គេហដ្ឋាន​មួយ ដោយ​ចោទ​ថា ខ្មែរ​ក្រោម​ប្រារព្ធ​ទិវា​នេះ គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​វៀតណាម ជា​ទង្វើ​ខុស​ច្បាប់ ។ អាជ្ញាធរ​វៀតណាម ​បាន​ចូល​ទៅ​សាកសួរ​រក​ច្បាប់​អនុញ្ញាត ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នេះ ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម ​អះអាង​ថា អាជ្ញាធរ​វៀតណាម មាន​បំណង​បំភ័យ​ខ្មែរ​ក្រោម​ឲ្យ​ផ្អាក​កម្ម​វិធី ។ តែ​ទោះ​យ៉ាងណា​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅតែ​បន្ត​កម្មវិធី​នេះ​រហូត​ដល់​ចប់ ព្រោះ​ពួកគេ​យល់​ថា បាន​ធ្វើ​ស្រប​តាម​ច្បាប់​វៀតណាម ។ ក្នុងខួប ៧៥ ឆ្នាំ នៃ ​ថ្ងៃ​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​ប្រមូល​គ្នា​ជាង​មួយ​រយ​នាក់ ដោយ​និមន្ត​ព្រះសង្ឃ ១០ អង្គ ដើម្បី​ប្រគេន​ចង្ហាន់ និង​មាន​ការ​បញ្ចេញ​មតិ​ពី​អ្នក​ចូល​រួម ពាក់ព័ន្ធ​នឹង​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ឬ​សិទ្ធិ​ជនជាតិ​ដើម ដែល​មាន​ចែង​ក្នុង​ច្បាប់​អង្គការ​សហប្រជាជាតិ​ ស្ដីពី​សិទ្ធិមនុស្ស ដែល​បាន​ចេញ​ផ្សាយ​ជា​សកល ។

យើងបែរមកចាប់អារម្មណ៍ ក្រុមអ្នកជំនាញ​អង្គការសហប្រជាជាតិ​ដាក់​សំណួរ​ទៅ​វៀតណាម ​រឿង​រំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោមវិញម្តង មុននឹងបិទបញ្ចប់ករណីរំលោភសិទ្ធិមនុស្ស នៅកម្ពុជាក្រោម ក្នុងឆ្នាំ ២០២២! មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ សំដែង​ក្តី​បារម្ភ​ពី​របាយការណ៍​ ដែល​រដ្ឋាភិបាល​វៀតណាម បាន​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងទៀត របស់​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម​ ។ ពួកគេ​សំណូមពរ​ឲ្យ​វៀតណាម ​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ ដែល​ជា​សមាជិក ​នៃ ​ក្រុមប្រឹក្សា​សិទ្ធ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ។

យោងតាមសេចក្តីរាយការណ៍របស់ ​វិទ្យុ​អាស៊ីសេរី​ ដែលបានចុះផ្សាយ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ថា អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិ​ដើម វប្បធម៌ អប់រំ និង​សេរីភាព​សាសនា ក្រុមការងារ​ប្រឆាំង​នឹង​ការ​ឃុំខ្លួន តាម​ទំនើងចិត្ត បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ បកស្រាយ​ចំពោះ​ការចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ជា​ជនជាតិ​ដើម​ ។ លិខិត​រួម​របស់​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ ចុះ​កាលពី​ដើម​ខែ​តុលា ឆ្នាំ ២០២៣ បាន​សរសេរ​ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ថា អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ចង់​ទាញ​ការ​ចាប់អារម្មណ៍​របស់​រដ្ឋាភិបាល​វៀតណាម ចំពោះ​ព័ត៌មាន ដែល​វៀតណាម​បរាជ័យ​ទទួលស្គាល់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ជនជាតិ​ដើម​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើ​តំបន់​ដី​សណ្ដ​ទន្លេមេគង្គ​ ។ អ្នកជំនាញ​បន្ត​ថា ពួកគេ​ក៏​ទទួល​បាន​សេចក្តី​រាយការណ៍​ ពី​ការ​រំលោភបំពាន សិទ្ធិ​សេរី​ផ្នែក​បញ្ចេញមតិ ការចូលរួម​ប្រជុំ សុខភាព ម្ហូបអាហារ ផ្ទះសម្បែង បរិស្ថាន ការ​រំលោភបំពាន​សេរីភាព​សាសនា ភាសា និង​វប្បធម៌ ។

លិខិត​រួម​របស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ សរសេរ​ថា ខ្មែរក្រោម​បាន​រស់នៅ​លើទឹក​ដី​កំណើត​ដី​សណ្ដ​ទន្លេមេគង្គ​រាប់ពាន់​ឆ្នាំ​មក​ហើយ ​។ ខ្មែរក្រោម ប្រើប្រាស់​ភាសា​ខ្មែរ និង​ជា​ជនជាតិ​ដើម ដែល​មាន​ចំនួន​ច្រើន​ជាងគេ នៅ​វៀតណាម​។ ចាប់​តាំងពី​ឆ្នាំ​ ១៩៧៥​ មក វៀតណាម បាន​ចាប់ផ្តើម​រឹបអូស​ដី​កសិកម្ម​ខ្មែរក្រោម ឲ្យ​ជនជាតិ​វៀតណាម ដែល​មក​តាំងទី​លំនៅ​លើ​ដែនដី​កម្ពុជា​ក្រោម យ៉ាង​គំហុក ​។ អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​កត់​សំគាល់​ថា ទោះបី​វៀតណាម​បោះឆ្នោត​គាំទ្រ​សេចក្តី​ប្រកាស​ជា​សាកល​ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម កាលពី​ឆ្នាំ ២០០៧​ ក្តី វៀតណាម ​មិន​បាន​ធ្វើ​ច្បាប់​ជាក់លាក់​ណាមួយ​ ស្ដីពី​ជនជាតិ​ដើមឡើយ ហើយវៀតណាម ក៏​មិន​បាន​ប្រើ​ពាក្យ «​ជនជាតិ​ដើម​» ដើម្បី​សំគាល់​លើ​ជនជាតិ​ដើម ចំនួន​ ៥៤ រួម​ទាំង​ខ្មែរក្រោម ​ផង​ដែរ ​។ វៀតណាម​ បន្ត​ប្រើប្រាស់​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត ដើម្បី​ធ្វើទុក្ខបុកម្នេញ​សេរី​បញ្ចេញមតិ​តាម​បណ្ដាញ​អ៊ីនធឺណិតរបស់​ពលរដ្ឋ​វៀតណាម និង​ខ្មែរក្រោម​ ។ មាន​យុវជន​ខ្មែរក្រោម​ ជាច្រើន​នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ចាប់ខ្លួន​តាម​ទំនើងចិត្ត សួរចម្លើយ ឃុំខ្លួន និង​កាត់ទោស​ដោយសារតែ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​សំដែង​មតិ ។

អ្នកជំនាញ​អង្គការ​ប្រជាជាតិ សំដែង​ក្តី​បារម្ភ​ជាពិសេស​លើ​ករណី​វៀតណាម ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម លោក យឿង ខាយ និង លោក ថាច់ កឿង ដែល​សកម្ម​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម​ ។ ពួកគេ​ត្រូវ​បាន​វៀតណាម ឃុំខ្លួន សួរចម្លើយ​អស់​ជាច្រើន​ម៉ោង និង​បង្ខំ​ឲ្យ​សារភាព​ទោស ដែល​ពួកគេ​មិនបាន​ប្រព្រឹត្ត​ ។ ករណី​ពិសេស​មួយទៀត គឺ​ករណី លោក ថាច់ រីន ដែល​ត្រូវ​វៀតណាម​ ចាប់​ដាក់​ពន្ធនាគារ​រយៈ​ពេល ៦​ ខែ ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​អតីត​មេដឹកនាំ​វៀតណាម លោក ហូ ជី មិញ និង​លោក​រឿង​ផ្សព្វផ្សាយ ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម និង​ចែករំលែក​ចំណេះដឹង​ផ្នែក​សិទ្ធិ​ជនជាតិ​ដើម សិទ្ធិមនុស្ស និង​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព (SDG) របស់​អង្គការ​សហប្រជាជាតិ ​។ អ្នកជំនាញ​អង្គការសហប្រជាជាតិ​ថា វៀតណាម​មិនបាន​ផ្តល់​ការ​កាត់ទោស​ដោយ​យុត្តិធម៌​ដល់​លោក ថាច់ រីន និង​មិន​អនុញ្ញាត​ឲ្យ​លោក​ជួប​ក្រុម​គ្រួសារ និង​មេធាវី ។

អ្នកជំនាញ​អង្គការ​ប្រជាជាតិ បាន​ទុក​រយៈពេល ៦០ ​ថ្ងៃ ឲ្យ​វៀតណាម​ឆ្លើយ​សំណួរ​មួយចំនួន​ ដែលវៀតណាម​ត្រូវ​គេ​ចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិមនុស្ស ជនជាតិ​ដើម​ខ្មែរក្រោម​ ។ ពួកគេ​ក៏​ចង់​ឲ្យ​វៀតណាម បង្ហាញ​ភស្តុតាង​ទាំងឡាយ ដែល​បញ្ជាក់​ថា ជនជាតិ​ដើម​ខ្មែរក្រោម យល់ព្រម​នឹង​រដ្ឋាភិបាល​វៀតណាម មុននឹង​រដ្ឋាភិបាល​កាត់​ដី​ខ្មែរក្រោម​ ឲ្យ​ធ្វើជា​ដី​សម្បទាន​សេដ្ឋកិច្ច បង្ហាញ​ពី​វិធានការ ដែល​វៀតណាម​បាន​ធ្វើ​ ដើម្បី​ការពារ​កុំ​ឲ្យ​អាជ្ញាធរ​វៀតណាម ចាប់​ឃុំ​ខ្មែរក្រោម​តាម​ទំនើងចិត្ត បង្ហាញ​វិធានការ​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម អាច​បង្ហាញ​ពី​អត្តសញ្ញាណ​ជា​ជនជាតិ​ដើម ចូលរួម​សកម្មភាព​វប្បធម៌ ប្រើប្រាស់​ភាសា​ដើម ទទួល​បាន​ការអប់រំ និង​ប្រតិបត្តិ​សាសនា​ដោយ គ្មាន​ការភ័យខ្លាច​ ។ អ្នកជំនាញ​អង្គការ​ប្រជាជាតិ​ថា ក្នុង​ពេល​រង់ចាំ​ចម្លើយ​របស់​វៀតណាម​នេះ រដ្ឋាភិបាល​វៀតណាម ត្រូវ​ចាត់វិធានការ​ចាំបាច់​ ដើម្បី​បញ្ឈប់​ការ​រំលោភបំពាន ហើយ​ប្រសិនបើ​ការ​រំលោភបំពាន​នោះ ​នៅតែ​បន្ត​មាន រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ប្រឆាំង​ជនល្មើស​ទាំងនោះ​ ។ ទោះបីជា​យ៉ាងណា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ឲ្យ​ដឹង​ថា វៀតណាម​មិន​បាន​ចាត់​វិធានការ​ទប់ស្កាត់ ការ​កោះហៅ​ខ្មែរក្រោម​ ទៅ​សំឡុត​បំភ័យ​រឿង​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ឡើយ​ ៕