សង្ខេប​ព្រឹត្តិការណ៍​រំលោភសិទ្ធិ​មនុស្ស ​និង​ សេរីភាព​បញ្ចេញមតិ ​នៅ​កម្ពុជា​ក្រោម ក្នុង​ឆ្នាំ ២០២០

ដោយ យាង សុធា​រិន្ទ

២០២០ គឺជា​ឆ្នាំ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ បានទទួល​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ ការរំលោភសិទ្ធិមនុស្ស ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ក្នុងការ​ដើរហើរ​ ក្នុង​ចំនួន​ខ្ពស់​គួរឱ្យព្រួយបារម្ភ ។ យុវជន​ខ្មែរក្រោម ​មួយចំនួន​ត្រូវបាន​អាជ្ញាធរ​វៀតណាម​កោះហៅ ចោទសួរ ពិន័យ និង ចោទប្រកាន់​ពី​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដោយសារ​ពួកគេ​បាន​ចែករម្លែក បង្ហោះ ឬ​រក្សាទុក ខ្លឹមសារ​ទាក់ទង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ដាក់​រូប​សញ្ញា​កាន់ទុក្ខ​មាន​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម លើ​ប្រូ​ហ្វា​ល​ហ្វេ​ស​ប៊ុ​ក និង​ប្រកាស​ចែកចាយ​សៀវភៅ «​សិទ្ធិ​ជនជាតិដើម​» ដល់​ខ្មែរ​នៅ កម្ពុជា​ក្រោម​ជាដើម ។ ​តើ​រឿងរ៉ាវ​ទាំងអស់នេះ ​បានកើត​ឡើង​យ៉ាងដូចម្តេចខ្លះ? តើ​យុវជន​ខ្មែរក្រោម​ណាខ្លះ ​ដែលត្រូវបាន​អាជ្ញាធរ​វៀតណាម​ធ្វើបាប? តើ​បច្ចុប្បន្ន​ពួកគេ​មាន​ស្ថានភាព​បែបណា? ។

សកម្មជនខ្មែរក្រោម ដែលប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិជុំវិញប្រវត្តិសាស្រ្ត ទឹកដីកម្ពុជាក្រោម រងការកោះហៅសួរចម្លើយ និងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរពីសំណាក់ អាជ្ញាធរវៀតណាម ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយការរឹបអូសយកដីធ្លី និងការចាប់ខ្លួនឃុំខ្លួន ឬដាក់ពន្ធនាគារ ។
សកម្មជនខ្មែរក្រោម ដែលប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិជុំវិញប្រវត្តិសាស្រ្ត ទឹកដីកម្ពុជាក្រោម រងការកោះហៅសួរចម្លើយ និងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរពីសំណាក់ អាជ្ញាធរវៀតណាម ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយការរឹបអូសយកដីធ្លី និងការចាប់ខ្លួនឃុំខ្លួន ឬដាក់ពន្ធនាគារ ។

​ស្រប​ពេលដែល​ប្រទេស​ នៅលើ​ពិភពលោក​កំពុងតែ​មមាញឹក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​សម្លាប់​ជីវិត​មនុស្ស​នៅលើ​ភពផែនដី នៅឯ​ដែនដី​កម្ពុជា​ក្រោម ឯណោះ អាជ្ញាធរ​វៀតណាម​ក៏​មមាញឹក​នៅក្នុង​ការ​សម្លុត​បំភ័យ គំរាមកំហែង និង បង្ក្រាប​ទៅលើ​សកម្មជន​ការពារ​សិទ្ធិ​និង​អ្នក​បញ្ចេញមតិ​ខ្មែរក្រោម​ជា​ហូរហែ​ពេញ​ក្នុង​មួយឆ្នាំ ២០២០ ។

​ជាក់ស្តែង គ្រាន់តែ​បើក​ក្បាល​ឆ្នាំ​ថ្មី ឆ្នាំ​២០២០ ភ្លាម នៅ​ថ្ងៃទី​៦ ខែមករា នគរបាល​វៀតណាម ខេត្ត​ឃ្លាំង បាន​កោះហៅ យុវជន យឿ​ង ខាយ (Dương Khải) នៅ​ភូមិ​ដាយ​តា​ប៉ាយ ឃុំ​ឡាក​ហ្វា (Lạc Hòa) ស្រុក​ជ្រោយ ញ ខេត្ត​ឃ្លាំង ទៅ​សួរចម្លើយ បន្ទាប់ពី​យុវជន​រូបនោះ ប្រើ​សិទ្ធិសេរីភាព​របស់ខ្លួន ដើម្បី​បញ្ចេញមតិ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​កម្ពុជា​ក្រោម និង​ចែកចាយ​ព័ត៌មាន​ពី​សកម្មភាព​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស ។​
​ក្នុងពេល​កោះហៅ​នោះ អាជ្ញាធរ​វៀតណាម​បាន​ដកហូត​សម្ភារៈ​មួយចំនួន​ពី​លោក យឿ​ង ខាយ ដែល​រួមមាន ទូរ​សព្ទ​ដៃ ១ គ្រឿង និង​លេខ​ស៊ីម​កាត ១ ដើម្បី​ព្រមាន​បញ្ឈប់​យុវជន យឿ​ង ខាយ ផ្សព្វផ្សាយ​និង​ចែកចាយ​ព័ត៌មាន​អំពី​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​កម្ពុជា​ក្រោម​បន្តទៀត ។

​មិនយូរប៉ុន្មាន​បន្ទាប់​ពីនេះ គឺ​នៅ​ខេត្ត​ឃ្លាំង​ដដែល​អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​នេះ នៅ​ថ្ងៃទី ២៣ មេសា បាន​កោះហៅ​ពលរដ្ឋ​ក្រោម​លោក គឹម ហុង​មី​ល នៅ​ភូមិ​ព្រៃ​ជាប់ ឃុំ​ទឹកសាប ស្រុក​ជ្រោយ ញ ខេត្ត​ឃ្លាំង ទៅ​សាកសួរ ជុំវិញ​ការប្រើប្រាស់​បណ្ដាញ​សង្គម ដោយ​អាជ្ញាធរ​វៀតណាម ចាត់ទុកថា ជា​ករណី​ខុសច្បាប់ ។​

​មួយខែ​ក្រោយមក តែ​នៅឯ​ខេត្ត​ព្រះ​ត្រពាំង​វិញ យុវជន​ខ្មែរក្រោម​ឈ្មោះ ថាច់ កឿង ត្រូវបាន​អាជ្ញាធរ​វៀតណាម ស្រុក​ផ្នោ​ដាច់ (Cầu Ngang) នៃ​ខេត្ត​ព្រះ​ត្រពាំង កោះហៅ​ទៅ​សួរចម្លើយ នៅ​ព្រឹក​ថ្ងៃទី ២៩ ឧសភា បន្ទាប់ពី​លោក​ធ្វើការ​ផ្សាយ​ផ្ទាល់ (Live) នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ថា អាជ្ញាធរ​វៀតណាម​ចែក​អង្ករ​ក្លែងក្លាយ (​ឬ​អង្ករ​ប្លា​ស្ទិ​ក​) ជូន​អ្នកភូមិ​ខ្មែរក្រោម ។ នៅក្នុង​វីដេអូ​ឃ្លី​ប យុវជន​ខ្មែរក្រោម​រូបនេះ យក​អង្ករ​ពិត និង​អង្ករ ដែល​សង្ស័យថា មាន​ផ្ទុក​សារធាតុ​ផ្លា​ស្ទិ​ច មក​ធ្វើ​ពិសោធន៍​ដោយ​លីង​ក្នុង​ខ្ទះ ដើម្បី​ចង់ដឹងថា អង្ករ​នោះ​ពិត ឬ​ក្លែងក្លាយ ។​

​អាជ្ញាធរ​វៀតណាម បាន​ចោទប្រកាន់​យុវជន ថាច់ កឿង ថា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​អា​ជ្ញា​ធរ និង​ស្ថាប័ន​រដ្ឋអំណាច​វៀតណាម ។

​យុវជន​ដដែល​រូបនេះ បាន​បញ្ជាក់ថា លោក​ត្រូវបាន​បង្ខំ​ឲ្យ​សរសេរ​លិខិត​សារភាព​ទទួលស្គាល់​ទោសកំហុស និង​បង្ខំ​ឲ្យ​លោក​ចេញ​វីដេអូ​ឃ្លី​ប​សុំទោស នៅលើ​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​បង្ខិតបង្ខំ​ឲ្យ​លោក​លុបចេញ​នូវ​វីដេអូ ដែល​លោក​ធ្វើតេស្ត​អង្ករ​ក្លែងក្លាយ​នោះ​ទៀតផង ។​

​បន្ទាប់មកទៀត យុវជន​រូបនេះ ត្រូវបាន​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ព្រះ​ត្រពាំង ពិន័យ​ជា​ប្រា​ក់ជាង ៧ លាន​ដុង ឬ​ប្រមាណ​ជាង ៣ រយ​ដុល្លារ ។​

​យុវជន​រូបនេះ អះអាងថា អាជ្ញាធរ​វៀតណាម បាន​ព្រមាន​ថា ក្នុងករណី​លោក​មិន​ព្រម​បង់ប្រាក់​ពិន័យ និង​ទទួលកំហុស​ទេ លោក​នឹងត្រូវ​ចាប់ខ្លួន ។ ដូច្នេះ លោក​បង្ខំចិត្ត​ចុះហត្ថលេខា​ទទួលស្គាល់ថា អង្ករ​ក្លែងក្លាយ​ដែល​អាជ្ញាធរ​វៀតណាម​ចែក​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​នោះ​ជា​អង្ករ​ពិត ។​

​ទោះជា​បែបនេះ​ក្តី ក្រោយមក​លោក​បញ្ជាក់ថា លោក​មិន​យល់ព្រម​បង់ប្រាក់​ពិន័យ​នោះទេ ដោយសារតែ​លោក​ថា​អាជ្ញាធរ​វៀតណាម​អនុវត្ត​ច្បាប់​តឹងរឹង​ចំពោះតែ​ពលរដ្ឋ​ខ្មែរក្រោម ហើយ​ចាត់ទុក​ការពិន័យ​នេះ​ថា​ជា​រឿង​អយុត្តិធម៌ ។ ការលើកឡើង​បែបនេះ ដោយសារ​តែមាន ស្ត្រី​ជនជាតិ​យួន​ម្នាក់​បាន​ប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជេរប្រមាថ និង​តិះដៀល​មកលើ​ពលរដ្ឋ​ខ្មែរក្រោម​ថា​ពូជខ្មែរ​ថោកទាប ខ្មែរ​ជា​ឆ្កែ ខ្មែរ​ជា​មនុ​ស្សព្រៃ ជា​មនុស្ស​ល្ងង់ខ្លៅ ជា​មនុស្ស​ខ្មៅ​ងងឹត និង​ប្រើ​ពាក្យអសុរស​មើលងាយ​ផ្សេងៗ​ជាច្រើន​ទៀត ។ ប៉ុន្តែ​មិនត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាត់វិធានការ​ច្បាប់​ប្រឆាំង​ឡើយ ។ យុវជន ថាច់ កឿង ថា លុះត្រាតែ​មានការ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា ពោលគឺ​អាជ្ញាធរ​ត្រូវតែ​នាំខ្លួន​ស្ត្រី​ជនជាតិ​យូ​ន​ម្នាក់​នោះមក​ផ្តន្ទាទោស​ពីបទ​ជេរប្រមាថ​សាធារណៈ​ដែរ ។

​សូមបញ្ជាក់ថា កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៩ យុវជន​រូបនេះ ក៏​តំណាង​ឲ្យ​ពលករ​ខ្មែរក្រោម ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម ស្នើឱ្យ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម អនុញ្ញាតឱ្យ​ខ្មែរក្រោម ដែល​ធ្វើ​ការងារ​នៅ​ទីក្រុង អាច​ឈប់សម្រាក​ពេល​បុណ្យជាតិ​សំខាន់ៗ ដូចជា បុណ្យចូលឆ្នាំថ្មី និង​បុណ្យ​សែនដូនតា ជាដើម ។

​យើង​មិនទាន់​ទៅណា​ឆ្ងាយ​ពី​ខេត្ត​ព្រះ​ត្រពាំង​នៅឡើយ​ទេ នៅ​ដើមខែ​មិថុនា ស្រប​ពេលដែល​ខ្មែរក្រោម​នៅ​ជុំវិញ​ពិភពលោក​ប្រារព្ធ​ខួប ៧១ ឆ្នាំ ជា​ថ្ងៃ​ដែល​អាណានិគមនិយម​បារាំង បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង​បន្ត​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ អាជ្ញាធរ​វៀតណាម​បាន​ព្រមាន​យុវជន​ខ្មែរក្រោម​ឈ្មោះ ថាច់ ថុង ឲ្យ​ដក​រូប​សញ្ញា​កាន់ទុក្ខ​មាន​ទង់ជាតិ​កម្ពុជា​ក្រោម​នៅលើ​ប្រូ​ហ្វា​ល (Profile) ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ចេញ ដោយ​អាជ្ញាធរ​ចោទប្រកាន់ថា ធ្វើ​សកម្មភាព​ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម ។​

​យុវជន ថាច់ ថុង រស់នៅ​ភូមិ​កញ្ចោង​កំពង់លាវ ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង ថា​គ្រួសារ​លោក បាន​ទូរស័ព្ទ​មក​ប្រា​ប់លោក ខណៈ​លោក​កំពុង​បំពេញការងារ នៅ​ខេត្ត​វាល​ប្រើស ថា អាជ្ញាធរ​មូលដ្ឋាន​នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម បាន​គំរាម​គ្រួសារ​របស់លោក ដោយ​បង្ខំ​ឲ្យ​ទាក់ទង​ទៅ​លោក ដើម្បី​លុប​រូប​សញ្ញា​កាន់ទុក្ខ ដែលមាន​រូប​ទង់ជាតិ​កម្ពុជា​ក្រោម ចេញពី​ប្រូ​ហ្វា​ល (Profile) ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ជាបន្ទាន់ បើ​ពុំ​នោះទេ ពួកគេ នឹង​ស្នើ​ទៅ​ក្រុមនគរបាល នៅ​ខេត្ត​ដូន​ណៃ ទៅ​ចាប់ខ្លួន​លោក​ដល់ទី​កន្លែង ដែល​លោក​កំពុងធ្វើការ​ជាពុំខាន​ឡើយ ។​

​យុវជន​រូបនេះ កត់សម្គាល់ថា នាពេល​កន្លងមក​អាជ្ញាធរ​វៀតណាម តែង​តាមដាន​គ្រប់​សកម្មភាព​របស់លោក ព្រោះ​ជា​ញឹកញាប់​លោក​តែងតែ​បញ្ចេញមតិ​នៅលើ​បណ្ដាញ​សង្គម និង​ចែករំលែក​សារ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក ដោយបាន​ចែករំលែក​ព័ត៌មាន​បន្ត អំពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ចុះផ្សាយ​នៅលើ​សារព័ត៌មាន​ព្រៃនគរ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​វិទ្យុ​បរទេស​មាន វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ជាដើម ។ លោក​ក៏បាន​ចែករំលែក​វីដេអូ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ក្នុង​ពិធី​រំឭក​ខួប ៧១ ឆ្នាំ នៃ​ទិវា ៤ មិថុនា ដែល​ប្រារព្វ​ឡើង ដោយ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​រាជធានី​ភ្នំពេញ ថែមទៀត ។​
​បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម មិនមាន​សិទ្ធិ​ប្រារព្ធ​ខួប ទិវា ៤ មិថុនា នោះទេ ។

​នៅក្នុង​ខែមិថុនា ដដែល​នេះ អាជ្ញាធរខេត្ត​ឃ្លាំង នៅ​ព្រឹក​ថ្ងៃទី ១៩ មិថុនា បាន​កោះហៅ​យុវជន​ខ្មែរក្រោម​ឈ្មោះ ឡឹម ណា​រិ​ទ្ធ ឲ្យ​ចូលទៅ​បំភ្លឺ​ជុំវិញ​ការ​បង្ហោះ​សារ និង​រូបភាព​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​ខ្លឹមសារ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម និង​ចែកចាយ​ព័ត៌មាន​ពី​សកម្មភាព​របស់​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។​

​លោក​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ដកហូត​ទូរ​សព្ទ​ដៃ​មួយគ្រឿង លេខ​ស៊ីម​កាត និង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ។ អាជ្ញាធរ​វៀតណាម​ក៏បាន​បង្ខំ​ឲ្យ​លោក​លុប​រាល់​ព័ត៌មាន​ដែល​លោក​ចែករំលែក​បន្ត​ពី​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) ទូរទស្សន៍ ព្រៃនគរ និង​លុប​នូវ​រូប​សញ្ញា​កាន់ទុក្ខ​ដែលមាន​ទង់ជាតិ​កម្ពុជា​ក្រោម ដោយ​សរសេរ​ជា​សារ​ថា «​ទិវា​កាន់ទុក្ខ​ជាតិខ្មែរ ៤ មិថុនា ១៩៤៩ យួន​ត្រួតត្រា​កម្ពុជា​ក្រោម​» ព្រមទាំង​លុប​វីដេអូ​បទ​ចំរៀង​ជាតិនិយម​ខ្មែរក្រោម ដែល​ច្រៀង​ដោយ នាង ទូច ស៊ុន​នី​ច ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ផង ។

​អាជ្ញាធរ​វៀតណាម បាន​ថត​យក​ព័ត៌មាន ដែល​លោក​បង​ង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ហើយ​ផ្តិតចេញមក​ឲ្យ​លោក​ចុះហត្ថលេខា​ទទួលស្គាល់ថា ជា​ព័ត៌មាន ដែល​លោក​បង្ហោះ និង​ចែករំលែក​ទាក់ទង​នឹង​រឿង​ខ្មែរក្រោម គឺជា​ការពិត ។ បន្ថែម​ពីលើ​នេះ អាជ្ញាធរ​វៀតណាម ក៏បាន​ព្រមាន​ថា លោក នឹងត្រូវ​ចាប់ខ្លួន ប្រសិនបើ​លោក នៅតែ​បន្ត​បង្ហោះ​សារ និង​ចែកចាយ​ព័ត៌មាន​ទាំងឡាយណា ដែលមាន​ខ្លឹមសារ​ពាក់ព័ន្ធ នឹង​ទឹកដី​កម្ពុជា​ក្រោម​ទៀត ។

​នៅក្នុង​ខេត្ត​ឃ្លាំង​និង​ក្នុង​ខែមិថុនា​ដដែល យុវជន​ខ្មែរក្រោម យ៉ា​ញ់ មិញ​ក្វាង ត្រូវបាន​អាជ្ញាធរ​វៀតណាម​កោះហៅ​ទៅ​សួរនាំ​ក្រោយពី​លោក​បាន​បង្ហោះ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទថា អាជ្ញាធរ​វៀតណាម ចែក​ជំនួយ​ឲ្យ​តែ​ជនជាតិ​វៀតណាម​នៅក្នុង​រដូវ​កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ពលរដ្ឋ​ខ្មែរក្រោម​មាន​ប័ណ្ណ​ក្រីក្រ បែរជា​មិនបាន​ទទួល​ជំនួយ​ផ្សេងៗ​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ។

​មុនពេល​កោះហៅ យុវជន យ៉ា​ញ់ មិញ​ក្វាង (Danh Minh Quang) ដែល​រស់នៅ​ភូមិ​ស្រឡូង ឃុំ​ជ្រោយ​ទឹម ស្រុក​បាយ​ឆៅ ខេត្ត​ឃ្លាំង បានធ្វើ​ការផ្សាយ​ផ្ទាល់ (Live) នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម ថា​បាន​ដើរ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្ងឺ​កូ​វីដ​-១៩ ឲ្យ​ទទួល​អំណោយ​ពី​រដ្ឋាភិបាល​វៀតណាម មានតែ​ឈ្មោះ​ពលរដ្ឋ​ជា​សាច់ញាតិ​របស់​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ ។ រីឯ​ពលរដ្ឋ​ខ្មែរក្រោម ដែលមាន​ជីវភាព​ក្រីក្រ និង​ជួបប្រទះ​ទុក្ខលំបាក​ពិតប្រាកដ​មិនបាន​ទទួល​ទេ ។​

​ឆ្លើយតប​ការចោទប្រកាន់​នេះ អាជ្ញាធរ​វៀតណាម បាន​លើកឡើងថា ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ មិន​ទទួលបាន​ជំនួយ​ដោយសារតែ​ពួកគេ​បាន​រួច​ចាក​ផុតពី​ភាពក្រីក្រ ។ ចំណែកឯ​ប័ណ្ណ​ក្រីក្រ​របស់​ពួកគេ​ដែល​អាជ្ញាធរ​ចេញ​ឲ្យ​នោះ ក៏ត្រូវ​បាន​លុបចោល​រួចហើយ​ដែរ ។​ ​ប៉ុន្តែ​បន្តា​ប់​មក អាជ្ញាធរ​វៀតណាម​បាន​គំរាមកំហែង និង​បំបិទ​សិទ្ធិ​សេរី​របស់លោក​មិន​ឲ្យ​ទាក់ទង​ផ្តល់ព័ត៌មាន​ពី​បញ្ហា​នេះ​ទៅ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ឡើយ ។​

​អាជ្ញាធរ​វៀតណាម​បាន​ចោទប្រកាន់​លោក យ៉ា​ញ់ មិញ​ក្វាង ថា​ជា​ជន​ក្បត់ជាតិ និង​បង្ខំ​ឲ្យ​លោក​ចុះហត្ថលេខា​លើ​លិខិត​កំណត់ហេតុ ដោយ​យល់ព្រម​បញ្ឈប់​ថត​វីដេអូ​រិះគន់​រដ្ឋាភិបាល​វៀតណាម តាមរយៈ​បណ្ដាញ​សង្គម និង​ផ្តល់ព័ត៌មាន​ទៅ​ខ្មែរក្រោម​នៅក្រៅ​ស្រុក​ទៀត​ពី​ភាពមិនប្រក្រតី​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន​ក្នុង​ការដើរ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្ងឺ​កូ​វីដ​-១៩ ។

​ទោះជា​យ៉ាងណា លោក​ថា លោក​មិនដឹង​ពី​ខ្លឹមសារ​ក្នុង​លិខិត​កំណត់​ហេតុដែល​សរសេរ​យ៉ាង​វែង​ពី​អាជ្ញាធរ​វៀតណាម​នោះទេ ដោយសារតែ​អាជ្ញាធរ​មិន​អាន​ឲ្យ​លោក​ស្តាប់ ហើយ​នៅពេល​លោក​សុំ​ថត​លិខិត​កំណត់ហេតុ​នោះ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ឡើយ ទើប​មានការ​ប្រទាញប្រទង់​គ្នា​រវាង​លោក និង​សមត្ថកិច្ច​នគរបាល​វៀ​ត​ណា​ម ហើយក៏​បណ្តាល​ឲ្យ​លិខិត​នោះ ដាច់ចេញ​ជា​ពីរ​កំណាត់ ។ លោក​បន្ថែមថា នៅពេលនោះ លោក​បាន​ទាញ​ទូរស័ព្ទ ដើម្បី​ថត​សកម្មភាព ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​ទាំងនោះ បាននាំគ្នា​រត់គេច​ចេញ​ពី​បន្ទប់​សួរចម្លើយ ទើប​លោក​ដើរ​ចេញពី​ការិយាល័យ​នគរបាល ហើយ​ធ្វើដំណើរ​មក​ផ្ទះ​វិញ ។

​នៅ​ថ្ងៃ​បន្ទាប់មកទៀត លោក​ត្រូវបាន​ឃុំខ្លួន​ជាង ៣ ម៉ោង នៅក្នុង​ការិយាល័យ​នគរបាល​ឃុំ​ជ្រោយ​ទឹម ដោយសារតែ​លោក​មិន​ព្រម​ចុះ​ហត្ថ​លលេ​ខា​នៅលើ​លិខិត​កំណត់ហេតុ​មួយច្បាប់ ដែល​បាន​សរសេរ​រួចជាស្រេច ។ លោក​ថា ខ្លឹមសារ​នៅក្នុង​កំណត់ហេតុ​នោះ នរគ​បាល​បានបញ្ជាក់​ប្រាប់​លោក​ថា ឲ្យ​បញ្ឈប់​ថត​វីដេអូ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​ពី​ការរើសអើង​ជាតិ​សាសន៍ ពាក់ព័ន្ធ​នឹង​ការចែក​ជំនួយ​នៅក្នុង​រដូវ​កាល​នៃ​វិបត្តិ​កូ​វីដ​-១៩ និង​ហាម​មិន​ឲ្យ​ទាក់ទង​ផ្តល់ព័ត៌មាន​ពី​បញ្ហា​នេះ ទៅ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស បើ​ពុំ​នោះទេ លោក​នឹងត្រូវ​ចាប់ខ្លួន ។ បន្ថែម​ពីលើ​នេះ លោក​ថា អាជ្ញាធរ​វៀតណាម បានធ្វើ​ការដកហូត​ទូរស័ព្ទដៃ​របស់លោក ហើយ​បាន​លុប​នូវ​រាល់​ការ​បង្ហោះ​រូបភាព និង​វីដេអូរ ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក​ទៀតផង ។​

​តែ​ទោះបីជា​យ៉ាងណា យុវជន​ខ្មែរក្រោម​រូបនេះ បាន​បញ្ជាក់ថា ចំពោះ​សំណើរ​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ក្រីក្រ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ដោយ​ស្មើភាព​គ្នា​នោះទេ អាជ្ញាធរ​បាន​សន្យាថា នឹង​ពិនិត្យ​ដោះស្រាយ​ជូន​នៅពេល​ខាងមុខ ។

​មានរឿង​រ៉ាវ​ច្រើន​បាន​កើតឡើង​ចំពោះ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរក្រោម​នៅក្នុង​អំឡុង​ខែមិថុនា​នេះ ។ ឥឡូវ​យើង​ធ្វើដំណើរ​ត្រឡប់​ទៅកាន់​ខេត្ត​ព្រះ​ត្រពាំង​ជាថ្មីទៀត !

​យុវជន​ខ្មែរក្រោម​ម្នាក់ទៀត​គឺ​លោក តោ ហ្វា​ង​ចឿ​ង នៅ​ថ្ងៃទី​៨ ខែមិថុនា ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង កោះហៅ​ទៅ​សាកសួរ ជុំវិញ​ការ​បង្ហោះ​សារ និង​ចែករំលែក​ព័ត៌មាន​បន្ត​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

​ការកោះហៅ​នេះ​ក្រោយពី​លោក តោ ហ្វា​ង ចឿ​ង ដែល​រស់នៅ​ភូមិ​មេ​រង​ថ្មី ឃុំ​មេ​រង​ថ្មី ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង បាន​បង្ហោះ​ឯកសារ​មួយច្បាប់ ដោយ​លើកឡើងថា ជា​លិខិត​របស់លោក ហូ ជី​មិញ ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ផ្ញើជូន​ប្រជាជាតិ​ខ្មែរក្រោម នៅ​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៥ ។​

​យោងតាម​លិខិត​នោះ លោក ហូ ជី​មិញ បានសរសេរថា «​ដែនដី​កម្ពុជា​ក្រោម​នេះ ស្ថិតនៅក្រោម​ការគ្រប់គ្រង និង​ជា​កម្មសិទ្ធិ​របស់​ប្រជាជាតិ​ខ្មែរក្រោម​» ។ លិខិត​ដដែល​នោះ បាន​បញ្ជាក់ថា «​ជាមួយ នឹង​ការពិត​នោះ ជនជាតិ​វៀតណាម ដែល​រស់​នៅលើ​ទឹកដី​កម្ពុជា​ក្រោម គ្រាន់តែ​ជា​អ្នក​ស្នាក់អាស្រ័យ​ប៉ុណ្ណោះ គ្មាន​សិទ្ធិ​សម្រេច​អ្វី​ឡើយ ទាក់ទង​នឹង​អធិបតេយ្យភាព និង​សិទ្ធិ​ធ្វើជា​ម្ចាស់ការ​នៅលើ​ទឹកដី​នេះ​» ។​

​ជុំវិញ​ករណី​នេះដែរ ទំព័រ​ហ្វ​ស​ប៊ុ​កមួយ​ឈ្មោះ Vì Dân Phục Vụ បានចេញ​សេចក្តីបំភ្លឺ និង​បដិសេធ​នូវ​អ្វីដែល​ហៅថា លិខិត​របស់លោក លោក ហូ ជី​មិញ ផ្ញើជូន​ប្រជាជន​ខ្មែរក្រោម ដែល​លោក លោក តោ ហ្វា​ង ចឿ​ង បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក ថា​ជា​ព័ត៌មាន​មិន​ពិត ។​

​លោក​ត្រូវបាន​អាជ្ញាធរ​ចោទសួរ ជិត ៥ ម៉ោង ។ ក្រោយ​សាកសួរ​ចប់ លោក​ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្ហោះ​ព័ត៌មាន​មិន​ពិត និង​បង្គាប់​ឲ្យ​លោក​ត្រូវ​ទៅ​បង់ប្រាក់​ពិន័យ​ទៅ​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ព្រះ​ត្រពាំង នៅ​ថ្ងៃទី ១១ មិថុនា ។ ប៉ុន្តែ លោក តោ ហ្វា​ង ចឿ​ង បដិសេធ​មិន​ព្រម​ទទួលយក​លិខិត​នោះទេ ដោយ​សំអាងថា លោក​គ្មាន​ទោសកំហុស​អ្វី​ឡើយ ។ លោក​បញ្ជាក់ថា លោក​អាច​ប្រឈម នឹង​ការពិន័យ​ជា​ប្រាក់ ចាប់ពី ១០ លាន​ដុង​ទៅ ២០ លាន​ដុង ឬ​ប្រមាណ ៥ រយ​ដុល្លារ ទៅ ១ ពាន់​ដុល្លារ ។​

​លុះដល់​ថ្ងៃទី​១៤ ខែមិថុនា មន្ត្រី​ស៊ើបអង្កេត​នៃ​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ព្រះ​ត្រពាំង បានចេញ​លិខិត​កោះហៅ​លោក ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​សាជាថ្មី ជុំវិញ​ការមិន​ព្រម​បង់ប្រាក់​ពិន័យ​តាម​ការកំណត់​របស់​អា​ជ្ញា​ធរ​វៀតណាម ។ ប៉ុន្តែ​លោក​ឆ្លើយតប​ថា លោក​មិន​ទៅតាម​ការកំណត់​របស់​ក្រុម​អាជ្ញាធរ​វៀតណាម​ដែល​បង្គាប់​ឲ្យ​លោក​ទៅ​បង់ប្រាក់​ពិន័យ​នោះទេ ។ លោក​ថា មិនមែន​លោក​ខ្លាច ឬ​រត់គេចខ្លួន​នោះទេ ប៉ុន្តែ​ត្រូវការ​ស្វែងរក​មេធាវី​ដើម្បី​ប្ដឹង​ទាស់ ទៅនឹង​ការសម្រេច​នេះ ។

​ពីរ​ថ្ងៃ​ក្រោយមក យុវជន​ខ្មែរក្រោម​រូបនេះ ត្រូវបាន​អាជ្ញាធរ​វៀតណាម ខេត្ត​ព្រះ​ត្រពាំង ពិន័យ​ជា​ប្រា​ក់ជាង ៧ លាន​ដុង ឬ​ប្រមាណ​ជាង ៣ រយ​ដុល្លារ​អាមេរិក ទៅតាម​មាត្រាមួយ​នៃ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម ។​ ប៉ុន្តែ​រូបគេ​សម្រេច​មិន​បង់ប្រាក់​ពិន័យ​តាម​ការបង្គាប់​របស់​អា​ជ្ញា​ធរ​ឡើយ​ ដោយ​លើកឡើងថា ចំណាត់ការ​របស់​អាជ្ញា​ធរ​វៀតណាម​នេះ មាន​គោលដៅ​បំបិទ​សិទ្ធិសេរីភាព​ចំពោះតែ​ពលរដ្ឋ​ខ្មែរក្រោម​ប៉ុណ្ណោះ ខណៈ​ជនជាតិ​វៀតណាម​ដែល​រើសអើង និង​ជេរប្រមាថ​ខ្មែរក្រោម​ជា​សាធារណៈ អាជ្ញាធរ​មិនដែល​ចាត់វិធានការ​ឡើយ ។

​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​យុវជន តោ ហ្វា​ង​ចឿ​ង ដដែល តែ​ក្នុងករណី​មួយ​ផ្សេងទៀត ។ នៅក្នុង ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ត្រូវបាន​នគរបាល​វៀតណាម​ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ នៅ​ចំពោះមុខ​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ទទួលបន្ទុក គ្រប់គ្រង​ផ្នែក​រដ្ឋបាល និង​សណ្តាប់ធ្នាប់​សង្គម​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ផ្នោ​ដាច់ ជុំវិញ​ការចោទប្រកាន់ថា​លោក​ប្រកប​អាជីវកម្ម ដោយ​គ្មាន​លិខិតអនុញ្ញាត ។ ការកោះហៅ​នេះ នៅក្រោយពេល​លោក​បានប្រកាស​ចែក​សៀវភៅ «​សិទ្ធិ​ជនជាតិដើម​» ដោយ​ឥតគិតថ្លៃ​ទាំងពីរ ភាសា គឺ​ខ្មែរ​និង​វៀតណាម​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ។

​សៀវភៅ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​នេះ ត្រូវបាន​អង្គការសហប្រជាជាតិ អនុម័ត​សេចក្តីប្រកាស ស្តីពី​ការទទួលស្គាល់​សិទ្ធិ​ជនជាតិដើម កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមាន​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ចំនួន ១៤៤ ប្រទេស​បោះឆ្នោត​គាំទ្រ ក្នុងនោះ ប្រទេស​វៀតណាម​ក៏​ជា​ប្រទេស​ហត្ថលេខី​មួយ បាន​គ្រាំទ្រ​លើ​សេចក្តីអនុម័ត​នេះដែរ ។

​ចំពោះ​ការចោទប្រកាន់​នេះ យុវជន តោ ហ្វា​ង​ចឿ​ង អះអាងថា លោក​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ការិយាល័យ​ផែនការ និង​ហិរញ្ញវត្ថុ នៃ​ស្រុក​ផ្នោ​ដាច់​ឲ្យ​ប្រកបមុខរបរ​លក់ដូរ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​ទទួលស្គាល់ ហើយ​ទាមទារ​ឲ្យ​លោក​បង់ប្រាក់​ចំនួន ១០ លាន​ដុង ឬ​ស្មើនឹង ៥០០ ដុល្លារ​ទើប​ទើប​ពួកគេ​ចេញ​លិខិតអនុញ្ញាត​មួយច្បាប់​ទៀត ដើម្បី​អាច​បើក​អាជីវកម្ម​លក់​ហ្គាស​ស្របច្បាប់ ។ ទោះជា​បែបនេះ​ក្តី យុវជន តោ ហ្វា​ង​ចឿ​ង យល់ថា នេះ​ជា​លេស​សងសឹក​របស់​អាជ្ញាធ​រ​វៀតណាម​មកលើ​រូបលោក​តែប៉ុណ្ណោះ ពី​ព្រោះតែ​កន្លងមក លោក​ហ៊ាន​បញ្ចេញមតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ខ្មែរក្រោម ជា​ជនជាតិដើម​ម្ចាស់​ស្រុក និង​ចែកចាយ​ព័ត៌មាន​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ។

​ឥលូវ​នេះ​យើង​ងាក​ទៅ​មើល​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ​របស់​កម្មករ​ខ្មែរក្រោម​វិញ​ម្តង ! កាលពី​ខែកក្កដា ឆ្នាំ​២០២០ កម្មករ​ខ្មែរក្រោម​ដែល​កំពុងធ្វើការ​ងារ​នៅតាម​ក្រុមហ៊ុន និង​រោងចក្រ​នៅ​ទីក្រុង​ធំៗ ដូចជា ទីក្រុង​ព្រៃនគរ ទទួល​មោក វាល​ប្រើស បាន​រួមគ្នា​ចុះហត្ថលេខា នៅលើ​ញត្តិ​រួមមួយ ដាក់​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ យុទ្ធជន​ពិការ និង​សង្គមកិច្ច​វៀតណាម ស្នើ​ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​នេះ ធ្វើ​អន្តរាគមន៍​ជួយ​ដល់ក​ម្មករ​ខ្មែរក្រោម ករណី​ក្រុមហ៊ុន និង​រោងចក្រ​វៀតណាម មិន​ទទួលយក​កម្មករ​ខ្មែរក្រោម​ចូលធ្វើការ ដោយសារតែ​បញ្ហា​រើសអើង​ជាតិ​សាសន៍ ។

​ញត្តិ​របស់​កម្មករ​ខ្មែរក្រោម បញ្ជាក់ថា ពួកគេ​ជា​ជនជាតិខ្មែរ​រស់នៅក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ ដោយសារតែ​ជួបប្រទះ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ដូច្នេះ ពួកគេ​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ស្រុកកំណើត​ទៅរក​ការងារ​ធ្វើ​នៅតាម​ក្រុមហ៊ុន និង​រោងចក្រ នៅ​ទីក្រុង​ព្រៃនគរ និង​នៅ​ទូទាំង​ខេត្ត​នានា​នៃ​ដែនដី​កម្ពុជា​ក្រោម ប៉ុន្តែ​ពួកគេ​ត្រូវបាន​បដិសេធ ដោយ​ក្រុមហ៊ុន និង​រោងចក្រ​ទាំងនោះ មិន​ទទួល​ពាក្យសុំ​ចូលធ្វើការ​ឡើយ ។​

​ញត្តិ​ដដែល​នោះ​បន្ថែមទៀតថា ចាប់តាំងពី​ឆ្នាំ ២០១៧ មក រោងចក្រ និង​ក្រុមហ៊ុន​មួយចំនួន នៅ​តំបន់​សួន​ឧស្សាហកម្ម​ក្នុង​ខេត្ត​វាល​ប្រើស ដែល​វៀតណាម ប្តូរ​ឈ្មោះ​ថ្មី​ទៅជា​ខេត្ត​ដូន​ណៃ មានដូចជា ក្រោម​ហ៊ុន Shing Mark Vina និង​រោងចក្រ San Lim Furniture បាន​បណ្ដេញ​កម្មករ​ខ្មែរក្រោម ចេញពី​ការងារ ដោយ​ប្រើ​ជា​លេស​ដោះសា​រថា កាលពី​ឆ្នាំ ២០១៦ កម្មករ​ខ្មែរក្រោម​បង្ក​ការអុកឡុក​នៅក្នុង​រោងចក្រ ។ ប៉ុន្តែ តាមពិត​ទំនាស់​ដែល​ឈានដល់​ការ​វាយតប់​គ្នា​រវាង​កម្មករ​ជា​ជនជាតិ​យួន និង​កម្មករ​ខ្មែរក្រោម​នោះ គឺ​បង្កឡើង​ដោយ​ជនជាតិ​យួន​មួយក្រុម ចំណែក​កម្មករ​ខ្មែរក្រោម ដែល​ធ្វើ​ការងារ​ជាមួយគ្នា​នោះ គ្រាន់តែ​មកជួយ​ធ្វើ​អន្តរាគមន៍​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើហិង្សា​មកលើ​កម្មករ​ជា​ខ្មែរក្រោម​ប៉ុណ្ណោះ ។​

​តំណាង​ពលករ​ខ្មែរក្រោម ដែល​បានដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​វៀតណាម លោក យឿ​ង ខាយ មានប្រសាសន៍ថា មូលហេតុ​ដែល​លោក​ធ្វើជា​តំណាង​ឲ្យ​កម្មករ​ខ្មែរក្រោម​នោះ ដោយ​លោក​មើលឃើញ​ពី​ភាពអយុត្តិធម៌ ការប្រកាន់ និង​ការរើសអើង​ជនជាតិដើម​ខ្មែរក្រោម ដែល​ខ្លួន​ជា​ម្ចាស់​ស្រុក នៅលើ​ទឹកដី​កំណើត ពី​សំណាក់​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ជនជាតិ​យួន ។​

​យុវជន យឿ​ង ខាយ ដែល​ត្រូវបាន​ក្រុមហ៊ុន​បណ្ដេញ​ចេញពី​ការងារ​ដែរនោះ អះអាងថា ការមិន​ទទួល​ពាក្យ​សុំចូល​បម្រើ​ការងារ​ពី​ក្រុមហ៊ុន​យួន​នោះ មិនមែន​មានន័យថា ខ្មែរក្រោម​អសមត្ថភាព​ពលកម្ម​នោះទេ ។ ប៉ុន្តែ ដោយសារតែ​ពលរដ្ឋ​ខ្មែរក្រោម ជាពិសេស​ក្រុមយុវជន ក្នុងពេល​បច្ចុប្បន្ននេះ មានការ​យល់ដឹង​កាន់តែច្រើន ពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម និង​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់ខ្លួន ។ ដូច្នេះហើយ ពួកគេ​តែងតែ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ដែលមាន​តួនាទី​ជា​ប្រភពព័ត៌មាន​ដ៏​សំខាន់ សម្រាប់​ទ​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ នឹង​រឿងរ៉ាវ​នៃ​ទឹកដី​កម្ពុជា​ក្រោម ។ យុវជន យឿ​ង ខាយ ឲ្យ​ដឹងថា ប្រការ​នេះហើយ ដែលជា​មូលហេតុ​នាំ​ឲ្យ​អាជ្ញាធរ​វៀតណាម ធ្វើការ​ឃ្លាំមើល និង​តាមដាន​គ្រប់​សកម្មភាព​របស់​ក្រុមយុវជន ដែល​ហ៊ាន​បញ្ចេញមតិ​ពាក់ព័ន្ធ នឹង​រឿង​ខ្មែរក្រោម នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ យុវជន​ខ្មែរក្រោម​រូបនេះ បញ្ជាក់ថា នៅពេល​ពួក​អាជ្ញាធរ បានកំណត់​មុខសញ្ញា​យុវជន​ខ្មែរក្រោម​រូប​ណា​ហើយ ពួកគេ នឹង​រាយការណ៍​ទៅ​នគរបាល​នៅតាម​ខេត្ត​ក្រុង ដែលមាន​ខ្មែរក្រោម​ធ្វើការ ដើម្បី​កោះហៅ​លោក​ទៅ​សម្លុត គំរាមកំហែង ឬ​បណ្តេញ​ចេញពី​ការងារ​ជាដើម ។​

​ពាក់ព័ន្ធ នឹង​ការដាក់​ញត្តិ​នេះដែរ កាលពី​ឆ្នាំ ២០១៩ កម្មករ​ខ្មែរក្រោម ដែល​ធ្វើការ​នៅ​ទីក្រុង​ព្រៃនគរ ក៏បាន​រួមគ្នា​ចុះហត្ថលេខា​នៅលើ​ញត្តិ​រួមមួយ ដាក់​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​នេះ អនុញ្ញាត​ឲ្យ​ខ្មែរក្រោម ដែល​ធ្វើ​ការងារ​នៅ​ទីក្រុង អាច​ឈប់សម្រាក​ពេល​បុណ្យជាតិ​សំខាន់ៗ ដូចជា បុណ្យចូលឆ្នាំថ្មី និង​បុណ្យ​សែនដូនតា ជាដើម ។ ចំណែក នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស្វឹ​ង​ហ្វ៊ុ​ក (Nguyen Xuan Phuc) ធ្លាប់បាន​សរសេរ​លិខិត​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរក្រោម ដែល​រស់​លើ​ទឹកដី​កំណើត ប៉ុន្តែ នាយករដ្ឋមន្ត្រី​រូបនេះ មិនបាន​ទទួលស្គាល់ថា ខ្មែរក្រោម​ជា​ជនជាតិ​ដើមកំណើត និង​មិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម ឈប់សម្រាក​ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​នោះទេ ។

​ទាក់ទង​នឹង​សិទ្ធិ​ការងារ​របស់​កម្មករ​ខ្មែរក្រោម​ដដែល​នេះ វិទ្យុ​អាស៊ីសេរី បាន​រាយការណ៍​ថា អាជ្ញាធរ​វៀតណាម ស្រុក​ត្រាង​បូម (Trang Bom ) ខេត្ត​វាល​ប្រឹស ដែល​វៀតណាម ដាក់ឈ្មោះ​ថ្មី​ថា ដុង ណាយ (Dong Nai) កាលពី​ខែសីហា បាន​ហាម​កម្មករ​ខ្មែរក្រោម ដែល​ត្រូវ​រោងចក្រ​បញ្ឈប់​ពីរ​ការ​ជាង ២០០ នាក់ មិន​ឲ្យ​ធ្វើ​ញត្តិ​រួមគ្នា​ប្ដឹងទៅ​ក្រសួង​ពលកម្ម​វៀតណាម ។

​យុវជន​កម្មករ​ខ្មែរក្រោម យឿ​ង ខាយ បាន​ថ្លែងថា ពួកលោក​មាន​គ្នា ៣០ នាក់ តំណាង​ឲ្យ​កម្មករ​ខ្មែរក្រោម​ជាង ២០០ នាក់ ដែល​ត្រូវ​រោងចក្រ​បញ្ឈប់​ពី​ការងារ​ដោយ​គ្មាន​សំណង បានរួម​គ្នា​ធ្វើ​ញត្តិ​មួយ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ពលកម្ម​វៀតណាម ។ ប៉ុន្តែ​ក្រោយមក អាជ្ញាធរ​ស្រុក ត្រាំ​ង​បូម បាន​កោះហៅ​លោក​ទៅ​ព្រមាន មិនឱ្យ​ធ្វើ​ញត្តិ​រួមគ្នា​ប្ដឹងទៅ​ក្រសួង​ពលកម្ម​ទៀត​ទេ ។ លោក​ថា អាជ្ញាធរ​វៀតណាម​អនុញ្ញាតឱ្យ​ពលរដ្ឋ​ខ្មែរក្រោម ធ្វើ​ញត្តិ​ម្នាក់​មួយច្បាប់​បាន តែ​ត្រូវ​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​ជាមុនសិន ។ តំណាង​កម្មករ​ខ្មែរក្រោម​រូបនេះ ប្រាប់ទៀតថា អាជ្ញាធរ​វៀតណាម​ចោទប្រកាន់​ពួកលោក​ថា មាន​អ្នក​ក្រៅ​ស្រុក នៅ​ពី​ក្រោយខ្នង​បង្គាប់​ឲ្យ​ពួកលោក​ធ្វើ​ញត្តិ​នេះ ។ តែ​លោ​កថា​កម្មករ​ខ្មែរក្រោម រួមគ្នា​ធ្វើ​ញត្តិ​នេះ ដោយ​ឆន្ទៈ​របស់​ពួកគេ​ផ្ទាល់ ។​

​កម្មករ​ខ្មែរក្រោម​ឈ្មោះ ថាច់ សម័យ ដែល​ត្រូវបាន​រោងចក្រ​បញ្ឈប់​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ដោយ​គ្មាន​សំណង​ដែរនោះ ថា​រោងចក្រ​មួយចំនួន ក្នុង​សួន​ឧស្សាហកម្ម​ខេត្ត​វាល​ប្រឹស ដូចជា​រោងចក្រ​សង្ហារិម សាន​ឡឹម ហ្វឺ​និ​ត​ឆ័​រ (San Lim Furniture) និង​រោងចក្រ ហ្សិ​ញ ម៉ាក វី​ណា (Shing Mark Vina) ជាដើម រើសអើង​កម្មករ​ខ្មែរក្រោម ។​

​កម្មករ​ខ្មែរក្រោម ឲ្យ​ដឹងថា រោងចក្រ សាន​ឡឹម ហ្វឺ​និ​ត​ឆ័​រ (San Lim furniture ) និង​រោងចក្រ ហ្សិ​ញ​ម៉ាក វី​ណា (Shing Mark Vina) នេះ មាន​កម្មករ​ចម្រុះ​ជាតិ​សាសន៍​ជាង​មួយ​ម៉ឺន (១០.០០០) នាក់ ក្នុងនោះ មាន​ពលរដ្ឋ​ខ្មែរក្រោម​ជាង​មួយ​ពាន់ (១.០០០) នាក់ ។ ទោះជា​យ៉ាងណា ក្នុងដំណាក់កាល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ រោងចក្រ​ទាំងពីរ​បាន​បញ្ឈប់​កម្មករ​ខ្មែរក្រោម​ជាង​ពីរ​រយ (២០០) នាក់ ដោយ​គ្មាន​សង​សំណង​តាម​លក្ខខណ្ឌ​ការងារ​នោះឡើយ ។​
​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចាត់ទុក​សកម្មភាព​ទាំងនេះ​របស់​រោងចក្រ​និង​អាជ្ញាធរ វៀតណាម ថា​ជាការ​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ការងារ ជា​ប្រព័ន្ធ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ។

​យើង​មិនទាន់​ទៅណា​ឆ្ងាយ​ពី​រឿងរ៉ាវ​កម្មករ​ខ្មែរក្រោម​នៅឡើយ​ទេ ! កាលពី​ខែតុលា អាជ្ញាធរ​វៀតណាម នៃ​ខេត្ត​ចង្វា​ត្រពាំង (​កំពង់​ស្រកាត្រី​) ឬ​វៀតណាម​ប្តូ​រថា ខេត្ត​ដូន​ណៃ បាន​កោះហៅ​យុវជន​ខ្មែរក្រោម​ឈ្មោះ យឿ​ង ភុ​ក ដែល​ឈឺឆ្អាល​រឿង​ជួយ​យកអាសា​មិត្ត​រួមការ​ងារ ដែល​តែង​ទទួលរង​ការ​មាក់ងាយ និង​ការរើសអើង​ពី​សំណាក់​ក្រុមកម្មករ​ជនជាតិ​យួន ឲ្យ​ទៅ​បំភ្លឺ នៅ​ចំពោះមុខ​សមត្ថកិច្ច​អំពី​ករណីនេះ ចំនួន​ពីរលើក គឺ​នៅ​ថ្ងៃទី ២០ និង​ថ្ងៃទី ២៣ ខែតុលា
​យុវជន យឿ​ង ភុ​ក ថា ករណីនេះ គឺជា​ការសង​សឹក និង​ចង់​បំបាក់ស្មារតី​មកលើ​រូបលោក ដោយសារតែ​អាជ្ញាធរ​ឃុំ​សុង​ត្រូវ (Sông Trầu) នៃ​ខេត្ត​ដូន​ណៃ ចងកំហឹង​គុំ​គួ​ន​បងប្រុស​លោក ឈ្មោះ យឿ​ង ខាយ ដែលជា​តំណាង​ឲ្យ​កម្មករ​ខ្មែរក្រោម​ជាង ២០០ នាក់ កាលពី​ចុងខែ​កក្កដា បាន​រួមគ្នា​ចុះហត្ថលេខា​លើ​ញត្តិ​រួមមួយ ដាក់​ទៅ​ក្រសួង​ពលកម្ម​វៀតណាម ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​មួយ​នេះ ធ្វើ​អន្តរាគមន៍​ជួយ​ដល់ក​ម្មករ​ខ្មែរក្រោម ករណី​ក្រុមហ៊ុន និង​រោងចក្រ​វៀតណាម មិន​ទទួលយក​កម្មករ​ជា​ខ្មែរក្រោម​ចូលធ្វើការ ដោយសារតែ​ការរើសអើង​ជាតិ​សាសន៍ ។​

​យុវជន​ខ្មែរក្រោម មកពី​ខេត្ត​ឃ្លាំង ដែល​ធ្វើការ​នៅ​រោងចក្រ​មួយ នៅ​សួន​ឧស្សាហកម្ម​ក្នុង​ខេត្ត​ដូន​ណៃ ថា​លោក​ត្រូវបាន​អាជ្ញាធរ​ចោទប្រកាន់​ពីបទ រារាំង​ការអនុវត្ត​ច្បាប់ ដោយសារតែ​កន្លងមក លោក​តែង​ចេញមុខ​ជួយ​អន្តរាគមន៍​ករណី​វិវាទ​ការងារ​រវាង​កម្មករ​ខ្មែរក្រោម ជាមួយ នឹង​កម្មករ​ជនជាតិ​វៀតណាម ។ លោក​ថា ជារឿយៗ កម្មករ​ជា​ជនជាតិ​វៀតណាម តែង​ធ្វើបាប និង​ជិះជាន់​កម្មករ​ខ្មែរក្រោម ដែល​ធ្វើការ​ក្នុង​រោងចក្រ​ជាមួយគ្នា ។​

​បន្ទាប់ពី​សាកសួរ​រ​អស់​ជាច្រើន​ម៉ោង អាជ្ញាធរ​វៀតណាម ក៏បាន​ព្រមាន​យុវជន​រូបនេះ ដោយ​គំរាមកំហែង​ថា នឹង​ចាប់ខ្លួន បើ​លោក​នៅតែ​បន្តធ្វើ​សកម្មភាព​ទាំងឡាយណា ដែល​នាំ​ឲ្យ​មាន​ផលប៉ះពាល់ ដល់​ផលប្រយោជន៍​កម្មករ​ជា​ជនជាតិ​វៀតណាម ។

​ខ្ញុំ​សូម​បិទ​បញ្ចប់​ការ​សង្ខេប​ព្រឹត្តិការណ៍​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម​ក្នុង​ឆ្នាំ ២០២០ ដោយ​ក្រឡេក​ទៅ​មើល​រឿងរ៉ាវ​នៃ​ការ​រឹតត្បិត​សេរីភាព​ក្នុងការ​ដើរហើរ​ទៅលើ​ខ្មែរ ក្រោម ជាពិសេស​ខ្មែរក្រោម​ដែល​ធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា​និង​ប្រទេស​ផ្សេងៗ​ទៀត​ទៅលេង ស្រុកកំណើត​នៅ​ដែនដី​កម្ពុជា​ក្រោម ។

​ករណីនេះ​បានកើត​ឡើង​ចំពោះ​ព្រះសង្ឃ​ខ្មែរក្រោម​ព្រះនាម សឺ​ន ទី ដែល​កាលពី​ថ្ងៃទី ២៤ ខែមករា បាន​និមន្ត​ទៅលេង​ស្រុកកំណើត​នៅ​ទឹកដី​កម្ពុជា​ក្រោម ដើម្បី​សួរសុខទុក្ខ​សាច់ញាតិ និង​ចូលរួម​ពិធីមង្គលការ​ប្អូនស្រី​ពៅ​របស់​ព្រះអង្គ នៅ​ខេត្ត​ឃ្លាំង ។ លុះដល់​ថ្ងៃទី ២ ខែកុម្ភៈ​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​បាន​កោះហៅ​ព្រះអង្គ​ទៅ​សួរនាំ និង​ដកហូត​លិខិតឆ្លងដែន​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ដដែល​នោះ​តែម្តង ។​

​ការកោះហៅ​ទៅ​សួរចម្លើយ​នោះ អាជ្ញាធរ​វៀតណាម​បាន​សួរនាំ​ជុំវិញ​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​ចែករំលែក​សារ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ព្រះអង្គ ។ ក្រោយ​ចំណាយពេល​មួយ​ល្ងាច​ពេញ ដើម្បី​សួរនាំ​ករណី​ពាក់ព័ន្ធ​រួចមក អាជ្ញាធរ​យួន បាន​ចោទ​ព្រះតេជព្រះគុណ ថា បានធ្វើ​សកម្មភាព​ខុសច្បាប់​រប​ស់​ប្រទេស​វៀតណាម ដោយបាន​ចែករំលែក​ព័ត៌មាន​បន្ត នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​វៀតណាម ដែល​បាន​សម្ភាសន៍​លោក ត្រឹង ម៉ា​នរិន្ទ អំពី​សិទ្ធិ​របស់​ជន​ជាដើម​ខ្មែរក្រោម ការចែករំលែក​ខ្លឹមសារ​ខួប​ទី ៧០ ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម និង​អត្ថបទ ស្តីពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ចុះផ្សាយ​នៅលើ​សារព័ត៌មាន​ព្រៃនគរ និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ។ ព្រះតេជព្រះគុណ សឺ​ន ទី ទទួលស្គាល់ថា ព្រះអង្គ​ពិតជា​បាន​ចែករំលែក​ខ្លឹមសារ​ព័ត៌មាន​ទាំងនោះ​មែន តែ​នោះ​ជា​សេរីភាព​របស់​ព្រះអង្គ ហើយ​ការចែករំលែក​សារ​នេះ ធ្វើឡើង​ច្រើន​ខែ​មកហើយ ពោល គឺ​ពេល​ព្រះអង្គ​គង់ នៅក្នុង​ប្រទេស​កម្ពុជា ។​

​ក្រោយ​ការតវ៉ា​និង​តស៊ូ​មតិ​ជិត ២ សប្តាហ៍ និង​ដោយមាន​ការអន្តរាគមន៍​ពី​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា និង​នៅក្រៅ​ប្រទេស ព្រមទាំង​អង្គការ​ជាតិ និង​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ផង​នោះ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ឃ្លាំង បានប្រគល់​លិខិតឆ្លងដែន​ជូន​ព្រះអង្គ​វិញ នៅ​នៅ​ថ្ងៃទី ១៤ កុម្ភៈ ហើយ​ព្រះអង្គ​ក៏បាន​និមន្ត​ឡើងមក​កម្ពុជា​វិញ​រួចហើយ​ដែរ ។​

​ទោះបីជា​យ៉ាងណា ព្រះតេជព្រះគុណ សឺ​ន ទី អះអាង​នៅក្រោយ​ទទួលបាន​លិខិតឆ្លងដែន ថា ព្រះអង្គ​នឹង​នៅតែ​បន្តសកម្មភាព បញ្ចេញមតិ​រិះគន់ ក្នុងន័យ​ការពារ​សិទ្ធិ​ខ្មែរក្រោម នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដដែល ៕