ដោយ គឹម សាវតា
បើទោះជារាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកពលរដ្ឋខ្មែរក្រោម ដែលមករស់នៅកម្ពុជា ជាប្រជាពលរដ្ឋខ្មែរស្របច្បាប់ និងមានសិទ្ធិដូចខ្មែរដទៃទៀតក្តី ប៉ុន្តែ ពលរដ្ឋខ្មែរក្រោម ដែលរស់នៅក្នុងខេត្តមួយចំនួន នៅតែអះអាងថាពួកគេមិនទាន់ទទួលបានសិទ្ធិពេញលេញនោះទេ ដោយតំបន់ខ្លះអាជ្ញាធរ មិនព្រមធ្វើឯកសារច្បាប់ឲ្យ និងពលរដ្ឋខ្មែរក្រោមខ្លះ នៅតែពិបាកក្នុងការស្នើសុំ ធ្វើសិទ្ធិកាន់កាន់កាប់ដីធ្លី ។ ករណីនេះ ពួកគាត់អះអាងថា បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ ព្រោះថា មិនអាចធ្វើស្រែចំការ ចិញ្ចឹមជីវិតបាន និងមិនមានឯកសារគ្រប់គ្រាន់ ដើម្បីចូលបម្រើការងារចិញ្ចឹមជីវិត ។

នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នេះ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានប្រារព្វខួបលើកទី ៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោមប្រធានបទ «យើងរួមគ្នាលើកស្ទួយ និងការពារសិទ្ធិខ្មែរក្រោម» ដែលពិធីនេះរៀបចំឡើង នៅក្នុងបុរីព្រៃនគរ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងពិធីនោះ តំណាងពលរដ្ឋខ្មែរក្រោម មកពីខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បានលើកឡើងពីបញ្ហាប្រឈមនានា ដែលខ្លួនបានជួប ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
លោក ស៊ឹង សានស៊ី មកពីខេត្តសៀមរាប បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានបង្ករលក្ខណៈងាយស្រួលដល់ពលរដ្ឋខ្មែរ ដោយទម្លាក់ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលមានអាជ្ញាធរស្រុក មានសិទ្ធិធ្វើលិខិត និងឯកសារច្បាប់ផ្សេងៗ ជូនពលរដ្ឋខ្មែរហើយ ប៉ុន្តែ អាជ្ញាធរខេត្តសៀមរាប នៅតែមានការរើសអើង ចំពោះពលរដ្ឋខ្មែរ ដែលមានដើមកំណើត ពីដែនដីកម្ពុជាក្រោម ។ ករណីនេះ លោកស្នើឲ្យមានកិច្ចអន្តរាគមន៍ ដើម្បីឲ្យអាជ្ញាធរសម្រួលឯកសារច្បាប់នានា ជូនពួកគាត់ ដើម្បីយកប្រើប្រាស់បានស្របច្បាប់ ។ លោកបន្តថា កន្លងមក លោកបានស្នើសុំទៅស្នងការខេត្ត និងទៅអភិបាលខេត្តទៀតផង តែជាច្រើនឆ្នាំមកហើយ នៅតែមិនមានលទ្ធផល ។
លោក ស៊ឹង សានស៊ី «កនខ្ញុំ ៧៧ នាក់បានទៅបញ្ជាក់ នៅក្នុងស្នងការខេត្ត ប៉ុន្តែ ក្នុងឆ្នាំ ២០១៩ ដល់សព្វថ្ងៃនេះ ២០២១ ហើយ ហើយខ្ញុំក៏បានទៅស្នើសុំសួរទៅអភិបាលខេត្ត ស្នងការ ប៉ុន្តែ លោកថា ចាំក្រសួងមហាផ្ទៃសម្រេច រូចបានគាត់ធ្វើឲ្យ ហើយដូច្នេះបងប្អូនខ្ញុំអ្នកទាំងអស់គ្នា ដែលមិនទាន់បានធ្វើនេះ ក៏មានការតក់ស្លុត» ។

ដោយឡែកពលរដ្ឋខ្មែរក្រោមមួយរូបទៀត គឺលោក ស រិទ្ធី មកពីខេត្តតាកែវ បានលើកឡើងថា សិទ្ធិទទួលបានសេវាសាធារណៈ មិនមានបញ្ហាអ្វីចោទនោះទេ ដោយសារតែរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ។ ប៉ុន្តែ សេវាកាន់កាប់ដី នៅមិនទាន់មិនទាន់ទទួលបានទូលំទូលាយឡើយ ពោលអ្វីដែលជាបញ្ហាសម្រាប់ពលរដ្ឋខ្មែរក្រោម ដែលរស់នៅក្នុងខេត្តតាកែវ គឺសេវាធ្វើកម្មសិទ្ធិកាន់កាប់ដីធ្លី ដែលធ្វើឲ្យពលរដ្ឋខ្មែរក្រោម ពិបាកនឹងអាស្រ័យផលលើដី ដែលខ្លួនជាម្ចាស់កម្មសិទ្ធិទៅហើយនោះ ។
លោក ស រិទ្ធី «ក្នុងនាមខ្ញុំជាអនុប្រធានសហគមន៍ភូមិបន្ទាយស្លឹក តំណាងក្នុងស្រុកបុរីជលសា(ខេត្តតាកែវ) ឃើញថា សិទ្ធិកាន់កាប់ដីមិនទាន់ទូលំទូលាយទេ ដោយសារដីនោះជាដី ដែលប្រជាពលរដ្ឋ ទទួលបានពីការចែករបស់អាជ្ញាធរមូលដ្ឋាន តាំងពីឆ្នាំ ១៩៩១ រហូតមកដល់ពេលនេះ យើងមិនទាន់ ទទួលបាន ប័ណ្ណកម្មសិទ្ធិនៅឡើយទេ អញ្ចឹងដរាបណាយើងមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ រាល់ការចុះធ្វើអីហ្នឹង យើងនៅមានហានិភ័យ រងការចោទប្រកាន់ជាច្រើនតាំងពីឆ្នាំ ២០១១ រយៈពេល ១០ ឆ្នាំហើយ ។ បញ្ហាដែលចោទជាងគេគឺ ការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋានមានមន្ត្រីបរិស្ថាន មានជលផល» ។

ប្រធានលេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម គឺលោក ប៊ុន មុន្នី បានមានប្រសាសន៍ ក្នុងអង្គពិធីថា តាមការតាមដាន គឺពលរដ្ឋខ្មែរក្រោម ដែលមករស់នៅកម្ពុជា គឺមានការរំលោភសិទ្ធិមនុស្សតាំងពី ឆ្នាំ ១៩៩២ មកម្លេះ ហើយរហូតមកដល់ពេលនេះ ក៏នៅមាន បើទោះជា មានការប្រកាសថា ពលរដ្ឋខ្មែរក្រោម ដែលមករស់នៅកម្ពុជា គឺជាពលរដ្ឋខ្មែរស្របច្បាប់ក្តី ។
លោក ប៊ុន មុន្នី «កាលពីខែសីហាឆ្នាំ ២០០២ ខាងអង្គការ សមាគម ខ្មែរកម្ពុជាក្រោម ដែលស្ថិតនៅក្នុងក្របខណ្ឌនៃគណៈកម្មការសម្របសម្រួល ដែលមានលោក សាន្ត សាង គាត់ជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ក៏បានចូលទៅជួបជាមួយក្រសួងមហាផ្ទៃ ។ ពេលនោះ ក្រសួងមហាផ្ទៃ ដែលមានសម្តេច ស ខេង ហើយនិងឯកឧត្តម យូ ហុកគ្រី ជាសហរដ្ឋមន្ត្រី ហើយក៏បានឯកភាព និងស្រុះស្រួលជាមួយនឹងអង្គការសមាគមខ្មែរកម្ពុជាក្រោមយើងហ្នឹងមាន ៣ ចំនុច ចំនុចទី ១ ហ្នឹងគាត់ខាងក្រសួងមហាផ្ទៃហ្នឹងបានឯកភាពថា ខ្មែរកម្ពុជាក្រោម ដែលមករស់នៅកម្ពុជា គឺមិនចាំបាច់ធ្វើលិខិតស្នាមអីចូលជាសញ្ជាតិទេ រក្សនូវអាសយដ្ឋាន រក្សានូវទីកន្លែងកើតរបស់យើងដដែល ។ ចំនុចទី ២ កិច្ចការងារទាំងឡាយ ដែលធ្វើទាំងការបញ្ជាក់ពីភិនភាគ ពីអត្តសញ្ញាណរបស់ខ្មែរកម្ពុជាក្រោម ទុកប្រគល់ការងារនេះ ឲ្យខាងសមាគម ជាអ្នកជួយបញ្ជាក់ និងជួយសម្រួល ដល់អាជ្ញាធរមូលដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ទី ៣ សុំឲ្យអាជ្ញាធរ ឬក៏ប៉ូលីសនៅតាមព្រំដែន ជួយសម្រួលទៅដល់ខ្មែរកម្ពុជាក្រោ មដែលពួកគាត់ហ្នឹងឡើងមករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនចាំបាច់ទាមទារ សួរនាំអារឿង Passport អារឿងលិខិតស្នាមអីទេ» ។

បើតាមលោក ប៊ុន មុន្នី កាលពីឆ្នាំ ១៩៩២ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានចេញព្រះរាជសារមួយ ដោយបានបញ្ជាក់ថា ខ្មែរទូទៅទាំងអស់ ដែលមានសញ្ជាតិជាខ្មែរ គឺត្រូវបានទទួលសញ្ជាតិជាខ្មែរដោយស្វ័យប្រវត្តិ ៕