ដោយ លី ឈូន
ស្ថានភាពជនភៀសខ្លួនខ្មែរក្រោម ជាង ២០០ នាក់ក្នុងប្រទេសថៃ និងស្ថានភាពជនភៀសខ្លួន ចម្រុះជាតិសាសន៍រាប់ម៉ឺននាក់ ដទៃទៀតនៅក្នុងប្រទេសថៃដែរ កំពុងតែប្រឈម នឹងទុក្ខលំបាកជាខ្លាំង ។ ខណៈពួកគេមិនមានសិទ្ធិធ្វើការ មិនមានសិទ្ធិដើរហើរ ជីវិតរបស់ពួកគេភាគច្រើនលើសលប់រស់បាន ដោយអាស្រ័យអំណោយអង្គការមនុស្សធម៌ និងសប្បុរសជន ។ អំណោយអង្គការមនុស្សធម៌ ឬសប្បុរសជនមិនអាចធ្វើឲ្យក្រពះជនភៀសខ្លួនទាំងនោះ នៅស្ងប់បានឡើយ ។ ពួកគេ តែងលួចលាក់ទៅធ្វើជាកម្មករក្នុងតម្លៃថោក ឲ្យពលរដ្ឋថៃ ដើម្បីចម្អែតក្រពះ ។ តែរយៈពេលជាងមួយឆ្នាំមកនេះ ជីវិតរបស់ពួកគេកាន់តែលំបាកទៅៗ ព្រោះតែជម្ងឺកូវិដ-១៩ កាន់តែរាតត្បាតខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ ឈ្មួញថៃខ្លះបិទតូប បិទផ្សារ បិទអាជីវកម្ម ឯជនភៀសខ្លួន ក៏មិនអាចចេញពីផ្ទះ ដើម្បីស្វែងរកការងារធ្វើបានឡើយ ដោយអាស្រ័យប័ណ្ណសម្គាល់ខ្លួន ចេញដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ដែលហៅកាត់ថា UNHCR របស់ពួកគាត់ត្រូវអស់សុពលភាព ហើយមិនអាចបន្តឲ្យបានទាន់ពេលវេលា ។ ចំណែកអង្គការមនុស្សធម៌មួយចំនួន ក៏បានបិតទ្វារ ព្រោះតែអស់ស្បៀង ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន តែងតែបង្ហោះសារ សុំកុំឲ្យជនភៀសខ្លួន ចាកចេញពីផ្ទះ ខណ:ដែលជនភៀសខ្លួនទាំងនោះ ទទូចសុំឲ្យ UNHCR ជួយចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់ពួកគាត់ ។

ស្ត្រីជនភៀសខ្លួនខ្មែរក្រោម វ័យជាង ៣០ ឆ្នាំម្នាក់កំពុងអង្គុយរួមគ្នា ជាមួយ និងជនភៀសខ្លួនខ្មែរក្រោម ជាច្រើននាក់ទៀត នៅទីស្នាក់ការមួយរបស់អង្គការមនុស្សធម៌ នាទីក្រុងបាងកក ស្ត្រីនោះ គឺអ្នកនាង ត្រឹង ធី ប៊ិកង៉ុក ។ អ្នកនាង ង៉ុក មានស្រុកកំណើត នៅស្រុកជ្រោយញរ ខេត្តឃ្លាំង វៀតណាមដាក់ឈ្មោះថ្មី ថា ខេត្តសុកត្រាំង (Soc Trang) ដែនដីកម្ពុជាក្រោម អ្នកនាងបានភៀសខ្លួនទៅសុំសិទ្ធិជ្រកកោនជាមួយនឹងឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ដែលហៅកាត់ថា យូអិនអ៊េចស៊ីអ័រ (UNHCR) នៅទីក្រុងបាងកកមានរយៈពេលជាង ៥ ឆ្នាំមកហើយ ។
អ្នកនាង ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរទាំងទឹកមុខញញឹមក្រៀមថា ពេលដែលជំងឺកូវីដ-១៩ មិនទាន់រាតត្បាតអ្នកនាង រស់ដោយសារជំនួយរបស់អង្គការមនុស្សធម៌ និងការលួចលាក់ទៅធ្វើស៊ីឈ្នួល ធ្វើសក់ (សំអាងសក់) ឲ្យជនជាតិថៃ តែពេលនេះ អ្នកនាងបាត់បង់ការងារប្រចាំថ្ងៃទៅហើយ អ្នកនាងចង់ឲ្ យUNHCR ចាក់វ៉ាក់សាំងការពារជំងឺកូវិដដល់អ្នកនាងផង៖ «ចៅមិនបានធ្វើការ ៥-៦ ខែហើយ បើថ្ងៃណាអត់មានភ្ញៀវទេគឺទៅកន្លែងធ្វើការអង្គុយហ្វ្រីបណ្ដោយ ។ វាសំខាន់ទាំងអស់ហ្នឹងមួយណាក៏សំខាន់ដែរ រឿងចាក់វ៉ាក់សាំងហ្នឹងអាចពន្យារដល់ពេលក្រោយបាន អារឿងលុយនេះ អត់លុយសងថ្លៃផ្ទះគេនេះ រឿងអត់លុយទិញអង្ករញ៉ាំ នេះបានសំខាន់បំផុត» ។
អ្នកនាងង៉ុក ប្រាប់បន្ថែមថា សព្វថ្ងៃនេះ អ្នកនាងចង់ចេញទៅក្រៅរកការងារធ្វើ ក៏មិនហ៊ានទៅដែរ ព្រោះទីកន្លែងដែលអ្នកនាងស្នាក់អាស្រ័យជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំង ៖ «នៅផ្សារស៊ីម៉ុមមឿង គេបិទមួយកន្លែងបីថ្ងៃ មួយកន្លែងបីថ្ងៃ បិទលាងផ្សារ ហើយនៅក្នុងផ្សារយើងហ្នឹងឮសូរគេនិយាយថាឆ្លងជាង ៦០០ នាក់តែគេបិទព័ត៌មាន គេអត់បើកព័ត៌មានទេ សូម្បីតែអ្នកដែលមេៗ លក់បន្លែនិងលក់ផ្កាឥឡូវបិទហាង (តូប) អស់ហើយគ្មាននរណាហ៊ានទៅលក់ដូរអីទៀតទេ នៅក្នុងបន្ទប់ទាំងអស់ ហើយចំពោះយើងអ្នកធ្វើការមួយថ្ងៃ ហូបមួយថ្ងៃអីចឹងធ្វើម៉េចទៅ វេទនាហើយ» ។
មិនខុសគ្នានឹងអ្នកនាង ង៉ុក ប៉ុន្មានទេ បុរសជនភៀសខ្លួនខ្មែរក្រោមវ័យ ៦៥ ឆ្នាំម្នាក់ទៀត គឺលោក គឹម គិន លោកជាអតីតអ្នកតស៊ូ ថ្ងៃ ១៦ វិច្ឆិកា (ឆ្នាំ ១៩៧៦) ប្រឆាំងនឹងការរើសអើង បំបិទសិទ្ធិសេរីភាពរបស់របបកុម្មុយនិស្តវៀតណាម នៅខេត្តព្រះត្រពាំង ។ លោកបានភៀសខ្លួនទៅដល់ប្រទេសថៃជាងពីរឆ្នាំមកហើយ លោកថាដោយសារតែជំងឺកូវីដ-១៩ បន្លាយពេលវេលាវែងយ៉ាងនេះ អង្គការមនុស្សធម៌នានា ដែលធ្លាប់ផ្ដល់ស្បៀងអាហារដល់ជនភៀសខ្លួនក៏ស្បើយទៅដែរ ចំពោះក្ដីសង្ឃឹមក្នុងការរកការងារធ្វើ ក៏គ្មាននរណាគេជួលលោកទេ ព្រោះលោកចាស់ហើយ មានតែការងារបេះសណ្ដង់ម្ទេសបន្តិចបន្តួចសម្រាប់បាយម្ហូបព្រឹកល្ងាចតែប៉ុណ្ណោះ៖ «សព្វថ្ងៃបើយើងគិតទៅវាពិបាកដែរអាកូវិដ ហ្នឹង យើងមានទៅណារួចនៅតែក្នុងផ្ទះហ្នឹង ហើយអង្ករដែលយើងធ្លាប់បើកបានជាមួយអង្គការ និងសប្បុរសជនគេជួយហ្នឹងឧបត្ថម្ភបន្តិចបន្តួចហ្នឹងចេះតែហូបផ្សំ ៗ ទៅ ក្រៅពីនេះ ការងារនៅក្នុងហង់ (បន្ទប់) ហ្នឹង ពេលមានគេឲ្យម្ទេស ប្រឡេះសណ្ដង់ហ្នឹងក៏បេះបានបន្តិចបន្តួចទៅគ្រាន់សន្សំទិញម្ហូបទឹកព្រឹកល្ងាច» ។
ការលើកឡើងមកនេះ ស្របពេលដែលជំងឺកូវីដ-១៩ នៅប្រទេសថៃ កាន់តែរាតត្បាតខ្លាំងឡើង មិនទាន់ទប់ស្កាត់បាននៅឡើយ ។
ឆ្លើយតបនឹងការលើកឡើងទាំងនេះ ប្រធានក្រុមជនភៀសខ្លួនខ្មែរក្រោមអាណត្តិទី ៦ អ្នកស្រី ឡឹម ធីថៃ ប្រាប់ថា អ្នកស្រីតែងតែរាយការណ៍ទៅការិយាល័យ UNHCR នៅទីក្រុងបាងកក ជានិច្ចនូវកង្វល់របស់ជនភៀសខ្លួនខ្មែរក្រោម អំពីស្ថានភាពជីវិតប្រចាំថ្ងៃ និងអំពីស្ថានភាពជំងឺកូវីដ-១៩ អ្នកស្រីប្រធានក្រុមជនភៀសខ្លួនខ្មែរក្រោម បន្ថែមទៀតថា ជនភៀសខ្លួនខ្មែរក្រោមសុំឲ្យ UNHCR ជួយចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់ពួកគាត់ តែ UNHCR មិនទាន់បានឆ្លើយតបនៅឡើយ ៖ «ខ្ញុំទើបតែរាយការណ៍ទៅពីម្សិលមិញហ្នឹង តែគេមានបានជួយអីឯណា គេគ្មានបានជួយអីផងហើយចេះតែស៊ូទ្រាំទៅ ហើយដែលគេជួយហ្នឹងគឺយូអិន (UNHCR) ប្រាប់ឲ្យយើងថែរក្សាអនាម័យ ដោយការលាងដៃ បិទម៉ាស ៗ ចឹងគ្រាន់តែប្រាប់អីចឹង ហើយបើមានបញ្ហាអីឲ្យថូ (ហៅទូរស័ព្ទ) ទៅប្រាប់គេភ្លាម ដូចជានៅក្នុងខ្លួនហ្នឹងមានអាការៈថាមិនធំក្លិនអី ឬក៏ហូបបាយទឹកអីមិនឆ្ងាញ់ហ្នឹងណា» ។
សព្វថ្ងៃមានជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងសុំសិទ្ធិជ្រកកោនជាមួយនឹង UNHCR នៅប្រទេសថៃមានប្រមាណជាង ៦០ គ្រួសារ មានមនុស្សជាង ២០០ នាក់ តែរហូតមកដល់ពេលនេះ មិនមានជនភៀសខ្លួនខ្មែរក្រោមណាម្នាក់ឆ្លងជំងឺ Covid-19 នោះទេ ។
ទាក់ទងនឹងស្ថានភាពជនភៀសខ្លួនខ្មែរក្រោម នៅទីក្រុងបាងកកនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ក្រៅពីការគាំពារជនភៀសខ្លួនខ្មែរក្រោម ចំពោះផ្នែកច្បាប់ ដូចជាការធ្វើរបាយការណ៍អំពីស្ថានភាពភៀសខ្លួនរបស់ខ្មែរក្រោមទៅកាន់ UNHCR សហព័ន្ធខ្មែរកម្ពុជាក្រោម ជារឿយ ៗ តែងបានផ្ដល់ស្បៀងអាហារដល់ជនភៀសខ្លួនខ្មែរក្រោមផងដែរ ។ តែសម្រាប់ពេលនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែមមាញឹកស្វែងរកស្បៀងអាហារជួយដល់ពលរដ្ឋខ្មែរក្រោម នៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងទទួលរងការរាតត្បាតពីជំងឺកូវិដ ១៩ ៕