ដោយ ស៊ឺន ចែងចើន| VOKK
វត្តពោធិវង្ស ស្ថិតនៅផ្លូវ ប៊ូយ ធេមី (Bùi Thế Mỹ) សង្កាត់ទី ១០ (P.10) ខ័ណ្ឌតឹងប៊ិញ (Q. Tân Bình) ទីក្រុងព្រៃនគរ-កម្ពុជាក្រោម នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ បានរៀបចំពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត ។
យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំបុណ្យ ឲ្យដឹងថា បុណ្យបញ្ចុះខណ្ឌសីមាវត្តពោធិវង្ស នៅទីក្រុងព្រៃនគរ នឹងប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃ ៧-៨-៩ និង ១០ កើត ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ នឹងថ្ងៃទី ២១-២២-២៣ និង ២៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ។
សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា នៅក្នុងពិធីបុណ្យនេះ តំណាងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ មកពីគ្រប់ខេត្ត/ក្រុងនៃដែនដីកម្ពុជាក្រោម នឹងនិមន្ត និងអញ្ជើញចូលរួម តាមការនិមន្ត និងអញ្ជើញពីគណៈកម្មការចាត់តាំងបុណ្យ ។
គួរជម្រាបជូនថា នៅទីក្រុងព្រៃនគរ មានវត្តខ្មែរចំនួន ២ វត្ត គឺវត្តចន្ទរង្សី និងវត្តពោធិវង្ស ។ ចំណែកវត្តនៅទូទាំងដែនដីកម្ពុជាក្រោម មានប្រមាណ ៤៦០ វត្ត ។ រីឯខេត្តដែលមានវត្តច្រើនជាងគេ គឺខេត្តព្រះត្រពាំង មាន ១៤៣ វត្ត ។ ចំណែក វត្តដែលអាយុកាលច្រើនជាងគេ គឺវត្តសម្បួររង្សី ហៅវត្តសម្បួរ បានកសាងនៅក្នុងគ្រឹសសករាជ ៣៧៣ ហើយបើគិតមកដល់ឆ្នាំ ២០១៨ នេះ វត្តបុរាណមួយនេះ មានអាយុ ១.៦៤៥ ឆ្នាំ និងវត្តដែលថ្មីជាងគេ គឺវត្តជយនទីរតនារាម (អូរក្ដារ) នៅខេត្តព្រះត្រពាំង ទើបតែបានសម្ពោធបង្កើតវត្តនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៧ ដែលមានអាយុកាលជិតមួយឆ្នាំ ។