ដោយ ភិក្ខុ ចិត្តសទ្ធោ ថាច់ ធា
វត្តវេឡុវ័ន ឫស្សីស្រុក
(ព.ស. ២០៦៩ – គ.ស. ១៥២៥)
វត្តវេឡុវ័ន ឫស្សីស្រុក ជាវត្តពុទ្ធសាសនាខ្មែរមួយ ឋិតនៅដែនដីកម្ពុជាក្រោម ដែលមានអាយុ កាលជិត ៥០០ ឆ្នាំ ។ នេះជាវត្តមួយក្នុងចំណោមវត្តអារាមខ្មែរទាំងអស់ នៅដែនដីកម្ពុជាក្រោម ដែល មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានូវប្រលឹងជាតិខ្មែរ ដូចជា ពុទ្ធសាសនា អក្សរសាស្រ្ត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ជាដើម ឲ្យបានគង់វង្សមកដល់ សព្វថ្ងៃ ។

ពាក្យថា “វត្តវេឡុវ័ន ឫស្សីស្រុក” កាត់ជាចេញពីរស័ព្ទ គឺ “វេឡុវ័ន” មានន័យថា “ព្រៃឫស្សី” ។ ឯពាក្យថា “ឫស្សីស្រុក” ជាឈ្មោះភូមិមួយឋិតនៅចំកណ្ដាលផ្នោដែលសម្បូណ៌ដោយឫស្សីហើយពាក្យ “ឫស្សីស្រុក” នេះកាលពីដើមឡើយគេហៅថា “ឫស្សីស្រុត” គឺដោយហេតុតែក្នុងបរិវេណវត្ត នេះ មានឫស្សី មួយគុម្ពបានស្រុតចុះទៅក្រោមដីបន្តិចម្ដងៗ ទាល់តែបាត់ចុងឫស្សីនោះ ។ អាស្រ័យហេតុអស្ចារ្យហ្នឹងហើយទើបចាស់បុរាណដែលអស់លោកជាអ្នកកសាងវត្ត ក៏បានដាក់ ឈ្មោះថា “វត្តវេឡុវ័ន ឫស្សីស្រុត” ។
មួយវិញទៀតនៅភូមិ ឫស្សីស្រុត គឺសម្បូរដោយឫស្សីគ្រប់ប្រភេទដែលបានអ្នកភូមិដាំធ្វើជារបងជុំវិញផ្ទះនីមួយៗទៀតផង ទើប អ្នកជំនាន់ក្រោយតែងសម្គាល់ហៅថា “ឫស្សីស្រុក” តរៀងមក ។ បច្ចុប្បន្នឈ្មោះហៅ “ឫស្សីស្រុក” នេះ គឺក្លាយចេញពីឈ្មោះដើមថា “ឫស្សីស្រុត” ។
វត្តវេឡុវ័ន ឫស្សីស្រុក មានទីតាំងស្ថិតនៅចំកណ្ដាលផ្នោនៃភូមិឫស្សីស្រុក ឃុំឫស្សីស្រុក (ផុងភូ), ស្រុកកំពង់ស្ពាន (កូវកែ), ខេត្តព្រះត្រពាំង (ត្រាវិញ) ដែនដីកម្ពុជាក្រោមចម្ងាយពីទីរួមខេត្តព្រះត្រពាំង ប្រមាណ ៤០ គីឡូមែត្រ និងពីទីរួមស្រុក កំពង់ស្ពាន ៦ គីឡូមែត្រ ជាវត្តមួយក្នុងចំណោម ២២ វត្តនៃស្រុកកំពង់ស្ពាន មានអាយុកាល ៤៩៥ ឆ្នាំ ។ នេះបើយោងតាមសៀវភៅសំណេររបស់លោកគ្រូ ឡឹម សៀ (ឆ្នាំ ១៩៧០) និង កម្រងប្រវត្តិវត្តវេឡុវ័ន ឫស្សីស្រុក (ឆ្នាំ ២០១៤) ។
វត្តនេះស្ថាបនាឡើងកាលពីពុទ្ធសករាជ ២០៦៩ គ្រឹស្តសករាជ ១៥២៥ លើផ្ទៃដីទំហំ ៦៣,១២០ ម៉ែត្រការេ (m2) ដីនេះជាកេរដំណែលរបស់លោកតា តូច លោកយាយ ពៅ លោកយាយ សឺ វិញ លោកយាយ ដែប លោកតា សំ លោកតា សេកៅ មានសទ្ធាជ្រះថ្លាប្រគេនព្រះសង្ឃដើម្បីកសាងវត្ត។ ហើយមានដីស្រែចំនួន ២៦,១៨០ ម៉ែត្រការេ (m2) ដីនេះជាកេរដំណែលរបស់លោកតា សែត លោកយាយ យ៉ា និងលោតា សោ លោកយាយ សោយ ព្រមទាំងលោកតា ឡាយ លោកយាយ ធូ បានប្រគេនវត្ត ។ រីឯព្រះតេជព្រះគុណដែលកសាងវត្តនេះមុនដំបូងបំផុងគឺព្រះនាម មាឃ ជាព្រះចៅអធិការវត្ត ។
ចាប់តាំងពីវត្តបានកកើតឡើងរហូតមកគឺមានព្រះចៅអធិការចំនួន ១៨ ជំនាន់ហើយក្នុងនោះ គឺ មានព្រះឧបជ្ឈាយ៍ ៤ ព្រះអង្គ ។
- ទី ១ ព្រះឧបជ្ឈាយ៍ ព្រះមុនីបុទមបរមសត្ថាវិរិយាធម្មព្រហ្មត្ថេរ ព្រះនាម ណឹម ប្រសូត ព.ស. ២៣៨១ គ.ស. ១៨៣១ អនិច្ចធម្ម ព.ស. ២៤៦៦ គ.ស. ១៩២២ ក្នុងព្រះជន្មាយុគម្រប់ ៨៥ ព្រះវស្សា ។
- ទី ២ ព្រះឧបជ្ឈាយ៍ ព្រះវិនយត្ថេរ ថាច់ ក្រាញ់ ប្រសូត ព.ស. ២៤២៩ គ.ស. ១៨៨៣ អនិច្ចធម្ម ព.ស. ២៤៩២ គ. ស. ១៩៤៦ ក្នុងព្រះជន្មាយុគម្រប់ ៦៣ ព្រះវស្សា ។
- ទី ៣ ព្រះឧបជ្ឈាយ៍ ព្រះបញ្ញាវិនយត្ថេរ (វិន័យធម៌) ថាច់ ហែម ប្រសូត ព.ស. ២៤៣០ គ.ស. ១៨៨៦ អនិច្ចធម្ម ព.ស. ២៥២១ គ.ស. ១៩៧៧ ក្នុងព្រះជន្មាយុគម្រប់ ៩១ ព្រះវស្សា ។
- ទី ៤ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះធម្មសុវណ្ណត្ថេរ ថាច់ ចឿង ប្រសូត ព.ស. ២៤៦៣ គ.ស. ១៩១៩ អនិច្ចធម្ម ព.ស. ២៥៤៩ គ.ស. ២០០៥ ក្នុងព្រះជន្មាយុគម្រប់ ៨៦ ព្រះវស្សា ។
ក្រៅពីនោះនៅមានអតីតព្រះចៅអធិការវត្តដូចជា ព្រះឧបជ្ឈាយ៍ ធម្មជោតោ សេន ប៊ុនសង ព្រះ គ្រូ ធម្មប្បញ្ញោ ថាច់ ធា ជាដើម ។ បច្ចុប្បន្នគឺព្រះតេជព្រះគុណ សង្ឃនាទោ ថាច់ ឡេង ជាព្រះចៅ អធិការវត្ត ។
ទីតាំងភូមិសាស្ត្រនៃវត្តវេឡុវ័ន ឫស្សីស្រុក គឺ៖ ទិសខាងលិច មានព្រំប្រទល់ជាប់ នឹង វត្តទេពឧទ្យាន តាដេវ ។ ទិសខាងកើត មានព្រំប្រទល់ជាប់ នឹងវត្ត មង្គលឧទ្យាន កិញ្ឆាង ។ ទិសខាងជើង មានព្រំប្រទល់ ជាប់ នឹងវត្ត ពោធិវ័ន អូរសំពៅ ។ ទិសខាងត្បូង មានព្រំប្រទល់ជាប់ នឹងវត្ត ជោវ័នសង្វារមាស បាត់ក្រមា និង វត្ត មុនីរង្សី មេពាំង ។
ពុទ្ធបរិស័ទចំណុះជើងវត្តនាពេលបច្ចុប្បន្ន (ឆ្នាំ ២០២០) មានចំនួន ៤៧៥ គ្រួសារ ក្នុងនោះ មានចែកចេញជាចំណុះវេនចំនួន ៧ វេន ឬ ក្រុម គឺ៖ ១ វេនក្បាលថ្នល់, ២ វេនភូមិញាតិ, ៣ វេនមាត់ស្រះ (ខាងត្បូងវត្ត), ៤ វេនខាងត្បូងផ្សារ, ៥ វេនស្នៀត (ខាងជើងផ្លូវ), ៦ វេនវាល (ខាងជើងព្រែក), ៧ វេនខាងលិចវត្ត ។
ចំណែកឯព្រះសង្ឃក្នុងវត្តមានចំនួន ៣០ អង្គ ដែលមានព្រះតេជព្រះគុណ សង្ឃនាទោ ថាច់ ឡេង ជាព្រះចៅអធិការ ព្រះតេជព្រះគុណ រតនជ្ជោតោ ថាច់ សុផល ជាពហុស្សូតស្តាំ និង ព្រះតេជព្រះគុណ ចិត្តសទ្ធោ ថាច់ ធា ជាពហុស្សូតឆ្វេង ។
ព្រះសង្ឃ គណៈកម្មការ អាចារ្យ មេវេន និង ពុទ្ធបរិស័ទក្នុងចំណុះជើងវត្តទាំងមូលមានសាមគ្គីភាព យ៉ាងល្អ ប្រសើរក្នុងការប្រតិបត្តិតាមគន្លងធម៌វិន័យនៃព្រះពុទ្ធសាសនា ។ សមិទ្ធផលនានាក្នុងវត្តរួមមាន ព្រះវិហារ ព្រះត្រៃរតនសានា សង្ឃនិវេសនដ្ឋាន សមណកុដិ សាលាសមគ្គី រោងភត្ត បន្ទប់អនាម័យ កុដិកន្តាំង ព្រះចេតិយ និង សាលារៀន ដោយមានក្បូរក្បាច់រចនាបទខ្មែរសុទ្ធសាធ ជាពិសេសគឺវត្តនេះ មានទទួល បើកសាលារៀនថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ (បាលីទី ១) និង ឆ្នាំទី ៤ (បាលីរង) ហើយមានសមណ-សិស្ស យុវ័ន យុវតីសិស្សពី ៣០ ដល់ ៥០ អង្គ និង រូប បានមន្ត្រីសង្ឃខេត្ត – ស្រុក បញ្ជូនមកស្នាក់រៀនជារៀងរាល់ឆ្នាំ។ ក្រៅពីនោះ នៅមានបើកថ្នាក់ ប្រជាខេមរភាសា សម្រាប់កុមារា កុមារី និង យាយតារៀនធម៌តាមភូមិ ឬ វេននីមួយៗក្នុងចំណុះជើងវត្តជាប្រចាំទៀតផង ដោយសារ ព្រះសង្ឃ និង គណៈកម្មការវត្តយល់ឃើញថា៖ “ការសិក្សាអប់រំ ការបណ្ដុះបណ្ដាល ថែរក្សានូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និង សាសនា (អរ្យធម៌ខ្មែរ) ជាគោលដៅរបស់ខ្មែរគ្រប់រូប” ៕
រូបភាពខ្លះៗ នៃប្រវត្តិវត្តវេឡុវ័ន-ឫស្សីស្រុក