លោកតា ថាច់ ចាន់ ជាសហស្ថាបនិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានទទួលមរណភាព ក្នុងជន្មាយុ ៩៣ ឆ្នាំ ដោយជរាពាធ នៅប្រទេសកាណាដា ។

យោងតាមសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា លោកតា ថាច់ ចាន់ បានទទួលអនិច្ចកម្ម នៅថ្ងៃព្រហស្បតិ៍ ៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ នឹងថ្ងៃទី ៧ ខែធ្នូ ២០១៧ ។
លោក ថាច់ ចាន់ កើតនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩២៤ នៅខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ក្នុងសម័យរដ្ឋកូស័ងស៊ីន ដែលកម្ពុជាក្រោម ឋិតនៅក្រោមនឹមអាណានិគមនិយមបារាំង ។
នៅក្នុង សន្និបាតប្រចាំឆ្នាំ ២០១៧ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលប្រព្រឹត្តទៅនៅវត្តធម្មិការាម នាទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី ៩ ខែធ្នូ លោក តោ គិម ថុង ជាអតីតអធិបតី និងបច្ចុប្បន្នជាទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងថា លោកតា ថាច់ ចាន់ ជាសហស្ថាបនិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់តាំងពីសហព័ន្ធខ្មែរកម្ពុជាក្រោម បង្កើតជាសភាកម្ពុជា ក្រោម នា ឆ្នាំ ១៩៨៥ ។
នៅក្នុងសន្និបាតនោះ ថ្នាក់ដឹកនាំ និងសមាជិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រប់រូបក៏បាន់កាន់ទុក្ខ ចំពោះមរណភាពរបស់លោក ថាច់ ចាន់ និងនិមន្តព្រះសង្ឃដារបង្សុកូលឧទ្ទិសកុសលដល់រូបលោកផងដែរ ។ ព្រះតេជព្រះគុណ ធីធី ធម្មោ ជាប្រធានគណៈកម្មការសាសនាអន្តរជាតិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងដឹកនាំប្រតិភូរបស់ខ្លួន ចូលរួមពិធីបុណ្យឈាបនកិច្ចរបស់លោក ថាច់ ចាន់ នៅសប្ដាហ៍ក្រោយ ។