ដោយ គឹម សាវតា
យោងតាមប្រវត្តិសាស្ត្រនានា បានបញ្ជាក់ និងជាទឡ្ហីករណ៍ដោយមិនអាចប្រកែកបានថា ខ្មែរលើ(ជនជាតិដើមភាគតិច)ខ្មែរកណ្ដាល និងខ្មែរក្រោម ឬខ្មែរកម្ពុជាក្រោម គឺជាអម្បូរខ្មែរតែមួយដែលមានសែស្រឡាយ ឬអម្បូរតែមួយជាប្រជាជាតិដែលកើតក្នុងទឹកដីនគរភ្នំរៀងដរាមមក។ ប៉ុន្តែក៏មានចង្ងល់មួយបានចោទសួរឡើងដែរថា ហេតុដូចម្ដេចបានជាខ្មែរកម្ពុជាក្រោមមានលក្ខណៈខុសពីខ្មែរលើ និងខ្មែរកណ្ដាល(ខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជា)ព្រោះខ្មែរទាំង២ភូមិភាគនេះ តែងតែយកនាមឪពុក ឬនាមជីតាធ្វើជានាមត្រកូលដាក់ពីមុខឈ្មោះ ចំណែកខ្មែរកម្ពុជាក្រោមវិញបែជាមានខ្សែត្រកូលដោយឡែកដាក់ពីមុខឈ្មោះដូចគ្នាជាមួយជនជាតិចិន ឬយួនជាដើមទៅវិញ?។

ត្រង់ចំណុចនេះយើងសូមបកស្រាយបំបាត់ចម្ងល់ដូចតទៅ៖
ក្នុងអំឡុងឆ្នាំ១៥០០ប្លាយ គឺមុនពេលដែលព្រះបាទជ័យជេដ្ឋាទី២ឡើងគ្រងរាជ្យ នៅពេលនោះនៅក្នុងប្រទេសចិនបានកើតកលយុគ ដោយមានជនជាតិមួយដែលភាសាបរទេសហៅថាជនជាតិ“មែន ជូរី”ភាសាវៀតណាមហៅ “ម៉ាងចូវ” បានក្រោកឡើងធ្វើសង្គ្រាមវាយដណ្ដើមកាន់កាប់ និងគ្រប់គ្រងប្រទេសចិនបានជោគជ័យ និងគ្រប់គ្រងប្រទេសចិនបានទាំងមូល។
ពេលនោះក្រុមទាហានរបស់ចិន ជាពិសេសទាហានជើងទឹកដែលចាញ់សង្គ្រាម និងមិនសុខចិត្តរស់នៅក្រោមរបបគ្រប់គ្រងរបស់រដ្ឋាភិបាលនៃជនជាតិម៉ាងចូវ ក៏បានភៀសខ្លួនទៅកាន់ប្រទេសផ្សេងៗពិសេសគឺប្រទេសកម្ពុជាផ្នែកខាងក្រោមឬដែនដីកម្ពុជាក្រោមនោះឯង។ ហើយជនជាតិចិនដែលភៀសខ្លួនមកកម្ពុជាក្រោមនៅពេលនោះ ភាគច្រើនជាបុរសពោះម៉ាយ និងកម្លោះ។ លុះរស់យូរៗទៅដោយខ្លួនជាអ្នកភៀសខ្លួន ពុំមានមុខរបរ គ្មានកេរកោះ គ្មានស្រែចម្ការ លំបាកវេទនា គ្មានលំនឹងពិតប្រាកដក្នុងជីវភាព ម្លោះហើយក៏មានទំនាក់ទំនងស្នេហាជាមួយក្រមុំ ឬម៉េមាយជាខ្មែរកម្ពុជាក្រោម ចាប់ដៃគ្នាជាប្តីប្រពន្ធដោយអាពាហ៍ពិពាហ៍ខ្លះ និងមិនមានអាពាហ៍ពិពាហ៍ខ្លះ កើតជាកូន ពូនជាចៅរហូតមក។
នៅពេលនោះដោយខ្មែរយើង ពុំមានត្រកូល ឬសែពិតប្រាកដនៅឡើយ(តាមឯកសារខ្លះបានបញ្ជាក់ថាខ្មែរទើបតែមានត្រកូលក្នុងអំឡុងឆ្នាំ១៩០៧ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិនេះទេ) ចំណែកជនជាតិចិនមានទំនៀមទម្លាប់ដែលគេប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងតឹងរ៉ឹងបំផុត គឺកូនដែលកើតមកទោះជាប្រុសក្តី ស្រីក្ដី ត្រូវយកសែ ឬត្រកូលរបស់ឪពុកដាក់ពីមុខឈ្មោះ។ ដូច្នេះហើយទើបកូនដែលកើតមកពីម្ដាយជាខ្មែរកម្ពុជាក្រោម មានសែ ឬត្រកូលជារៀងរហូតមកដល់សព្វថ្ងៃ ហើយដែលភាគច្រើនជាសែ ឬត្រកូលចិនដូចជា “ ត្រឹង, ទ្រីវ, លី, តាំង”ជាដើម។
ពេលដែលខ្មែរកម្ពុជាក្រោមបានជាប់សែ ឬត្រកូលរបស់ចិន ទន្ទឹមពេលដែលជនជាតិយួនមួយចំនួនក៏មានសែ ឬត្រកូលចិន ដោយស្រ្តីយួនខ្លះ បានយកប្តីជាជនជាតិចិនដែរនោះ ធ្វើឱ្យរដ្ឋអំណាចយួនពិបាកចំណាំថាអ្នកណាជាខ្មែរ អ្នកណាជាយួន និងអ្នកណាជាចិន។ ទើបក្នុងរជ្ជកាលស្ដេចយួន ឈ្មោះយ៉ាឡុង ក្នុងអំឡុងឆ្នាំ១៨១៦ បានបង្ខំឱ្យខ្មែរកម្ពុជាក្រោមទទួលយកនាមត្រកូលចំនួន៦ សម្រាប់ជាត្រកូលរបស់ខ្មែរកម្ពុជាក្រោមណាដែលមិនទាន់បានជាប់សែ ឬត្រកូលចិន។
ត្រកូលទាំង៦ដែលអធិរាជយ៉ាឡុង បង្ខំឱ្យខ្មែរកម្ពុជាក្រោម ទទួលយកនោះគឺ ៖ ថាច់, សឺន, គីម, កៀង, យ៉ាញ់, និង ចៅ ។
ក្រោយពីមានរាជបញ្ជាពីស្ដេចយ៉ាឡុង បង្ខំឱ្យខ្មែរកម្ពុជាក្រោមទទួលយកត្រកូលទាំង៦នោះហើយ ពួករដ្ឋអំណាចយួនតាមមូលដ្ឋានខ្លះចង់មានការងាយស្រួលក្នុងការគ្រប់គ្រងខ្មែរកម្ពុជាក្រោមក្នុងមូលដ្ឋានរបស់ពួកគេក្នុងគោលបំណងផ្សេងៗនោះ អាចគេបង្ខំឱ្យខ្មែរកម្ពុជាក្រោមក្នុងមូលដ្ឋាននោះយកនាមត្រកូលតែមួយគត់ដូចជា៖ នៅខេត្តក្រមួនស រដ្ឋអំណាចមូលដ្ឋាននេះ បង្ខំឱ្យខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តនេះដាក់នាមត្រកូលថា “យ៉ាញ់” ឯខេត្តមាត់ជ្រូក រដ្ឋអំណាចយួនក្នុងខេត្តនេះបង្ខំឱ្យខ្មែរកម្ពុជាក្រោមយកត្រកូលតែមួយដែរគឺ “ចៅ” រហូតមក។
ទស្សនៈជុំវិញត្រកូល ឬសែខ្មែរកម្ពុជាក្រោម
ជុំវិញត្រកូល ឬសែរបស់ខ្មែរកម្ពុជាក្រោមនេះ មានការលើកឡើងខុសៗគ្នាខ្លះដែរដូចជា៖
១- អ្នកខ្លះយល់ថាពីមុនខ្មែរកម្ពុជាក្រោមមានត្រកូល ឬសែយ៉ាងច្រើន ប៉ុន្តែដោយរដ្ឋអំណាចយួនចង់បំបាត់ចំនួនតួរលេខខ្មែរកម្ពុជាក្រោមឱ្យនៅសល់តិច ទើបគេកាត់បន្ថយត្រកូលខ្មែរនៅត្រឹមតែ៦ដូច្នេះ។
ទស្សនៈបែបនេះគឺមិនត្រឹមត្រូវទេ ការពិតត្រកូលតាំង៦នេះត្រូវបានកំណត់ឡើងតាំងពីជំនាន់ស្ដេចយួនឈ្មោះ យ៉ាឡុងពីឆ្នាំ១៨១៦មកម្លេះ។ ហើយក្រៅពីត្រកូលទាំង៦នេះ ខ្មែរកម្ពុជាក្រោមដែលមានត្រកូលកាត់ចិនក៏នៅតែរក្សាជាត្រកូលរបស់ខ្លួនដដែលទេ។
២- អ្នកខ្លះយល់ឃើញថាត្រកូលទាំង៦នេះមានត្រកូល១ គឺត្រកូល “ឡឹម”ទៀតដែរ។ បើយោងតាមសៀវភៅ«សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» របស់លោក ថាច់ សេរ និងសៀវភៅ “នឹកស្រណោះដែនដីកម្ពុជាក្រោម” ដែននិពន្ធដោយលោក គីម សាអ៊ូល បានបញ្ជាក់ថា ត្រកូលទាំង៦ នោះគឺមានតែ ថាច់ សឺន គីម កៀង យ៉ាញ់ និងចៅ ប៉ុណ្ណោះ។
ទឡ្ហីករណ៍ទី២ នៅពេលដែលលោក សឺន ថៃង្វៀន ជាព្រឹទ្ធសមាជិក នៃព្រឹទ្ធសភាវៀតណាមខាងត្បូងនៅឆ្នាំ១៩៧១ ដែលបានធ្វើអន្តរាគមន៍ក្នុងសម័យប្រជុំព្រឹទ្ធសភា ដើម្បីរក្សាទុកខ្មែរកម្ពុជាក្រោមជាជនជាតិភាគតិច ក៏បានលើកយកតែត្រកូល៦នេះដោយគ្មានត្រកូល “ឡឹម”ទេ។
ភស្តុតាងទី៣ ឯកសាររបស់ “ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋវៀតណាមកំណើតខ្មែរ” ដែលមានទីស្នាក់ការនៅទីក្រុងព្រែកឬស្សី បានកំណត់ឱ្យខ្មែរកម្ពុជាក្រោមដែលដាក់ពាក្យសុំលិខិតបញ្ជាក់ជាប្រជាពលរដ្ឋវៀតណាមកំណើតខ្មែរ(Chung chi nguoi goc mien) ក៏បានអាទិភាពចំពោះខ្មែរកម្ពុជាក្រោមដែលមានត្រកូល៧ គឺ ថាច់ សឺន គីម កៀង ចៅ យ៉ាញ់ និងនាង (សម្រាប់ស្រ្តីខ្មែរកម្ពុជាក្រោមខេត្តមាត់ជ្រូក) ដោយពុំមានត្រកូល “ឡឹម”ឡើយ។
តើខ្មែរកម្ពុជាក្រោមមានត្រកូលប៉ុន្មានឱ្យពិតប្រាកដ ?
តាមការស្រាវជ្រាវអាចពុំទាន់គ្រប់គ្រាន់ តែយ៉ាងហោចណាស់ ក៏ខ្មែរកម្ពុជាក្រោម បានប្រើប្រាស់នាមត្រកូលចំនួន៤៧ដែរ។ ក្នុងនោះយើងបែងចែកដូចជា ៖
ក-នាមត្រកូលដែលស្តេចយ៉ាឡុងបង្ខំឱ្យខ្មែរកម្ពុជាក្រោមប្រើប្រាស់ចំនួន៧ គឺ
១-ថាច់ (Thach)
២-សឺន (Son)
៣-គីម (Kim)
៤-កៀង (Kien)
៥-ចៅ (Chau)
៦-យ៉ាញ់ (Danh)
៧-ចូវ(Chau)ដែលក្លាយមកពីពាក្យចៅ
ខ- តាមត្រកូលដែលខ្មែរកម្ពុជាក្រោមខេត្តមាត់ជ្រូក បង្កើតឡើងដោយខ្លួនឯងប្រើប្រាស់សម្រាប់ស្ត្រីក្នុងខេត្តនេះមានចំនួន១ គឺត្រកូល៖
៨ នាង (Neang)
គ-ត្រកូលដែលជាប់ពីកម្ពុជាទៅមាន៤ គឺ ៖
៩ ម៉ុក(Mok) (ព្រះតេជព្រះគុណ ម៉ុក សុខ អតីតព្រះមេគណខេត្តលង់ហោ) ។
១០ គង់(Cong) (ព្រះតេជព្រះគុណ គង់ សូផាន់ អតីតព្រះមេគណខេត្តក្រមួនស)។
១១ អ៊ូល(Uol) (ព្រះតេជគុណ អ៊ូល ស្រី អតីតព្រះចៅអធិការវត្ត ចន្ទ រង្សី ក្នុងក្រុងព្រៃនគរ)។
១២ សថ(Soth)(មានសាមណេ១ អង្គ ឈ្មោះ សថ សាន្ត នៅវត្តគិរីសាធរ អូរកាប់ )
ឃ-ត្រកូលជាប់ពីប្រទេសភូមា១ គឺ៖
១៣ អ៊ូ(U) ធ្លាប់ជួបសមណសិស្សសាលាបាលីទី១ នៅវត្តឃ្លាំងនាឆ្នាំ១៩៧០ ព្រះនាម អ៊ូ ស៊ីម តាមការសាកសួរថា ជីតាទួតរបស់លោកជាជនជាតិភូមា។
ង-ក្រៅពីនោះគឺជាត្រកូលជាប់សែស្រឡាយចិនទាំងអស់ដូចជា ៖
១៤ ត្រឹង(Tran)
១៥ ហ្វិញ(Huynh)
១៦ លី(Ly)
១៧ យឿង(Duong) ( ភាគច្រើនខ្មែរក្នុងខេត្តព្រែកឬស្សី)
១៨ ដាវ(Dao) ( ភាគច្រើនខ្មែរក្នុងខេត្តព្រែក ឬស្សី)
១៩ តាំង (Tang)
២០ ហឿ (Hua)
២១ ត្រឹម (Tram)
២២ យី(Diep) (ភាគច្រើនក្នុងខេត្តទឹកខ្មៅ)
២៣ ហូវ(Huu) (ភាគច្រើនក្នុងខេត្តទឹកខ្មៅ)
២៤ ឡាយ(Lai)
២៥ ឡឹម (Lam)
២៦ ឡា(La)
២៧ ញីវ(Nhieu)
២៨ ញ៉ាង(Nhang)
២៩ ឡាវ(Lao)
៣០ ចៀ(Chia)
៣១ ងោ(Ngo)
៣១ ទ្រីវ(Trieu)
៣៤ ហុង(Hong)
៣៥ ក្វាច់(Quach)
៣៦ តោ(To)
៣៧ ថាយ ឬ ថៃ(Thai)
៣៨ ម៉ាយ(Mai)
៣៩ យូវ(Du)
៤០ ទ្រឿង(Truong)
៤១ ហាង(Hang)
៤២ ឌិញ(Dinh)
៤៣ យ៉ាង(Giang)
៤៤ ធី(Thi) (សម្រាប់ស្ត្រីភាគច្រើននៅខេត្តក្រមួនស)
៤៥ ទ្រិញ (Trinh)
៤៦ ដូ(Do)
៤៧ តា(Ta)
សូមបញ្ជាក់ថា ត្រកូលទាំង ៤៧ ខាងលើសុទ្ធសឹងតែជាត្រកូលជាប់សែស្រឡាយចិន ត្រកូលខ្មែរសុទ្ធដែលស្ដេចយួន យ៉ាឡុង បង្ខំឱ្យ និងត្រកូលខ្លះជាប់ត្រកូលពីខ្មែរកណ្ដាល។ ប៉ុន្តែខ្មែរកម្ពុជាក្រោមមិនសូវមានជាប់ខ្សែត្រកូលវៀតណាមដូចជា៖ ង្វៀន(Nguyeng) ឡេ(Le) ផាម(Pham) វ៉(Vo) ផាន់(Phan) ជាដើមនោះទេ។
តើមូលហេតុអ្វី ទើបជនជាតិចិនដែលភៀសខ្លួនពីប្រទេសចិន ហើយមកបង្កាត់ត្រកូលតែជាមួយខ្មែរកម្ពុជាក្រោមដោយមិនមានកាត់ត្រកូលជាមួយខ្មែរលើ និងខ្មែរកណ្ដាល? ហើយហេតុអ្វីទើបខ្មែរកម្ពុជាក្រោមមិនសូវកាត់ត្រកូលរបស់វៀតណាម?បញ្ហានេះមានមូលហេតុដូចខាងក្រោម ៖
១ តាមប្រវត្តិសាស្ត្រ និងភូមិសាស្ត្របញ្ជាក់ថា កាលពីដើមឡើយ ជាពិសេសក្នុងអំឡុងឆ្នាំ១៥០០ប្លាយ ទឹកដីខ្មែរមានវិ សាលភាពធំធេង ក្នុងនោះព្រំដែនភាគអាគ្នេយ៍ជាប់ជាមួយឈូងសមុទ្រចិន ទើបងាយស្រួលដល់ជនជាតិចិនភៀសខ្លួនតាមកប៉ាល់មកភូមិសាស្ត្រភាគអាគ្នេយ៍នោះមានចង្ងាយផ្លូវជិតជាង។ ហើយភូមិសាស្ត្រនោះគឺភូមិសាស្ត្រដែលខ្មែរកម្ពុជាក្រោមរស់នៅ ។
២ ប្រការដែលខ្មែរកម្ពុជាក្រោមមិនសូវមានកាត់ត្រកូលវៀតណាមនោះ ក៏បញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ក្នុងអំឡុងឆ្នាំ១៥០០ប្លាយនោះជនជាតិយួន មិនទាន់មានវត្តមាននៅលើទឹកដីកម្ពុជាក្រោមនៅឡើយទេ។
៣ រវាងខ្មែរកម្ពុជាក្រោម និងវៀតណាមនៅសម័យបុរាណ មិនសូវមានមនោសញ្ចេតនារវាងគ្នានិងគ្នាឡើយ។ ស្ត្រីខ្មែរកម្ពុជាក្រោមមិនសូវមានចំណងអាពាហ៍ពិពាហ៍ជាមួយបុរសវៀតណាមទេ ហើយបើមានក៏ជួបជាមួយបុរសវៀតណាមដែលមានត្រកូលចិនស្រាប់ផង។
ទោះថាយ៉ាងណាក៏ដោយ តាមការស្រាវជ្រាវរកឃើញថា មានខ្មែរកម្ពុជាក្រោមខ្លះ(តិចតួចបំផុត)មានជាប់សែ ត្រកូលរបស់វៀតណាមដែរ តែសុទ្ធតែកើតឡើងក្នុងភាពចៃដន្យ ដែលមានឧទាហរណ៍ដូចខាងក្រោម៖
១-លោកស្រី ង្វៀន ធីថាន់ ជាស្រ្តីខ្មែរកម្ពុជាក្រោមមានភូមិកំណើតនៅភូមិខ្វែងបបែល ឃុំល្បើសស្បូវ ស្រុកពលលាវ ខេត្តពលលាវ មានឈ្មោះដើមថា “សឺន ធីក្រាញ់” មូលហេតុដែលអ្នកស្រីជាប់នាមត្រកូល “ ង្វៀន” អាស្រ័យដោយស្វាមីលោកស្រីជាទាហាន និងមានប្រពន្ធដើមជាវៀតណាម និងមានត្រកូល “ង្វៀន” លុះប្រពន្ធដើមស្លាប់ទៅ ក៏បានមកជួបលោកស្រី និងដោយចៀសវាងកុំឱ្យពិបាកក្នុងការធ្វើលិខិតមរណភាពជូនប្រពន្ធដើមផង និងកុំឱ្យពិបាកក្នុងការធ្វើលិខិតអាពាហ៍ពិពាហ៍ ជូនប្រពន្ធក្រោយផង ក៏សម្រេចឱ្យលោកស្រីយកឈ្មោះប្រពន្ធដើមគឺ ង្វៀន ធីថាន់ រហូតមក។
២-លោកតាម្នាក់ឈ្មោះ ផាង ថែប មានស្រុកកំណើតនៅភូមិតាដើក ឃុំស្វាត ស្រុកជ្រោយញ ខេត្តឃ្លាំង។ តាមការសាកសួរនាមត្រកូលរបស់ឪពុកលោកតាគឺ “ថាច់” ប៉ុន្តែលោកតាកើតមក និងទៅចុះឈ្មោះធ្វើបញ្ជីជាតិ ស្មៀនតុលាការស្ដាប់មិនច្បាស់ក៏សរសេរថា ផាង ថែប ដូច្នេះវិញ។
៣-គ្រួសារមួយទៀតរបស់លោកតា ឡេ ប៊ិន នៅភូមិព្រែកតាមុម ឃុំព្រែកតាមុម ស្រុកជ្រោយញ ខេត្តឃ្លាំង ដែលជាខ្មែរសុទ្ធតែមានត្រកូល ឡេ តែមិនដឹងជាមូលហេតុអ្វី? ដោយលោកតាអះអាងថា វង្សត្រកូលរបស់គាត់ ពុំមានជាប់សាច់ឈាមយួនទេ។
ចំពោះមន្រ្តីអត្រានុកូលដ្ឋានសរសេរច្រឡំអក្សរបែបនេះឃើញមានជាហូរហែមកដែរដូចជាករណីឆ្នាំ១៩៧១ មានតំណាងរាស្ត្រវៀតណាមមួយរូប ជាប់ឈ្នោតនៅមណ្ឌលខេត្តទួលតាមោក(ប៊ិញយឿង) ឈ្មោះ ថាច់ កេត្វាក(Thach Ke thoat) តែមានការសាកសួរពីអ្នកកាសែត លោកប្រាប់ថាឈ្មោះរបស់លោកពិតប្រាកដគឺ ផាម កេត្វាក(Pam ke thoat) ប៉ុន្តែអាស្រ័យដោយមន្ត្រីអត្រានុកូលដ្ឋានសរសេរច្រឡំទើបមានឈ្មោះ ថាច់ កេត្វាក រហូតមក។
ស្វែងយល់ពីត្រកូលខ្មែរកម្ពុជាក្រោមចំនួន៣ គឺ “នាង, ចូវ,និងធី”
១-ត្រកូល “ចូវ” ត្រកូលនេះតាមពិតទៅ ជនជាតិវៀតណាមក៏មានច្រើនណាស់ដែរហើយជាត្រកូលពីដូនតារបស់គេផង។ ហេតុអ្វីទើបខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តមាត់ជ្រូកមានត្រកូល “ចូវ” នេះដែរ?។ ចម្លើយដ៏ខ្លីថា ត្រកូលនេះគឺក្លាយមកពីត្រកូលដើម “ចៅ” ប៉ុន្តែដោយមន្ត្រីអត្រានុកូលដ្ឋានក្នុងមូលដ្ឋានសរសេរច្រឡំទៅជា “ចូវ” ទៅវិញ។
២-ត្រកូល “នាង” ជាត្រកូលពិសេសបំផុតមួយដែលខ្មែរកម្ពុជាក្រោមខេត្តមាត់ជ្រូកបង្កើតឡើងដោយផ្ទាល់ សម្រាប់ស្ត្រីនៅក្នុងខេត្តនេះតែម្ដង។
៣-ត្រកូល “ធី” ត្រកូលនេះក៏មានលក្ខណៈពិសេសចំពោះតែខ្មែរក្រោមនៅក្នុងខេត្តក្រមួនសដែរ។ ប៉ុន្តែអាស្រ័យដោយមូលហេតុ២យ៉ាងគឺ៖
ក-ជាទូទៅសម្រាប់ស្ត្រីជនជាតិវៀតណាម ក្រៅពីនាមត្រកូល ត្រូវតែបន្ថែមពាក្យ “ធី” នៅកណ្ដាលនៃឈ្មោះនោះដូច្នោះឯង។ ឧទាហរណ៍ដូចជាស្រ្តីម្នាក់មាននាមត្រកូល “យ៉ាញ់” និងមានឈ្មោះថា “ទេពី”។ ពេលធ្វើបញ្ជីជាតិ ឬអត្តសញ្ញាណប័ណ្ណ ត្រូវបញ្ចូលពាក្យ “ធី” ជាចាំបាច់។ ដូច្នេះស្ត្រីនោះត្រូវមានឈ្មោះជាផ្លូវការថា “យ៉ាញ់ ធី ទេពី” ជាដើម។
ខ-ចំណែកមន្ត្រីអត្រានុកូលដ្ឋាននៅទូទាំងខេត្តក្រមួនស កាលបើដឹងថាស្ត្រីនោះជាខ្មែរកម្ពុជាក្រោមហើយ គេដឹងច្បាស់ថានាងមានត្រកូល “យ៉ាញ់” រួចជាស្រេចទៅហើយ ដូច្នេះគេមិនចាំបាច់ដាក់ “យ៉ាញ់” នៅខាងមុខឈ្មោះទៀតទេ គឺដាក់ត្រឹមតែ “ធី” នេះតែម្ដង ឧទាហរណ៍ ស្ត្រីម្នាក់ឈ្មោះ យ៉ាញ់ ធី សុខា ដោយគេមិនដាក់យ៉ាញ់នៅពីមុខនោះ ដូច្នេះឈ្មោះក្នុងបញ្ជីជាតិ ឬអត្តសញ្ញាណប័ណ្ណរបស់នាងមានត្រឹមតែ “ធី សុខា” តែប៉ុណ្ណោះ។ ហើយ “ធី” នេះអាចក្លាយជាត្រកូលមួយទៀតក្នុងករណីពិសេសណាមួយ ឧទាហរណ៍ស្ត្រីរូបនោះមានកូន ដោយឥតខាន់ស្លាជាមួយបុរសណាមួយ ជាពិសេសកូនប្រុស ដូច្នេះពេលធ្វើសំបុត្រកំណើត ត្រូវយកត្រកូលរបស់ម្ដាយ។ ដូច្នេះកូនប្រុសនោះត្រូវមានត្រកូលថា “ធី” នេះឯង។
អំពីសំនៀងហៅចំពោះត្រកូលខ្មែរកម្ពុជាក្រោមទាំង៦
យើងពិនិត្យឃើញថា ត្រកូលខ្មែរកម្ពុជាក្រោមទាំង៦ មានតែត្រកូល២ប៉ុណ្ណោះដែលពុំមានបញ្ហាក្នុងការហៅ គឺត្រកូល កៀង និង ចៅ មានសំនៀងហៅឯកភាពគ្នា។ ឯត្រកូល៤ទៀតចោទជាបញ្ហាក្នុងការចំណាំ ឬសំនៀងហៅ ត្រកូលទាំងនោះរួមមាន៖
១-ត្រកូល “សឺន” ដែលអក្សរវៀតណាមសរសេរថា “Son” អក្សរសរសេរបែបនេះត្រូវបានអានផ្សេងៗគ្នា តាមតំបន់គឺ វៀតណាមភាគខាងជើងអានថា “សឺន” វៀតណាមភាគខាងត្បូងអានថា “ស៊ើង” ចំណែកខ្មែរនៅព្រះរាជាណាចក្រកម្ពុជាអានថា “សុន” ទៅវិញ ដូច្នេះហើយទើបឥស្សរជនខ្មែរកម្ពុជាក្រោម ដែលមានត្រកូលតែ១សោះ ប៉ុន្តែនៅកម្ពុជាហៅផ្សេងគ្នាដូចជាសម្ដេច “សឺន សាន” “លោក ស៊ើង ងុកថាញ់” និងលោក “សុន សេន” ជាដើម។
២-ត្រកូល “ថាច់” ដែលអក្សរវៀតណាមសរសេរថា “Thach” តាមអក្ខរាវិរុទ្ធនេះ ទាំងវៀតណាមខាងត្បូង វៀតណាមខាងជើង និងកម្ពុជាកណ្ដាលអានថា “ថាច់”ដូចគ្នាតែបែជាខ្មែរកម្ពុជាក្រោមខ្លះអានថា “ថាត់” ទៅវិញ។
៣-ត្រកូល “គីម” ដែលអក្សរវៀតណាមសរសេរថា “Kim” យើងឃើញថាទាំងវៀតណាមខាងត្បូង វៀតណាមខាងជើង និងកម្ពុជាក្រោមអានថា “គីម”ដូចគ្នា តែបែជាខ្មែរកណ្ដាលអានថា “គឹម” ទៅវិញ។
៤-ត្រកូល “យ៉ាញ់” ដែលអក្សរវៀតណាមសរសេរថា “DANH” តាមអក្ខរាវិរុទ្ធនេះត្រូវអានថា“យ៉ាញ់” តែសម្រាប់វៀតណាមខាងត្បូងខ្លះអានថា “យ៉ិន” ទៅវិញ។ ចំណែកវៀតណាមខាងជើងអានថា “ហ្សាញ់” ឯខ្មែរនៅព្រះរាជាណាចក្រកម្ពុជាអានថា“ដាញ់”។
ចំពោះអំណានទាំងអស់ខាងលើនេះ ក៏មិនអាចចាត់ទុកអំណានណាមួយថាខុសបានទេគឺយោងទៅតាមភាសាតំបន់នីមួយៗទៅចុះ។
តើនាមត្រកូលទាំង៦នេះមានការបែងចែកទៅតាមតំបន់នីមួយៗយ៉ាងណាខ្លះ?
ដូចយើងបានជម្រាបជូនខាងដើមហើយថា ក្រោយពីស្តេចយួនយ៉ាឡុង បានបង្ខំឱ្យខ្មែរកម្ពុជាក្រោមទទួលយត្រកូលទាំង៦នោះហើយ អាចរដ្ឋអំណាចយួនខេត្តក្រមួនស បានបង្ខំឱ្យខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តនេះទទួលយកតែត្រកូល១គត់ គឺត្រកូល“យ៉ាញ់”។ ឯរដ្ឋអំណាចយួនខេត្តមាត់ជ្រូកបង្ខំឱ្យខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តនេះទទួលយកតែត្រកូល១ដែរ គឺត្រកូល“ចៅ” ឯត្រកូល៤ផ្សេងទៀតគឺថាច់ សឺន គីម និងកៀង មិនសម្រាប់ខេត្តណាមួយទេ ជាត្រកូលសម្រាប់ខ្មែរកម្ពុជាក្រោមទូទៅ។
មានមតិខ្មែរកម្ពុជាក្រោមខ្លះបានលើកឡើងថា ត្រកូលថាច់ សម្រាប់ខេត្តឃ្លាំង។ ត្រកូល សឺន សម្រាប់ខ្មែរកម្ពុជាក្រោមខេត្តព្រះត្រពាំង។ ត្រកូល គីម សម្រាប់ខ្មែរកម្ពុជាក្រោមខេត្តពលលាវ និងត្រកូល កៀង សម្រាប់ខ្មែរកម្ពុជាក្រោមខេត្តទឹកខ្មៅជាដើមនោះ គឺមិនត្រឹមត្រូវឡើយ។
ចុងក្រោយនៅមានចម្ងល់មួយពាក់ព័ន្ធដល់នាមត្រកូលរបស់ខ្មែរកម្ពុជាក្រោម១គឺត្រកូល“គីម” អាស្រ័យដោយគេពិនិត្យឃើញថា ត្រកូលនេះជនជាតិកូរ៉េក៏មានត្រកូល“គីម”ដែរនោះ ដូចជាលោក គីម អ៊ីលស៊ុង លោក គីម ជុងអ៊ីលជាដើម។ ហើយមានអ្នកខ្លះបានលើកឡើងថាខ្មែរកម្ពុជាក្រោមដែលមានត្រកូល“គីម”គឺជាប់សែស្រឡាយពីជនជាតិកូរ៉េ។
ត្រង់ចំនុចនេះ សូមបញ្ជាក់ថាត្រកូល“គីម”របស់ខ្មែរកម្ពុជាក្រោម មិនជាប់ពាក់ព័ន្ធជាមួយត្រកូល“គីម”នៃជនជាតិកូរ៉េទេ តែជាព្រិត្តិហេតុតែប៉ុណ្ណោះ៕