ដោយ ស៊ឺន ចែងចើន
ក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីអង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ព្រមទាំងអ្នកជិតស្និទ្ធរបស់ព្រះសង្ឃខ្មែរក្រោម ព្រះនាម មាស វិចិត្រ ដែលមានកំណើត មកពីកម្ពុជាក្រោម បានបញ្ជាក់ថា ពួកគេរកមិនឃើញតម្រុយណាមួយ ដែលក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ចែកចាយព្រោងព្រាត នៅប៉ុន្មានថ្ងៃមកនេះ ដោយអះអាងថា បុរសមានបញ្ហាសតិអារម្មណ៍ម្នាក់ នៅខេត្តសៀមរាប ជាប់ទាក់ទិន នឹងការបាត់ព្រះកាយព្រះសង្ឃខ្មែរក្រោមមួយអង្គ កាលពីអំឡុងខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ ។ ពួកគេ បានអំពាវនាវ ដល់អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កុំចែករំលែករូបភាព និងវីដេអូ មិនពិតនេះ បន្តទៅទៀត ។ ប៉ុន្តែ អំពាវនាវឲ្យអាជ្ញាធរជួយស្វែងរកព្រះសង្ឃខ្មែរក្រោមអង្គនោះ ឲ្យឃើញ ។

បុរសអនាថា សង្ស័យថា ព្រះសង្ឃខ្មែរក្រោម ដែលបាត់ខ្លួន
ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ ពីមហាជនជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក បានចែកចាយរូបបភាព និងវីដេអូបុរសមានសតិមិនប្រក្រតីម្នាក់ ដែលលេចមុខ នៅខេត្តសៀមរាប ដោយអះអាងថា ជាព្រះសង្ឃខ្មែរក្រោម ព្រះនាម មាស វិចិត្រ ដែលបានបាត់ព្រះកាយ នៅក្នុងទឹកដីនៃខេត្តសៀមរាប កាលពីឆ្នាំ ២០១៧ ។
រូបបភាព និងវីដេអូបុរសម្នាក់ ត្រូវបានគេអះអាងថា ស្ថិតក្នុងស្ថានភាពស្មារតីមិនប្រក្រតីនោះ គឺជាព្រះសង្ឃខ្មែរក្រោម ព្រះនាម មាស វិចិត្រ ព្រះជន្ម ៣២ ព្រះវស្សា មានដើមកំណើតមកពីដែនដីកម្ពុជាក្រោម ស្ថិតនៅភូមិជ្រៃតាសូរ ឃុំកីយ៉ា ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង បាននិមន្តមកគង់ និងសិក្សានៅប្រទេសកម្ពុជា អស់រយៈពេលជាង ១០ ឆ្នាំហើយ ។ ប៉ុន្តែ បានបាត់ព្រះកាយ នៅថ្ងៃទី ១៨ ខែមិថុនា ២០១៧ បន្ទាប់ពីព្រះអង្គ និងលោកតាអាចារ្យម្នាក់ឈ្មោះ ប្រាក់ នី បានទៅលេងសាច់ញាតិនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ហើយនិមន្តត្រឡប់វិញទាំងយប់ ក៏បាត់ខ្លួនតាំងពីពេលនោះមក ។
យ៉ាងនេះក្តី បុរសចំណាស់ម្នាក់ ដែលបាត់ខ្លួនជាមួយព្រះសង្ឃខ្មែរក្រោមមួយអង្គនោះ ត្រូវបានរកឃើញវិញ រយៈពេលជិត ២ ខែក្រោយមក ។ ចំណែក ព្រះសង្ឃខ្មែរក្រោម ១ អង្គ នៅតែបាត់ព្រះកាយនៅឡើយ ដោយមិនដឹងថា នៅមានជីវិត ឬក៏សុគត ។ ទើបតែ នៅពេលថ្មីៗ នេះ លេចឮដំណឹងជាវីដេអូ និងរូបភាព ដែលត្រូវគេបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត ដោយបានបង្ហាញបុរសម្នាក់ មានភិនភាគ ដូចព្រះតេជព្រះគុណ មាស វិចិត្រ ។ ក្នុងរូបវីដេអូ និងរូបថតទាំងនោះ គេឃើញមានអ្នកបង្ហោះ និងចែករំលែកបន្តជាច្រើន រួមទាំងការបញ្ចេញមតិយោបល់ ដោយសុទ្ធតែបានអះអាងថា ពិតជាព្រះសង្ឃខ្មែរក្រោម ព្រះនាម មាស វិចិត្រ មែន ។
សាច់ញាតិព្រះសង្ឃខ្មែរក្រោម បដិសេធ
ជុំវិញព័ត៌មាននៃការលេចមុខបុរសមានសតិខុសប្រក្រតី និងដែលសង្ស័យថា ជាព្រះតេជព្រះគុណ មាស វិចិត្រ នោះ ក្រុមសាច់ញាតិរបស់ព្រះសង្ឃខ្មែរក្រោមអង្គនោះ និងក្រុមអង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម នៅកម្ពុជា ដែលបានបញ្ជូនកម្លាំងចុះស្រាវជ្រាវករណីនេះ បានបញ្ជាក់ថា បុរសម្នាក់នោះ មិនមែនជាព្រះសង្ឃខ្មែរក្រោមឡើយ ។ ដោយសំអាងទៅលើការកំណត់សម្គាល់ភិនភាគមួយចំនួន ដូចជា ទម្រង់មុខ រូបរាង កំពស់ អាយុ អាកប្បកិរិយា និងសំនៀងមិនមែនជាខ្មែរក្រោម ។ល។

បន្ថែមលើនេះ ព្រះសង្ឃខ្មែរក្រោម ២ អង្គ ដែលជាអ្នកជិតស្និទ្ធ និងធ្លាប់បួសរៀនជាមួយ ព្រះតេជព្រះគុណ មាស វិចិត្រ និងបានធ្វើដំណើរចុះទៅផ្ទាល់ នៅខេត្តសៀមរាប ដើម្បីស៊ើបអង្កេតរកតម្រុយស្វែងរកការពិត និងដើម្បីឲ្យប្រាកដថា បុរសអនាថានោះ ពិតជាព្រះតេជព្រះគុណ មាស វិចិត្រ ឬក៏មិនមែន ។
ថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម តាមទូរសព្ទ ព្រះតេជព្រះគុណ ថាច់ រ៉ុង បានបញ្ជាក់យ៉ាង ដូច្នេះ ថា៖
បាត់ខ្លួន ១ ឆ្នាំមុន នៅក្នុងទឹកដីនៃខេត្តសៀមរាប
គួរជម្រាបជូនថា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៧ លោកតាអាចារ្យ ប្រាក់ នី ជាមួយ នឹងព្រះសង្ឃខ្មែរក្រោម ព្រះនាម មាស វិចិត្រ ធ្វើដំណើរចេញពីភូមិរបស់លោកតាអាចារ្យ ឆ្ពោះទៅភ្នំគូលែន ដែលមានចម្ងាយប្រមាណជាង ៦០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ក្នុងបំណងទៅលេងផង និងយកវត្ថុបុរាណមានខ្នាយតាន់របស់គាត់ឲ្យព្រះសង្ឃគង់ទីនោះ ជួយប្រសិទ្ធីឲ្យផង ។ លុះដល់ខេត្តសៀមរាប នៅពេលល្ងាច ព្រះសង្ឃបាននាំគាត់ទៅសម្រាកនៅក្លឹបបង្ហាត់ក្បាច់គុនល្បុក្កតោ នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ។ ប៉ុន្តែដោយសារទីនោះមានក្មេងស្រីរស់នៅ និងហាត់ក្បាច់គុនច្រើន ទើបធ្វើឲ្យព្រះអង្គ និងតាអាចារ្យត្រឡប់មករកផ្ទះសំណាក់ក្បែរចំណតរថយន្ត ដើម្បីព្រឹកឡើងបន្តដំណើរទៅភ្នំគូលែន ។ ប៉ុន្តែ ពេលធ្វើដំណើរនោះ គឺជួបជាមួយក្រុមប្រជាការពារសង្កាត់ស្រងែ ហើយបានរុញច្រាន និងវាយធ្វើបាប ព្រមទាំងបានចាប់ព្រះសង្ឃ និងរូបគាត់ប្រគល់ទៅឲ្យប៉ូលិសប៉ុស្តិ៍ស្រងែ ដោយគ្មានមូលហេតុឡើយ ។

បើតាមបុរសចំណាស់ម្នាក់ ដែលបាត់ខ្លួនជាមួយព្រះសង្ឃខ្មែរក្រោមមួយអង្គនោះ និងត្រូវបានរកឃើញវិញ នៅ ២ ខែក្រោយមក គឺលោកតាអាចារ្យ ប្រាក់ នី ឲ្យដឹងទៀតថា ក្រោយពេលប៉ូលិសប៉ុស្តិ៍ស្រង៉ែ សួរនាំរួចហើយរកមិនឃើញកំហុសនោះ ប៉ូលិសក៏បានបញ្ជាឲ្យប្រជាការពារភូមិដដែល បើកម៉ូតូ ២ គ្រឿង គឺម៉ូតូមួយគ្រឿងដឹកព្រះសង្ឃ និងម៉ូតូមួយគ្រឿងទៀតដឹករូបគាត់ទៅរកចំណតឡានក្នុងក្រុងសៀមរាប ប៉ុន្តែបែរជាប្រជាការពារនោះឈប់ម៉ូតូតាមផ្លូវវាយធ្វើបាបព្រះសង្ឃបន្ថែមទៀត ។
ក្រោយពីរត់គេចខ្លួននោះ គឺលោកតាអាចារ្យ និងព្រះសង្ឃ បានក្លាយជាមនុស្សអាក្រាតកាយ ដើររសាត់តែលតោល សុំខោអាវគេស្លៀកដណ្ដប់កាយឡើងវិញ ប៉ុន្តែពុំមានអ្នកអោយឡើយ ព្រោះមនុស្សម្នាចាត់ទុកពួកគាត់ថា ជាមនុស្សវិកលចរិត ។

បន្ទាប់ពីអ្នកទាំងពីរត្រូវបានប៉ូលិសដឹកយកទៅដាក់នៅក្នុងវត្តទេពប្រណម្យ នៃតំបន់អង្គរធំនោះ លោក ប្រាក់ នី ក៏ដើរសុំលុយគេបានប្រហែលជា ១ ម៉ឺនរៀល ហើយក៏បានសម្រេចជិះម៉ូតូឌុបមករកឡានឈ្នួលឡើងមកស្រុកកំណើតវិញ ដោយបែកផ្លូវគ្នាជាមួយព្រះសង្ឃខ្មែរក្រោមរហូតតែម្ដង ។
ចាប់តាំងពីពេលនោះ រហូតមកដល់ពេលនេះ គេនៅតែមិនទាន់មានដំណឹងថា តើព្រះសង្ឃខ្មែរក្រោមរូបនោះ កំពុងឋិតនៅទីណា ឬជួបបញ្ហាអ្វីនៅឡើយ ។

ជុំវិញករណីនេះ មានការរិះគន់នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ពីមហាជនជាច្រើន ដែលសង្ស័យថា ព្រះសង្ឃខ្មែរក្រោមអង្គនោះ ត្រូវប៉ូលិសចាប់ខ្លួន ហើយធ្វើទារុណកម្ម និងយកទៅឃុំខ្លួន រហូតដល់មានបញ្ហាសតិ ។
ភ្លាមៗ នោះដែរ នៅពេលនោះ មន្ត្រីប៉ូលិសនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក៏ចេញមុខបដិសេធថា កម្លាំងប៉ូលិសមិនបានចាប់ខ្លួនព្រះសង្ឃខ្មែរក្រោម និងវាយធ្វើទារុណកម្មនោះទេ ។
យ៉ាងនេះក្តី ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានទម្លាក់កំហុស ទៅលើក្រុមសមត្ថកិច្ច ដោយពួកគេយល់ថា ប៉ូលិសបានបង្ហោះរូបថតព្រះសង្ឃ ១ អង្គ និងតាអាចារ្យម្នាក់នោះ អាក្រាតកាយ ដោយស្លៀកការុង ហើយដេកអោបគ្នា ហាក់ដូចជាមានអ្នកណាវាយធ្វើទារុណកម្ម ។

ទាក់ទិនបញ្ហានេះ ញោមប្រុសរបស់ព្រះតេជព្រះគុណ មាស វិចិត្រ និងគ្រូក្លឹបល្បុក្កតោនៅសង្កាត់ក្របីរៀល ធ្លាប់បានអះអាងថា ពេលគាត់ជួបព្រះសង្ឃនៅមុនថ្ងៃបាត់ខ្លួន គឺព្រះសង្ឃមានសតិធម្មតា ដោយគ្រាន់តែព្រះសង្ឃប្រាប់ថា លោកមានបំណងទៅភ្នំគូលែន ដើម្បីធ្វើជាលោកធុតង្គ ។
តើព្រះសង្ឃខ្មែរក្រោម ព្រះនាម មាស វិចិត្រ ពិតប្រាកដ កំពុងនៅទីណា? នៅមានជីវិតដែរ ឬទេ? បើបុរសជាជនអនាថា ដែលសង្ស័យថា ភិក្ខុ មាស វិចិត្រ ត្រូវបានក្រុមគ្រួសារដិសេធថា មិនមែនជាកូន ជាប្អូន របស់ពួកគាត់? តើ ប៉ូលិស នៅតាមរកព្រះសង្ឃខ្មែរក្រោមរូបនោះដែរទេ ? តាំងពីកើតហេតុនោះមក?
ខាងក្រោមនេះ ជារូបថតខ្លះ នៃថ្ងៃកើតហេតុ និងរូបបុរសអនាថា និងរូបព្រះតេជព្រះគុណ មាស វិចិត្រ កាលនៅជាព្រះសង្ឃ