ដោយ ថាច់ ប្រីជា គៀន | សារព័ត៌មាន ព្រៃនគរ
ក្នុងឱកាសពលរដ្ឋខ្មែរទូទាំងប្រទេស កាន់ទុក្ខចំពោះ ព្រះសព ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរម រតនកោដ្ឋ ទ្រង់ទិវង្គត និងប្រារព្ធរាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី ០៤ ខែកុម្ភៈ នេះ សារព័ត៌មាន ព្រៃនគរ សូមរំឭក ឡើងវិញនូវរាជសកម្មភាព និងព្រះរាជបន្ទូលខ្លះរបស់ទ្រង់ដែលជាប់ទាក់ទិននឹងពលរដ្ឋខ្មែរក្រោម និងដែនដី កម្ពុជាក្រោម មកចុះផ្សាយដើម្បីពលរដ្ឋខ្មែរបានជ្រាប ហើយដើម្បីកត់ត្រានូវចំណែកមួយ នៃប្រវត្តិសាស្ត្រខ្មែរផងដែរ ។

ការយាងទៅសម្ពោធអាគារ ពុទ្ធសាសនបណ្ឌិត្យរងនៅកម្ពុជាក្រោម ៖
ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ បានយាងចុះទៅ ខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ដើម្បីសម្ពោធ អាគារពុទ្ធសាសនបណ្ឌិត្យរង ឬ អាគារក្រុមសមាគមសិក្សាវិទ្យាល័យខេមរជាតិនៅដែនកូសាំងស៊ីន នាឆ្នាំ ១៩៤២ និងបានឧបត្ថម្ភទឹកប្រាក់សម្រាប់កសាងអាអាគារនេះ ផងដែរ ។
អាគារ ក្រុមសមាគមសិក្សាវិទ្យាល័យខេមរជាតិ នៅដែនកូសាំងស៊ីន (L’association pour l’amélioration morale, intellectuelle et physique des cambodgiens de Cochin chine ) ឬ វិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យរង នៅខេត្តឃ្លាំង បានកសាងនៅឆ្នាំ ១៩៣៨ និងសម្ពោធឲ្យប្រើប្រាសជាផ្លូវការនៅឆ្នាំ ១៩៤២ ។ បច្ចុប្បន្ន អាគារនេះបានក្លាយទៅជាសារមន្ទីរជនជាតិខ្មែរខេត្តឃ្លាំង ដែលមានទីតាំងឋិតនៅខាងត្បូង វត្តឃ្លាំង ទីរួមខេត្ត ឃ្លាំង ។
ក្រោយពីបារាំងបានប្រគល់កម្ពុជា ក្រោមទៅជារដ្ឋាចំណុះវៀតណាម នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ នោះមក ទំនាក់ទំនងរវាងខ្មែរក្រោម និងព្រះរាជា ណាចក្រកម្ពុជា ត្រូវបានយួនកាត់ផ្តាច់ បន្តិចម្តង ៗ ។ កត្តានេះ ហើយបាន ធ្វើឲ្យវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យរងបលែងដំណើរការ ។ ក្រោយមកត្រូវបាន មេដឹកនាំខ្មែរក្រោមក្នុងកងជួរ នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនសំណូមពរឲ្យដាក់អាគារនេះ ធ្វើជាសារមន្ទីរជនជាតិខ្មែរខេត្តឃ្លាំងវិញ ដើម្បីរក្សា ទុកនូវកេរ ដំណែលដូនតាខ្មែរក្រោម គ្រប់ជំនាន់ មានដូចជា សាស្ត្រាស្លឹករឹត, សម្លៀកបំពាក់ខ្មែរពីបុរាណ, ផ្ទះខ្មែរ សម័យបុរាណ, វត្តអារាម និងវង់ភ្លេងខ្មែរ ជាដើម ។
បានចូលទស្សនា សារមន្ទីរនេះ យើងនឹងបានជ្រាបនិងបាន យល់ពីជីវភាពរបៀបរបប នៃការរស់នៅរបស់ជនជាតិ ដើម ខ្មែរក្រោមនៅខេត្តឃ្លាំង ។
មិនបានកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាមសូម្បីមួយចំអាម ៖
យោងតាមព្រះរាជសារមួយច្បាប់ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៣ របស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ បានជូនចំពោះ លោក ថាច់ សេដ្ឋា សមាជិកព្រឹទ្ធសភានៃប្រទេសកម្ពុជា ថា ព្រះអង្គមិនដែល បានប្រគល់ទឹកដី នៃមាតុកភូមិកម្ពុជា សម្បីតែមួយចំអាម ជូនទៅវៀតណាម ឡើយ ។ រាជសារនេះ មានសេចក្ដីដើមថា៖
“ ជូន ឯកឧត្ដម ថាច់ សេដ្ឋា សមាជិកព្រឹទ្ធសភា
ឯកឧត្ដមជាទីស្រឡាញ់ និងជាទីរាប់អានដ៏ជ្រាលជ្រៅ
ខ្ញុំបានទទួលរួចមកហើយ នូវលិខិតរបស់ឯកឧត្ដមចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០០៣ ព្រមទាំងឯកសារមួយចំនួន ។
ខ្ញុំសូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងសូមជម្រាបជាឪឡារិកថា មហាក្សត្រនៃរាជាណាចក្រកម្ពុជា ជាបន្ត បន្ទាប់ និង នរោត្ដម សីហនុ មិនដែលបានប្រគល់ទឹកដីមាតុភូមិកម្ពុជា សូម្បីតែមួយចំអាម ជូនទៅ វៀតណាម ឬ ថៃ ឬ ឡាវ នោះទេ ។ នៅក្នុងសម័យណាក៏ដោយ ប្រទេសវៀតណាម ប្រ ទេសថៃ ប្រទេសឡាវ មិនដែល មាន គុណអ្វី មកលើរាជាណាចក្រកម្ពុជា ហើយមហាក្សត្រខ្មែរ និង នរោត្ដម សីហនុ មិនដែលក្បត់ជាតិ ប្រជា រាស្ត្រ មាតុភូមិកម្ពុជា ម្ដងណាឡើយ ។
សូមឯកឧត្ដមទទួល នូវសេចក្ដីរាប់អាន និងស្រឡាញ់ដ៏ជ្រាលជ្រៅអំពីខ្ញុំ ។”
ការផ្ដល់សញ្ជាតិខ្មែរដល់ពលរដ្ឋខ្មែរក្រោម ៖
យោងតាមព្រះរាជសារមួយច្បាប់ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ របស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ បានប្រកាសជាសាធារណៈថា ពលរដ្ឋខ្មែរក្រោមដែលកើតនៅកម្ពុជាក្រោម ឬ ពលរដ្ឋខ្មែរដែល កើតនៅក្នុងប្រទេសវៀតណាមមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទទួលបានសញ្ជាតិខ្មែរស្របច្បាប់ ប្រសិនបើពួកគេចង់ មក រស់នៅលើទឹកដីនៃប្រទេសកម្ពុជា ។
ជម្រុញឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ពិនិត្យលើករណីព្រះតេជព្រះគុណ ទឹម សាខន ៖
យោងតាមព្រះរាជសារមួយច្បាប់ចុះថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០០៧ របស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ ជូនចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដើម្បីពិនិត្យឡើងវិញនូវសំណើ របស់ លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ជុំវិញករណីរដ្ឋាភិបាលខ្មែរចាប់ព្រះតេជព្រះគុណ ទឹម សាខន ផ្សឹក ហើយបញ្ជូនទៅដាក់គុកយួននៅកម្ពុជាក្រោម ។ សេចក្ដីដើមក្នុងរាជសារនេះ មានខ្លឹមសារថា៖ “ ជូន សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សម្ដេចជាទីរាប់អានដ៏ខ្ពងខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត
ខ្ញុំបានទទួលលិខិតចុះថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០០៧ របស់ ឯកឧត្ដម ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរ កម្ពុជា ក្រោម ។
ខ្ញុំសូមផ្ញើលិខិតខាងលើ ជូនសម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រះមេត្តាពីនិត្យចំពោះសំណើ ដែលឯកឧត្តម បានលើកឡើង” ។
ក្រោយពីបានទទួលរាជសារនេះពី ព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ ភ្លាម លោក ហ៊ុន សែន បាន ទូល ថ្វាយលិខិតមួយច្បាប់ចុះថ្ងៃ ២៨ ខែកញ្ញា ឆ្នាំ ២០០៧ តបចំពោះអតីតព្រះមហាក្សត្រ ដោយធ្វើសេច ក្ដីរាយការណ៍ពិស្ដារជុំវិញការចាប់ផ្សឹកព្រះតេជព្រះគុណ ទឹម សាខន និងបានបញ្ជាក់ថា ព្រះតេជព្រះគុណ ទឹម សាខន កំពុងត្រូវបានឃុំខ្លួនដោយរដ្ឋាភិបាលវៀតណាម ។
លោក ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារលិខិតថា “តាមព័ត៌មានអ្នកនាំពាក្យស្ថានទូតវៀត ណាមប្រចាំ ព្រះរាជា ណាចក្រកម្ពុជា បានប្រកាសថា លោក ទឹម សាខន កំពុងត្រូវបានឃុំខ្លូនដោយអាជ្ញាធរ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ហើយមូលហេតុពិតប្រាកដនៃការឃុំខ្លួននេះ យើងពុំដឹងច្បាស់ លាស់ទេ”។
លិខិតរបស់ លោក ហ៊ុន សែន បានបន្តទៀតថា “ព្រះចៅអធិការវត្តបោក្ខណារាម ព្រះនាម ទឹម សាខន សញ្ជាតិ ខ្មែរកម្ពុជាក្រោម ស្រុកកំណើត ភូមិខ្លាគ្រហឹម ឃុំ បាជុក ស្រុកស្វាយទង ខេត្តអាងយ៉ាង [ខេត្តមាត់ជ្រូក] នៃសា ធារណរដ្ឋសង្គមនិយមវៀតណាម គង់នៅវត្តបោក្ខណារាម (ភ្នំដិនខាងជើង ) ស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ បានយកវត្តអារាមធ្វើជាទីចែកចាយ ព្រឹត្តិបត្រសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលក្នុងមួយ ក្បាលៗមានចំនួនពី ១៤ ទៅ ២០ ទំព័រ មានខ្លឹមសារឃោសនាញុះញង់ក្នុងគោលបំណងបង្កជម្លោះ រវាងកម្ពុជា – វៀតណាម….”។
ទោះបី មានរាជអន្តរាគមន៍ ពីអតីត ព្រះមហាក្សត្រខ្មែរយ៉ាងណាក៏ដោយអាជ្ញាធរវៀតណាមនៅតែឃុំឃាំង ព្រះតេជ ព្រះគុណ ទឹម សាខន ដដែល រហូតដល់គ្រប់កំណត់ នៃការប្រកាសសាលក្រម របស់តុលាការប្រជាជនវៀតណាម ទើបបានដោះលែង ។
ក្រុមអង្គការសិទ្ធិមនុស្ស អន្តរជាតិបានផ្ដោលទោស រដ្ឋាភិបាលវៀតណាម និងកម្ពុជាថា រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើពលរដ្ឋខ្មែរក្រោម ។ រីឯសង្គមស៊ីវិលនៅស្រុកខ្មែរ និងពលរដ្ឋខ្មែរនៅក្នុងលោក មើលឃើញថា ករណី រដ្ឋាភិបាលខ្មែរចាប់ព្រះតេជព្រះគុណ ទឹម សាខន ផ្សឹកបញ្ជូនទៅដាក់គុកនៅវៀតណាមនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា វៀតណាមនៅតែបន្តជ្រៀតជ្រែកផ្ទៃក្នុង កិច្ចការនយោបាយរបស់កម្ពុជា និងកម្ពុជាឋិតនៅក្រោមឥទ្ធិពលនយោបាយ វៀតណាម ៕