ខេត្ត​ព្រះត្រពាំង​ ត្រៀម​ចាត់តាំង​កម្មវិធី​ប្រឡង​ថ្នាក់​ពុទ្ធិក​សិក្សា​

ដោយ ថាច់ វឿង

សមណសិស្ស​ និង​ សិស្សានុសិស្ស​ នៃ​ សាលា​ពុទ្ធិក​សិក្សា​ ឬសាលា​ភាសាបាលី​ ដែល​សិក្សា​នៅ​តាម​វត្តអារាម​នានា​ទូទាំងខេត្ត​ព្រះត្រពាំង​ នឹង​បើក​កម្មវិធី​ប្រឡង​បិទ​វគ្គសិក្សា​ ប្រចាំឆ្នាំ​ ពុទ្ធសករាជ​ ២៥៦៣​ នៅក្នុង​ខែបុស្ស​ ត្រូវ​នឹង​ខែមករា​ ដើមឆ្នាំ​ ២០២០​ ខាងមុខ​នេះ​ ។ ការ​ប្រឡង​នេះ​ ធ្វើឡើង​បន្ទាប់ពី​សមណ​សិស្ស​ និង​សិស្ស​ បាន​សិក្សា​អស់​រយៈពេល​ ៩ ខែ​កន្លងមក​នេះ​ ។

ទិដ្ឋភាពបេក្ខសមណសិស្ស និងសិស្ស ធ្វើដំណើរចេញពីមណ្ឌលប្រឡងរួម នៅវវត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​) និង​វត្ត​ពោធិ​បឹង (​បឹង​) កាលពីឆ្នាំ ២០១៨ ។
ទិដ្ឋភាពបេក្ខសមណសិស្ស និងសិស្ស ធ្វើដំណើរចេញពីមណ្ឌលប្រឡងរួម នៅវវត្ត​មហាពោធិ​វ័ន (​តា​ថៀ​វ​) និង​វត្ត​ពោធិ​បឹង (​បឹង​) កាលពីឆ្នាំ ២០១៨ ។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​របស់​ គណៈ​មន្ត្រី​សង្ឃ​ខ្មែរ​ ប្រចាំ​ស្រុក​ថ្កូវ​ នៃ​ ខេត្ត​ព្រះត្រពាំង​ ឬសមាគម​សង្ឃ​ដែល​មានឈ្មោះ​ថា​ សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​ស្រុក​ថ្កូវ​ ចុះ​ថ្ងៃទី​ ២០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃទី​ ៣ ដល់​ ថ្ងៃទី​ ១២​ ខែមករា​ ដើមឆ្នាំ​ ២០២០​ ខាងមុខនេះ​ សមាគម​របស់​ខ្លួន​នឹង​ចាត់តាំង​កម្មវិធី​ប្រឡង​ថ្នាក់​ ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ ចាប់ពី​ថ្នាក់​ទី​ ១ ដល់ទី​ ៣ ឬ ថ្នាក់​បាលី​ទី​ ១ ដល់​ថ្នាក់​បាលី​ទី​ ៣ ដើម្បី​ផ្ដល់​វិញ្ញា​បន​ប័ត្រ​ដល់​សមណ​សិស្ស​ និង​ សិស្ស​ដែល​សិក្សា​អស់​រយៈពេល​ ៩ ខែ​កន្លងមក​ ។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ បាន​បញ្ជាក់​ថា ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ទី​ ១ ឬ បាលី​ទី​ ១ ត្រូវ​ជួបជុំ​គណៈកម្មការ​មេប្រយោគ​ នៅ​វេលា​ម៉ោង​ ២ រសៀល​ ថៃ្ង​សុក្រ​ ៩ កើត​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​. ២៥៦៣​ ។ លុះ​ដល់​ថៃ្ង​ ១០​ និង​ ១១​ កើត​ ចូល​ប្រឡង​ ។ រាត្រី​ ១១​ កើត​ ខែបុស្ស​ ត្រូវ​នឹង​ថ្ងៃទី​ ៥ ខែមករា​ ឆ្នាំ​ ២០២០​ ប្រកាស​លទ្ធផល​ធ្លាក់​ជាប់​ ។ ថ្នាក់​នេះ​ សិស្ស​ចំនួន​ ១៨​ បន្ទប់​ ដែល​បាន​សិក្សា​នៅក្នុង​វត្ត​នី​មួយ​ៗទូទាំង​ស្រុក​ថ្កូវ​ នឹង​មក​ជួបជុំគ្នា​ ហើយ​ប្រឡង​រួម​នៅក្នុង​ វត្ត​បុ​ទុម​សិរី​កោះកែវ​ (កោះ​ទន្លាប់​) ។ ចំណែក​ ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ ទី​ ២ និង​ទី​ ៣ ត្រូវ​ជួបជុំ​គណៈកម្ម​កា​រមេប្រ​យា​គ នៅ​វេលា​ម៉ោង​ ២ រសៀល​ ថៃ្ង​សុក្រ​ ១ រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព. ស. ២៥៦៣​ លុះ​ថៃ្ង​ ២ និង​ ៣ រោច​ ចូល​ប្រឡង​ ។ លុះ​រាត្រី​ ៣ រោច​ ខែបុស្ស​ ត្រូវ​នឹង​ថ្ងៃទី​ ១២​ ខែមករា​ ឆ្នាំ​ ២០២០​ នេះ​ ប្រកាស​លទ្ធផល​ធ្លាក់​ជាប់​ ។ ថ្នាក់​ ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ទី​ ២ មាន​ សិស្ស​ចំនួន​ ១៥​ បន្ទប់​ និង​ ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ទី​ ៣ មាន​សិស្ស​ចំនួន​ ១០​ បន្ទប់​ ដែល​បាន​សិក្សា​នៅក្នុង​វត្ត​នានា​ទូទាំង​ស្រុក​ថ្កូវ​ មក​ប្រឡង​នៅក្នុង​ វត្ត​ទក្សិ​លា​និគ្រោធ​ (ចុង​ព្រៃ​) ។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ដដែល​ បាន​បញ្ជាក់​ថា​ សមណ​សិស្ស​ និង​ គ្រប់​អង្គ​ និង​រូប​ ត្រូវ​បង់ប្រាក់​សម្រាប់​បំពេញបែបបទ​ ចំនួន​ ១០០.០០០ដុង​ (មួយ​រយ​ពាន់​ដុង​) ប្រមាណ​ ៤ ដុល្លារ​កន្លះ​ និង​ វត្ត​ដែល​មាន​សិស្ស​ចូលរួម​ប្រឡង​ ត្រូវ​បង់ប្រាក់​ចំនួន​ ៣.៥០០.០០០ដុង​ (បី​លាន​ប្រាំ​រយ​ពាន់​ដុង​) ប្រមាណ​ ១៣៣​ ដុល្លារ​សហរដ្ឋអាមេរិក​ ដើម្បី​ជួយ​ ដល់​វត្ត​ដែល​ ជា​ម្ចាស់ផ្ទះ​ចាត់តាំង​កម្មវិធី​ប្រឡង​ ។

ចំណែក​នៅ​ស្រុ​ទាំង​ ៨ ផ្សេងទៀត​ គឺ​ ស្រុក​ផ្នោ​ដាច់​, ស្រុក​មាត់សមុទ្រ​, ស្រុក​កន្លង់​, ស្រុក​កំពង់ស្ពាន​, ស្រុក​កំពង់ធំ​, ស្រុក​កញ្ចោង​ និង​ ទីរួមខេត្ត​ នឹង​ចាត់​កម្មវិធី​ប្រឡង​ទូទាំង​ស្រុក​ នៃ​ស្រុក​នី​មួយ​ៗ ដូច​ស្រុក​ថ្កូវ​ ផង​ដែរ​ ។ ចំណែកថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ទី​ ៤ ឬ បាលី​រង​ និង​ ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ទី​ ១, ២ និង​ ៣ សាលាគណ​ខេត្ត​ព្រះត្រពាំង​នឹង​ចាត់​កម្មវិធី​ ប្រឡង​រួម​ទូទាំង​ខេត្ត​ បន្ទាប់ពី​កម្មវិធី​ប្រឡង​ថ្នាក់​ស្រុក​បាន​បញ្ចប់​ ។

សូម​បញ្ជាក់​ថា​ នេះ​ជា​កម្មវិធី​សិក្សា​ផ្នែក​ពុទ្ធចក្រ​ជា​ភាសាខ្មែរ​ និង​បាលី​ ត្រូវ​បើក​សាលា​នៅ​តាម​វត្តអារាម​នានា​ក្នុង​ខេត្ត​ព្រះត្រពាំង​ ចាប់ពី​ថ្ងៃ​ ១ រោច​ ខែវិសាខ​ ដើម​ពុទ្ធសករាជ​ ជា​រៀងរាល់​ឆ្នាំ​ ។ ការសិក្សា​ផ្ដោត​លើ​ធម៌អាថ៌​វិន័យ​នៅក្នុង​ពុទ្ធសាសនា​, អក្សរសាស្ត្រ​ផ្នែក​ភាសាបាលី​, អក្សរសាស្ត្រ​ផ្នែក​ភាសាខ្មែរ​ និង​ វិជ្ជា​ផ្លូវលោក​មួយចំនួន​ ដូចជា​ គណិត​វិជ្ជា​ និង​ ភាសាអង់គ្លេស​ ជាដើម​ ។

ក្នុង​រវាង​ទសវត្សរ៍​ ៨០​ ក្រោម​ការដឹកនាំ​របស់​អតីត​មេគណ​ ខេត្ត​ព្រះត្រពាំង​ ព្រះ​តេជ​ ព្រះគុណ​ គឹម​ តុក​ ចើង​ កម្មវិធី​សិក្សា​មួុយ​នេះ​ មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ ទាំង​ផ្នែក​អក្សរ​សាស្រ្ត​ ប្រវត្តិ​សាស្រ្ត​ និង​ ភូមិ​សាស្រ្ត​ ជាដើម​ ។ ពេលនោះ ដើម្បី​លុបបំបាត់​អក្សរសាស្ត្រ​ខ្មែរ​នៅ​កម្ពុជាក្រោម​ រដ្ឋាភិបាល​យួន​បាន​បង្កើត​ព្រឹត្តិ​ការណ៍​មួយ​ហៅថា​ កា​សេ​ ៥០​ (KC​50​) ដែល​ពលរដ្ឋខ្មែរ​ក្រោម​ចាត់ទុកថា​ ជា​នយោបាយ​របស់​យួន​ដើម្បី​ចាប់​ព្រះសង្ឃ​ និស្សិត​ និង​ បញ្ញវន្ត​ ខែ្មរ​ក្រោម​ដាក់​ពន្ធនាគារ​ និង​ធ្វើទុក្ខ​ទារុណកម្ម​ ។ ពេលនោះ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ០២​ រោច​ ខែ​មិគសិរ​ ឆ្នាំ​ ខាល​ អដ្ឋស័ក​ ព. ស. ២៥៣០​ ត្រូវ​នឹង​ថ្ងៃទី​ ១៨​ ខែធ្នូ​ គ. ស. ១៩៨៦​ ព្រះតេជព្រះគុណ​ គឹម​ តុក​ ចើង​ ត្រូវ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​យួន​ធ្វើឃាត​នៅក្នុង​ពន្ធនាគារ​យ៉ាង​ព្រៃផ្សៃ​ជា​បំផុត​ ក្នុង​ព្រះជន្ម​ ៥១​ វស្សា​ ។ ​

សូម​ជំរាប​ថា​ រដ្ឋាភិបាល​វៀតណាម​ បាន​ចុះហត្ថលេខា​ទទួលស្គាល់​ សេចក្ដីប្រកាស​ជា​ សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (UNDRIP​) កាលពី​ឆ្នាំ​ ២០០៧​ កន្លងទៅ​នេះ​ ។ នៅក្នុង​សេចក្ដីប្រកាស​នេះ​ ​មាន​ ៤៦​ មាត្រា​ ក្នុង​នោះ​ មាត្រា​ទី​ ៨ បាន​បញ្ជាក់​ថា​ “គ្រប់​ជនជាតិ​ ឬ ជនជាតិ​ដើម​គ្រប់រូប​ មាន​សិទ្ធិ​ក្នុង​ការ​មិន​ត្រូវ​បាន​គេ​ធ្វើ​ឧប​នេយ្យ​កម្ម​ និង​បំផ្លាញ​វប្បធម៌​របស់​ខ្លួន​ឡើយ​” ៕