ពិធី​ចែក​អាហារូបករណ៍​ដល់​ព្រះសង្ឃ និង​និស្សិត​ក្រីក្រ​លើក​ទី ៩ របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​

ដោយ ស៊ឺន ចែងចើន|VOKK
​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​ប្រមូលផ្តុំ​ទៅដោយ​ព្រះសង្ឃ​ខ្មែរក្រោម មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ១៩ សីហា បានរៀបចំ​ពិធី​ចែក​អាហារូបករណ៍​ដល់​ព្រះសង្ឃ និង​និស្សិត​ខ្មែរក្រោម ដែលមាន​ជីវភាព​ខ្វះខាត ឲ្យ​មានលទ្ធភាព​បន្ត​ការសិក្សា នៅតាម​មហាវិទ្យាល័យ​នានា ក្នុងប្រទេស​កម្ពុជា និង​នៅ​បរទេស ។​

​សមណ​និស្សិត និង​និស្សិត​ខ្មែរក្រោម ដែល​ទទួលបាន​អាហារូបករណ៍​សិក្សា​បន្ត នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស ពី​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ឆ្នាំ ២០១៨ នេះ មាន​ចំនួន ២១ អង្គ និង​រូប ។​

​ពិធី​ចែក​អាហារូបករណ៍​ប្រចាំឆ្នាំ ២០១៨ នេះ ធ្វើឡើង នៅ​ទីស្នាក់ការ​កណ្ដាល​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ឋិត​ក្នុង​កុដិ​លេខ ១៧ វត្ត​បទុម​វ​តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រស្តាំ វត្ត​បទុម​វ​តី​រាជ​វ​រា​រាម (​អាន​ត្រឹមតែ វត្ត​បទុម​-​វៈ​តី បាន​ហើយ​) និង​ដោយ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​គណៈកម្មការ សមាជិក សមាជិកា សិស្ស​-​និស្សិត​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម តំណាង​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សប្បុរសជន ព្រមទាំង​កុមារា កុមារី ប្រមាណ​ជាង ១០០ អង្គ​/​នាក់ ។​

​ថ្លែង​បើក​កម្មវិធី ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ មាន​ពុទ្ធដីកា ដោយ​លើកឡើង ពី​ទស្សនវិស័យ​បេសកកម្ម និង​គោលបំណង​របស់​អង្គការ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ថា ជា​អង្គ​ការដែល​ប្រមូលផ្តុំ​រវាង​សមណ​និស្សិត និង​និស្សិត មាន​ដើមកំណើត​ខ្មែរក្រោម និង​ធ្វើ​សកម្មភាព​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​សិក្សា​រៀនសូត្រ ការផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា វប្បធម៌ អក្សរសាស្ត្រ ទំនៀម​ទ្លា​ប់ និង​ប្រពៃណី​របស់​ខ្មែរក្រោម ។ ជាពិសេស បណ្តុះបណ្តាល​ធនធានមនុស្ស ដើម្បី​លើកស្ទួយ​វិស័យ​សិក្សាអប់រំ​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ បង្កើត​នូវ​ធនធានមនុស្ស​ខ្មែរក្រោម​ឲ្យ​បាន​ច្រើន និង​ក្លាយជា​ធនធានមនុស្ស​សំខាន់ សម្រាប់​ចូលរួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​កម្ពុជា​ក្រោម ឲ្យ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ ។

​នេះ​ជា​លើក​ទី ៩ ហើយ ដែល​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បានផ្តល់​អាហារូបករណ៍ ៥០ ភាគរយ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ។ នៅក្នុង​ឆ្នាំ ២០១៨ នេះ អង្គការ​សម្ព័ន្ធ​ចែក​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ខ្មែរក្រោម ចំនួន ២៦ អង្គ​/​រូប ដោយ​ក្នុងនោះ ថ្នាក់​បរិញ្ញាបត្រ មាន​ចំនួន ២១ អង្គ និង​នាក់ ទទួលបាន​ថវិកា ក្នុង ១ អង្គៗ និង​ម្នាក់ៗ ចំនួន ២៥០$ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ៥ អង្គ ក្នុង ១ អង្គៗ និង​ម្នាក់ៗ ទទួលបាន​ថវិកា ៤០០$ ។​

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បង្ហាញថា គិត​ចាប់តាំងពី​ឆ្នាំ ២០០៧ រហូតមកដល់​ឆ្នាំ ២០១៨ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស រួមមាន​ប្រទេស​ថៃ និង​ប្រទេស​ឥណ្ឌា បាន​ចំនួន ១២ លើក និង​សរុប​សមណ​និស្សិត​មាន​ចំនួន ១១៦ អង្គ ។

​នៅ​ឆ្នាំ ២០១៨ អង្គការ​មួយ​នេះ ក៏បាន​បញ្ជូន​សមណ​និស្សិត​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​ប្រទេស​ថៃ មាន​ចំនួន ៣ អង្គ​ដែរ ។ ចំណែក​ការផ្តល់​អាហារូបករណ៍ ៥០ ភាគរយ ដល់​សមណ​និស្សិត​-​និស្សិត​ក្រីក្រ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ សរុប​មាន​ចំនួន ១៤៧ អង្គ និង​រូប នេះ​បើ​គិត​ចាប់​តាំង​ឆ្នាំ ២០១០ រហូតមកដល់​បច្ចុប្បន្ន ។ ក្រៅពីនេះ សិស្សានុសិស្ស​ប្រមាណ​ជាង ៦០ នាក់ ក៏​ទទួលបាន​សិ​ក្ខូ​បក​រណ៍ និង​ថវិកា​ខ្លះ ពី​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ផង ។​

​តំណាង​សមណ​និស្សិត និង​និស្សិត ដែល​ទទួលបាន​អាហារូបករណ៍​នៅ​ឆ្នាំនេះ ព្រះតេជព្រះគុណ ត្រឿ​ង សាង ជា​និស្សិត​កំពុង​រៀន​ថ្នាក់អនុបណ្ឌិត​ឆ្នាំ​ទី ២ នៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន បាន​ឡើង​ចំណាប់អារម្មណ៍ ថា ការទទួល​អាហារូបករណ៍ ពី​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម គឺជា​ការផ្តល់​ក្តីសង្ឃឹម​ដល់​ការសិក្សា​បន្ត សម្រាប់​ព្រះអង្គ និង​សមណ​និស្សិត និង​និស្សិត​គ្រប់រូប ដែល​ខ្វះ​លទ្ធភាព ក្នុងការ​ចំណាយ​លើ​ការសិក្សា និង​ដើម្បី​មានឱកាស​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នៅ​ថ្នាក់​មហាវិទ្យាល័យ ។ ព្រះអង្គ​បន្តថា សមណ​និស្សិត និង​និស្សិត​ជាច្រើន ដែល​ខ្វះខាត និង​មិនមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ចំណាយ​ទៅលើ​ការសិក្សា នៅតាម​គ្រឹះស្ថាន​អប់រំ​ឧ​ត្ត​មសិ​ក្សា ដោយ​តម្លៃ​ថ្លៃ​សិក្សា​ខ្ពស់ និង​ការចំណាយ​ប្រចាំថ្ងៃ​ផង ។ ដូច្នេះ ចំពោះ​ការផ្តល់​អាហារូបករណ៍ ពី​អង្គការ​សម្ព័ន្ធ គឺ​បាន​ជួយ​សម្រាល​បន្ទុក​នៃ​ការចំណាយ​របស់​គ្រួសារ​មណ​និស្សិត និង​និស្សិត និង​ធ្វើ​ពួកគាត់​ឈប់​បារម្ភ និង​ខ្វាល់​ខ្វល់​រឿង​ថវិកា ធ្វើ​ឲ្យ​ព្រះអង្គ និង​មណ​និស្សិត និង​និស្សិត​គ្រប់រូប មានចិត្ត​ខិតខំ​រៀនសូត្រ​ឲ្យ​ពូកែ ដើម្បី​ក្លាយជា​ធនធានមនុស្សរ​បស់​ខ្មែរក្រោម ។​

​ឆ្លើយតប ចំពោះ​ការផ្តល់​អាហារូបករណ៍ សម្រាប់​ការចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម តំណាង​សមណ​និស្សិត និង​និស្សិត ព្រះតេជព្រះគុណ ត្រឿ​ង សាង បង្ហាញ​ពី​ការប្តេជ្ញាចិត្ត ក្នុង​ការខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ដើម្បី​ក្លាយជា​សរសរ​ទ្រូង នៃ​សង្គមជាតិ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​អនាគត ។ សមណ​និស្សិត​អង្គ​នេះ បាន​សម្តែង​នូវ​ការដឹងគុណ និង​ថ្លែងអំណរគុណ ដល់​ម្ចាស់ជំនួយ និង​សប្បុរសជន នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ដែល​ជួយឧបត្ថម្ភ​ថវិកា ដើម្បី​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម មានលទ្ធភាព​រៀបចំ​ពិធី​ប្រគេន និង​ជូន​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ក្រីក្រ ។​

​ស្រដៀង​គ្នា​នេះដែរ ព្រះតេជព្រះគុណ ហេង ស៊ី​គឿន ជា​សមណ​និស្សិត​ឆ្នាំ ២ ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ យល់ឃើញថា ការផ្តល់​អាហារូបករណ៍ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​អ្ន​ខ្វះ​ខាត់ ដូច​រូប​ព្រះអង្គ​ផ្ទាល់ និង​សមណ​និស្សិត និង​និស្សិត​ក្រីក្រ​ដទៃ​ដែរ ។ នេះ​ជា​កាយវិការ​ប្រកបដោយ​សប្បុរសធម៌​មួយ ក្នុងការ​ចូលរួមចំណែក​កសាង​ធនធានមនុស្ស​ក្នុងសង្គម​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ ព្រះអង្គ​មើលឃើញ​ទៀតថា ការរៀនសូត្រ​មាន​សារៈសំខាន់ ចំពោះ​បុគ្គល​ម្នាក់ៗ និង​មាន​សារៈសំខាន់ សម្រាប់​សង្គមជាតិ ។ ព្រោះ​បើ​សង្គម​ណា​ខ្វះ​ធនធានមនុស្ស សង្គម​នោះ ពិតជា​មិន​រីកចម្រើន​ឡើយ ។​

​ថ្លែង​ផ្តល់​ឱវាទ​ក្នុង​ពិធី​ចែក​អាហារូបករណ៍​នេះ ព្រះតេជព្រះគុណ ឃឹម សន បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​សមណ​និស្សិត និង​និស្សិត ដែល​ទទួលបាន​អាហារូបករណ៍​នៅ​ឆ្នាំនេះ ត្រូវ​តាំងចិត្ត តាំងស្មារតី​ខិតខំ​រៀនសូត្រ ដើម្បី​ជាការ​ឆ្លើយតប​ទៅ នឹង​កិច្ចប្រឹងប្រែង​យកចិត្តទុកដាក់ និង​ឧបត្ថម្ភ ពី​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ បន្ថែម​ពីលើ​នេះ ព្រះតេជព្រះគុណ ឃឹម សន អាច នឹង​ស្នើសុំ​អាហារូបករណ៍ នៅតាម​គ្រឹះស្ថានឧត្ដមសិក្សា​មួយចំនួន នៅ​ទីក្រុង​ភ្នំពេញ សម្រាប់​សមណ​និស្សិត និង​និស្សិត​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​បង់ថ្លៃ​សាលា ។​

​សូមបញ្ជាក់ថា នៅ​ដែនដី​កម្ពុជា​ក្រោម ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម មិន​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម អនុញ្ញាត​ឲ្យ​សិក្សា​អក្សរសាស្ត្រ​ជាតិ​របស់ខ្លួន​ទូលំទូលាយ​ឡើយ ។ ដើម្បី​សិក្សា​បាន​ខ្ពង់ខ្ពស់ ព្រះសង្ឃ​ខ្មែរក្រោម​ភាគច្រើន សម្រេចចិត្ត​និមន្ត​ឡើងមក​ប្រទេស​កម្ពុជា ដើម្បី​បន្ត​ស្វែងរក​មធ្យោបាយ​សិក្សា​ខ្លួនឯង ។

​គួរ​ជម្រាបជូន​ថា អង្គការ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មួយ ដែល​ទទួលស្គាល់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០០២ ដោយ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ធម្មការ និង​សាសនា ។ អង្គការ​មួយ​នេះ តែងតែ​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​រវាង​សមណ​និស្សិត និង​និស្សិត​មាន​ដើមកំណើត​មកពី​ដែនដី​កម្ពុជា​ក្រោម ឲ្យ​មានការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ។ បច្ចុប្បន្ន អង្គការ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ផ្តោតទៅលើ​ការអភិវឌ្ឍន៍​នូវ​ធនធានមនុស្ស​ជា​ចម្បង ដូចជា បើ​កម្មវិធី​អប់រំ ចំណេះដឹង​ផ្សេងៗ និង​ការជួយ​រក​មធ្យោបាយ​សិក្សា ជូន​សមាជិក សមាជិកា​របស់ខ្លួន ដែល​ស្របទៅតាម​ទស្សនវិស័យ​បេសកកម្ម អភិវឌ្ឍន៍​ធនធានមនុស្ស និង​គោលបំណង​រួមចំណែក​កសាង​សង្គមជាតិ​ខ្មែរក្រោម តាម​ពាក្យស្លោក​ជា​ត្រីវិស័យ​របស់​អង្គការ​ខ្លួន​ថា «​ធនធានមនុស្ស ជា​មូលដ្ឋានគ្រឹះ​នៃ​កា​រកស​សាង​សង្គម​» ៕

ខាងក្រោមនេះ ជារូបភាពខ្លះៗ ពីសកម្មភាពរបស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ក្នុងថ្ងៃចែកអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រ នៅថ្ងៃទី ១៩ សីហា ២០១៨ ។ រូបថតៈ ស៊ឺន ចែងចើន

ចុចមើលរូបថតជាច្រើន