ដោយ គឹម សាវតា
ប្រជាពលរដ្ឋខ្មែរក្រោម ជាពិសេស ខ្មែរក្រោមនៅក្នុងស្រុកជ្រោយញ ដែលភាសាវៀតណាម ហៅថា វិញ ចូវ ខេត្តឃ្លាំង តែងតែបានស្គាល់ ឬតែងតែឮថា «ផ្នូរនាងច័ន្ទ» ។
ផ្នូរនាងច័ន្ទនេះ បច្ចុប្បន្នស្ថិតនៅក្នុងភូមិពលលាន ក្នុងឃុំស្វាត ដែលវៀតណាម ហៅថា ឡាកហ្វា ស្រុកជ្រោយញ ខេត្តឃ្លាំង ស្ថិតនៅចម្ងាយប្រហែលជា ១២ គីឡូម៉ែត្រនាទិសខាងកើត ឈៀងខាងជើងពីស្រុកជ្រោយញ ។ នៅទីនោះគេឃើញមានដំបូកមួយ ដែលមានសណ្ឋានដូចជាផ្នូរខ្មោច តែស្ទើរតែរលុបបាត់បង់អស់ទៅហើយ ព្រោះពុំមានអ្នកថែរក្សា ប៉ុន្តែ បច្ចប្បុន្ននេះ បងប្អូនខ្មែរក្រោម នៅភូមិជិតៗ នោះ បានរៃអង្គាសថវិកាទិញស៊ីម៉ង់ត៍ អិដ្ឋ ធ្វើជាខឿនផ្នូរនោះ សម្រាប់ គោរពបូជា ។ ទីនោះហើយ ដែលចាស់ព្រឹទ្ធាចារ្យពីមួយជំនាន់ទៅមួយជំនាន់ បានតំណាលថា ជាផ្នូររបស់នាងច័ន្ទ ជាអតីតៈស្នំរងរបស់ព្រះរាជាខ្មែរ ។ ដោយមានរឿងតំណាលថា៖ កាលពីយូរលង់ណាស់មកហើយ នាងច័ន្ទ គឺជាកូនអ្នកស្រែចម្ការមួយរូបមានរូបឆោមឡោមព័ណ៌ដ៏ស្រស់ស្អាត និងមានចរិតមាយាទស្រគត់ស្រគំទើបធ្វើឱ្យព្រះរាជាខ្មែរ (មិនច្បាស់ថា ព្រះរាជាទ្រង់មានព្រះនាមអ្វី) ទ្រង់សព្វព្រះរាជហឬទ័យ ទទួលយកមកធ្វើជាស្នំរង ហើយយកទៅនៅក្នុងព្រះបរមរាជវាំង ដើម្បីតាក់តែងព្រះស្ងោយថ្វាយព្រះរាជាទ្រង់សោយជារៀងរាល់ពេល ។ ព្រះរាជាក៏ទ្រង់សព្វព្រះរាជហឬទ័យ ចំពោះព្រះស្ងោយរបស់នាងច័ន្ទយ៉ាងក្រៃលែង ធ្វើឱ្យស្នំឯក និងស្នំដទៃទៀតកើតក្តីច្រណែន និងនាងច័ន្ទ រួចរកវិធី ដើម្បីកម្ចាត់នាងចេញពីព្រះបរមរាជវាំង ។ សូមបញ្ជាក់ថា កត្តាដែលនាងបានធ្វើព្រះស្ងោយមានរសជាតិឆ្ងាញ់ពិសារនោះ គឺដោយយកចុងក្រចករបស់នាងជារង្វាស់រង្វាល់ ។ ឧទាហរណ៍តើត្រូវដាក់អំបិលប៉ុន្មានចុងក្រចក ស្ករប៉ុន្មានចុងក្រចក ម្រេចប៉ុន្មានចុងក្រចក និងគ្រឿងផ្សេងៗ ក្នុងគ្រឿងនីមួយៗ ប៉ុន្មាន ចុងក្រចកជាដើម ដែលធ្វើមុខម្ហូបនីមួយៗ រក្សាបានរសជាតិឆ្ញាញ់ជានិច្ច ។

ថ្ងៃមួយស្នំឯក បានទៅទូលញ៉ុះញង់ព្រះរាជាថា ៖ បពិត្រព្រះស្វាមី ខ្ញុំម្ចាស់បានឃើញជារៀងរាល់ថ្ងៃ ស្នំរងពេលដែលនាងធ្វើព្រះស្ងោយថ្វាយព្រះអង្គ គឺខ្វះអនាម័យ និងប្រមាថព្រះចេស្ដាយ៉ាងខ្លាំង ដែលព្រះស្វាមីមិនគួរសោយព្រះស្ងោយរបស់នាងទេ ដោយនាងមិនយកស្លាបព្រា ចង្កិះ ឬ វែក ជាដើមដួសគ្រឿង សម្រាប់បង់ទៅក្នុងព្រះស្ងោយនោះឡើយ តែនាងបានប្រើចុងក្រចក ដែលប្រឡាក់ដោយល្អងធូលីដីជាដើម ដួសគ្រឿងទាំងនោះទៅវិញ ។ គ្រាន់តែព្រះសណ្ដាប់ឮភ្លាម ព្រះរាជាទ្រង់គ្រោធពិរោធដោយឥតមានព្រះតម្រិះពិចារណាអ្វីឡើយ ទ្រង់មានព្រះរាជបញ្ជាឱ្យអាមាត្យ រៀបចំផែនការសម្លាប់នាងច័ន្ទក្នុងយប់នេះ ដោយមិនរងចាំថ្ងៃស្អែកឡើយ ។
ពេលនោះ មានបុរោហិត ៤ រូប ដែលស្និតជាមួយព្រះរាជាគឺ ឈ្មោះ ទាវ ១ ឈ្មោះ ឃ្វិច ១ ឈ្មោះ អណ្ដើក (តាដើក) ១ ឈ្នោះ កាន់១ និងស្ត្រីអ្នកបម្រើព្រះមហាក្សត្រ ២ រូបទៀត ឈ្មោះ ទ្រូ និងឈ្មោះ អ៊ុយ ដោយមានស្វាមីភក្តិជាមួយនាងច័ន្ទ ក៏បានមកជម្រាបនាងច័ន្ទឱ្យបានដឹងពីព្រះរាជបញ្ជានោះ ហើយនាំផ្លូវឱ្យនាងចាកចេញពីព្រះបរមរាជវាំង និងភៀសខ្លួនទៅរកកន្លែងសុវត្ថិភាពជាបន្ទាន់ ។
ដោយមានការជួយរៀបចំ និងគិតគូរពីសំណាក់បុរោហិតទាំង ៤ និងអ្នកធ្លាប់មានស្វាមីភក្តិជាមួយនាងច័ន្ទមួយចំនួន ក៏បាននាំនាងច័ន្ទចុះសំពៅភៀសខ្លួនទាំងយប់ចាកចេញពីព្រះបរមរាជវាំងធ្វើដំណើរដោយមិនមានគោលដៅច្បាស់លាស់ ដោយគ្រាន់តែធ្វើដំណើរចាកចេញឱ្យផុតពីការតាមសម្លាប់របស់ព្រះរាជាតែប៉ុណ្ណោះ ។ លុះធ្វើដំណើរបានឆ្ងាយបន្តិចពីព្រះបរមរាជវាំង និងដោយមានការនឿយហត់អស់រយៈពេល ១ យប់ហើយនោះ លុះមកដល់កន្លែងមួយនាងច័ន្ទ ក៏បានប្រាប់ឱ្យអ្នកបម្រើ ដែលភៀសខ្លួនមកជាមួយរៀបចំដណ្ដាំបាយ ធ្វើម្ហូបអាហារ ដើម្បីបរិភោគមុននឹងធ្វើដំណើរតទៅមុខទៀត ។ ដោយមានខ្យល់បក់បោកមកខ្លាំង ព្រោះនៅកណ្ដាលទន្លេទើបបាយនោះមិនទាន់បានឆ្អិនល្អស្រាប់តែឮសូរដំណឹងថា ទ័ពរបស់ព្រះរាជាជិតធ្វើដំណើរមកដល់ផង ទើបនាងច័ន្ទបានប្រាប់ទៅអ្នកបម្រើឱ្យដោះដួសបាយឆៅនោះបរិភោគបណ្ដោះអាសន្នបន្ថយការហេវហត់ និងស្រេកឃ្លាន ដើម្បីបន្តដំណើរទៅមុខទៀត ។ ទើបតំបន់ និងស្រុកនោះគេបានសន្មតថា «ស្រុកបាយឆៅ» ដែលមានចម្ងាយ ៣ គីឡូម៉ែត្រពីទីក្រុងឃ្លាំង ហើយបាយឆៅបច្ចុប្បន្នគឺជាអង្គភាពរដ្ឋបាលស្រុកមួយរបស់ខេត្តឃ្លាំង វៀតណាមហៅថា «ស្រុកមីស្វៀន» ។
លុះបរិភោគរួចហើយ ក៏នាំគ្នាបើកសំពៅពីព្រែកបាយឆៅកាត់តាមព្រែកសំរោង ព្រែកសង្កែ ធ្វើដំណើររហូតមកដល់ពាមមួយកន្លែងទៀត គាប់ជួនជាពេលយប់ ក៏នាំគ្នាសម្រាកកាយនៅទីនោះ។
ក្នុងយប់នោះ ពេលនាងច័ន្ទសម្រាកលក់ ក៏បានយល់សប្តិឃើញអ្នកត្រង់បង់បត់មកប្រាប់ថា «បើស្នំរងធ្វើដំណើរទៅមុខនឹងដល់ពាមជាប់មាត់សមុទ្រមួយ ដែលមានរលកបោកបក់យ៉ាងខ្លាំង ក្នុងករណីនេះ សំពៅរបស់ស្នំរង មិនត្រូវប្រថុយបើកកាត់សមុទ្រនោះទេ ប្រសិនបើបើកកាត់រលកសមុទ្រនោះ សំពៅនឹងត្រូវលិចលង់កណ្ដាលមហាសាគរ នឹងដល់នូវក្តីមរណៈទាំងអស់គ្នាមិនខានឡើយ តែបើជាសំណាងល្អដោយមិនមានរលកបោកបក់ទេ សំពៅរបស់ស្នំរងអាចបើកកាត់សមុទ្រទៅដល់ត្រើយខាងកើត (ទំនងជាខេត្តព្រះត្រពាំង) ស្នំរង និងអ្នកបម្រើនឹងរួចផុតពីការប៉ងសម្លាប់របស់ព្រះរាជាហើយ» ។
លុះព្រឹកឡើងនាងច័ន្ទ ក៏ធ្វើពិធីសែនព្រេនសុំកុំឱ្យមានរលកធំបក់បោកមក ពេលដែលនាងទៅដល់ទីនោះ ។ ទើបពាមមួយនោះ មានឈ្មោះថា «ពាមនាងសែន» បច្ចុប្បន្នអ្នកស្រុកបានហៅក្លាយមកជា «ពាមសែន» ដែលសព្វថ្ងៃវៀតណាមហៅថា «ដាយង៉ាយ» ស្ថិតក្នុងឃុំ ឡុង ឌឹក(មិនស្គាល់ឈ្មោះជាភាសាខ្មែរ) ស្រុកអណ្ដូងទឹក ខេត្តឃ្លាំង ។
លុះធ្វើពិធីសែនព្រែនរួចហើយ សំពៅនាងច័ន្ទ ក៏ធ្វើដំណើរទៅមុខទៀតរហូតដល់ពាមមួយទៀត នាងច័ន្ទបានយកកន្ថោរមាសមួយមកលាងក្នុងទឹកព្រែកនោះ ដោយក្រសែទឹកហូរខ្លាំងធ្វើឱ្យកន្ថោរមាសនោះ របូតពីដៃនាងធ្លាក់ចូលក្នុងទឹកទន្លេបាត់ទៅ ទើបពាមនោះ អ្នកស្រុកឱ្យឈ្មោះថា «ពាមកន្ថោរ» អ្នកស្រុកហៅក្លាយមកជា «ពាមធរ» ស្ថិតក្នុងឃុំ ដងក្ដោង ស្រុកព្រែកគយ ខេត្តឃ្លាំងរហូតដល់សព្វថ្ងៃនេះ ។ សំពៅរបស់នាងច័ន្ទ ក៏បានធ្វើដំណើរទៅមុខរហូតដល់ពាមមួយទៀតជាពាម ដែលនាងធ្លាប់បានយល់សុបិន្តពេលនាងសម្រាន្តលង់លក់ នៅពាមនាងសែននោះ ។ ពេលនោះ ទឹករលកធំៗ បានបោកបក់យ៉ាងខ្លាំង ធ្វើឱ្យនាងច័ន្ទមិនហ៊ានបរសំពៅកាត់រលកសមុទ្រនោះ ដើម្បីឆ្លងទៅត្រើយម្ខាងទៀតឡើយ ដោយរងចាំពេលដែលរលកសមុទ្រនោះស្ងប់ស្រាក់ស្រាន្តបន្តិច ទើបបរសំពៅឆ្លងកាត់សមុទ្រទៅត្រើយខាងកើត ដើម្បីចៀសផុតពីការតាមសម្លាប់របស់ព្រះរាជា ។ ដោយពាមនោះ ជាពាមដែលនាងច័ន្ទ ចតសំពៅរងចាំនោះហើយ ទើបគេសន្មតពាមនោះថាជា «ពាមនាងច័ន្ទ» ឬ «ពាមរងចាំ» ដែលប្រជាពលរដ្ឋខ្មែរក្រោម ហៅក្លាយជា «ពាមច័ន្ទ» ស្ថិតក្នុងភូមិពលលាន ឃុំស្វាត ស្រុកជ្រោយញ ខេត្តឃ្លាំង មកដល់សព្វថ្ងៃ ។
ជាអកុសលនៅពេល ដែលកំពុងរងចាំនោះ ទ័ពស្ដេចក៏តាមមកទាន់ និងសម្លាប់ នាងច័ន្ទនៅទីនោះទៅ ។ តែចាស់បុរាណដែលតំណាលតៗ គ្នានោះ មិនបានបញ្ជាក់ថា ការសម្លាប់នោះ ដោយវិធីណា និងព្រះរាជាជាអ្នកសម្លាប់ដោយផ្ទាល់ព្រះហស្ថ ឬយ៉ាងណានោះទេ ហើយក៏មិនបានបញ្ជាក់ថា សម្លាប់តែនាងច័ន្ទ ឬក៏សម្លាប់ទាំងអ្នករួមដំណើរ ឬយ៉ាងណានោះឡើយ ។
ព្រឹទ្ធាចារ្យចាស់ៗ បានដំណាលទៀតថា ពេលទ័ពព្រះរាជាបានតាមមកទាន់ ហើយដោយនាងច័ន្ទដឹងខ្លួនថា ពិតជាត្រូវស្លាប់ហើយនោះ នាងបានកាត់សក់របស់នាងផ្ញើនឹងផ្លែពោត កាត់សុដន់ទាំងគូផ្ញើនឹងដើមអម្ពូ (ដើមអម្ពូនេះ នៅកម្ពុជា មិនសូវដែលឃើញមានទេ តែរុក្ខជាតិប្រភេទនេះ មានដុះនៅកម្ពុជាក្រោមយ៉ាងច្រើន) កាត់ភ្លៅទាំងគូផ្ញើនឹងដើមចាក (នៅកម្ពុជាមិនសូវមានឃើញទេ ប៉ុន្តែ នៅកម្ពុជាក្រោមមានយ៉ាងច្រើន) កាត់ក្រចកទាំង ១០ របស់នាង ផ្ញើនឹងសត្វចាក់ក្រចាន់(ក្រចកនាងច័ន្ទ) និងកោររោមយោនីផ្ញើនឹងជីម្អម ។ នេះមិនមែនជារឿងពិតទេ ប្រហែលជាក្នុងន័យប្រៀបធៀប ចង់សំដៅពីរូបសម្ផស្សនាងច័ន្ទទៅនឹងសម្រស់ធម្មជាតិទាំងនោះគឺ៖
១. សក់របស់នាងច័ន្ទមានពណ៌ទង់ដែង និងមានសសៃតូចឆ្មារដូចជាសក់ពោត ។
២. សុដន់ នាងច័ន្ទមូលក្បំដូចជាផ្លែអម្ពូ ។
៣. ភ្លៅរបស់នាងច័ន្ទមានរាងតូចស្រឡូនដូចជាភ្លៅចាក ។ ប្រជាពលរដ្ឋខ្មែរក្រោម ដែលរស់នៅក្នុងភូមិសាស្ត្រ ដែលពាក់ព័ន្ធក្នុងរឿងរបស់នាងច័ន្ទ ដូចជា ភូមិបាយឆៅ ពាមនាងសែន ភូមិពាមកន្ថោរ ជាដើមភាគច្រើនហៅភ្លៅចាកថាភ្លៅនាងដូច្នោះទៅវិញ ។
៤. ក្រចកដៃរបស់នាងច័ន្ទវែងស្ដើង ដូចសត្វក្រចកចាន់។
៥. រោមយោនីរបស់នាងច័ន្ទ មានក្លិនក្រអូបប្រហើរដូចជាជីម្អម ។ ហេតុនេះហើយ ទើបអ្នករៀនសិល្បិ៍សាស្ត្រ មន្តអាគម អោមអាមនៅដែនដីកម្ពុជាក្រោម មានតំណមមិនបរិភោគជីម្អមឡើយ ព្រោះគេសម្គាល់ថា ជីម្អម គឺជារោមយោនីរបស់នាងច័ន្ទ ក៏ដូចជាអ្នករៀនសិល្បិ៍សាស្ត្រ មន្តអាគម អោមអាម នៅកម្ពុជាមិនទទួលទានជីម្អមដោយសម្គាល់ថា រោមយោនីរបស់នាងកង្រីដូច្នេះដែរ ។
ងាកមកមើលវាសនាព្រាហ្មបុរោហិតទាំង ៤ និងអ្នកបម្រើផ្ទាល់របស់ព្រះមហាក្សត្រទាំង ២ ដែលផ្ដល់ព័ត៌មានសម្ងាត់ដល់នាងច័ន្ទ និងណែនាំផ្លូវឱ្យនាងច័ន្ទចាកចេញពីព្រះបរមរាជវាំងវិញ តើនឹងទៅជាយ៉ាងណា?
ក្រោយពីព្រះរាជា បានស្រាវជ្រាវទ្រង់ជ្រាបថា អ្នកផ្ដល់ផែនការសម្ងាត់របស់ព្រះអង្គដល់នាងច័ន្ទ គឺបុរោហិតទាំង ៤ គឺតាទាវ តាអណ្ដើក (តាដើក) តាឃ្វិច និងតាកាន់ ព្រមទាំងស្ត្រីអ្នកបម្រើ រូប គឺ ដូនទ្រូ និងដូចអ៊ុយ នោះមក ព្រះរាជាក៏មានផែនការសម្លាប់អ្នកទាំង ៦ នោះទៀត ។ ក្រោយពីដឹងថា ព្រះរាជាមានផែនការ នឹងសម្លាប់ពួកខ្លួនហើយ អ្នកទាំង៦នោះក៏បានភៀសខ្លួនរត់ទៅរកទីសុវត្ថិភាពរៀងខ្លួន ដោយ៖
១. បុរោហិតឈ្មោះទាវ បានរត់ភៀសខ្លួន និងបន្លំខ្លួនជាកសិករ និងកសាងជាភូមិករ នៅក្នុងភូមិមួយដែលសព្វថ្ងៃហៅថា «ភូមិតាទាវ» ស្ថិតក្នុងឃុំតាទាវ ដែលភាសាវៀតណាម ហៅថា «ខាញ់ហ្វា» ក្នុងស្រុកជ្រោយញ ។
២. បុរោហិតឈ្មោះអណ្ដើក បានមកលាក់ខ្លួនជាកសិករកសាងភូមិមួយឈ្មោះ «ភូមិតាដើក» ស្ថិតក្នុងឃុំស្វាត ដែលវៀតណាមហៅថា «ឡាកហ្វា» នៅក្នុងស្រុកជ្រោយញ សព្វថ្ងៃ ។
៣. ស្ត្រីអ្នកបម្រើឈ្មោះទ្រូ បានទៅបន្លំខ្លួនជាកសិករនៅភូមិមួយដែ លសព្វថ្ងៃប្រជាពលរដ្ឋខ្មែរក្រោម បានហៅភូមិនោះថា «ភូមិដូនទ្រូ» ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ខាងជើងទីប្រជុំជនស្រុកជ្រោយញ ។
៤. បុរោហិតឈ្មោះឃ្វិច បានបន្លំខ្លួនជាកសិករ និងបានកសាងជាភូមិមួយ ដែលសព្វថ្ងៃហៅថាភូមិតាឃ្វិច អ្នកខ្លះហៅក្លាយជា «ភូមិតាវិច» ។
៥. បុរោហិតឈ្មោះកាន់ ក៏បានកសាងភូមិជាប់គ្នា និងភូមិតាឃ្វិចនោះដែរ ឈ្មោះ «ភូមិតាកាន់» ។ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរក្រោម នៅទីនោះ បានចាត់ទុកភូមិទាំង ២ នេះ ទៅឃុំតែមួយ ខ្មែរយើងហៅថាឃុំ តាឃ្វិចតាកាន់ វៀតណាមហៅថា «ធ្វឹងហ្វា» ហើយបច្ចុប្បន្ននេះ ភូមិទាំង ២ នេះក៏ក្លាយជាទីរួមស្រុក ជុំក្រុង ដែលវៀតណាមហៅថា «ចូវថាញ់ » មានចម្ងាយពីទីក្រុងឃ្លាំងប្រមាណ ១៤ គីឡូម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ ១ អា «ទឹកខ្មៅ-ព្រៃនគរ» ។
៦. ឯស្ត្រីអ្នកបម្រើម្នាក់ទៀត ឈ្មោះ «អ៊ុយ» បានទៅកសាងភូមិមួយ នៅជិតភូមិបឹងខ្យង ដែលភូមិនេះ អ្នកស្រុកហៅភូមិ «ដូនអ៊ុយ» ប្រហែលជាពាក្យហៅក្លាយពីពាក្យ «ស្នាដៃដូនអ៊ុយ» ស្ថិតក្នុងស្រុកកំពង់ធំ ដែលវៀតណាមហៅថា «មីទូវ»។
ដោយភូមិសាស្ត្រទាក់ទងនឹងរឿងនាងច័ន្ទទាំងអស់ គឺស្ថិតនៅតែក្នុងខេត្តឃ្លាំង ដោយពុំមានទំនាក់ទំនងដល់ខេត្តដែលមានព្រំប្រទល់ជាប់ជាមួយខេត្តនេះ ដូចជា ខេត្តពលលាវ ខេត្តព្រែកឬស្សី និងខេត្តព្រះត្រពាំង ជាផងទេ។ ដូច្នេះយើងសន្និដ្ឋានបានថា ពេលនោះព្រះរាជាទ្រង់គង់នៅក្នុងទឹកដីខេត្តឃ្លាំងតែម្ដង ព្រោះនៅខេត្តឃ្លាំង មានភូមិមួយឈ្មោះភូមិ «ប្រាសាទគង់» ដែលព្រឹទ្ធាចារ្យបានដំណាលថាពាក្យ «ប្រាសាទគង់» ក្លាយមកពីពាក្យថា «ប្រាសាទស្ដេចគង់» ដូច្នេះ មុននឹងកើតឡើងនូវរឿងរ៉ាវរបស់ «នាងច័ន្ទ» នេះ គឺព្រះរាជា និងនាងច័ន្ទព្រមទាំងព្រះញាតិវង្ស និងស្រីស្នំដទៃទៀតទ្រង់គង់នៅ និងស្នាក់ក្នុងប្រាសាទដែលមានឈ្មោះ «ប្រាសាទគង់» នេះឯង ។
ភូមិប្រាសាទគង់ សព្វថ្ងៃស្ថិតនៅក្នុងឃុំកំពង់ដូង វៀតណាម ហៅថា «ថឹមដូង» ក្នុងស្រុកបាយឆៅ ឆ្ងាយពីទីប្រជុំជនស្រុកបាយឆៅប្រមាណជា ១២ គឺឡូម៉ែត្រ ។
យើងខ្ញុំសូមអភ័យទោស ចំពោះព្រះករុណាគ្រប់ព្រះអង្គ និងជនរួមជាតិចំ ពោះការសរសេរប្រវត្តិនាងច័ន្ទនេះ ក្រែងពុំបានត្រឹមត្រូវ លើសលោះខ្វះខាត ដោយប្រការណាមួយ ព្រោះការសរសេរនេះ ពុំមានឯកសារណាមួយ ដើម្បីយោងឡើយ គឺសរសេរទៅតាមការដំណាលរបស់ព្រឹទ្ធាចារ្យខ្មែរក្រោម ដូចជា ព្រះតេជៈព្រះគុណ ឡឹម ខែ អតីតពហុសូត្រ វត្តហ្លួងបាសាក់បាយឆៅ ខេត្តឃ្លាំង បច្ចុប្បន្នជាព្រះចៅអធិការវត្ត «នគរខ្មែរ» ទីក្រុងសាន់ប៊ែរណាឌីណូ រដ្ឋការលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងលោក តាំង សារៈ អតីតព្រះធម្មាចារ្យវត្តទេពារាមព្រៃជាប់ ខេត្តឃ្លាំង បច្ចុប្បន្នប្រធានសហព័ន្ធខ្មែរក្រោម តំបន់ព្រះរាជាណាចក្រកម្ពុជា ជាដើមតែប៉ុណ្ណោះ ៕