សេចក្ដីប្រគេន និង ជូនដំណឹង
អំពី
សន្និសីទអន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម
ស្ដីពី
សិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម
ផ្ដោតលើករណីជនជាតិដើមខ្មែរក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំសន្និសីទអន្តរជាតិ នៅប្រទេសបារាំង ក្រោម ប្រធានបទ សិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម ផ្ដោតលើករណីជនជាតិដើមខ្មែរក្រោម ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ សៅរ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៨ ខាងមុខនេះ នៅក្នុងអគារ ព្រឹទ្ធសភាបារាំង នាទីក្រុងបារីស ។ សន្និសីទនេះ រៀបចំដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) និងសមាជិកព្រឹទ្ធសភាបារាំង ។

ថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសនានាជុំវិញពិភពលោក នឹងចូល រួមប្រជុំនៅក្នុងសន្និសីទនេះ ដោយមានអ្នកជំនាញបរទេសស្ដីពីកម្ពុជាក្រោម នឹងចូលធ្វើជា វាគ្មិនតាមការអញ្ជើញរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីថ្លែងអំពីប្រវត្តិកម្ពុជាក្រោម និង បញ្ហាសិទ្ធិមនុស្សនានារបស់ខ្មែរក្រោម ដែលកំពុងតែប្រឈមនឹងការរំលោភសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម សព្វថ្ងៃ ។ វាគ្មិនបរទេសរួមមាន ដូចជា បណ្ឌិត Philip Taylor មកពីប្រទេអូស្ត្រាលី ជាអ្នកសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្រោម The Khmer Lands of Vietnam, លោក Phil Robertson ជានាយករង ប្រចាំ អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Haman Rights Watch), បណ្ឌិត Joshua Cooper ជានាយកវិទ្យាស្ថានសិទ្ធិមនុស្សរដ្ឋហាវ៉ៃ, អ្នកស្រី Tina Mufford ជាអ្នកវិភាគ នយោបាយជាន់ខ្ពស់ ប្រចាំតំបន់អាស៊ីបូព៌ា នៃគណៈកម្មការសហរដ្ឋអាមេរិកទទួលសេរី ភាពសាសនាអន្តរជាតិ (USCRIF), និងមន្ត្រីអង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) និង សមាជិកព្រឹទ្ធសភាបារាំង ជាច្រើនរូបទៀត ។
ហេតុដែលនាំឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើសន្និសីទនៅប្រទេសបារាំងនោះ ដោយ សារ សហព័ន្ធខ្មែរកម្ពុជាក្រោម ចង់ឲ្យប្រជាពលរដ្ឋ និងអ្នកមុខអ្នកការនៃប្រទេសបារាំង និង អឺរ៉ុប យល់កាន់តែច្បាស់នូវបញ្ហារបស់ជនជាតិដើមខ្មែរក្រោម តាមរយៈសាររបស់វាគ្មិន ដែលបានថ្លែងនៅក្នុងសន្និសីទនេះ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម រំពឹងថា ក្រោយពីសន្និសីទ នេះ ពិភពលោកនឹងយល់អំពីបញ្ហារបស់ជនជាតិដើមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម កាន់តែច្បាស់ជាងមុន ។
រាល់ព័ត៌មានបន្ថែ មដែលទាក់ទង នឹងសន្និសីទនេះ សូមលោកអ្នកទាក់ទង៖ ការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) តាមទូរស័ព្ទលេខ (៤០៨) ៥៥០ ៥០៦០ ។