កំណត់ហេតុថ្ងៃទី ២ នៃមហាសន្និបាតសកលលើកទី ១០ របស់​សហព័ន្ធខ្មែរកម្ពុជាក្រោម

កំណត់ហេតុមហាសន្និបាតសកលលើកទី ១០

នៃ​សហព័ន្ធខ្មែរកម្ពុជាក្រោម

ថ្ងៃទី ២៧ – ២៩ ឧសភា ឆ្នាំ ២០១៦

ទិវាបោះឆ្នោតជ្រើសរើសគណៈកម្មការនាយក នៃ

សហព័ន្ធខ្មែរកម្ពុជាក្រោម នីតិកាល ២០១៦ – ២០២០

ប្រារព្ធនៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

នៅអគារមជ្ឈមណ្ឌល San Jose Masonic, San Jose, CA, U.S.A.

ថ្ងៃសៅរ៍ទី ២៨ ឧសភា ឆ្នាំ ២០១៦

ធ្វើកំណត់ហេតុដោយ  ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

របៀបវារៈ

វេលាម៉ោង ៩:00

ពិធីករ ថាច់ វឿង និងពិធីការិនី កៀង សាខន ឈរនៅ​លើ​​​វេទិកា​​លំឱន​កាយឧទ្ទេសនាមខ្លួនចំពោះអង្គមហាសន្និបាត រួចហើយ​ចាប់​ផ្តើម​​ប្រ​កាស​​​ម​​ហាស​​ន្និបាត ។

ជាបឋមលោកពិធីករ ថាច់ វឿង សូមអនុញ្ញាត​អង្គមហាសន្និបាត​ប្រកាស​នូវវិន័យអង្គប្រជុំ ។

ទិដ្ឋភាពទូទៅនៃអង្គមហាសន្និបាតសកលលើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
ទិដ្ឋភាពទូទៅនៃអង្គមហាសន្និបាតសកលលើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

ឧទ្ទេសនាមសមាសភាពគណៈកម្មការនាយក​ នៃសហព័ន្ធខ្មែរ​កម្ពុ​ជា​-ក្រោម​​​ទាំង ១៣ អង្គ និង រូប និមន្តនិងអញ្ជើញឡើងកាន់អាសនៈអធិបតី ។ ទន្ទឹម​នឹងនោះគណៈកម្មការរៀបចំមហា​​សន្និបាតសកលលើកទី ១០ នៃ​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម បានអញ្ជើញនារីកិត្តិយស​បំពាក់កម្រងផ្កា​ជូនគណៈ​កម្មការនាយក ។

អង្គមហាសន្និបាតគោរពទង់ជាតិ ។

លោកអធិបតី ថាច់ វៀន អុជទៀនធូប អង្គមហាសន្និបាតគោរព​រំឭក​គុណ​​​​បុព្វវីរសមណៈ បុព្វវីរបុរស ។

អារាធនាព្រះសង្ឃសូត្រជយន្តោជាមង្គលកិច្ចជូនមហាសន្និបាត ។

ក្រុមរបាំប្រចាំវត្តខេមររង្សី រាំរបាំជូនពរ ប្រសិទ្ធពរមហាសន្និបាត ។

ព្រះតេជព្រះគុណ ត្រឹង គុយ សូត្រសុន្ទរកថាស្វាគមន៍មហាសន្និបាត ។

តំណាងចូលរួមមហាសន្និបាតរួមមាន

. ប្រទេសបារាំង

. អូស្ត្រាលី

. អីតាលី

. កាណាដា

. កម្ពុជា

៦. សហរដ្ឋអាមេរិក ដែលរួមមានរដ្ឋផែនស៊ីវែនញ៉ា ញ៉ូវចឺសី ច័រចា ផ្លរីដា តេចសាស អូខូឡូហាម៉ា វ៉ាស៊ិនតោនស្តេត ណតខូឡូឡាយណា ខូឡូរ៉ាដូ អីលីណយ វីជីញ៉ា ម៉ាសាឈូសែត កាលីហ្វ័រញ៉ាខាងត្បូង កាលីហ្វ័រញ៉ា​ខាងជើង អូហាយអូ ញ៉ូវអែមសើ ណីវវ៉ាដា ហាវ៉ាយ ជីហ្គាហ្គោ ។ ក្នុងនោះរួម មានព្រះ សង្ឃ ១៦ អង្គ គ្រហស្ថជាង ២០០ នាក់ ។

លោក ថាច់ វៀន ជាអធិបតី ប្រកាសបើកសន្និបាត និងធ្វើរបាយ​ការណ៍​សង្ខេប ។

លោក ថាច់ ង៉ុក ថាច់ ជាប្រធានប្រតិបត្តិថ្លែងសុន្ទរកថា ក្នុងសុន្ទរកថា​របស់​​លោក លោកបានរំឭកអំ​ពីការឈឺចាប់ ព្រមទាំងវីរភាពតស៊ូប្តូរ​ផ្តាច់របស់​បុព្វ​បុរសខ្មែរក្រោមគ្រប់ជំនាន់ និងការតស៊ូមតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម លើ​​ឆាកអន្តរជាតិយ៉ាង​ស្វិត​ស្វាញ​​តាមមាគ៌ាអហិង្សា របស់អង្គការ​សហប្រជា​ជាតិ និងអង្គការអន្តជាតិផ្សេង ៗ​ ​ទៀតមានអង្គការ UNPO ជាដើម តាំងពី​ដើម​ទី​មកទល់នឹងបច្ចុប្បន្នកាល ។ លោកបានធ្វើការបញ្ជាក់ដោយការ​សង្កត់ធ្ងន់ថា “អស់លោក-អ្នកជាម្ចាស់សន្លឹកឆ្នោត ហេតុដូច្នេះអស់លោក-អ្នកត្រូវស្គាល់វត្ថុ​បំណងជាចម្បងរបស់ខ្លួន និងត្រូវតែរក្សាគោលដៅរបស់ខ្លួនថាតើអស់លោក-អ្នកចង់បានអ្វី មានគោលដៅអ្វី ? ខ្ញុំជឿជាក់ថាគោលបំណង​រួមរបស់​យើងគឺ​ជាតិ​ មិនមែន​បុគ្គល​ទេ ! ទោះបីបុគ្គលណាដឹកនាំក៏ដោយ ឲ្យតែដឹកនាំដើរ​ទៅ​ដល់​ជាតិ​” ។

ភិក្ខុនាថសីលោ ត្រឹង ថាច់ យុង កំពុងសរសេរកត់ហេតុ ។ រូបថតៈ ស៊ឺន ចែងចើន
ភិក្ខុនាថសីលោ ត្រឹង ថាច់ យុង កំពុងសរសេរកត់ហេតុ ។ រូបថតៈ ស៊ឺន ចែងចើន

សុន្ទរកថារបស់ លោក បណ្ឌិត ខូហ្វើ (Dr. Joshua Cooper) ជាឧត្តម ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម លោកបានថ្លែងអំពីសកម្មភាព​អន្តរជាតិ​ របស់ហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនោះក៏មានសកម្មភាពរបស់​គណៈ​កម្មាធិការ​​យុវជន​សហព័ន្ធខ្មែរ​កម្ពុជាក្រោម ដែលបានចូលរួមកិច្ចប្រជុំលើកទី ១៥ នៃ វេទិកាអចិន្ត្រៃយ៍របស់​អង្គការសហប្រជា​ជាតិ ស្តីពីបញ្ហា​ជនជាតិដើមដែលសរ សេរ​កាត់ជាភាសាអង់គ្លេសថា UNPFII នាទីក្រុងញ៉ូវ​យ៉ក​ ក្នុងកាលកន្លង ហើយថ្មី ៗ នេះ គឺតាំងពីថ្ងៃទី ០៩-​២០ ឧសភា ២០១៦ ។ លើសជាងនេះ ទៅ​ទៀត​នៅពេលល្ងាចនេះ ខ្លួនលោក Dr. Joshua Cooper ក្នុងនាម​ជាឧត្តម​ទី​ប្រឹក្សា និង ​លោក​ ម៉ៅ មុនី ជាអនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើដំណើរ​ទៅ​​ចូល​រួមប្រជុំ ជាមួយនឹងនាយកដ្ឋានព័ត៌មានសាធារណៈ នៃអង្គការសហប្រជា​ជាតិ ជាភាសាអង់គ្លេស ថា UN Department of Public Information ​ហៅ​កាត់​ថា DPI ចំនួន ២ ថ្ងៃ គឺថ្ងៃ  ទី ៣០-៣១ ឧសភា ២០១៦ នៅ​ទី​ក្រុងសេអ៊ូល ប្រទេស​កូរេខាងត្បូង ។ បន្ទាប់ពីនោះមកគណៈ​​ប្រតិភូសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​យើងនឹងបន្ត​ដំណើរ​ទៅកាន់​ទីក្រុង​បាង​កក ប្រទេសថៃ ដើម្បី​ចូល​រួម​​ប្រជុំ​វេទិកា​ UN Sustainable Development in ASEAN នៅ​​សកល​​វិទ្យា​ល័យ​ធម្មសាស្ត្រចំនួន ២ ថ្ងៃទៀត គឺនៅថ្ងៃទី ២​  ទី ៣ មិថុនា ឆ្នាំ ២០១៦ ​ខាងមុខនេះ ។ នេះជាសកម្ម ភាពអន្តរជាតិរបស់សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ជាមួយអង្គការសហប្រជាជាតិ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស​ សិទ្ធិជនជាតិដើម សិទ្ធិបញ្ចេញមតិ សិទ្ធិផ្តល់ និងទទួលបានព័ត៌មានដោយសេរី នៅតំបន់អាស៊ានដែលឈានសន្សឹម ៗ កៀកកិតជិតមាតុភូមិកម្ពុជាក្រោម ។

លោក តោ គឹម ថុង ជាអតីតអធិបតី និងជាប្រធានក្រុមឧត្តមទីប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម ​ថ្លែងអំពីអត្ថន័យនៃមហាសន្និបាត ។ លោកបាន​រំឭក​ឡើងថា កំណើតនៃសហព័ន្ធខ្មែរកម្ពុជាក្រោមមាន​ប្រភពចេញពី​គណៈកម្ម​ការ​ប្រតិបត្តិនៃមហាសន្និបាត ដែលត្រូវបានបង្កើតឡើង​ដោយវរជន​ខ្មែរក្រោមរៀម​ច្បងនៅថ្ងៃទី ២៨ សីហា ឆ្នាំ​ ១៩៨៥ ដែលមានការកំណត់មហាសន្និបាត ២ ឆ្នាំ​ម្តង ។ ក្រោយមកនៅឆ្នាំ ១៩៩២ គណៈកម្មការនេះបានឯកច្ឆន្ទ​ប្តូរឈ្មោះ​ទៅ​ជា​សភា​​​​ខ្មែរកម្ពុជាក្រោម ហើយ​មានការ​កំណត់ឲ្យមាន​មហាសន្និបាត ៤ ឆ្នាំម្តង ។​ ​​លុះ​​ដល់ឆ្នាំ​ ១៩៩៦ សភា​​​​ខ្មែរកម្ពុជាក្រោមក៏បានធ្វើសេចក្តី​សម្រេច​ជាឯក​ភាព​ប្តូរ​​ឈ្មោះ​ទៅ​ជា​សហព័ន្ធ​​​​ខ្មែរកម្ពុជាក្រោម ដោយកំណត់មហាសន្និបាត ៤ ឆ្នាំ ម្តង ជាប់​ជារៀងរហូត​មក​​ដល់​ពេលនេះ មហាសន្និបាត​គម្រប់ ១០ លើក​ ។ លោក​បាន​​បញ្ជាក់ថា មហា​​​សន្និ​បាត​​គឺជាឱកាសផ្លាស់ប្តូរមេដឹកនាំឬក្បាល​ម៉ាស៊ីន ប្រៀបដូចជា​​​រ​ថ​យន្ត​​​​​​ បើ​ប្រើ​ប្រាស់​យូរ​ឆ្នាំពេកក៏គង់តែគេចមិនផុតអំពី​សភាព​ចាស់​​គ្រាំ​គ្រាជាពុំ​ខាន ដោយ​ហេតុ​​នោះ​អ្នកបើកបររថយន្ត​ត្រូវតែមាន​គ្រឿង​​បន្លាស់​សម្រាប់​ផ្លាស់ប្តូរ ហើយ​ត្រូវតែត្រួ​តពិនិត្យមើលម៉ាស៊ីនឲ្យបាន​រឿយ ៗ កុំទុក​បណ្តោយឲ្យខូចកណ្តាល​ផ្លូវ​នាំ​ឲ្យ​មានគ្រោះ​ថ្នាក់ និងយឺតយូរ​ដំណើរ ។ ម្យ៉ាង​ទៀត​​យើងត្រូវរួមដៃ​គ្នាជា​ភាតរភាព និងប្រាកដនិយម ។

អ្នកស្រី កៀង សុធី ជាប្រធានគណៈកម្មាធិការយុវជ​ននៃសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ធ្វើរបាយការណ៍ និងរំឭកអំពីប្រវត្តិសាស្ត្រខ្មែរក្រោម ដ៏ឈឺចាប់ ដែលជាហេតុនាំអ្នកស្រីប្តេជ្ញាឈានជើងចូលសហព័ន្ធខ្មែរ​កម្ពុជាក្រោម ដើម្បី​រួមចំណែក​តស៊ូមតិលើ​ឆាកអន្តរជាតិ​ ស្វែង​រកសិទ្ធិ​សម្រេច​វាសនាខ្លួន​ដោយ​ខ្លួន​ឯង  ជូនជាតិមាតុភូមិកម្ពុជាក្រោម ។

លោក​អធិបតី​​​ ថាច់ វៀន ប្រកាសបញ្ចប់អាណត្តិកាល ២០១២-២០១៦ ។

លោកយស សារុន ប្រធាន​គណៈកម្មការរៀបចំការបោះឆ្នោត​ ចាប់ផ្តើម​រៀប​ចំ​កម្ម​វិធី​​​របស់ខ្លួនរួមមាន

សេចក្តីប្រកាសច្បាប់បោះឆ្នោត​

វិធីសាស្រ្តបោះឆ្នោត

នាទីសាកច្ឆាជុំវិញបរិបទនីតិវិធីក្នុងការបោះឆ្នោត

បេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោត ជ្រើសរើសគណៈកម្មការនាយក​សហព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិកាល ២០១៦-​២០២០ ទាំង ១៣ រូប ប្រ កាស​បេក្ខភាព សមត្ថភាព អត្ថិភាព វីរភាព វីរិយភាព និងជីវប្រវត្តិ​សង្ខេប​របស់​ខ្លួន ​។ ឯបេក្ខជន​ទាំង ១៣ នាក់នោះរួមមាន៖

 ១ លោក ថាច់ សេ

២ លោក ចៅ រៀប

៣ លោក ប្រាក់ សិរីវុឌ្ឍិ៍

៤ លោក​ ត្រឹង ម៉ាន់រិន្ទ

៥ លោក ថាច់ ង៉ុក ថាច់

៦ លោក ចៅ សេរី ហៅម៉ៅ មុនី

៧ លោក ត្រឹង សារុង

៨ លោក ឃួន ណាកា

៩ អ្នកស្រី ឆោមឆាយ លក្ខណា

១០ លោក សឺង ហួ​

១១ លោក ត្រឹង យ៉ាប

១២ លោក ថាច់ វៀន

១៣ លោក សឺង សម្រេច ។

ការបោះឆ្នោតបានចាប់ផ្តើមនៅវេលាម៉ោង ២ និង ៥០ នាទីក្រោម​អធិបតី​នៃ​គណៈកម្មការរៀបចំការបោះឆ្នោត ។

ការរាប់​សន្លឹកឆ្នោតសម្រេចជាស្ថាពរនៅវេលាម៉ោង ៤:២៧ នាទី ។

សរុបសន្លឹកឆ្នោត​ទាំង​​អស់​រួមមាន ៧៧ សន្លឹក ក្នុងនោះមាន ២ សន្លឹក ជាមោឃៈ ៧៥ បានការ ។

ព្រះតេជព្រះគុណ ត្រឹង គុយ ជាអគ្គលេខាធិការនៃ​គណៈកម្មការ​រៀបចំ​ការ​​​បោះឆ្នោត ប្រកាសលទ្ធផលនៃការបោះឆ្នោត ដូចតទៅ ៖

ទី ១ លោក ថាច់ ង៉ុក ថាច់ មាន​ ៦០ សំឡេង

ទី ២ លោក ចៅ រៀប មាន ៥៤ សំឡេង

ទី ៣ លោក ប្រាក់ សិរីវុឌ្ឍិ៍ មាន ៥៤ សំឡេង

ទី ៤ លោក ចៅ សិរី ហៅ ម៉ៅ មុនី មាន ៥២ សំឡេង

ទី ៥ លោក ថាច់ សេ មាន ៤៩ សំឡេង

ទី ៦ លោក ត្រឹង យ៉ាប មាន ៤៣ សំឡេង

ទី ៧ លោក ត្រឹងម៉ាន់ រិន្ទ មាន ៤១ សំឡេង

ទី ៨ លោក ថាច់ វៀន មាន ៣៩ សំឡេង

ទី ៩ លោក សឺង ហួ មាន ៣៨ សំឡេង

ទី ១០ លោក ត្រឹង សារុង មាន ២៥ សំឡេង

ទី ១១ លោក សឺង សម្រេច មាន ២០ សំឡេង ។

ទី ១២លោក ឃួន ណាកា មាន ១៤ សំឡេង

ទី ១៣ អ្នកស្រី ឆោមឆាយ លក្ខណា មាន ១០ សំឡេង ។

លោកយស សារុន ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត​​ធ្វើ​របាយ​​​​​ការណ៍ និង ប្រកាស​​សមាសភាពរបស់គណៈកម្ម​ការរៀប​ចំការ​បោះ​ឆ្នោត​​ ដូចតទៅ ៖

១. លោក យស សារុន                  ជាប្រធាន

២. លោក ហាង វឿង                    ជាអនុប្រធាន

៣. លោក ត្រឹង ជី                        ជាអនុប្រធាន

៤. លោក ថាច់ ស៊ីចន្ទ​                   ជាអគ្គពិនិត្យ

៥. លោក ថាច់ គារ                      ជាអគ្គពិនិត្យ

៦. ព្រះតេជព្រះគុណ ត្រឹង គុយ    ជាអគ្គលេខាធិការ

៧. លោក សុខ នីម                      ជាអគ្គលេខាធិការ

៨. លោក ឡឹម ខៃ                        ជាឃោសនិក​ ។

បណ្តាបេក្ខជនទាំង ១៣ រូប​ ដែលឈរឈ្មោះបោះឆ្នោតជាគណៈកម្ម​ការ​​​​​​​នា​យក​នោះ​ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត អនុម័តិ​​ជ្រើសរើស​បេក្ខជន​ជាប់​​ឆ្នោត​ជាគណៈកម្មការនាយក ​នៃ​សហ​ព័ន្ធខ្មែរកម្ពុជាក្រោម អាណត្តិកាល ២០១៦-២០២០ គឺ

ទី ១ លោក ថាច់ ង៉ុក ថាច់ មាន​ ៦០ សំឡេង

ទី ២ លោក ចៅ រៀប មាន ៥៤ សំឡេង

ទី ៣ លោក ប្រាក់ សិរីវុឌ្ឍិ៍ មាន ៥៤ សំឡេង

ទី ៤ លោក ចៅ សិរី ហៅ ម៉ៅ មុនី មាន ៥២ សំឡេង

ទី ៥ លោក ថាច់ សេ មាន ៤៩ សំឡេង

ទី ៦ លោក ត្រឹង យ៉ាប មាន ៤៣ សំឡេង

ទី ៧ លោក ត្រឹងម៉ាន់ រិន្ទ មាន ៤១ សំឡេង

ទី ៨ លោក ថាច់ វៀន មាន ៣៩ សំឡេង

ទី ៩ លោក សឺង ហួ មាន ៣៨ សំឡេង

គណៈកម្មការនាយកថ្មីធ្វើពិធីសច្ចាប្រណិធាន ប្តេជ្ញាសាមគ្គី​ប្រឹងប្រែង​តស៊ូ​​​​​បម្រើ​​​​​ជាតិ​ ដោយស្ម័គ្រស្មោះអស់ពីចិត្តមិនងាករេ ។​

បន្ទាប់មក លោក ថាច់ ង៉ុក ថាច់ តំណាងគណៈកម្មកានាយកថ្មី​លើក​បង្ហាញ​អំពី​ផែន​ការ​ជាតិ និងអន្តរជាតិនៅអាណត្តិកាលថ្មី  ។

លោក ថាច់ ចួន តំណាងគណៈកម្មការ ​រៀបចំ​មហាសន្និបាត​សកល​លើកទី ១០ ថ្លែងសុន្ទរកថាអបអរសាទរគណៈកម្មការ​នាយក​ថ្មី ព្រមទាំងធ្វើនូវ​អភយកថា​ចំពោះអង្គមហាសន្និបាត ។

ព្រះសង្ឃទាំង ១៦ ព្រះអង្គស្វាធ្យាយជយន្តោ​ប្រសិទ្ធពរជ័យជូន​គណៈ​កម្មការនាយកថ្មី ។

ចប់មហាន្និបាតថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០១៦ នៅវេលាម៉ោង ៥:០០ ដោយបរិបូណ៌ ។

ទិដ្ឋភាពទូទៅនៃអង្គមហាសន្និបាតសកលលើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
ទិដ្ឋភាពទូទៅនៃអង្គមហាសន្និបាតសកលលើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

សេចក្តីបញ្ជាក់

ការរៀបចំជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំក្នុងជួរគណៈកម្មការនាយក​​អាណត្តិកាល ២០១៦-២០២០ នេះនឹងត្រូវអនុម័តិឡើងដោយស្វ័យភាព នៃ គណៈកម្មការនាយកថ្មីនេះដោយខ្លួនឯង ហើយធ្វើការជ្រើសតាំងព្រះសង្ឃ ២ អង្គ ស្ត្រី ២​ រូបបន្ថែមទៀត ត្រូវជាគណៈកម្មការនាយកចំនួន ១៣ អង្គ និង រូប តាម​លក្ខន្តិកៈ សម្រេចហើយទើបប្រកាសសមាស​ភាព​នៃ​គណៈ​កម្មការនាយក ទាំង ១៣ អង្គនិងរូបនោះ នៅថ្ងៃ ទី ២៩​ ឧសភាស្អែកនេះ ភ្ជាប់​ដោយ​សម្បថ​​នៅ​​​ចំពោះ​​​​​​ព្រះភក្រ្តព្រះ​ជីវ៍វ​ត្ត​ខេមររង្សី ​​ក្រុងសាន់ហូស្សេនិង​ព្រះ​សង្ឃនូវ​បណ្តា​សមាជិក សមាជិកា ព្រម​ទាំង​​ប្រ​​​​ជាពលរដ្ឋខ្មែរ​ក្រោមទាំងអស់ មុន​នឹងចូល​កាន់​តំណែងបម្រើជាតិ​ មាតុភូមិ ក្នុង​អាណត្តិ​​​​កាលថ្មីរបស់ខ្លួននា​ថ្ងៃ​បញ្ចប់​មហា​សន្និបាត​សកលលើកទី ១០ នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលី​ហ្វ័រ​ញ៉ា សហរដ្ឋ អាមេរិក ៕

ហត្ថលេខា                                                     ហត្ថលេខា

         ថាច់ វៀន                                                ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

អធិបតីមហាសន្និបាត                                      លេខាធិការមហាសន្និបាត