ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
អ្នកស្រី នាង ភឿន ត្រូវជាភរិយារបស់ លោក ចៅ ហេន បានទទួលអនិច្ចកម្មក្នុងអាយុ ៦០ ឆ្នាំ នៅវេលាយប់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៤ នេះ នៅក្នុងមន្ទីរពេទ្យមួយ នាទីក្រុងបាងកក នៃប្រទេសថៃ ដោយសាររោគាពាធ ។

អ្នកស្រី នាង ភឿន និង លោក ចៅ ហេន ជាគ្រួសារសកម្មជនតវ៉ាបញ្ហាដីធ្លីខ្មែរក្រោម នៅ ស្រុកស្វាយទង ខេត្តមាត់ជ្រូក ត្រូវបានរដ្ឋាភិបាលវៀតណាមធ្វើទុក្ខបុកម្នេញ ហើយបានភៀសខ្លួន ទៅប្រទេសថៃ សុំសិទ្ធិជ្រកកោននៅការិយាល័យឧត្ដម ស្នងការ អង្គការសហប្រជាជាតិទទួល បន្ទុកជនភៀសខ្លួន (UNHCR) នៅទីក្រុងបាងកក កាលពីឆ្នាំ ២០០៨ ។
នៅឆ្នាំ ២០១០ លោក ចៅ ហេន និង អ្នកស្រី នាង ភឿន បានត្រឡប់ទៅស្រុកកំណើត នៅ ស្រុកស្វាយទង ខេត្តមាត់ជ្រូកវិញ ហើយត្រូវបានរដ្ឋាភិបាលវៀតណាម ចាប់ លោក ចៅ ហេន ដាក់គុកជាង ២ ឆ្នាំ បន្ទាប់ពីគ្រួសារលោកត្រឡប់ដល់ផ្ទះភ្លាម ។
នៅឆ្នាំ ២០១៣ អ្នកស្រី នាង ភឿន និង លោក ចៅ ហេន ដែលត្រូវជាស្វាមី បានភៀសខ្លួនទៅប្រ ទេសថៃ ជាលើកទី ២ ក្រោយពីអាជ្ញាធរវៀតណាម បានដោះលែង លោក ចៅ ហេន ឲ្យចេញពីគុកមកវិញ ។ នៅពេលដែល លោក ចៅ ហេន ជាប់ គុក អាជ្ញាធរវៀតណាម បាន ធ្វើទារុណកម្មលើរាងកាយលោកយ៉ាងព្រៃផ្សៃ ។
ប្រភពព័ត៌មាន ពី លោក សឺន ថាយ ធន អ្នកយកព័ត៌មានប្រចាំការ នៅប្រទេសថៃ បានឲ្យដឹងថា ពិធីបុណ្យសព របស់អ្នកស្រី នាង ភឿន នឹងរៀបចំនៅ ក្នុងវត្តមួយ នាទីក្រុងបាងកក ។
សូមបញ្ជាក់ថា អ្នកស្រី នាង ភឿន និង លោក ចៅ ហេន ត្រូវបានអង្គការ UNHCR ផ្ដល់សិទ្ធិ ជាជនភៀសខ្លួនស្របច្បាប់ ហើយកំពុងតែរង់ចាំពេលកំណត់ ទៅតាំងលំនៅៗប្រទេសទី ៣ នាពេលឆាប់ៗខាងមុខ នេះ ។
តាមប្រសាសន៍របស់ លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមអំពាវនាវ ជូនលោកអ្នក ជាសមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោមទាំងឡាយណា ដែលមានសទ្ធា ចង់ចូលកុសលក្នុងពិធីបុណ្យសពរបស់ អ្នកស្រី នាង ភឿន សូមទាក់ទងទៅលោក ចៅ សេរី ហិរញ្ញិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈទូរស័ព្ទ (៣៦០) ៧៩១-៩៧៧១ ។