លោក លី ចិន្ដា អតីតព្រះសង្ឃខ្មែរក្រោមនៅវត្តព្រៃជាប់ នៃខេត្តឃ្លាំង ដែលធ្លាប់ត្រូវរដ្ឋាភិបាលយួនចាប់ផ្សឹក និងច្រកចូលបាវធ្វើទារណកម្មកាលពីឆ្នាំ ២០១៣ ពីបទបង្រៀនអក្សរខ្មែរ នៅក្នុងវត្ត បានឧត្ដមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីក្រុងបាងកក ប្រទេសថៃ បញ្ជូនទៅតាំងទីលំនៅ ថ្មី នៅសហរដ្ឋអាមេរិកហើយ កាលពីថ្ងៃទី ១០ ខែសីហា កន្លងទៅនេះ ។
ថ្លែងប្រាប់ ទូរទស្សន៍ ព្រៃនគរ (PTV) Online និងវិទ្យុសំឡេងកម្ពុជាក្រោម នៅព្រលានយន្តហោះសុវណ្ណភូមិ នាទីក្រុងបាងកក មុនពេលចេញដំណើរទៅសហរដ្ឋអាមេរិក លោក លី ចិន្ដា បានបញ្ជាក់ថា ពេលមកដល់ សហរដ្ឋអាមេរិក លោកនឹងបន្តចូលរួមសកម្មភាពជាមួយនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីជម្រុញឲ្យរដ្ឋាភិ បាលវៀតណាមគោរពសិទ្ធិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ អាជ្ញាធរយួនបានបញ្ជាឲ្យកងកម្លាំងសន្តិសុខរបស់ ខ្លួនទៅវាយកម្ទេចជញ្ជាំងកុដិរបស់ ព្រះតេជព្រះគុណ លី ចិន្ដា នៅក្នុងវត្តព្រៃជាប់ ហើយចាប់ព្រះអង្គច្រក ចូលបាវ រួចដាក់ឡើងឡានយកមកសាលាស្រុកជ្រោយញរ ឬស្រុកវិញចូវ នៃក្នុងខេត្តឃ្លាំង ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃរហូតដល់សន្លប់បាត់ស្មារតី ។
ក្នុងព្រឹត្តិការណ៍ចាប់ផ្សឹកព្រះសង្ឃ លី ចិន្ដា កាលនោះ ប្រព័ន្ធឃោសនារដ្ឋ នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀត ណាម រួមមាន វិទ្យុ និងទូរទស្សន៍ ជាដើម ក៏បានចេញផ្សាយនូវទិដ្ឋភាពមន្ត្រីរដ្ឋាភិបាលយួនមួយចំនួន បាន ចូលទៅផ្ទះលោក លី ចិន្ដា បង្ខំឲ្យម្ដាយរបស់លោកសារភាពថា កូនរបស់គាត់ផ្សឹកដោយខ្លួនឯងមិនមែន អាជ្ញាធរបង្ខិតបង្ខំឡើយ ។
ក្រោយមក លោក លី ចិន្ដា បានភៀសខ្លួនទៅប្រទេសថៃ សុំសិទ្ធិជ្រកកោននៅក្នុងឧត្ដមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដើម្បីគេចចេញពីការធ្វើបុកម្នេញពីរដ្ឋាភិបាលវៀតណាម ។ ក្រោយពីនៅប្រទេសថៃជាង ២ ឆ្នាំ ក្នុងឋានៈជាជនភៀសខ្លួននយោបាយ លោក លី ចិន្ដា និងគ្រួសារ បានអង្គការ UNHCR បញ្ជូនទៅតាំងទីលំនៅថ្មី នៅរដ្ឋ New York សហរដ្ឋអាមេរិក ។
សូមរំឭកឡើងវិញដែរថា ក្រោយពីធ្វើទារុណកម្ម ព្រះសង្ឃ លី ចិន្ដា រួចមក នៅថ្ងៃ ២៥ ខែកញ្ញា ២០១៣ តុលាការសាលាដំបូងនៃបក្សកុម្មុយនិស្តវៀតណាម បានប្រកាសសាលក្រមឲ្យអ្នកភូមិព្រៃជាប់ នៃស្រុក ជ្រោយញរ ខេត្តឃ្លាំង ដែលជាប់ទាក់ទិននឹងករណីនេះឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ១០ ខែទៅ ១ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ។ ពេលនោះ ជនរងគ្រោះខ្មែរក្រោម ដែលត្រូវតុលាការយួនសម្រេចប្រកាសសាលក្រមឲ្យជាប់គុកនោះ រួមមាន៖
១. អ្នកស្រី លី ធីសាប៊ុត ១ ឆ្នាំ
២. អ្នកស្រី លី ធីយន់ ១ ឆ្នាំ
៣. អ្នកស្រី ឡឹម ធីឡង ១ ឆ្នាំ
៤. លោក លី មិញហាយ ១១ ខែ និង លោក តាំង ផល្លា ១០ ខែ ។
ចំណែកលោកស្រី លី ធី សាប៊ុត ត្រូវកាត់ទោសកំបាំងមុខ ព្រោះគាត់បានភៀសខ្លួនចេញទៅប្រទេសថៃ ៕