យុវជន​ខ្មែរក្រោម​កាន់តែ​ច្រើន​ ចាប់ផ្ដើម​ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន​

យុវជន​ខ្មែរក្រោម​កាន់តែ​ច្រើន​ ចាប់ផ្ដើម​ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន​

បទវិចារណកថា​ ដោយ លោក ថាច់ វឿង​

ថ្ងៃទី​ ២០ ខែមិថុនា ឆ្នាំ ២០២០​

ខែ្មរ​ក្រោម​បាន​រស់​ក្រោម​នឹម​អាណានិគម​រដ្ឋាភិបាល​យួន​កុម្មុយនិស្ត​ ៧១ ឆ្នាំ កន្លងមក​ហើយ​ត្រូវ​ទទួលរង​ការរើសអើង​ជាតិសាសន៍​ជិះជាន់​សង្កត់សង្កិន​ ធ្វើទុក្ខ​បុ​កមេ្នញ រំ​លោភ​សិ​ទិ្ធ​មនុស្ស​តាម គ្រប់រូប​ភាព​ដើម្បី​បំបាត់​ពូជសាសន៍​ជាដើម ។ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ កំពុងតែ​តស៊ូ​ជម្រុ​ញឲ្យ​ខ្មែរក្រោម មានសិ​ទិ្ធ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​ នៅ​លើទឹក​ដី​កម្ពុជាក្រោម តាមរយៈ​ការ​តស៊ូ​មតិ​នៅ លើឆាកអន្តរជាតិ ដោយ​ប្រើប្រាស់​គោលនយោបាយ​សន្តិវិធីអហិង្សា សន្តិ​វិជ្ជមាន សហប្រតិបត្តិ​ការ​ តាមច្បាប់​អន្តរជាតិ និង​យោង​ទៅលើ​កតិកា​សញ្ញា​ផេ្សង​ៗ ដែល​វៀតណាម​បាន​ចុះហត្ថលេខា​សន្យា​ ថា​នឹង​អនុវត្ត​តាម ។ ការ​តស៊ូ​ដែល​ត្រូវ​ប្រើ​ពេលវេលា​យូរ​អង្វែងនេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពន្យល់​ឲ្យ​ខ្មែរក្រោម​គ្រប់ តាមរយៈ​ស្ថាប័ន​ព័ត៌មាន​ ដូចជា ទូរទស្សន៍ ព្រៃនគរ និង វិទ្យុសំ​ឡេ​កម្ពុជាក្រោម​ (VOKK​) ជាដើម ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ Facebook យ៉ាង​លឿង និង​ទាន់​ហេតុការណ៍ ដើម្បី​សាបព្រោះ​បណ្តុះ​ពូជ​បញ្ជ្រាប​ចូល​ផ្នត់គំនិត​របស់​ខែ្មរ​ក្រោម​គ្រប់​ រូប​នៅ​កម្ពុជាក្រោម ឲ្យ​ចេះ​ប្រើ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន ។ ជា​លទ្ធផល នៅពេល​នេះ​ យើង​បានឃើញ​ពន្លឺ​នៃ​សេរីភាព បាន​ចាប់ផ្ដើម​បំភ្លឺ​ទៅដល់​ទឹកដី​កម្ពុជាក្រោម​ បន្តិច​ម្ដង​ៗ ហើយ ដោយ​ពលរដ្ឋខ្មែរក្រោម​ម្នា​ក់ៗ ចាប់ផ្តើម​យល់ដឹង​អំ​ពី​សិ​ទិ្ធ​សេរីភាព និង​សិ​ទិ្ធ​ជនជាតិ​ដើម​របស់​ខ្លួន​ ហើយ​ហ៊ាន​បញេ្ចញមតិ​ តវ៉ាដោយសន្តិវិធី និង​អហិង្សា ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​របស់​ខ្លួន​ ។

សកម្មជនខ្មែរក្រោម ដែលប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិជុំវិញប្រវត្តិសាស្រ្ត ទឹកដីកម្ពុជាក្រោម រងការកោះហៅសួរចម្លើយ និងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរពីសំណាក់ អាជ្ញាធរវៀតណាម ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយការរឹបអូសយកដីធ្លី និងការចាប់ខ្លួនឃុំខ្លួន ឬដាក់ពន្ធនាគារ ។
សកម្មជនខ្មែរក្រោម ដែលប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិជុំវិញប្រវត្តិសាស្រ្ត ទឹកដីកម្ពុជាក្រោម រងការកោះហៅសួរចម្លើយ និងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរពីសំណាក់ អាជ្ញាធរវៀតណាម ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយការរឹបអូសយកដីធ្លី និងការចាប់ខ្លួនឃុំខ្លួន ឬដាក់ពន្ធនាគារ ។

នៅដើម​ ខែឧសភា ឆ្នាំ ២០២០ នេះ ពលរដ្ឋ​ខែ្មរ​ក្រោម ជាច្រើន​គ្រួសារ នៅ​ខេត្ត​ក្រមួនស ដែលត្រូវ​អាជ្ញាធរ​យួន​រឹបយក​ដីស្រែ​ចម្ការ​របស់​ខ្លួន​ បានសម្រេច​ចិត្ត​នាំគ្នា​ចេញ​តតាំង​ជាមួយ​អាជ្ញាធរ​យួន ដើម្បី​ការពារ​ដីស្រែ​ចម្ការ​របស់​ខ្លួន​ ។ ពេលនោះ ពួក​គាត់​បាន​ស្រែក​ថា៖ “ជួយ​ខែ្មរ​ក្រោម​ផង សូម​អន្តរជាតិ​ជួយ​ខែ្មរ​ក្រោម​ផង​ នេះ​ហើយ​ គឺ​ខែ្មរ​ក្រោម គេ​ធ្វើបាប​ខែ្មរ​កម្ពុជាក្រោម​មាំ​ណាស់ ខែ្មរ​ក្រោម​សុខចិត្តស្លាប់​ ដើម្បី​ការពារ​ដីស្រែ​ចម្ការ​របស់​ខ្លួន​” ។

ខែ្មរ​ក្រោម​ ធ្លាប់​ស្រែក​ឲ្យ​ជួយ​រាប់​សតវត្សមក​ហើយ ។ ពី​សម័យមុន​គ្មាន​អ្នកណា​ដឹងឮ​ឡើយ យួន​ធ្វើបាប​តាមតែ​អំពើ​ចិត្ត ប៉ុនែ្ត​សម័យ​ទំនើប​បច្ចុប្បន្ន​នេះ​ គ្មាន​អី្វ​អាច​លាក់បាំង​បាន​ទៀត​ឡើយ ។ មានហេតុ​កា​រណ៍​អី្វ​កើតឡើង​តែមួយ​ពព្រិច​ភ្នែក ពិភពលោក​បានដឹង​ទាំងអស់​ ខែ្មរ​ក្រោម និង​បងប្អូន​រួមជាតិ​ខែ្មរ និង​អន្តរជាតិ​ទាំងអស់ នឹង​មិន​ឈរ​ឱប​ដៃ​មើល​គេ​ធ្វើបាប​ខែ្មរ​ក្រោម​ទៀត​ឡើយ​ ។ សម្រែក​សុំ​ឲ្យ​ជួយ​ខែ្មរ​ក្រោម​ផង បាន​ដក់ជាប់​ក្នុង​ដួងចិត្ត​ខែ្មរ​គ្រប់​ៗ គ្នា​ ធ្វើឲ្យ​ខែ្មរ​ក្រោម​ឈឺចាប់​នឹកឃើញ​ដល់ រឿង​អតីតកាល​ ដែល​ធ្លាប់​ត្រូវ​គេ​ធ្វើបាប​ហើយ ភៀសខ្លួន​មក​នៅ​បរទេស មាន​សិទ្ធិ​សេរីភាព​ពេញលេញ បរិបូរណ៍​ហើយ​គ្មានអ្វី​ដែល​ត្រូវ​រារែក​ទៀត​ទេ​ រួម​រួប​សាមគ្គី​ជា​ធ្លុងមួយ​ជួយ​ដល់​ខែ្មរ​កម្ពុជាក្រោម ។ ពេលនេះ​ខែ្មរ​ក្រោម​ហ៊ាន​និយាយ​ស្តី​ ហ៊ាន​ផ្តល់​បទ​សម្ភាស និង​ហ៊ាន​ប្រើពាក្យ​ថា ខ្ញុំ​ជា​ខែ្មរ​កម្ពុជាក្រោម ជាសាធារណៈ ទោះបី​ផ្ទុយ​ នឹង​គោលការណ៍​របស់​រដ្ឋាភិបាល​វៀតណាម​ ដែល​បាន​ហាម​ប្រាប​មិនឲ្យហៅថា ខែ្មរ​កម្ពុជាក្រោម​ ​យ៉ាងណាក៏ដោយ ។ ប្រ​វតិ្តសាស្រ្ត​ពិតប្រាកដ កម្ពុជាក្រោម ជា​ទឹកដី​របស់​ខែ្មរ​ ការពិត​វា​នៅតែ​ជា​ពិត​ដដែល​មិន​អាច​កាឡៃ​បាន​ឡើយ ។ មានតែ​ខ្មែរក្រោម​ទេ ដែល​ធ្វើឲ្យ​ពិភពលោក​ និង​រដ្ឋាភិបាល​យួន​ដឹង និង​ទទួលស្គាល់​ការពិត​ទាំងអស់​នេះ ។ ការណ៍​ដែល​អ្នកភូមិ​ទាំងអស់បាន​នាំគ្នា​ ទៅ​ធ្វើបាតុកម្ម​តវ៉ា​នៅមុខ​សាលាស្រុក​ព្រៃ​មេង​ទាមទារ​ឲ្យ​ដោះលែង លោក ហ្វិ​ញ វ៉ាំ​ង ដែប (Huynh Van Dep​) នោះ គឺជា​ការ​តស៊ូ​មតិ​មួយ​ដ៏​ត្រឹមត្រូវ ស្របតាម​គោលការណ៍​របស់​អង្គការសហប្រជាជាតិ​ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម និង​កតិកា​សញ្ញា​ផេ្សង​ៗ ដែល​វៀតណាម​បាន​ចុះហត្ថលេខា​ទទួលស្គាល់ ដើម្បី​យក​ទៅ​អនុវត្ត ។ វៀតណាម​ នឹង​មិន​អាច​គំរាម​គំ​ហែង​បំបាត់​សិទ្ធិ​ខែ្មរ​ក្រោម​បាន​ទៀត​ឡើយ ។

  • នៅ​ព្រឹក​ថ្ងៃទី​ ១៩ មិថុនា ២០២០ អាជ្ញាធរ​ខេត្ត​ឃ្លាំង ដែល​វៀតណាម​ប្តូរ​ឈ្មោះ​ទៅ ខេត្ត​សុក​ត្រាំង (Sóc​ Trăng​) បាន​កោះហៅ​យុវជន​ខ្មែរក្រោម​ម្នាក់ ឲ្យ​ចូល​ទៅ​បំភ្លឺ ជុំវិញ​ការ​បង្ហោះ​សារ​ និង​រូបភាព​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មានខ្លឹមសារ​ទាក់ទង​ប្រវត្តិ​សាស្រ្ត​កម្ពុជាក្រោម​ ។ យុវជន​ខ្មែរក្រោម​ឈ្មោះ ឡឹម ណា​រិទ្ធ​ ដែល​ប្រើប្រាស់​សិទ្ធិ​សេរីភាព និងជាសិទ្ធិមូលដ្ឋាន​របស់​ខ្លួន ដើម្បី​ធ្វើការ​បញ្ចេញមតិ​ទាក់ទង​ នឹង​ប្រវត្តិ​សាស្រ្ត​នៃ​ទឹកដី​កម្ពុជាក្រោម និង​ចែកចាយ​ព័ត៌មាន​ ពី​សកម្មភាព​របស់​ខ្មែរក្រោម នៅ​ក្រៅប្រទេស ឲ្យ​វិទ្យុ​សំឡេង​កម្ពុជាក្រោម ដឹង​ថា​ លោក​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើការ​ដកហូត​ទូរសព្ទ​ដៃ​មួយ​គ្រឿង លេខ​ស៊ី​មកា​ត និង​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក ។ យុវជន​ខ្មែរក្រោម រូប​នេះ បន្ថែម​ថា​ អាជ្ញាធរ​វៀតណាម បាន​បង្ខំឲ្យ​លោក​លុបរាល់​ព័ត៌មាន​ ដែល​លោក​ចែករំលែក​បន្ត​ពី​វិទ្យុ​សំឡេង​កម្ពុជាក្រោម (VOKK​) ទូរទស្សន៍​ ព្រៃនគរ និង​លុប​នូវ​រូបសញ្ញា​កាន់ទុក្ខ ដែល​មាន​ទង់ជាតិ​កម្ពុជាក្រោម​ ដោយ​សរសេរជា​សារ​ថា «ទិវា​កាន់ទុក្ខ​ជាតិខ្មែរ ៤ មិថុនា ១៩៤៩ យួន​ត្រួតត្រា​កម្ពុជាក្រោម​» ព្រមទាំង​លុប​វីដេអូ​បទចំរៀង​ជាតិនិយម​ខ្មែរក្រោម​ ដែល​ច្រៀង​ដោយ នាង ទូច ស៊ុន​នីច ចេញពី​គណនី​ហ្វេសប៊ុក​របស់​លោក​ផង ។ លោក​ថា អាជ្ញាធរ​វៀតណាម​ បាន​ថត​យក​ព័ត៌មាន ដែល​លោ​កបង​ង្ហោះ​នៅ​លើ​ហ្វេសប៊ុក ហើយផ្តិចេញមក​ឲ្យ​លោក​ចុះហត្ថលេខា​ទទួលស្គាល់​ថា​ ជា​ព័ត៌មាន​ ដែល​លោក​បង្ហោះ​ និងចែករំ​លែកទាក់ទង នឹង​រឿង​ខ្មែរក្រោម គឺជា​ការពិត ។ បន្ថែម​ពីលើ​នេះ​ អាជ្ញាធរ​វៀតណាម ក៏បាន​ព្រមាន​ថា លោក នឹង​ត្រូវ​ចាប់ខ្លួន ប្រសិនបើ​លោក នៅតែ​បន្ត​បង្ហោះ​សារ​ និង​ចែកចាយ​ព័ត៌មានទាំង​ឡាយ​ណា ដែល​មានខ្លឹមសារ​ពាក់ព័ន្ធ នឹង​ទឹកដី​កម្ពុជាក្រោម​ទៀត ។ យុវជន​ខ្មែរក្រោម លោក ឡឹម ណា​រិទ្ធ ឲ្យដឹង​ទៀត​ថា នគរបាល​ខេត្ត​ឃ្លាំង​ នឹង​ធ្វើការ​ស៊ើបសួរ​លោក​បន្ថែម​ទៀត នៅ​វេលា​ម៉ោង ៨ នាទី​ព្រឹក ថ្ងៃទី ២៦​ ខែមិថុនា សប្តាហ៍​ក្រោយ នៅ​ការិយាល័យ​នគរបាល​ខេត្ត​ឃ្លាំង ។ យុវជន​ខ្មែរក្រោម​រូប​នេះ​ បញ្ជាក់​ថា លោក នឹង​មិនទៅ​តាម​ការ​កោះហៅ​នោះ​ទេ បើសិនជា​អាជ្ញាធរ​មិន​ចេញ​លិខិត​អញ្ជើញ​ ឬមិន​ដាក់​មូលហេតុ​នៃ​ការសាកសួរ​នោះ ឲ្យបាន​ច្បាស់លាស់ ។
  • នៅ​ថៃ្ង​ទី​ ៩ ខែ​មុ​ថុនា ឆ្នាំ ២០២០ យុវជន តោ ហ្វាង ចឿង (To​ Hoang​ Chuong​) ត្រូវនគរបាល​យួន​ស្រុក​ផ្នោ​ដាច់​ នៃ​ខេត្ត​ព្រះត្រពាំង កោះហៅ​ទៅ​សួរចម្លើយ​ទាក់ទិន ​និង​នឹង​ការ​ផ្សព្វផ្សាយ ចែករំលែក​ឯកសារ​តាម​បណ្តាញ​សង្គម​ Facebook​ និង​តាមដានទូរទស្សន៍ ព្រៃនគរ ហើយ នឹង​អាចត្រូវ​ពិន័យ​ពី​ ១០ ទៅ ២០ លាន​ដុង ។ យុវជន To Hoang Chuong​ បាន​បញ្ជាក់​ថា​ ដូចជា អយុត្តិធម៌ពេក​ហើយ លោក​គ្មាន​ការ​ភិតភ័យ​អ្វី​ទេ លោក​គ្មាន​កំហុស​អ្វី​ឡើយ លោក​ នឹង​រក​មេធាវី​ ដើម្បី​ប្តឹង​ជំទាស់​ តទៅមុខ​ទៀត ប៉ុនែ្ត​នៅ​វៀតណាម ​គ្មាន​មេធាវី​ហ៊ាន​ទទួលយក​សំណុំរឿង​ក្តី​របស់​លោក​ឡើយ ។ ទីបំផុត​ លោក តោ ហ្វាង ចឿង (To Hoang Chuong​) ត្រូវ​ទៅ​បង់លុយ​ជាង​ប្រាំពីរ​លាន​ដុង ទៅ​អាជ្ញាធរ​យួន ។ យុវជន លោក តោ ហ្វាង ចឿង បាន​បន្តទៀត​ថា លោក​គ្រាន់តែ​អនុវត្ត​តាម​ច្បាប់​សិ​ទិ្ធ​មនុស្ស និង​ច្បាប់​សិ​ទិ្ធ​ជនជាតិ​ដើម​ ដែល​វៀតណាម​បាន​ទទួលស្គាល់​ហើយ​តែប៉ុណ្ណោះ ។ លោក តោ ហ្វាង ចឿង បាន​សើ្ន​ទៅសហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ធ្វើ​យ៉ាងណា​តស៊ូ​មតិ​សុំ​ឲ្យ​វៀតណាម​ ដក​ច្បាប់​គ្រប់គ្រង​លើ Internet នេះ​ចេញ​ ព្រោះ​ច្បាប់​នេះ​រំ​លោភ​សិ​ទិ្ធ​មនុស្សជា​ទម្ងន់ ។ បើ​មិន​ដូចោ្នះ ទេ យុវជន​ខែ្មរ​ក្រោម និង​ទទួលរង​ការ​ធ្វើទុក្ខ​បុ​កមេ្នញ​ពី​សំណាក​អាជ្ញាធរ​យួន​ជាបន្តបន្ទាប់​ទៀត​ ។
  • នៅ​ថៃ្ង​ទី​ ៧ ខែមិថុនា ឆ្នាំ ២០២០ អាជ្ញាធរ​យួន​បាន​ព្រមាន និង​គំរាម​គំ​ហែង យុវជន ថាច់​ ថុង ឲ្យ​ដក​សញ្ញា​កាន់ទុក្ខ ថៃ្ង​ទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ កម្ពុជាក្រោម​នៅ​ក្រោម​នឹម​អាណានិគម​យួន​ ចេញ​ពិ​គណនេយ្យ Facebook របស់​ខ្លួន ដោយ​គេ​បាន​គំរាម​ថា បើមិនដូច្នោះទេ នឹង​ត្រូវ​ប្រឈម​នឹង ការ​ចាប់ខ្លួន ។
  • នៅ​ថៃ្ង​ទី​ ២៩ ខែឧសភា ឆ្នាំ ២០២០ យុវជន ថាច់ កឿង ត្រូវ​អាជ្ញាធរ​យួន ស្រុក​ផ្នោ​ដាច់​នៃ​ខេត្ត​ព្រះត្រពាំង​ កោះហៅ​ទៅ​សួរចម្លើយ និង​ត្រូវ​បង់ប្រាក់​ពី​ពីរ​លាន​ដុង​ទៅ​បី​លាន​ដុង បន្ទាប់ពី លោក បាន​បង្ហោះ​តាម​ Facebook អំពី​អាជ្ញាធរ​យួន​ចែក​អង្ក​រកែ្លង​ក្លាយ​ដល់​ពលរដ្ឋ​ខែ្មរ​ក្រោម​ ។ យុវជន ថាច់ កឿង បាន​ប្រាប់ VOKK ថា៖ “ក្នុង​ពេល​ដែល​ជម្ងឺ​ Covid-19 កំពុង​រាតត្បាត ភូមិ​ណា ដែល​ប្រជាជន​យួន​រស់នៅ​គេ​ចែក​លុយ​ ចំណែក​ភូមិ​ណា​ដែល​ខែ្មរ​ក្រោម​រស់នៅ​គេ​ចែក​អង្ក​រកែ្លង​ក្លាយ ដូចជា​មិន​ស្មើរ​ភាព​គ្នា​សោះ​” ។
  • នៅ​ថៃ្ង​ទី​ ២២ ខែឧសភា ឆ្នាំ ២០២០ ក្រុម​គ្រួសារ លោក គឹម សុខន ត្រូវ​តុលាកា​យួន​កាត់​ឲ្យ​ចាញ់ក្តី ក្នុង​ជម្លោះដីធ្លី​របស់​ក្រុម​របស់​ក្រុម​គ្រួសារ​គត់​ ដែល​ជនជាតិ​យួន​រំលោភ​យក ។
  • នៅ​ថៃ្ង​ទី​ ២៣ ខែមេសា​ឆ្នាំ ២០២០ អាជ្ញាធរ​យួន​ភូមិ​ព្រៃ​ជាប់ ស្រុក​ជ្រោយ​ញ ខេត្ត​ឃ្លាំង​ បាន​កោះហៅ​យុវជន គឹម ហុង មីល ទៅ​សួរចម្លើយ អំពី​ការចែកចាយ​ព័ត៌មាន​ស្ដីពី​សកម្មភាព​របស់ សហ​ព័ន្ធ​ខែ្មរ​កម្ពុជាក្រោម និង​ព័ត៌មាន​ផ្សេង​ៗទៀត ឈាន​ទៅ​ទាមទារ​សិទ្ធិ​សម្រ​រេច​វាសនា​ដោយខ្លួនឯង​ ។
  • នៅ​ថៃ្ង​ទី​ ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ យុវជន ហ្វិញ ជុង ត្រូវ​ស្លាប់​យ៉ាង អាថ៌កំបាំង នៅក្នុង​បន្ទាយ​ ទាហាន​យួន សាកសព​ត្រូវ​វះកាត់​ពីលើ​ដល់​ក្រោម រហូតមកដល់​ពេលនេះ មិនទាន់​ដឹង​មូល​ហេ​តុ​អី្វឡើយ​ ។
  • នៅ​ថៃ្ង​ទី​ ៧ ខែ​មិនា ឆ្នាំ ២០២០ អាជ្ញាធរ​យួន​នៅ​ស្រុក​ខ្សាច់ ខេត្ត​ឃ្លាំង បាន​កោះហៅ លោក លី​ កើត ទៅ​សួរចម្លើយ និង​បង្គាប់​ឲ្យ​ចុះ​កិច្ចសន្យា​ថា កុំ​ឲ្យ​ធ្វើសកម្មភាព​អ្វី​ដែលគេ​ចាត់ទុកថា​ ប្រ​ឆាំ​នឹង រដ្ឋាភិបាល​វៀតណាម ពេល​ដែល​លោក​បាន​អញ្ជើញ​ទៅ​ស្រុកកំណើត​ ដើម្បី​សួរសុខទុក្ខ​ឪពុក​ម្តាយ ដែល​មាន​វ័យចាស់​ជរា ។
  • នៅ​ថៃ្ង​ទី​ ១៨ ខែ​គុម្ភៈ ឆ្នាំ ២០២០ ព្រះ​តេជព្រះគុណ សឺន ទី ត្រូវ​អាជ្ញាធរ​យួន​ខេត្ត​ឃ្លាំង ដកហូត​យក​លិខិតឆ្លងដែន​ ពេល​ដែល​ព្រះអង្គ​និមន្ត​ទៅ​ស្រុកកំណើត ។ ព្រះតេជព្រះគុណ សឺន ទី បាន តស៊ូ មតិ​ និង​បាន​ប្តឹង​ទៅ​គ្រប់​ស្ថាប័ន​អន្តរជាតិ និង​មានការ​ជួយ​ជ្រោមជ្រែង​ពី សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ រហូតដល់​អាជ្ញាធរ​យួន​ខេត្ត​ឃ្លាំង ប្រគល់​លិខិតឆ្លងដែន​ប្រគេន​ព្រះអង្គ​វិញ ។
  • នៅ​ថៃ្ង​ទី​ ៦ ខែមករា ឆ្នាំ ២០២០ អាជ្ញាធរ​យួន​ខេត្ត​ឃ្លាំង បាន​កោះហៅ​យុវជន យឿង ខាយ ទៅ​សួរចម្លើយ អំពី​យុវជន​រូប​នេះ​ បាន​បញេ្ចញ​មតិ​ទាក់​ទង ​នឹង​ប្រ​វតិ្តសាស្រ្ត​ដែនដី​កម្ពុជាក្រោម និង​បាន​ចែកចាយ​ព័ត៌មាន​អំពី​សកម្មភាព​របស់​ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស ។
  • នៅ​ថៃ្ង​ទី​ ១០ ខែតុលា ឆ្នាំ ២០១៩ អ្នកស្រី ត្រឹង សោភា ត្រូវ​បាន​អាជ្ញាធរ​យួន​នៅ​ភមិ​ព្រៃ​ជាប់​ស្រុក​ជ្រោយ​ញ ខេត្ត​ឃ្លាំង កោះហៅ​ទៅ​សួរចម្លើយ គ្រាន់តែ​អ្នកស្រី​ស្តាប់​ចម្រៀង​ស្ន​ហា​ជាតិ​កម្ពុជា ក្រោម​ និង​ចែកចាយ​ពត៌មាន​សកម្មភាព​តស៊ូ​មតិ​លើឆាកអន្តរជាតិ របស់ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ។

នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ វៀតណាម​បាន​រឹត​បន្តឹង​រំលោភបំពាន​ទៅលើ​សិទ្ធិ​សេរីភាព​របស់​ខែ្មរ​ក្រោម​សព្វគ្រប់​បែបយ៉ាង​ ដែល​ប្រាស់​ចាក​ពី​ច្បាប់​អន្តជាតិ​ទាំងស្រុង ក្នុង​នោះ មា​ងសិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ដែល​ត្រូវតែ​មាន​ ក្នុង​នោះ មាន សិទ្ធិ​ជនជាតិ​ដើម ជាដើម ។ ប៉ុន្តែ សិ​ទិ្ធ​សម្រច​វាសនា ខ្លួន​ដោយខ្លួនឯង​ គ្មាន​រណា​លើកដាក់​លើ​ជើងពាន​មក​ឲ្យ​យើង​ដោយ​ទទេ​ៗនោះ​ទេ ប្រសិនបើ​គ្មាន​ការ តស៊ូ​លះបង់ ។ សេចក្តី​សង្ឃឹម​នៅតែ​មាន​ជានិច្ច ដរាបណា​ខែ្មរ​ក្រោម​នៅតែ​តស៊ូ​ ។

ព័ត៌មាន​បង្ហាញ​ពី​យុវជន​នៅ​ដែនដី​កម្ពុជាក្រោម​ ដែល​ត្រូវ​យួន​ហៅ​ទៅ​សួរចម្លើយ​កាន់តែ​ច្រើន ឡើង​នោះ ជា​សញ្ញា​មួយ​បង្ហាញ​ឲ្យ​ឃើញថា​ ចំនួន​នៃ​ពលរដ្ឋខ្មែរ​ក្រោម​ដែល​បាន​យល់ដឹង​អំពី​សិទ្ធិ​របស់ខ្លួន ក៏​កាន់តែ​កើនឡើង​ដែរ ។ បន្តិចទៀត​នេះ​ រដ្ឋាភិបាល​យួន​នឹង​រវល់​លើ “រឿង​សួរចម្លើយ​” កាន់តែ ខ្លាំង​ឡើង​ៗជាក់ជា​មិនខាន នៅពេល​ដែល​យុវជន​ខ្មែរក្រោម​គ្រប់រូប​នៅ​កម្ពុជាក្រោម ចេះ​ប្រើប្រាស់​នូវ​ សិទ្ធិ​របស់​ខ្លួន ហើយ​យួន​ក៏​នឹង​មិន​អាច​ទប់​បាន​នូវ​កម្លាំង​ងើបឡើង​របស់​ខ្មែរក្រោម​ ដើម្បី​សិទ្ធិ​សេរីភាព របស់​ខ្លួន​ក្នុងនាម​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជាក្រោម បាន​ឡើយ ៕