​ព្រះសង្ឃ​អំពាវនាវ​ឲ្យ​ជួយ​ការពារ​ដើមឈើ​ទាល ឧកញ៉ា សឺ​ង គុយ​

​ដោយ ថាច់ ប្រីជា គឿន​ | VOKK

ព្រះសង្ឃ នៅ​កម្ពុជា​ក្រោម មួយអង្គ បានចេញ​ក្ដី​អំពាវនាវ​តាមរយៈ Facebook ដល់​ពលរដ្ឋ​ខ្មែរ ក្រោម គ្រប់រូប​ជួយ​នាំគ្នា​ការពារ​ដើម​ឈើទាល​បញ្ច្រាស់​ចុង ឬ ដើមឈើ​ទាល ឧកញ៉ា សឺ​ង គុយ ខណៈដែល​នៅពេល​ថ្មីៗ​នេះ គេ​សង្កេតឃើញ ជនជាតិ​យួន​បាន​ខ្ទម​ជា​តង់​កៅស៊ូ នៅក្បែរ​ដើមឈើ ទាល​នេះ ។

​ព្រះសង្ឃ​អង្គ​នេះ បាន​អំពាវ​សូម​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម គ្រប់រូប​ជួយ​ការពារ​ដើមឈើ​ទាល នេះ តាមរយៈ នាំគ្នា​មក​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​ដើមឈើ​ទាល និង ធ្វើ​ញត្តិ​ស្នើ​ទៅ​រដ្ឋាភិបាល​យួន​ឲ្យ ជួយ​រុះរើ​ខ្ទម​អាណាធិបតេយ្យ នោះ​ចេញ ជាបន្ទាន់ ។​

​សូមបញ្ជាក់ថា នៅពេល​ថ្មីៗ​នេះ ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook បាននាំគ្នា​ផ្សព្វផ្សាយ និង​ចែករំលែក​នូវ​រូបថត​ខ្ទម​ជាត​ង់​កៅស៊ូ​របស់​ជនជាតិ​យួន ដែល​បានមក​សង់ និង​ស្នាក់​នៅជាប់​នឹង ដើម​ឈើទាល​បញ្ច្រាស់​ចុង ដែល ឧកញ៉ា សឺ​ង គុយ បាន​ដាំ​នៅក្បែរ​វត្ត​ខឿន នាទី​រួម​ខេត្ត​ព្រះ ត្រពាំង អម​ជាមួយនឹង​ពាក្យ​ថ្កោលទោស​ថា ជា​ចេតនា​របស់​អាជ្ញាធរ​យួន​ក្នុងការ​លុបបំបាត់ នូវ​ភស្តុ តាង ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម និង ក្នុង​គោលបំណង​បន្តុះបង្អាប់​ដល់​ព្រលឹង​វីរបុរស​ខ្មែរក្រោម ។​

​សូមបញ្ជាក់ថា ដើម​ឈើទាល​បញ្ច្រាស់​ចុង ឬ ដើមឈើ​ទាល ចៅហ្វាយ គុយ ឋិត​នៅជាប់​ដងផ្លូវ មហា សឺ​ង ថុង សង្កាត់ ទី ៧ ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ក្បែរ​វត្ត​ខឿន ជា​ដើមឈើ​ដែលមាន​ចំណាស់​មួយ ត្រូវបាន​អ្នកស្រុក​ដំណាល​ថា ឧកញ៉ា សឺ​ង គុយ ជា​អតីត​ចៅហ្វាយស្រុក​ព្រះ​ត្រពាំង ជា​អ្នក​ដាំ​បញ្ច្រាស់​ចុង នៅ​ឆ្នាំ ១៨៤១ ដើម្បី​ផ្សង​ចំពោះ​វាសនា​ជនជាតិខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម​ថា “​ប្រសិន បើ​មែក​ឈើទាល នេះ​រស់​វាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម​នឹង​រស់ តែបើ​មែកឈើ​ទាល​នេះ​ងាប់ វាសនា​ខ្មែរ​នឹង​លែងមាន​វត្តមាន នៅលើ​ទឹកដី​កម្ពុជា​ក្រោម តទៅទៀត​ហើយ​” ។