ដោយ ស៊ឺន ចែងចើន
នៅមុនពេល កំលុងពេល និងក្រោយការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ឬបុណ្យសែនដូនតា ព្រះសង្ឃ និងពុទ្ធបរិស័ទ នៅតាមទីវត្តអារាមនានា បានចូលរួមឧបត្ថម្ភទំនុកបំរុង ផ្តល់ជំនួយ ជាស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាកម្មករ ទើបតែវិលត្រឡប់ទៅដល់ស្រុកកំណើតរបស់ពួកគេវិញ ។ ការផ្គត់ផ្គង់ស្បៀងអាហារ មានគ្រឿងឧបភោគ និងបរិភោគ ធ្វើឡើង ក្រោយកម្មករខ្មែរក្រោមរាប់ម៉ឺននាក់នាំគ្នាសម្រុកចាកចេញពីក្រុមហ៊ុនឧស្សាហកម្មធំៗ របស់វៀតណាម ហើយកំពុងជាប់ដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ នៅតាមមណ្ឌលចតា្តឡីស័កមួយចំនួន ក្រោមការរៀបចំដោយអាជ្ញាធរមូលដ្ឋានវៀតណាម និងខ្លះទៀត ស្នាក់នៅតាមទីវត្តអារាមនានា នៅដែនដីកម្ពុជាក្រោម ។

អម្បាញ់មិញនេះ ជាបន្ទូលរបស់ព្រះសង្ឃ និងប្រសាសន៍របស់ពុទ្ធបរិស័ទខ្មែរក្រោម ចំណុះជើងវត្តសិរីតាម៉ឺន ស្ថិតនៅក្នុងនិគមបាយឆៅ ខេត្ដឃ្លាំង ដែនដីកម្ពុជាក្រោម លើកឡើងពីបញ្ហាខ្វះខាតស្បៀងអាហារ និងកំពុងជួបបញ្ហាជំងឺផ្សេងៗ មួយចំនួនទៀតរបស់កម្មករខ្មែរក្រោម នៅកំលុងពេលនៃការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅតាមមូលដ្ឋានរៀងៗ ខ្លួន ដើម្បីតាមដានសុខភាព និងពិនិត្យរកជំងឺកូវីដ-១៩ បន្ទាប់ពីពួកគេបានវិលត្រឡប់មកដល់ស្រុកកំណើតវិញ ។
កម្មករដែលភាគច្រើនជាខ្មែក្រោម ទៅធ្វើការងារតាមរោងចក្រក្នុងតំបន់ឧស្សាហកម្មធំៗ បំផុតរបស់វៀតណាម ដូចជា ទីក្រុងព្រៃនគរ ខេត្តទួលតាមោក (Bình Dương) ខេត្តដូនណៃ (Đồng Nai) បាននាំគ្នាត្រឡប់ទៅដល់ស្រុកកំណើត ដែលស្ថិតក្នុងតំបន់ភូមិសាស្ត្រនានារបស់ពួកគេវិញហើយ ។ ការចាកចេញជាបន្តបន្ទាប់របស់កម្មករ គឺបន្ទាប់ពីវៀតណាម ដកវិធានការរឹតត្បិតជំងឺកូវីដ-១៩ និងបន្ធូរបន្ថយបម្រាមហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ដែលជាការសម្រេចមួយ ត្រូវបានមើលឃើញថា ដើម្បីឲ្យសេដ្ឋកិច្ចដើរឡើងវិញ ។
កម្មករខ្មែរក្រោមម្នាក់ឈ្មោះ ថាច់ សីលា ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ដឹងថា លោកបានវិលត្រឡប់មកដល់ស្រុកកំណើត នៅឯខេត្តឃ្លាំង កាលពីពីរសប្តាហ៍មុន ។ លោកថា លោក និងកម្មករខ្មែរក្រោម រាប់ពាន់នាក់ផ្សេងទៀត កំពុងធ្វើចត្តាឡីស័កក្នុងមូលដ្ឋានមួយ នៅក្បែរវត្តចន្ទសោភ័ណ ហៅវត្តព្រែកអណ្តើក ស្ថិតក្នុងស្រុកបាយឆៅ ខេត្តឃ្លាំង ។
លោក ថាច់ សីលា បញ្ជាក់បន្ថែមថា កំលុងពេលអាជ្ញាធរដាក់កម្មករឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃនោះ ព្រះគ្រូចៅអធិការវត្តព្រែកអណ្តើក បានដឹកនាំគណៈកម្មការវត្ត និងអ្នកភូមិ មកចុះសួរសុខទុក្ខ ដោយយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភស្បៀង ដូច ជាអង្ករ និងមីខ្លះ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើនទៀត ។
ប្រទេសវៀតណាម កាលពីថ្ងៃទី ១ ខែតុលា បានសម្រេចបន្ធូរបន្ថយវិធានការរឹតបណ្តឹងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុញ្ញាតឲ្យក្រុមហ៊ុន សហគ្រាស អាជីវកម្ម ផ្សារទំនើប រមណីយដ្ឋានទេសចរណ៍ ក្នុងគោលដៅស្តារសេដ្ឋកិច្ចឲ្យមានប្រក្រតីភាពមួយចំនួនឡើងវិញ ។ ទោះបីជាយ៉ាងនេះក្តី ចំណាត់ការនេះ ធ្វើឡើងខណៈតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅមិនទាន់ថមថយ ឬធ្លាក់ចុះច្រើន នោះនៅឡើយទេ ។ ប្រការនេះ ធ្វើឲ្យកម្មករមិនទុកចិត្តលើប្រសិទ្ធភាពក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស ដែលស្ថិតក្រោមការដឹកនាំនៃរបបកុម្មុយនិស្តវៀតណាមមួយនេះ ។ កម្មករទាំងនោះ លើកឡើងស្រដៀងៗ គ្នាថា ដោយសារតែកន្លងមកពួកគេសង្កេតឃើញរដ្ឋាភិបាលវៀតណាម ធ្វេសប្រហែសក្នុងការទប់ស្កាត់ជំងឺឆ្លងកាចសាហាវនេះ និងភាពឆកល្វែងនៃការអនុវត្តវិធានការបង្ការ នៅតាមបណ្ដារោងក្រសហគ្រាស ដែលពួកគេកំពុងបំពេញការងារ ។ ដូច្នេះហើយ ជាហេតុធ្វើឲ្យកម្មកររាប់ម៉ឺននាក់ បង្ខំចិត្តចាកចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្ម សួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស នៅតំបន់ភាគខាងត្បូងនៃប្រទេស ដើម្បីត្រឡប់មកស្រុកកំណើតទ្រាំស៊ីអត់ស៊ីឃ្លានវិញ ។
ទាក់ទងនឹងការផ្គត់ផ្គង់ម្ហូបអាហារដល់កម្មកររងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ នេះដែរ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តព្រែកគយចាស់ (វត្តទក្ខិណាវ័នពោធិព្រឹក្ស) ស្ថិតក្នុងស្រុកអណ្តូងទឹក នៃ ខេត្តឃ្លាំង ក៏បាននាំគ្នាវេចនំអន្សមជ្រូកចំនួន ៥០០ នំ ដើម្បីចែកជូនទៅដល់បងប្អូនកម្មករ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក ។
ព្រះតេជព្រះគុណ ឡឹម មិញយឿង ជាព្រះគ្រូចៅអធិការវត្ត ព្រែកគយចាស់ មានបន្ទូលបញ្ជាក់ពីគោលបំណងសំខាន់នៃការធ្វើនំអន្សមជ្រូក សម្រាប់ចែកជូនដល់កម្មករ យ៉ាងដូច្នេះថា ៖
ដោយក្តីស្រឡាញ់រាប់អាន ចង់ជួយគ្នាទៅវិញទៅមក និងដោយមានទឹកចិត្តក្នុងនាមជា «ខ្មែរតែមួយ» នៅពេលឮដំណឹង ពីការធ្វើនំផ្ញើជូនបងប្អូនកម្មករ ដែលមិនបានចូលរួមពិធីបុណ្យសែនដូនតា ឬបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ដោយសារតែត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ ទើបមាមីងជាពុទ្ធបរិស័ទ ឋិតនៅចំណុះជើងវត្ត បានមកជួយវេចនំ យ៉ាងច្រើនកុះករ ។
លោកយាយ គឹម ធីឡាង សម្ដែងនូវក្តីរំភើបរីករាយ ចំពោះការចូលរួមជាចំណែក ដើម្បីជួយបំពេញ អំពីកិច្ចការជាកុសលនេះ ៖
ងាកមកមើលខេត្តព្រះត្រពាំង ឯណេះវិញ ក៏មិនខុសពីខេត្តឃ្លាំងដែរ ព្រះសង្ឃ និងពុទ្ធបរិស័ទ នៅតាមស្រុកនិគម បានបង្ហាញពីទឹកព្រះទ័យយកចិត្តទុកដាក់ និងបំពេញការងារមនុស្សធម៌ ដោយធ្វើការបវារណាពុទ្ធបរិស័ទ នៅតាមចំណុះជើងវត្តនីមួយៗ ឲ្យជួយផ្ដល់ជំនួយ ជាម្ហូបអាហារ និងនំនែក ក្រោយពេលចប់កម្មវិធីបុណ្យសែនដូនតា ដើម្បីដោះស្រាយបញ្ហាជីវភាពបន្ទាន់របស់កម្មករ ។
ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី ហៅ ថាច់មុ័ន ព្រះចៅអធិការវត្តសាសនសាមគ្គីរង្សី (អូរត្រាវ) ស្ថិតនៅស្រុកកញ្ចោង ខេត្តព្រះត្រពាំង បានបង្ហោះវីដេអូតាមបណ្ដាញសង្គមហ្វេសបុក បង្ហាញពីសកម្មភាព ព្រះអង្គនិមន្តទៅប្រមូលយកម្ហូបអាហារ នំអន្សមចេក អន្សមជ្រូក នំគម នំបត់ និងនំផ្សេងៗ ជាច្រើនទៀត តាមវត្តអារាមនានា ស្ថិតនៅក្នុងនិគមរបស់ព្រះអង្គ ៖
ទន្ទឹមនឹងនេះ គេសក៏ង្កេតឃើញថា សកម្មភាពដូចគ្នានេះដែរ កើតមានឡើងនៅស្ទើរតែគ្រប់ស្រុក នៅក្នុងខេត្តព្រះត្រពាំង ដូចជា ស្រុកកំពង់ស្ពាន ស្រុកកញ្ចោង ស្រុកថ្កូវ ស្រុកកំពង់ធំ ស្រុកមាត់សមុទ្រ និងស្រុកផ្នោដាច់ ជាដើម ។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្មករនាំគ្នាសម្រុកចាកចេញយ៉ាងគំហុក ទាំងក្រុមៗ ជាបន្តបន្ទាប់ ពីកន្លែងការងារ នៅក្នុងតំបន់ឧស្សាហកម្ម ដែលជាកម្មសិទ្ធិរបស់ជនបរទេស នៅភាគខាងត្បូងនៃប្រទេសវៀតណាម (កម្ពុជាក្រោម) ។
ចំពោះតួលេខចំនួនកម្មករ ចំណាកស្រុកបានត្រឡប់មកដល់ស្រុកកំណើតវិញនោះ នៅមិនទាន់អាចកំណត់តួលេខជាក់លាក់ ថា មានកម្មករចម្រុះជាតិសាសន៍ និងកម្មករខ្មែរក្រោម ប៉ុន្មាននោះទេ ។ ប៉ុន្តែ បើយោងតាមទិន្នន័យក្រៅផ្លូវការ ដែលក្រុមហ៊ុនរថយន្តដឹកជញ្ជូនកម្មករវិលត្រឡប់មកស្រុកនោះ បង្ហាញថា តួលេខជាបណ្តោះអាសន្នមានជាអាទិ៍ ទី ១. ទីក្រុងព្រែកឬស្សី ចំនួន ៦០០ នាក់ ទី ២. ខេត្តមាត់ជ្រូក ចំនួន ២០.០០០ នាក់ ទី ៣. ខេត្តក្រមួនស ចំនួន ៥.៤០០ នាក់ ទី ៤. ខេត្តទឹកខ្មៅ ចំនួន ៤.៣០០ នាក់ ទី ៥. ខេត្តពលលាវ ចំនួន ៧០០០ នាក់ ទី ៦. ខេត្តឃ្លាំង ចំនួន ៣០.០០០ នាក់ ទី ៧. ខេត្តលង់ហោរ ចំនួន ២.០០០ នាក់ ទី ៨. ខេត្តមេស (Tiền Giang) ចំនួន ២.០០០ នាក់ ទី ៩. ខេត្តផ្សារដែក ចំនួន ៨.០០០ នាក់ ទី ១០. ខេត្តព្រះត្រពាំង = ៤.២០០ នាក់ ទី ១១. ខេត្តកំពង់ឬស្សី = ២.៣០០ នាក់ ទី ១២. ខេត្តភ្លឺស្រែមួយរយ ((Hậu Giang => អតីតខេត្តចឿងទៀង) ចំនួន ៣.៧០០ នាក់ និងនៅមានខេត្តមួយចំនួនទៀត មិនទាន់ទទួលបានទិន្នន័យ ។
គួរជម្រាបជូនថា ដោយសារតែកត្តាជីវភាព ជាមូលហេតុចម្បង ដែលធ្វើឲ្យពលរដ្ឋខ្មែរក្រោម ត្រូវបង្ខំចិត្តចំណាកស្រុកឡើងទៅរកការងារ នៅតាមទីក្រុងធំៗ ដើម្បីរកប្រាក់ផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ។
គិតត្រឹមយប់ថ្ងៃទី ៩ ខែតុលា វៀតណាម បានកត់ត្រាករណីឆ្លងសរុបទូទាំងប្រទេស ចំនួន ៨៣៦,១៣៤ នាក់ និងស្លាប់ ២០,៤៤២ នាក់ ខណៈអត្រាប្រជាជនវៀតណាម មិនដល់ ១០% ទេ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ៕