ដោយ ស៊ឺន ចែងចើន| VOKK
កាលពីថ្ងៃអាទិត្យ ទី ២២ ខែ មករា ឆ្នាំ ២០១៧ នេះ លោក ថាច់ ស៊ីណា ប្រធាន សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងភីឡាដាផ្យា រដ្ឋផែនស៊ីវិញ៉ា បានបើកកិច្ចប្រជុំ ពិភាក្សាជាមួយសមាជិក សមាជិកា ក្រោមអធិបតីភាព លោក ត្រឹង ម៉ាន់រិន និង អ្នកស្រី សឺង ធី និត ជាសមាជិកគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ស្តីអំពី របាយការណ៍ឆ្នាំ ២០១៦ និងលើកផែនការសម្រាប់ ឆ្នាំ ២០១៧ ដើម្បីផ្តល់ព័ត៌មាន ពិតដល់សមាជិក សមាជិកា របស់ខ្លួន និងផ្សព្វផ្សាយអំពីលទ្ធផល អង្គសន្និបាតប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Las Vegas កាលពីថ្ងៃទី ១៣, ១៤, ១៥ ខែមករា កន្លងទៅនេះ ។

ផែនការសម្រាប់ឆ្នាំ ២០១៧ មាន ៣ ចំណុចធំៗរួមមាន ទី ១ ផែនការនៅលើឆាកអន្តរជាតិ ទី ២ ផែនការនៅកម្ពុជាក្រោម និងទី ៣ នៅប្រទេសកម្ពុជា ។ នៅក្នុងកិច្ចប្រជុំពិភាក្សា នោះផងដែរ អ្នកស្រី សឺង ធី និត ប្រធានស្រ្តី សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានលើកគម្រោង ប្រារព្ធទិវាសិទ្ធិស្រ្តីអន្តរជាតិ នៅថ្ងៃ សៅរ៍ ទី ៤ ខែមីនា ឆ្នាំ ២០១៧ ខាងមុខនេះ នៅទីក្រុងភីឡាដាផ្យា ដើម្បីអបអរសាទរទិវាសិទ្ធិស្រ្តីអន្តរជាតិ ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការជាតិកម្ពុជាក្រោម ដែលបានបង្កើតឡើង ដោយ ខ្មែរក្រោមអ្នកស្នេហាជាតិ នៅជុំវិញពិភពលោក ធ្វើចលនាតស៊ូដោយអហិង្សាលើឆាក អន្តរជាតិ ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីរបបគ្រប់គ្រងអាណានិគម យួន នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ៕