លោកគ្រូ មហា ថាច់ កេញ អាចារ្យបង្រៀនសាលាបាលី នៅខេត្តត្រពាំង បានទទួលអនិច្ចកម្ម ហើយ នៅថ្ងៃពុធ ៣ រោច ខែបុស្ស ឆ្នាំថោះ ត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១២ នេះ ដោយ ជរាពាធ ក្នុងព្រះជន្ម ៨៦ ឆ្នាំ ។
ពិធីបុណ្យឈាបនកិច្ចសពលោកគ្រូ មហា ថាច់ កេញ នឹងប្រារព្ធនៅផ្ទះរបស់សពឋិតនៅក្នុងភូមិក្នក ឃុំអូរចាក ស្រុកកំពុង់ធំ ខេត្តព្រះត្រពាំង តាមប្រពៃណីជាតិរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃពុធ ដល់ ថ្ងៃសុក្រ ៥ រោច ខែបុស្ស ឆ្នាំ ថោះត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ១៣ ខែមករា គ.ស. ២០១២ វេលាម៉ោង ៩ យប់ នឹងបូជាសពនៅវត្តក្រពុំឈូក (ក្នក) ។

សូមបញ្ជាក់ថា លោកគ្រូ មហា ថាច់ កេញ ជាអាចារ្យបង្រៀនសាលាបាលីម្នាក់ដោយគាត់បានចំណាយពេលវេលាពេញមួយជីវិត ដើរបង្រៀនអក្សរសាស្ត្រខ្មែរ និងភាសាបាលីនៅតាម វត្តអារាម នានា ក្នុងខេត្តព្រះត្រពាំង ។
ក្រោយពីបានបញ្ចប់ការសិក្សានៅស្រុកខ្មែរកាលនៅជាសង្ឃ ហើយបានត្រឡប់មកស្រុកកំណើតនៅខេត្តព្រះត្រពាំង ដែនដី កម្ពុជាក្រោម វិញ លោកគ្រូ មហា ថាច់ កេញ បានចំណាយពេលជាង ៥០ ឆ្នាំ ក្នុង ជីវិតរបស់គាត់ក្នុងការទៅវត្ត ដើម្បីបង្រៀន ភាសាបាលីដល់សមណសិស្សខ្មែរក្រោមនៅក្នុង ខេត្ត តាមរយៈការបញ្ជូនរបស់សាលាគណខេត្តព្រះត្រពាំង ។

វិញ្ញាសាដែលលោកគ្រូ មហា ថាច់ កេញ បានបង្រៀនដល់សមណសិស្សនៃសាលាពុទ្ធិកវិទ្យាល័យទី ១ ដល់ ទី ៣ នោះ មាន ដូចជា ប្រែលោតប្រយោគមង្គលត្ថទីបនីនិងកំណាព្យ ។សាលាវត្ត ដែល លោកគ្រូ មហា ថាច់ កេញ នៅបង្រៀននោះ ដូចជាវត្ត សំរោងឯក វត្តអង្គររាជបូរី (អង្គ) វត្តពោធិសាលរាជ (កំពង់) និងវត្តនាគវនារាម (ខ្ទឹង) ជាដើម ព្រោះវត្តទាំងនេះ មានបើកដល់ ថ្នាក់ វិទ្យាល័យ ។
គណៈកម្មការ សារព័ត៌មាន ព្រៃនគរ សូមសម្តែងនូវទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោកគ្រូ មហា ថាច់ កេញ នេះ ហើយយើងខ្ញុំចាត់ទុកមរណភាពរបស់លោកគ្រូ មហា ថាច់ កេញ គឺជាការ បាត់បង់នូវអ្នកប្រាជ្ញខាងអក្សរសាស្ត្រខ្មែរនិងភាសា បាលីរបស់ខ្មែរក្រោមម្នាក់យ៉ាងសំខាន់នៅដែនដីកម្ពុជាក្រោម ៕ ដោយ ថាច់ ប្រីជា គឿន