អ្នកច្បាប់​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​រង​គ្រោះ​ ​គួរ​ស្វែងរក​កិច្ច​អន្តរាគមន៍​ ​ពី​អ្នកច្បាប់​នៅ​ក្នុងស្រុក​ ​ប្រ​សើ​រជាង​ការស្វែងរក​អន្តរាគមន៍​ ​ពី​ព្រះ​ម​ហា​ក្សត្រ​ និ​រដ្ឋាភិបាល​កម្ពុជា​

ដោយ លី ឈូន

​ពលរដ្ឋ​ខ្មែរក្រោម​ ​រងគ្រោះ​ដីធ្លី​ ​ដោយសារ​អំពើ​រំលោភបំពាន​ ​ពី​អ្នកមាន​លុយ​ ​មានអំណាច​វៀតណាម​ ​ដង្ហោយ​ហៅ​តាម​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ ​សុំ​ឲ្យ​ព្រះមហាក្សត្រ​ ​និង​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​ឲ្យ​ជួយ​អន្តរាគមន៍​ ​វិបត្តិ​ដីធ្លី​នេះ​ផង​ ​។​ ​តែ​អ្នកច្បាប់​លើកឡើង​ថា​ ​ស្ថាប័ន​ព្រះមហាក្សត្រ​ ​និង​រដ្ឋាភិបាល​ខ្មែរ​មិន​មាន​ដែន​អានុភាព​គ្របដណ្ដប់​លើ​ពលរដ្ឋ​ ​និង​ដែនដី​កម្ពុជាក្រោម​ឡើយ​ ​បើ​ទោះ​ជា​មាន​ ​ក៏​រដ្ឋអំណាច​វៀតណាម​ ​មិន​គោរព​នោះ​ដែរ​ ​។​ ​សមត្ថកិច្ច​វៀតណាម​ ​បាន​បិទ​គណនី​ហ្វេសប៊ុក​របស់​ស្ត្រី​រងគ្រោះ​ដីធ្លី​នេះ​ ​បន្ទាប់​ស្ត្រី​នេះ​ ​បង្ហោះ​សារ​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ខ្មែរ​ ​និង​រដ្ឋាភិបាល​ខ្មែរ​ ​តែ​ទោះជាយ៉ាងណាក៏ដោយ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​កំពុងតែ​ស្វែងរក​មធ្យោបាយ​ជួយ​ដល់​ ​ស្ត្រី​រងគ្រោះ​ដីធ្លី​នេះ​ ។

​ពលរដ្ឋ​ខ្មែរក្រោម​ ឈ្មោះ ធី ហ្វាន់ (Thi Oanh) អាយុ ៤៦ ជាជន​រងគ្រោះ​ដីធ្លី​ ​ដោយសារអ្នកមានអំណាចជនជាតិយួន ។ រូបៈ Screenshot

ស្ត្រី​ខ្មែរក្រោម​ ​ម្នាក់​ឈ្មោះ​ ​ធី​ ​ហ្វា​ន់ (​T​h​i​ O​an​h​) ​អាយុ​ ​៤​៦​ ​ឆ្នាំ​រស់នៅ​ទីរួមខេត្ត​ក្រមួនស​ ​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ ​ទីក្រុង​រ៉ា​ច់​យ៉ា​ (R​a​c​h​ ​G​i​a​) ​ខេត្ត​គៀង​យ៉ាង​ (K​i​e​n ​G​i​an​g​) ​បាន​បង្ហោះ​សារ​អំពាវនាវ​ ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ ​សុំ​ព្រះមហាក្សត្រ​ខ្មែរ​ ​និង​លោកនាយក​រដ្ឋ​ម​ន្រ្តី​ខ្មែរ​ ​ហ៊ុន​ ​សែន​ ​ឲ្យ​ជួយ​ស្វែងរក​យុត្តិធម៌​ដល់​លោកស្រី​ផង​ ​។​ ​ដោយ​លោកស្រី​ ​បាន​ចាញ់​កល់​នឹង​ជនជាតិ​វៀតណាម​ម្នាក់​ ​ដែល​កាឡៃ​ឯកសារ​ ​ពី​ការ​ចង​ការប្រាក់​ទៅជា​ឯកសារ​វិនិយោគ​ទុន​ ​និង​ថា​ ​លោកស្រី​បាន​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ ​ផ្ទះសម្បែង​ឲ្យទៅ​ស្ត្រី​វៀតណាម​នោះ​ ​គ្រប់គ្រង​ទៅវិញ​ ។

​អ្នកស្រី​ ​ធី​ ​ហ្វា​ន់ ​«​ឥឡូវហ្នឹង​មិនទាន់​បាន​ដោះស្រាយ​ដាច់ស្រេច​នោះ​ទេ​ ​សុំ​ឱ្យ​សម្ដេច​ឪ​សី​ហ​មុនី​ ​និង​សម្ដេច​ ​ហ៊ុន​ ​សែន​ ​ជួយសង្គ្រោះ​ដល់​គ្រួសារ​កូន​ផង​ ​ជួយ​ធ្វើ​ម៉េច​ឱ្យ​ខាង​វៀតណាម​យួន​ហ្នឹង​សង​ដីធ្លី​ ​ផ្ទះសម្បែង​ឲ្យ​ខ្មែរក្រោម​យើង​វិញ​ ​ឲ្យបាន​ដូច​សេចក្ដីប្រាថ្នា​ ​។​ ​ឥឡូវហ្នឹង​សុំ​ជួយ​កូន​ផង​ ​បងប្អូន​នរណា​បានដឹងបានឮ​ ​សុំ​ជួយ​ជូនពាក្យ​ខ្ញុំ​ទៅដល់​សម្ដេច​ហ៊ុន​ ​សែន​ ​ដល់​ស្ដេច​កម្ពុជា​យើង​ផង​ ​សូម​អរគុណ​ច្រើន​ ចា៎​»​ ​។​

​ទាក់ទិន​នឹង​រឿង​នេះ​ ​ស្ត្រី​ខ្មែរក្រោម​ម្នាក់​ជា​អ្នកភូមិផងរបងជាមួយ​ ​និង​ជា​អ្នក​ជិតស្និទ្ធ​ជាមួយនឹង​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ​ធី​ ង៉ុ​ក​ ​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ថា​ ​ដោយសារតែ​ខឹង​ចិត្ត​ចាញ់​កល់​ជនជាតិ​វៀតណាម​ ​និង​ថែមទាំង​ជនជាតិ​វៀតណាម​នោះ​ ​បា​ដេញ​ប្ដី​ប្រពន្ធ​លោកស្រី​ ​ធី​ ​ហ្វា​ន់ ​ចេញពី​ផ្ទះ​របស់​ខ្លួន​ផង​ ​ជាហេតុ​ធ្វើ​ឱ្យ​ប្ដី​លោកស្រី​ហ្វា​ន់ ​ឈ្មោះ​ ​យ៉ា​ញ់ ​ធី​ ​លោត​ទឹក​សម្លាប់​ខ្លួន​ទៅ​៖​ ​«​ប្ដី​គាត់​ពិបាកចិត្ត​ពេក​ ​បានជា​គាត់​ទារ​ធ្វើ​អត្តឃាត​ ​មុនដំបូង​ហ្នឹង​ចងក​ម្ដង​រួចហើយ​តែ​មិន​មិន​ស្លាប់​ ​។​ ​ដោយ​ឮសូរ​ស្ត្រីជន​ជាតិ​វៀតណាម​ម្នាក់​នោះ​ ​រឹបអូស​យក​ផ្ទះសម្បែង​របស់​គាត់​តែ​ ​ពីមុន​មក​គឺថា​ជា​ការ​បញ្ចាំ​ទេ​ ​តែ​ឥឡូវនេះ​ ​ស្ត្រីជន​ជាតិ​វៀតណាម​ម្នាក់​នោះ​ ​បាន​ប្លន់​យក​ផ្ទះសម្បែង​របស់​គាត់​»​។​

​ចំណែក​មេធាវី​ខ្មែរក្រោម​ ​មួយ​រូប​រស់នៅ​ខេត្ត​ព​លលា​វ​ ​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ ​ថា​បាក់​លីវ​ (B​a​c ​Lieu​) ​លើកឡើង​ថា​ ​ព្រះមហាក្សត្រ​ក្ដី​ ​រដ្ឋាភិបាល​ខ្មែរ​ក្ដី​ ​មិន​អាច​ជ្រៀតជ្រែក​ទៅ​ហ្នឹង​អធិបតេយ្យ​ជាតិ​មួយ​ដទៃទៀត​ ​បាន​ឡើយ​៖​ ​ហើយ​ស្ដេច​ខ្មែរ​លោក​គ្មាន​អានុភាព​អី​ ​ឬ​មានអំណាច​អី​មក​ដោះស្រាយបញ្ហា​ ​ដែល​កើតឡើង​នៅ​ប្រទេស​វៀតណាម​ ​បានទេ​ ​។​ ​និយាយ​ថា​ ​លោក​គ្មាន​សិទ្ធិ​ទៅ​ច្រឡូកច្រឡំ​អីចឹង​តែម្ដង​»​ ​។​

​រឿងរ៉ាវ​នេះ​ ​បាន​កក្រើក​ឡើង​ ​បន្ទាប់ពី​លោកស្រី​ ​ធី​ ​ហ្វា​ន់ ​បង្ហោះ​សារ​អំពាវនាវ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ ​សុំ​ព្រះមហាក្សត្រ​ខ្មែរ​ ​និង​នាយករដ្ឋមន្ត្រី​ខ្មែរ​ ​លោក​ ​ហ៊ុន​ ​សែន​ ​ឲ្យ​ជួយ​រក​យុត្តិធម៌​ក្នុង​រឿងក្ដី​នេះ​ ​។​

ផ្ទះរបស់អ្នកស្រី ធី ហ្វាន់ ដែលអ្នកមានអំណាចជនជាតិយួន រឹបអូសយក ។ រូបៈ ផ្តល់ឲ្យ
ផ្ទះរបស់អ្នកស្រី ធី ហ្វាន់ ដែលអ្នកមានអំណាចជនជាតិយួន រឹបអូសយក ។ រូបៈ ផ្តល់ឲ្យ

​យោង​តាម​ដីកា​បង្គាប់​របស់​តុលាការ​កំពូល​ទីក្រុង​ព្រៃនគរ​ ​ដែល​វៀតណាម​ ​ដាក់ឈ្មោះ​ថ្មី​ថា​ ​ទីក្រុង​ហូ​ជី​មិញ​ (​H​o C​h​i​ ​M​in​h​) ​លេខ​ ​២​៩​១​ ​ចុះ​ថ្ងៃ​ទី​ ​៣​០​ ​ខែ​សីហា​ឆ្នាំ​ ​២​០​១​៨​ ​ឲ្យដឹង​ថា​ ​ដើមចោទ​ក្នុង​ករណី​ចោទប្រកាន់​រឿងរ៉ាវ​វិនិយោគ​ ​មាន​ការប្រើប្រាស់​ចលន​ទ្រព្យ​ ​និង​អចល​ន​ទ្រព្យ​ ​ការ​ជួលផ្ទះ​ ​និង​ការ​ចង​ការប្រាក់​នេះ​ ​ជា​ស្ត្រីជន​ជាតិ​វៀតណាម​ឈ្មោះ​ ​ង្វៀង​ ​ធី​ ​តឿ​ង​ ​វី​ ​ជា​កូន​របស់​ចៅហ្វាយក្រុង​ក្រុង​ក្រមួនស​ ​រីឯ​ចុងចោទ​ជា​ខ្មែរក្រោម​ ​ឈ្មោះ​ ​យ៉ា​ញ់ ​ធី​ ​ជា​ប្ដី​ ​និង​ប្រពន្ធ​ឈ្មោះ​ ​ធី​ ​ហ្វា​ន់ ​។​

​រឿងក្ដី​ក្ដាំ​នេះ​ ​បាន​កើតឡើង​តាំងពី​ចុង​ឆ្នាំ​ ​២​០​១​៦​ ​មក​ម្លេះ ​ហើយ​ប្លង់ដី​ ​២​ ​ប្លង់​ ​របស់​ចុងចោទ​ ​ជា​ជនរងគ្រោះ​ ​គឺ​លោកស្រី​ ​ធី​ ​ហ្វា​ន់ ​និង​លោក​ ​យ៉ា​ន់ ​ធី​ ​មាន​ទំហំ​ជាង​ ​២​ ​ពាន់​ម៉ែត្រការ៉េ​ ​រួម​ ​និង​អចល​ន​ទ្រព្យ​ផង​ ​គិតជា​ទឹកប្រាក់​មាន​ប្រមាណ​ជាង​ ​១​០​០​ ​កោដិ​ដុ​ង​ស្មើនឹង​ប្រមាណ​ជាង​ ​៧​ ​ម៉ឺន​ដុល្លារ​អាមេរិក​ ​តែ​ដើមចោទ​បាន​វាយ​តម្លៃ​ទ្រព្យសម្បត្តិ​ទាំងនេះ​ ​បានតែ​ប្រមាណ​ជាជាង​ ​២​៥​ ​កោដិ​ដុ​ង​ ​ស្មើនឹង​ប្រមាណ​ជាង​ ​១​ ​ម៉ឺន​ ​២​ ​ពាន់​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​ ​។​

​ដីកា​បង្គាប់​របស់​តុលាការ​កំពូល​លេខ​ ​២​៩​១​ ​នេះ​បាន​បង្គាប់​ឲ្យ​សាលាឧទ្ធរណ៍​ជម្រះ​ក្ដី​នេះ​ឡើងវិញ​ ​ព្រោះថា​ការ​កាត់ក្ដី​របស់​តុលាការ​ ​ខេត្ត​ ​ក្រុង​ ​មាន​ភាព​អយុត្តិធម៌​ ​និង​ធ្វើឲ្យ​ខាតបង់​ផលប្រយោជន៍​ ​ចំពោះ​ចុងចោទ​គឺ​លោកស្រី​ ​ធី​ ​ហ្វា​ន់ ​ច្រើន​ណាស់​ ​។​ ​តែ​រហូត​មកដល់ពេលនេះ​ ​សាលាឧទ្ធរណ៍​មិនបាន​ជម្រះ​ក្ដី​ឡើងវិញ​ ​តាម​ដីកា​បង្គាប់​របស់​តុលាការ​កំពូល​ឡើយ​ ​ដោយ​ផ្អាប់ទុក​ចោល​នូវ​ក្ដី​ក្ដាំ​នេះ​ ​។​

​ទាក់ទិន​នឹង​ក្ដី​ក្ដាំ​នេះ​ ​ប្រធាន​សាខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​កម្ពុជា​ ​លោក​ ​តាំង​ ​សា​រៈ​ប្រាប់​ថា​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​កំពុង​តាមដាន​ករណី​នេះ​ ​ហើយ​មិនថា​តែ​ ​រឿង​របស់​លោកស្រី​ ​ធី​ ​ហ្វា​ន់​ប៉ុណ្ណោះ​ទេ​ ​គឺ​រាល់​រឿងរ៉ាវ​ទាំងឡាយ​ណា​ ​ដែល​កើតឡើង​ ​ចំពោះ​ជនរួមជាតិ​ខ្មែរក្រោម​ ​ដោយ​អយុត្តិធម៌​ ​សហ​ព័ន្ធ​ខ្មែរក្រោម​ ​តែងតែ​អន្តរាគមន៍​ការពារ​ជានិច្ច​ ​៖​ ​«​ប្រសិនបើ​រឿង​នោះ​ ​ពិតជា​អយុត្តិធម៌​មែន​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ក៏​មិន​ទុកឲ្យ​ស្ត្រី​មួយ​រូប​ ​ដែល​ជា​មេ​គ្រួសារ​ ​ហើយ​ប្ដី​ត្រូវ​ស្លាប់​ទៀត​ទុកឲ្យ​តុលាការ​បំពាន​សិទ្ធិ​របស់​គាត់​ដូច្នេះ​ទេ​ ​។​ ​សហ​ព័ន្ធ​ ​និង​រាយការណ៍​ទៅដល់​ស្ថាប័ន​ទទួលបន្ទុក​យុត្តិធម៌​ ​ហើយ​ ​និង​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ដើម្បី​ជួយ​អន្តរាគមន៍​រឿង​នេះ​»​ ​។​

​ជា​រឿយ​ ​ៗ​ ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​បដិសេធ​សេចក្ដី​សុំ​អង្វរករ​ ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ឲ្យ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ដែល​រង​ការ​បំពាន​សិទ្ធិ​សេរីភាព​ ​ពី​រដ្ឋាភិបាល​វៀតណាម​ ​ដោយ​រដ្ឋាភិបាល​កម្ពុជា​លើកឡើង​ថា​ ​ខ្មែរក្រោម​ ​ជា​ពលរដ្ឋ​វៀតណាម​ ​ដូច្នេះ​ ​កម្ពុជា​មិន​អាច​ជ្រៀតជ្រែក​ទៅ​នឹង​អធិបតេយ្យភាព​របស់​វៀតណាម​ ​បាន​ឡើយ​ ​៕​