ដោយ ស៊ឺន ចែងចើន
ករណីវិវាទដីធ្លីក្នុងឆ្នាំ ២០២១ នៅតែជាបញ្ហាក្តៅគគុកមួយ នៅក្នុងខេត្តមួយចំនួន នៅដែនដីកម្ពុជាក្រោម ។ ជម្លោះដីធ្លីស្មុគស្មាញភាគច្រើន គឺបណ្តាលមកពីអាជ្ញាធរវៀតណាម នៅថ្នាក់មូលដ្ឋានរឹបអូសយក ហើយតំបន់ខ្លះទៀត គឺអ្នកមានអំណាច និងអ្នកមានប្រាក់ ឃុបឃិតគ្នារំលោភដីរបស់ជនរងគ្រោះជាខ្មែរក្រោម ខណៈដែលតុលាការវៀតណាម មិនមានឆន្ទៈរកយុត្តិធម៌ឱ្យខ្មែរក្រោមនោះឡើយ ។ តើនៅក្នុងឆ្នាំ ២០២១ បញ្ហារំលោភបំពានដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម ដោយអាជ្ញាធរវៀតណាម និងដោយជនជាតិយួន បានកើតឡើងយ៉ាងដូចម្តេចខ្លះ? ។ សូមលោកអ្នកនាងស្តាប់សេចក្តី សង្ខេបព្រឹត្តិការណ៍រំលោភដីធ្លី នៅកម្ពុជាក្រោម ក្នុងឆ្នាំ ២០២១ រៀបចំដោយ លោក ស៊ឺន ចែងចើន ដូចតទៅ ៖
ក្នុងឆ្នាំ ២០២១ ជម្លោះដីធ្លី នៅខេត្តក្រមួនស បានកើតឡើងយ៉ាងតិច ៣ ករណី ដែលធ្វើឱ្យប៉ះពាល់ដល់គ្រួសារខ្មែរក្រោមប្រមាណជាង ១០០០ នាក់ ស្មើនឹងជិត ២០០ គ្រួសារ ដែលជាជនរងគ្រោះនៃការបង្ខំបណ្ដេញចេញពីដីធ្លី និងទទួលរងនូវអំពើហិង្សា ពីសំណាក់អាជ្ញាធរវៀតណាម រហូតឈានដល់ការចាប់ខ្លួនកសិករខ្មែរក្រោមមួយរូបដាក់ពន្ធនាគារទៀតផង ។ ចំណែក នៅខេត្តព្រះត្រពាំង កាលពីឆ្នាំ ២០២០ អ្នកមានអំណាចជាជនជាតិយួន បានឃុបឃិតធ្វើប្លង់កម្មសិទ្ធិរំលោភយកដីលំនៅឋានរបស់ពលរដ្ឋខ្មែរក្រោមមួយគ្រួសារ ដោយប្រើប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងតាមគ្រប់រូបភាព ។ នៅក្នុងសំណុំរឿងដីធ្លីនេះ ភាគីជនរងគ្រោះ បានដាក់ពាក្យប្តឹងទៅតុលាការជាន់ខ្ពស់ នៅទីក្រុង ព្រៃនគរ ។ ប៉ុន្តែ រហូតមកដល់ចុងឆ្នាំ ២០២១ នេះ ការកាត់ក្តីមិនទាន់ធ្វើឡើង នៅឡើយទេ ក្រោមហេតុផលវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ។
នៅដែនដីកម្ពុជាក្រោម បញ្ហាវិវាទដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម តែងកើតមានឡើងជាមួយក្រុមឈ្មួញមានអំណាចជនជាតិយួន និងក្រុមហ៊ុន រួមទាំងជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយនឹងអាជ្ញាធរដែនដីផងដែរ ។ ចំណែកខេត្តមួយចំនួន ដែលមានបញ្ហាដីធ្លីជាញឹកញាប់នោះ មាននៅខេត្តមាត់ជ្រូក ខេត្តឃ្លាំង ខេត្តព្រះត្រពាំង និង ខេត្តក្រមួនស ដែលបច្ចុប្បន្នគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម ។ ជាទូទៅ នៅពេល ដែលពលរដ្ឋខ្មែរក្រោម ហ៊ានចេញមុខតវ៉ាទាមទារដីធ្លីរបស់ពួកគេមកវិញ ពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួន ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយចោទប្រកាន់ពីបទ ប្រើប្រាស់ហិង្សាប្រឆាំងនឹងអាជ្ញាធរសាធារណៈ ។
ការអូសបន្លាយនៃសំណុំរឿងដីធ្លី ចាប់តាំងពីឆ្នាំ ២០២០ រហូតមកដល់ចុងឆ្នាំ ២០២១ ដែលជិតផុតទៅហើយនេះ កសិករខ្មែរក្រោមជាម្ចាស់ដីធ្លី នៅតែក្លាយជាជនរងគ្រោះ និងគ្មានដំណោះស្រាយសមស្របណាមួយ ពីរដ្ឋាភិបាលវៀតណាម ។ ជាក់ស្តែងរឿងថ្មីមួយ ដែលបើកឆាកដំបូង គឺនៅដើមឆ្នាំ ២០២១ តែម្តង ពោល គឺនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ អាជ្ញាធរវៀតណាម ក្នុងខេត្តក្រមួនស បានបញ្ជូនកម្លាំងសមត្ថកិច្ចចម្រុះ ដែលប្រដាប់ដោយអាវុធ ជិត ៥០ នាក់ ចុះទៅរារាំងកសិករខ្មែរក្រោម ចំនួនពីរភូមិ មិនឲ្យចុះធ្វើស្រែស្រែចម្ការលើដីរបស់ពួកគាត់សាជាថ្មី ។ ក្រុមអាជ្ញាធរយួន រួមមានប៉ូលិស និង ទាហាន បើកត្រាក់ទ័រមកឈូសឆាយលើដីស្រែរបស់កសិករខ្មែរក្រោម និង កាយដីបិទប្រឡាយបង្ហូទឹកដាក់ស្រូវរបស់កសិករខ្មែរក្រោម ។ ករណីនេះ កើតឡើង នៅភូមិខ្សាច់ និង ភូមិកោះរងៀង ដែលមានចម្ងាយពី ភូមិប៉ប្រក់ ឃុំប៉ប្រក់ ស្រុកព្រៃមេង ខេត្តក្រមួនស ជាង ៣ គីឡូម៉ែត្រ ទីដែលអ្នកភូមិ ៤ នាក់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ នៅក្នុងរឿងជម្លោះដីធ្លីដូចគ្នា ហើយបានប្រែក្លាយទៅជាអំពើហិង្សា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ ដែលបណ្ដាលឲ្យពលរដ្ឋខ្មែរក្រោម ជាង ១០ នាក់រងបួសធ្ងន់ និង ស្រាល ។
តាមរយៈវីដេអូឃ្លីប ដែលបង្ហោះដោយកសិករខ្មែរក្រោម ដែលចូលរួមតវ៉ា នៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ បានបង្ហាញ ពីអាជ្ញាធរវៀតណាម ប្រើកម្លាំងនគរបាលរាប់សិបនាក់ ប្រដាប់ដោយអាវុធ ដើម្បីបណ្តេញកសិករខ្មែរក្រោម ចេញពីដីស្រែទាំងបង្ខំ និងបានដាក់គ្រឿងចក្រជាច្រើនគ្រឿង ទៅកាយ និង ឈូសឆាយដីបិទប្រឡាយ ដែលកសិករខ្មែរក្រោម កំពុងបូមទឹកចូលក្នុងស្រែរបស់ពួកគាត់ ។ ក្នុងវីដេអូដដែល ក៏បង្ហាញពីការប្រឈមមុខដាក់គ្នាជាមួយក្រុមអាជ្ញាធរវៀតណាម កំពុងការពារដី ដែលរឹបអូសពីកសិករខ្មែរក្រោម ទៅដាក់ជាតំបន់ការពារអភិរក្សវាលស្មៅដុង-ក-បាង (Đồng cỏ bàng) និង អភិរក្សសត្វក្រៀលក្បាលក្រហម ។
កសិករខ្មែរក្រោម លោក ឈុ ធី យល់ថា ទង្វើរបស់ អាជ្ញាធរៀតណាមបែបនេះ ចង់ធ្វើទុក្ខបុកម្នេញកសិករខ្មែរក្រោម ដោយសារតែពួកគេរស់រានមានជីវិត អាស្រ័យទៅលើការធ្វើស្រែចំការ ដូច្នោះ ការណ៍ដែលអាជ្ញាធរវៀតណាម បណ្តេញពួកគេចេញពីដីធ្លី គឺស្មើនឹងសម្លាប់ពួកគេដូច្នេះដែរ ។
លោក ឈុ ធី អះអាងថា ពួកគាត់បានកាន់កាប់ដីស្រែនេះ តាំងពីអំឡុងឆ្នាំ ១៩៧៣ មកម្ល៉េះ ដោយធ្វើស្រែចម្ការ តាំងពីជំនាន់ដូនតារបស់ពួកគេមក ។ កសិករខ្មែរក្រោម ស្នើទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះស្រាយ និងស្នើឲ្យអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស និងសហគមន៍អន្តរជាតិ ជួយធ្វើកិច្ចអន្តរាគមន៍ករណីវិវាទដីធ្លីនេះ ។
ឥឡូវនេះ យើងងាកទៅមើលករណីកសិករខ្មែរក្រោមម្នាក់ ដែលជាប់ពន្ធនាគារដោយសារតវ៉ារឿងដីធ្លី! នោះ គឺលោក ហ្វិន វ៉ាំងឌែប ដែលត្រូវបានតុលាការវៀតណាម ស្រុក យ៉ាង ថាញ់ និងខេត្តក្រមួនស សម្រេចកាត់ទោសជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ក្នុងជំលោះដីធ្លីរវាងកសិករខ្មែរក្រោម ជិត ១៥០ គ្រួសារ ជាមួយអាជ្ញាធរវៀតណាម ត្រូវបានអាជ្ញាធរវៀតណាម ស្រុក យ៉ាង ថាញ់ ចាប់ឃុំខ្លួន នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ។
ការឃុំខ្លួននេះ ធ្វើឡើងមួយថ្ងៃក្រោយ ពីអធិការរងនគរបាលស្រុក យ៉ាង ថាញ់ លោក ង្វៀន ថាន់ ទ្រុង (Nguyen Thanh Trung) បានចេញលិខិតកោះហៅ លោក ហ្វិន វ៉ាំងឌែប ឱ្យទៅជួបសមត្ថកិច្ច នៅអធិការដ្ឋាននគរបាលស្រុក យ៉ាង ថាញ់ ។
មែនទែនទៅ នគរបាលស្រុក យ៉ាង ថាញ់ បានទូរស័ព្ទប្រាប់ឱ្យលោក ហ្វិន វ៉ាំងឌែប ទៅជួបពួកគេ តាំងពីព្រឹកថ្ងៃទី ៧ ខែមិថុនា ហើយបានប្រាប់លោក ហ្វិន វ៉ាំងឌែប ឱ្យរៀបចំខោអាវយកទៅជាមួយទៀតផង ដែលវាហាក់ដូចជាការគំរាមលោក ហ្វិន វ៉ាំងឌែប ឱ្យត្រៀមខ្លួនដើរចូលដេកគុកតែម្តង ។ ប៉ុន្តែ លោក ហ្វិន វ៉ាំងឌែប សម្រេចចិត្តថា មិនទៅជួប តាមការទូរស័ព្ទប្រាប់របស់លោកនគរបាលវៀតណាមនោះទេ ព្រោះលោកមើលឃើញថា វាធ្វើឡើងមិនសមរម្យ និងខុសនីតិវិធី ដែលរាល់ការកោះហៅជាផ្លូវការណាមួយ វាគួរ ធ្វើឡើងតាមរយៈលិខិត មិនមែនគ្រាន់តែទូរស័ព្ទមកប្រាប់នោះទេ ។
ដោយសារតែ លោក ហ្វិន វ៉ាំងឌែប សម្រេចថាមិនទៅជួបនៅព្រឹកថ្ងៃទី ៧ ទើបនៅថ្ងៃទី ៧ ខែមិថុនា ដដែលនោះ ពួកនគរបាលបានធ្វើលិខិតកោះហៅលោក ហ្វិន វ៉ាំងឌែប ឱ្យចូលខ្លួន ។
គួររំលឹកថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ខេត្តក្រមួនស រួមមាន ប៉ូលិស ទាហាន ដែលប្រដាប់ដោយអាវុធប្រមាណជាង ១០០ នាក់ បានចុះទៅរឹបអូសយកដីជាង ៣.០០០ ហិកតា ធ្វើជាកម្មសិទ្ធិរបស់រដ្ឋពីពលរដ្ឋខ្មែរក្រោមចំនួន ១៤៥ គ្រួសារដែលកំពុងប្រើប្រាស់ដីកេរ ដែលដូនតារបស់ពួកគាត់បានបន្សល់ទុកឱ្យ ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរក្រោម បានធ្វើការជំទាស់រហូតផ្ទុះជាអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០ នាក់រងបួសធ្ងន់ និងស្រាល ។
ក្រោយហេតុការណ៍ប៉ះទង្គិចគ្នានោះ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាមស្រុក យ៉ាង ថាញ់ ខេត្តក្រមួនស បានឃាត់ខ្លួនលោក ហ្វិន វ៉ាំងឌែប និងបានឃុំខ្លួនលោកក្នុងពន្ធនាគារអស់រយៈពេលជាង ៣ ខែ រហូតដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបអនុញ្ញាតឲ្យលោក នៅក្រៅឃុំបណ្ដោះអាសន្ន ។
បន្ទាប់មកនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម បានកសាងសំណុំរឿងបញ្ជូនខ្លួនលោក ហ្វិន វ៉ាំងឌែប និងកសិករខ្មែរក្រោម ៣ រូបទៀត គឺលោក តៀន ដាម តៀន ណាម និងលោកយាយ ធី ភិច ទៅកាន់តុលាការវៀតណាមស្រុក យ៉ាង ថាញ់ ខេត្តក្រមួនស ដោយ បានចោទប្រកាន់ពួកគាត់ទាំង ៤ នាក់ពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ» ។
ក្រោយមកទៀត នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០ តុលាការស្រុក យ៉ាង ថាញ់ បានបើកសវនាការ ជំនុំជម្រះ រួចបានប្រកាសសាលក្រមផ្តន្ទាទោសកសិករខ្មែរក្រោមទាំង ៤ រូប ឲ្យជាប់ពន្ធនាគារ ចាប់ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ក្នុងនោះ លោក ហ្វិន វ៉ាំងឌែប ត្រូវតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២ ឆ្នាំ កន្លះ លោក តៀន ដាម អាយុ ២៨ ឆ្នាំ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៣ ខែ លោក តៀន ណាម អាយុ ២៨ ឆ្នាំ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ និងលោក យាយ ធី ភិច អាយុ ៧១ ឆ្នាំ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ ប៉ុន្តែ ពួកគាត់ត្រូវបានដាក់ឱ្យស្ថិតក្នុងការព្យួរទោសមានលក្ខខណ្ឌ ។
ដោយមិនអាចទទួលយកបាននូវការកាត់ក្តីដោយអយុត្តិធម៌នេះ ពួកគាត់បានប្តឹងទាស់ ការសម្រេចរបស់តុលាការស្រុក យ៉ាង ថាញ់ ទៅកាន់តុលាការខេត្តក្រមួនសជាបន្តទៀត ។
ទោះជាយ៉ាងណា ក្នុងសវនាការនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ តុលាការខេត្តក្រមួនស បានសម្រេចតម្កល់សាលដីកាផ្ដន្ទាទោសរបស់តុលាការថ្នាក់ស្រុក លើកសិករខ្មែរក្រោម ៣ រូប ទុកជាបានការដដែល ប៉ុន្តែ បានសម្រាលទោស លោក ហ្វិន វ៉ាំងឌែប ដែលត្រូវតុលាការស្រុក យ៉ាង ថាញ់ កាត់ទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ មកជាប់ ២ ឆ្នាំ ។ លោក តៀន ដាម ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៣ ខែ មកនៅ ២ ឆ្នាំ និងលោក តៀន ណាម ផ្ដន្ទាទោស ១ ឆ្នាំ មកនៅ ៩ ខែវិញ ។
ក្រោយការប្រកាសសាលក្រមនេះ កសិករខ្មែរក្រោម ទាំង ៣ រូបនេះ មិនទាន់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារនៅឡើយទេ ។ តុលាការអនុញ្ញាតឲ្យពួកគេទាំង ៣ រូប នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន ហើយពួកគេក៏កំពុងធ្វើការជាមួយមេធាវី ដើម្បីប្ដឹងទាស់ទៅកាន់ តុលាការជាន់ខ្ពស់វៀតណាម បន្តទៀតដែរ ។
គិតមកដល់ពេលនេះ មានតែលោក ហ្វិន វ៉ាំងឌែប មួយរូបគត់ដែលត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ ។ ចំណែកអ្នកផ្សេងទៀត ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យ នៅក្រៅឃុំនៅឡើយ ។
គួរបញ្ជាក់ថា ក្រៅពីកសិករខ្មែរក្រោម ទាំង ៤ នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ខាងលើ នៅមានពលរដ្ឋខ្មែរក្រោមជាប់ពាក់ព័ន្ធចំនួន ២៣ នាក់ផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរវៀតណាម សម្រេចដាក់ពិន័យរដ្ឋបាល ដោយពិន័យជាប្រាក់ក្នុងម្នាក់ៗ ចាប់ពី ៣ លានដុងទៅ ៤ លាន ដុង ឬស្មើនឹង ១៥០ ទៅ ២០០ ដុល្លារអាមេរិក ។