ដោយ ស៊ឺន ចែងចើន
ការរំលោភយកដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម ពីសំណាក់រដ្ឋាភិបាលវៀតណាម នៅដែនដីកម្ពុជាក្រោម មិនមានសញ្ញាថមថយឡើយ ។ ជាពិសេស នៅរយៈកាលបីឆ្នាំចុងក្រោយ ពោលគឺនាអំឡុងពេលរីករាលដាល នៃ ជំងឺកូវីដ-១៩ ។ ការរឹបអូសយកដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម ភាគច្រើនកើតឡើង ជាមួយអាជ្ញាធរយួន នៅថ្នាក់មូលដ្ឋាន និងតំបន់ខ្លះទៀត គឺអ្នកមានអំណាច និងអ្នកមានប្រាក់ ជាជនជាតិយួន បានឃុបឃិតគ្នារំលោភយកដី ពីជនរងគ្រោះជាខ្មែរក្រោម ។ មិនត្រឹមតែមិនថមថយ ការទន្រ្ទានយកដីពលរដ្ឋខ្មែរក្រោមប៉ុណ្ណោះទេ ការចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារ នៃ កសិករខ្មែរក្រោម ជាម្ចាស់ដីធ្លី និងសកម្មជនដីធ្លី យ៉ាងហោចណាស់ ៣ នាក់ដែរ ។ ក្រៅពីនេះ ពេលពលរដ្ឋខ្មែរក្រោម តវ៉ារឿងដីធ្លី អាជ្ញាធរយួន គ្មានការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិមនុស្សឡើយ ដោយរំលោភយកដីប្រជាពលរដ្ឋខ្មែរក្រោម ហើយថែមទាំងគំរាមដល់ចាប់ម្ចាស់ដីដាក់ពន្ធនាគារទៀត និងកោះហៅទៅសួរចម្លើយ រួចព្រមានឲ្យបញ្ឈប់ធ្វើតាមទាមទារតវ៉ាក្នុងរឿងរ៉ាវដីធ្លីរបស់ពួកគេ ។

លោកអ្នកនាង ជាទីមេត្រី! បើកឆាកក្នុងឆ្នាំសកល ២០២២ នៅសប្តាហ៍ដំបូងភ្លាម គឺ សំណុំរឿងដីធ្លី នៅខេត្តក្រមួនស ដែលបានអូសបន្លាយជិត ៣ ឆ្នាំ មកហើយ ។ កសិករខ្មែរក្រោម ជាម្ចាស់ដីធ្លី នៅតែក្លាយជាជនរងគ្រោះ និងមិនទាន់ទទួលបានការដោះស្រាយសមស្របណាមួយឡើយ ពីរដ្ឋាភិបាលវៀតណាម ក្រៅតែពីការបំបិទសិទ្ធិសេរីភាពមិនឲ្យពួកគាត់តវ៉ា ដើម្បីដឹងឮពីសហគមន៍អន្តរជាតិ ។ បន្ទាប់ពីអស់ជំនឿលើយន្តការដោះស្រាយ ពីសំណាក់រដ្ឋាភិបាលវៀតណាម ក្នុងករណីជម្លោះដីធ្លីជាមួយអាជ្ញាធរនៅមូលដ្ឋាន ប្រជាកសិករខ្មែរក្រោម បង្ខំចិត្តនាំគ្នាចូលទៅធ្វើស្រែ នៅលើដីទំនាស់វិញនារដូវប្រាំងឆ្នាំនេះ តែត្រូវបានអាជ្ញាធរវៀតណាម ដាក់កម្លាំងសមត្ថកិច្ចចម្រុះ រារាំងមិនឲ្យធ្វើដំណើរទៅដល់ដីស្រែចម្ការរបស់ពួកគេឡើយ ដោយអះអាងថា ដីស្រែទាំងនោះ ជាដីរបស់រដ្ឋ ។
ប្រជាពលរដ្ឋខ្មែរក្រោម ប្រមាណជាង ៥០ នាក់ មកពីភូមិចំនួនបី គឺភូមិប៉ប្រក់ ភូមិខ្សាច់ និងភូមិកោះរងៀង ស្ថិតក្នុងឃុំប៉ប្រក់ ស្រុកព្រៃមេង ខេត្តក្រមួនស (Phú Mỹ, Giang Thành, Kiên Giang) ដែលមានដីស្រែ នៅក្នុងដែនអភិរក្សវាលស្មៅដុង-ក-បាង (Đồng cỏ bàng) និងតំបន់អភិរក្សសត្វក្រៀលក្បាលក្រហម នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ បានលើកគ្នាចូលទៅធ្វើស្រែប្រាំងលើដី ដែលអ្នកភូមិធ្លាប់ធ្វើជិត ៥០ ឆ្នាំមកហើយ នោះវិញ តែត្រូវអាជ្ញាធរវៀតណាម ប្រើកម្លាំងសមត្ថកិច្ចចម្រុះរាប់សិបនាក់បិទផ្លូវ រារាំងមិនឲ្យចូលទៅធ្វើស្រែ និងគំរាមកំហែងចាប់ដាក់ពន្ធនាគារ ។ ប្រជាកសិករខ្មែរក្រោម រស់នៅក្នុងភូមិចំនួន ៣ ខាងលើ អះអាង ថា អាជ្ញាធរខេត្តនេះ នៅតែបន្តដាក់ពង្រាយកម្លាំងសមត្ថកិច្ចចម្រុះរារាំងពួកគាត់ មិនឲ្យធ្វើស្រែចិញ្ចឹមជីវិតលើដីរបស់ពួកគេ ដែលបានអាស្រ័យផល និងកាន់កាប់ជាច្រើនជំនាន់មកហើយ ។

ប្រជាកសិករខ្មែរក្រោម ដែលត្រូវអាជ្ញាធរវៀតណាម រារាំងមិនឲ្យចូលធ្វើស្រែ ប្រាប់សំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ថា សមត្ថកិច្ច បានចុះល្បាតឃ្លាំមើលអ្នកភូមិ និងតំណាងពលរដ្ឋដល់លំនៅឋាន ក្នុងបំណងគំរាមកំហែង ព្រោះខ្លាចក្រែងពួកគេងើបតវ៉ា ។ ពួកគេឲ្យដឹងទៀតថា បច្ចុប្បន្ន ពលរដ្ឋខ្មែរក្រោម មិនអាចបង្កបង្កើនផលដាំដុះដំណាំលើដីស្រែ នៅតំបន់ទំហំជាង ៣.០០០ ហិកតារ តាំងពីដូនតាមក ដោយអាជ្ញាធរវៀតណាម តែងតែរារាំង ។ ពួកគេអះអាងថា ផ្ទៃដីដែលកំពុងធ្វើស្រូវនោះ ពុំមានផ្នែកណាមួយ ត្រូវបានអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ឲ្យនោះទេ ខណៈពួកគាត់អះអាងថា បានអាស្រ័យផលលើដីនោះ តាំងពីអំឡុងឆ្នាំ ១៩៧៣ មកម្ល៉េះ ។
ពាក់ព័ន្ធរឿងជម្លោះដីធ្លីនេះដែរ សមត្ថកិច្ចវៀតណាម នៅខេត្តក្រមួនស កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ បានចុះអនុវត្តសាលដីកាតុលាការសំណុំរឿងវិវាទដីធ្លីរបស់តុលាការថ្នាក់ខេត្ត ចេញកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ ដែលសម្រេចឲ្យកសិករខ្មែរក្រោម ២ រូប ជាប់ពន្ធនាគារចន្លោះពី ៩ ខែ ទៅ ២ ឆ្នាំ ពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ» ។ អាជ្ញាធរវៀតណាម ចុះអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការខេត្តក្រមួនស ដែលផ្ដន្ទាទោសទៅលើពលរដ្ឋខ្មែរក្រោម ទាំងពីរនោះ គឺលោក តៀន ដាម ជាប់ពន្ធនាគារ ២ ឆ្នាំ និងលោក តៀន ណាម ផ្ដន្ទាទោស ៩ ខែ ។

យើងនៅមិនទាន់ទៅណាឆ្ងាយ ពីបញ្ហាវិវាទដីធ្លីនៅឡើយទេ ក្នុងខេត្តក្រមួនស នេះដដែល! គ្រួសារអ្នកមានអំណាចជាជនយួន បានជួលក្រុមជើងកាង ប្រើហិង្សារហូតឈានដល់ការបាញ់ប្រហារ ទៅលើក្រុមគ្រួសារខ្មែរក្រោម ក្នុងទំនាស់ដីធ្លីមួយកន្លែង នៅភូមិរ៉ាញហាក ក្នុងស្រុកភ្នំដី (Hòn Đất) ខេត្តក្រមួនស (Kiên Giang) នៅថ្ងៃអង្គារ៍ ទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ ។ ហេតុការណ៍បាញ់គ្រាប់កាំភ្លើងពិតនោះ បានបណ្ដាលឱ្យស្រ្តីខ្មែរក្រោម អាយុ ២៧ ឆ្នាំម្នាក់រងរបួសធ្ងន់ត្រង់ភ្លៅខាងស្តាំ និងត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមួយក្នុងខេត្តនេះ ។
សាច់ញាតិរបស់ជនរងគ្រោះ ដែលបានរងរបួស លោក ចៅ ផល្លា ប្រាប់សំឡេងកម្ពុជាក្រោម (VOKK) និងសារព័ត៌មាន ព្រៃនគរ ថា ក្រុមគ្រួសាររបស់គាត់ ត្រូវបានរំលោភយកដីធ្លីដោយអ្នកមានអំណាច ដែលបានឃុបឃិតជាមួយអាជ្ញាធរវៀតណាម និងបានជួលបក្ខពួក ដែលជាក្រុមអ្នកលេងប្រដាប់ដោយដំបង និងកាំភ្លើង មកធ្វើបាបក្រុមគ្រួសាររបស់លោក ហើយបញ្ជាពួកបាតដៃទីបីទាំងនោះ យកគ្រឿងចក្រឈូសឆាយលើដីលំនៅឋានរបស់គ្រួសារគាត់ ដើម្បីធ្វើរបងព័ទ្ធជុំវិញដីដែលគេរឹបអូសយកនោះ ។ លោក ចៅ ផល្លា យល់ថា ករណីជនជាតិវៀតណាម ជួលក្រុមជើងកាងឲ្យធ្វើបាបក្រុមគ្រួសារលោក ជាការគំរាមកំហែង និងបំភិតបំភ័យមិនឲ្យក្រុមគ្រួសារលោក ទាមទារយកដីរបស់ខ្លួនមកវិញ ។ លោក ផល្លា ដាក់ការសង្ស័យថា អាជ្ញាធរវៀតណាម ជាអ្នកនៅពីក្រោយ នៃ ការរៀបចំឲ្យមានអំពើហិង្សានេះ ពីព្រោះលោកថា ពលរដ្ឋធម្មតាគ្មានសិទ្ធិប្រើកាំភ្លើងនោះទេ ។ ក្រុមគ្រួសារជនរងគ្រោះ អះអាងថា ពួកគេបានមកតាំងលំនៅលើដីរបស់ខ្លួននេះ ជាង ៣០ ឆ្នាំមកហើយ តែអាជ្ញាធរមូលដ្ឋានវៀតណាម បដិសេធមិនចេញលិខិតផ្លូវច្បាប់ឲ្យពួកគេឡើយ ។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះស្រ្តីខ្មែរក្រោម ដែលត្រូវជនសង្ស័យជាជនជាតិវៀតណាម បាញ់ឲ្យត្រូវរបួសជើងក្នុងករណីជម្លោះដីធ្លី បានដាក់ពាក្យបណ្តឹងទាមទារយុត្តិធម៌ និងជំងឺចិត្ត ។ ការដាក់បណ្តឹងនេះ ធ្វើឡើងស្របពេល ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្កោលទោសអាជ្ញាធរវៀតណាម ដែលបណ្តែតបណ្តោយឲ្យជនសង្ស័យបាញ់ប្រហារពលរដ្ឋខ្មែរក្រោម ។ គ្រួសារស្ត្រីខ្មែរក្រោម ដែលក្រុមអន្ធពាលវៀតណាម បាញ់ឲ្យរបួសធ្ងន់ ទន្ទឹងចាំយុត្តិធម៌ពីអាជ្ញាធរវៀតណាម តាមចាប់ជនដៃដល់មកដាក់ទោសតាមច្បាប់ ប៉ុន្តែ មកទល់នឹងពេលបច្ចុប្បននេះ អាជ្ញាធរវៀតណាម មិនទាន់ចាប់ជនដៃដល់បាញ់ស្ត្រីខ្មែរក្រោម មកដាក់ទោសនៅឡើយ ។
នៅសល់តែមួយខែទៀត ថ្ងៃឆ្នាំថ្មីឆ្នាំសកលឆ្នាំ ២០២៣ នឹងឈានចូលមកដល់ តែអាជ្ញាធរវៀតណាម នៅខេត្តក្រមួនស ឆ្លៀតប្លន់យកដីធ្លីប្រជាពលរដ្ឋខ្មែរក្រោម ទៅលក់ឲ្យក្រុមហ៊ុនវិនិយោគមួយ ! រឿងរ៉ាវនេះ កើតឡើង ចំពោះពលរដ្ឋខ្មែរក្រោម នៅស្រុកភ្នំដី (Hòn Đất) ខេត្តក្រមួនស ចោទអាជ្ញាធរវៀតណាម និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តនេះ ថា បានឃុបឃិតជាមួយឈ្មួញលួចធ្វើប្លង់កម្មសិទ្ធិដីធ្លី រំលោភយកដីលំនៅឋាន ដែលកំពុងរស់នៅ និងអាស្រ័យផល តាំងពីដូនតារបស់ពួកគាត់មក ។ ករណីអាជ្ញាធរ និងក្រុមហ៊ុនយួន ឃុបឃិតគ្នាបន្លំឯកសារយកដីរបស់ពលរដ្ឋខ្មែរក្រោម នៅខេត្តក្រមួនស កើតឡើង នៅថ្ងៃទី ១០ ខែតវិច្ឆិកា ឆ្នាំ ២០២២ ដោយពួកបញ្ជូនកម្លាំងសមត្ថកិច្ចចម្រុះច្រើននាក់ប្រដាប់ដោយដំបង និងក្រុមជនអន្ធពាលផង មកប្រើអំពើហិង្សា និងចាប់គ្រួសារជនរងគ្រោះជាខ្មែរក្រោម នាំយកទៅការិយាល័យនគរបាលស្រុក ។

បើតាមក្រុមគ្រួសារជនរងគ្រោះ អះអាងថា ពួកគេធ្លាប់ប្តឹងផ្តល់ក្រុមហ៊ុនវៀតណាម ឈ្មោះមេគង្គ (Công Ty Cổ Phần Đầu Tư Xây Dựng – Khoáng Sản Mê Kông) ដែលធ្វើអាជីវកម្មរ៉ែសំណង់ និងកិនថ្ម ទៅតាមផ្លូវតុលាការជាង ២ ឆ្នាំមកហើយ ប៉ន្តែ តុលាការវៀតណាម នៅខេត្តក្រមួនស មិនបានចាត់ការលើពាក្យបណ្តឹង ដើម្បីរកដំណោះស្រាយជូនពួកគាត់ឡើយ ។ ក្រុមគ្រួសារជនរងគ្រោះ អំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ឲ្យជួយពន្លឿនដោះស្រាយរឿងបញ្ហាដីធ្លី និងត្រូវអនុវត្តឲ្យមានមានភាពស្មើគ្នា ខណៈជម្លោះដីធ្លីរបស់ពួកគាត់កន្លងមកនេះ តុលាការចាត់ការ ទៅលើតែខាងក្រុមឈ្មួញអ្នកមានអំណាច ។
ខ្ញុំ សូមស្លេះរឿងរ៉ាវទំនាស់ដីធ្លីសំខាន់ៗ នៅខេត្តក្រមួនស តែត្រឹមនេះសិន សូមប្រិយមិត្តងាកទៅតាមដានបញ្ហាដីធ្លី ដែលបានផ្ទុះឡើងខ្លាំងជាងគេបំផុត នៅខេត្តព្រះត្រពាំង រហូតដល់មានប្រកាសសុខចិត្តដេកឲ្យរថក្រោះឈូសឆាយដីកិន! ករណីទំនាស់ដីធ្លីដ៏ក្តៅគគុកនេះ កើតមានឡើង ចំពោះពលរដ្ឋខ្មែរក្រោមមួយគ្រួសារ ស្ថិតនៅភូមិផ្នោលើ ឃុំដំបូកបី ស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង ប្ដេជ្ញាសុខចិត្តស្លាប់នៅលើដីខ្លួន ប្រសិនបើអាជ្ញាធរវៀតណាម នៅតែបន្តដាក់កម្លាំងឲ្យមកឈូសឆាយដីរបស់ពួកគេ ។ ការប្រកាស សុខចិត្ត បូជាជីវិត ដើម្បីការពារទឹកដី ដែលបានបន្សល់ទុកពីដូនតា មកឱ្យពួកគាត់ជំនាន់ក្រោយប្រើប្រាស់ ធ្វើឡើង បន្ទាប់ពីកម្លាំងអាជ្ញាធរវៀតណាម នៅស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង បានប្រើអំណាចរំលោភបំពានសិទ្ធិលំនៅឋានរបស់ពួកគេ ដោយចុះឈូសឆាយដី ដើម្បីរឹបអូសយកធ្វើជាកម្មសិទ្ធិរបស់រដ្ឋ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ ។ លោក ថាច់ ញ៉ឹក ដែលជាជនរងគ្រោះ បានអះអាងថា រដ្ឋាភិបាល នៃ បក្សកុម្មុយនិស្តយួន ទើបតែមកបង្កើត និងចូលកាន់កាប់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទេ តែទឹកដីកេរដូនតារបស់គាត់ មានរាប់ពាន់ឆ្នាំមកហើយ មិនគួរណារដ្ឋាភបាលវៀតណាម មករំលោភបំពានប្លន់យកដីរបស់គាត់ដូច្នោះសោះ ។
ជាងមួយខែក្រោយមក ពលរដ្ឋខ្មែរក្រោម លោក ថាច់ ញ៉ឹក ដែលតវ៉ាការពារដីកេរដូនតារបស់ខ្លួន ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ចាប់ខ្លួន នៅថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ ការឃាត់ខ្លួនលោក ថាច់ ញ៉ឹក ដោយសមត្ថកិច្ចវៀតណាម អះអាងថា បានបង្កការរំខាន និងរារាំងដល់អាជ្ញាធរក្នុងការអនុវត្តច្បាប់របស់ពួកគេ ។

លោក ថាច់ ញឹក ថ្លែងថា «ខ្ញុំមិនឃ្លានបាយនោះទេ តែខ្ញុំស្រេកឃ្លានតែ យុត្តិធម៌ប៉ុណ្ណឹង» ! ការថ្លែងបែបនេះ គឺបន្ទាប់ពី របបអាណានិគមយួនដោះលែងលោក ឲ្យត្រឡប់មកផ្ទះវិញ នៅវេលាម៉ោង ៧ និង ៣០ នាទី យប់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោយពីពួកអាជ្ញាធរយួនចាប់ខ្លួនលោកយកទៅឃុំឃាំង នៅការិយាល័យនគរបាលឃុំដំបូកបី ស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង ជាង ១០ ម៉ោង ។ ពេលមកដល់ផ្ទះភ្លាម លោក ថាច់ ញឹក បានថ្លែង Livestream នៅលើគណនី Facebook ផ្ទាល់ខ្លួន របស់គាត់ថា កងកម្លាំងនគរបាល នៃ របបយួនថ្នាក់ស្រុក និងខេត្តបានសហការគ្នា មកចាប់រូបលោកនៅផ្ទះ យកទៅឃុំឃាំងនៅការិយាល័យនគរបាលឃុំ ហើយលោកបានបង្អត់អាហារនៅពេលដែលក្រុមអាជ្ញាធរ យួនបានទិញបាយមួយប្រអប់មកជូនរូបលោក ។ លោកឆ្លើយតបនឹងអាជ្ញាធរយួនថា លោកមិនឃ្លានបានទេ តែលោកឃ្លានយុត្តិធម៌ ។ លោក ថាច់ ញឹក បានអំពាវនាវដល់ សហព័ន្ធខ្មែរកម្ពុជាក្រោម ជួយអន្តរាគមន៍ទៅអន្តរជាតិឲ្យជួយគ្រួសារលោក ដើម្បីទាមទារយកដីកេរដូនតារបស់គាត់ឡើងវិញ ដោយសាររឿងដីធ្លីរបស់គាត់នេះ ជាករណីមួយ ដែលប្រឈមមុខនឹងរដ្ឋាភិបាល ឬរបបអាណានិគមយួន ដែលមានបំណងប្លន់យកដីរបស់គាត់ មិនមែនជា រឿងឯកជនទេ ។
ក្រោយហេតុការណ៍ អាជ្ញាធរយួនប្លន់ដីរបស់គ្រួសារលោក ថាច់ ញ៉ឹក រួចមក ក្រុមគ្រូសារពលរដ្ឋខ្មែរក្រោមរូបនេះ ប្តេជ្ញាបន្តការតវ៉ានៅមុខផ្ទះរបស់ខ្លួនជារៀងរាល់សប្តាហ៍ ដើម្បីទាមទារដីកេរដូនតា ដែលរបបយួនរឹបយក រហូតមានដំណោះស្រាយសមរម្យជូនដល់ពួកគាត់ ។ ក្រុមគ្រូសារលោក ថាច់ ញ៉ឹក អះអាងថា នឹងនៅតែប្តេជ្ញាបន្តធ្វើកូដកម្ម ដោយឈរនៅមុខផ្ទះ ដាក់ឧបករណ៍បំពងសំឡេង ស្រែកខ្លាំងៗ ដើម្បីជាសារផ្ញើទៅអាជ្ញាធរវៀតណាម ចេញមកដោះស្រាយករណីវិវាទដីធ្លីជាមួយពួកគាត់ ។ ក្រុមគ្រូសារលោក ថាច់ ញ៉ឹក ដែលជាកូដករ បានកាន់បដា ដែលមានខ្លឹមសារដូចជា យួនជាចោរប្លន់ដីខ្មែរ ខ្មែរក្រោមវេទនាព្រោះយួន យួនបំពានដីខ្មែរត្រូវសងមកខ្មែរ យួនគ្មានសិទ្ធិបំពានមកលើជនជាតិដើមខ្មែរក្រោម ។ល។

មុន នឹងបិទបញ្ចប់វិបត្តិដីធ្លី នៅដែនដីកម្ពុជាក្រោម ឆ្នាំ ២០២២ ខ្ញុំ សូមបង្វែរការចាប់អារម្មណ៍ អំពីតុលាការវៀតណាម នៅខេត្តក្រមួនសដោះលែងកសិករខ្មែរក្រោមពីរនាក់! កលាពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ ចំទិវាសិទ្ធិមនុស្សអន្តរជាតិ កសិករខ្មែរក្រោម គឺលោក ហ្វិន វ៉ាំងឌែប អាយុ ៤២ ឆ្នាំ ត្រូវបានតុលាការវៀតណាម នៅខេត្តក្រមួនសដោះលែង ឲ្យមានសេរីភាព ក្រោយពេលលោកបានអនុវត្តទោសជាប់ ពន្ធនាគារចប់រយៈពេលមួយឆ្នាំ និង ៩ ខែ ហើយទោស ដែលនៅសេសសល់នឹងត្រូវព្យួរ ។
ក្រុមគ្រួសារលោក ហ្វិន វ៉ាំងឌែប និងញាតិមិត្ត ជាច្រើននាក់ បានទៅទទួល និងស្វាគមន៍លោក ហ្វិន វ៉ាំងឌែប យ៉ាងកក់ក្ដៅ នៅមុខពន្ធនាគារ ។ ពួកគេអះអាង ថា លោក ហ្វិន វ៉ាំងឌែប មានសុខភាពដូចធម្មតា និងនៅតែមានស្មារតីរឹងប៉ឹងដដែល ។
លោក ហ្វិន វ៉ាំងឌែប កាលពី ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ត្រូវបានតុលាការ វៀតណាម នៅស្រុកយ៉ាងថាញ់ និង ខេត្តក្រមួនស សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ ក្នុងជំលោះ ដីធ្លី រវាងកសិករខ្មែរក្រោម ជិត ១៥០ គ្រួសារជាមួយអាជ្ញាធរវៀតណាម ។

គួររំលឹកថា កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ តុលាការខេត្តក្រមួនស បានសម្រេចផ្ដន្ទាទោស លើកសិករខ្មែរក្រោម ៣ រូប គឺ លោក ហ្វិន វ៉ាំងឌែប កាត់ទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ។ លោក តៀន ដាម ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ និង លោក តៀន ណាម ផ្ដន្ទាទោស ៩ ខែ ។
ក្នុងសំណុំរឿងដដែលនេះ គិតមកដល់ពេលនេះ គឺនៅសល់កសិករខ្មែរក្រោម មួយនាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារ គឺលោក តៀន ដាម ។ ចំណែកលោក តៀន ណាម ត្រូវអាជ្ញាធរ នៃ របបអាណានិគមយួនដោះលែង កាលពីខែតុលា ឆនាំ ២០២២ កន្លងទៅ ៕